រូបភាពបង្គោលព្រំដែនលេខ១៩៨ នៅស្រុកចន្ទ្រា ខែត្រស្វាយរៀង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ |
ពលរដ្ឋ ស្វាយរៀង ថា អាជ្ញាធរ បោះតម្រុយ បង្គោល ព្រំដែន ចូលដីស្រែ ពលរដ្ឋ ច្រើនហិកតារ
RFA / វិទ្យុ អាស៊ី សេរី | ២៨ កញ្ញា ២០១៧
ពលរដ្ឋ រស់នៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខែត្រ ស្វាយរៀង ចាត់ទុក ការបោះតម្រុយ ព្រំដែន លេខ ១៩៨ និង ១៩៩ កាលពីពេល ថ្មីៗនេះ ថា ចូលដីខ្មែរ រាប់រយ ហិកតារ [hundreds of hectares] ដែលភាគច្រើន ជាដីស្រែ ពលរដ្ឋ នៅតំបន់នោះ។ អ្នកភូមិ មួយចំនួន ដែលបាត់បង់ ដីស្រែ ហាក់ខ្លាច រអា ក្នុងការប្ដឹង ករណីនេះ ទៅអាជ្ញាធរ រដ្ឋាភិបាល ឲ្យជួយ ដោះស្រាយ ព្រោះ បារម្ភខ្លាច អាជ្ញាធរ ចោទថា ជាមនុស្ស របស់ គណបក្សប្រឆាំង។
តម្រុយព្រំដែនលេខ ១៩៨ និង១៩៩ថ្មី ដែលទើបបោះកាលពីសប្ដាហ៍មុន ឋិតនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខែត្រស្វាយរៀងបានក្លាយជាបញ្ហាក្ដៅគគុក របស់ពលរដ្ឋច្រើនគ្រួសាររស់នៅតំបន់នោះ ដែលពួកគាត់ចាត់ទុកថា តម្រុយព្រំដែននោះ រំកិលចូលដីខ្មែររាប់រយហិកតារ តាមបណ្ដោយព្រំដែនច្រើនគីឡូម៉ែត្រ ត្បិតបង្គោលព្រំដែនចាស់គឺឋិតនៅឆ្ងាយពីបង្គោលព្រំដែនបច្ចុប្បន្ន។
ពលរដ្ឋរស់នៅឃុំចន្ទ្រាថ្លែងមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៨ កញ្ញា ថា ការបោះតម្រុយព្រំដែនកាលពីថ្ងៃទី២៣ កញ្ញាកន្លងទៅថ្មីៗនេះ គឺមិនមានតម្លាភាពនោះទេ ពោលបានខិតចូលដីស្រែចម្ការពលរដ្ឋច្រើនគ្រួសារ។ លោកថា ក្រៅពីអាជ្ញាធរប្រទេសទាំងពីរ បោះបង្គោលចូលដីខ្មែរក្ដី អាជ្ញាធរវៀតណាម បានហាមឃាត់មិនឲ្យពលរដ្ឋខ្មែរធ្វើសកម្មភាពជីកកាយដី នៅតំបន់ជាប់ខ្សែបន្ទាត់ព្រំដែននោះទេ ដោយអះអាងថា ជាតំបន់ហាមឃាត់ ឬតំបន់ស។ លោកអះអាងថា ដីស្រែរបស់អ្នកភូមិខ្លះមានទំហំ ២ហិកតារ រហូតដល់ ៥ហិកតារ បានកាន់កាប់ និងអាស្រ័យផលជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៧៩មក៖ «បើនិយាយបោះចូលគឺមិនតិចគ្រួសារទេច្រើនណាស់ ប៉ះពាល់ដីពលរដ្ឋនៅតាមបណ្ដោយព្រំដែនច្រើនដែរ។ អាហ្នឹងវាចូលរាប់រយហិកតារ ខ្សែក្រវាត់ព្រំដែនគិតជាគីឡូម៉ែត្រ ប្រហែលចូល១០គីឡូដីជាង។»
បុរសដដែលបន្តថា នៅឃុំចន្ទ្រា នៅចំណុចចំពុះទារ អាជ្ញាធរវៀតណាម ធ្លាប់បានស្ថាបនាផ្លូវក្រវាត់ព្រំដែនពុះយកដីខ្មែរជាង ៥០០ហិកតារ កាលពីឆ្នាំ២០១៥ ដែលឋិតនៅចន្លោះបង្គោលព្រំដែនលេខ ១៩៦ និង ១៩៧។ លោកថា ដីខ្មែររបូតចូលទៅវៀតណាមនេះ អាជ្ញាធរកម្ពុជាហាក់ធ្វើមិនដឹងមិនឮ បើទោះបីជាពលរដ្ឋខ្មែរប្ដឹងផ្ដល់រឿងក្ដី៖ «ខ្ញុំយល់ឃើញថា មិនមានតម្លាភាពរវាងខ្សែបន្ទាត់ព្រំដែនរវាង ប្រទេសហ្នឹងប្រទេសដែលនៅជាប់ខាងគ្នា បើនិយាយពីការសោកស្ដាយវាហួសនឹងនិយាយ។»
ជំទប់ទី ២ ឃុំចន្ទ្រាមកពីគណបក្សសង្គ្រោះជាតិ លោក ឃុត ថៃហេង ទទួលស្គាល់ថា ការបោះតម្រុយព្រំដែននៅតំបន់នោះអាចមានភាពមិនប្រក្រតី ខណៈអាជ្ញាធរនៃប្រទេសទាំងពីរហាក់ប្រញាប់ប្រញាល់បោះយ៉ាងលឿន ស្របពេលដែលកម្ពុជាកំពុងចម្រូងចម្រាសរឿងវិបត្តិនយោបាយ។ លោកថា អាជ្ញាធរកម្ពុជា និងនគរបាលការពារព្រំដែន បានលាក់បាំងព័ត៌មានស្ដីពីការបោះតម្រុយព្រំដែននៅតំបន់នោះ ព្រោះអាជ្ញាធរបានរារាំងលោក និងពលរដ្ឋមួយចំនួនមិនឲ្យចុះទៅតំបន់នោះ ក្រោមហេតុផលការពារសុវត្ថិភាព៖ «ពលរដ្ឋក៏មិនសុខចិត្តដែរចំណុចអស់ហ្នឹង ខាងខ្ញុំក៏មិនសុខចិត្តដែរ តែរឿងកិច្ចការអស់ហ្នឹង ខ្ញុំនិយាយថ្នាក់ឃុំ និងថ្នាក់ស្រុកដែរគេថា គេមានគណៈកម្មការគេដោះស្រាយហើយ មិនបាច់លោកឯងលូកដៃរញ៉េរញ៉ៃ។»
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រស្វាយរៀង លោក ម៉ៅ វិបុល ឲ្យដឹងថា ការបោះតម្រុយព្រំដែនគួរតែមានការចូលរួមគ្រប់ភាគី ទាំងពលរដ្ឋ រដ្ឋាភិបាល សង្គមស៊ីវិល និងគណបក្សប្រឆាំងដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ក៏ប៉ុន្តែបែរជាអាជ្ញាធររារាំង និងហាមឃាត់អាជ្ញាធរឃុំមកពីគណបក្សប្រឆាំងមិនឲ្យចុះទៅតំបន់នោះទៅវិញ៖ «បើយើងនៅតែបិទបាំងមានន័យថា បញ្ហានៅតែមន្ទិលសង្ស័យរហូត។ ក្នុងនាមខ្ញុំពលរដ្ឋ ក៏ដូចជាគណបក្សប្រឆាំងសំណូមពរថា រដ្ឋាភិបាលមានការសហការទាំងអស់គ្នាទៅ ដើម្បីបំបាត់មន្ទិលទាំងអស់គ្នា កុំឲ្យដោលអ្នកនេះអ្នកនោះ។»
កិច្ចប្រជុំលើកទី៩ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខែត្រជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី១៥ ខែមីនា បានវាយតម្លៃថា ការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីររហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៨៤ភាគរយ។ ភាគីទាំងពីរក៏ប្រកាសថា នឹងខិតខំគ្រប់គ្រងព្រំដែនត្រឹមត្រូវតាមសន្ធិសញ្ញា និងការព្រមព្រៀងស្ដីពីព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា។ ក្នុងករណីមានហេតុការណ៍ និងបាតុភាពអ្វីមួយកើតឡើងនៅតំបន់ព្រំដែន បណ្ដាខែត្រជាប់ព្រំដែនត្រូវពិភាក្សាគ្នា និងសហការដោះស្រាយភ្លាម ដោយមិនទុកឲ្យបញ្ហារីករាលដាលបង្កផលប៉ះពាល់ដល់ទំនាក់ទំនង ប្រពៃណីល្អរវាងប្រទេសទាំងពីរ និងបង្កការរាំងស្ទះដល់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឡើយ ដោយឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក និងសន្តិវិធី។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ផ្ដល់ទស្សនៈថា អាជ្ញាធររដ្ឋាភិបាល គួរដោះស្រាយបញ្ហាជូនពលរដ្ឋរស់នៅតាមព្រំដែនជាមុនសិន មុននឹងបន្តបោះបង្គោល និងបោះតម្រុយ ព្រំដែនជៀសវាងមានការប្ដឹងផ្ដល់រឿងនេះកាន់តែវែងឆ្ងាយ។ លោកថា បើការបោះតម្រុយព្រំដែនមានភាពចម្រូងចម្រាស់ជាមួយពលរដ្ឋ និងបិទបាំងព័ត៌មានមិនឲ្យសាធារណជនដឹងឮ លោកចាត់ទុកថា ករណីនេះនឹងក្លាយជាជំងឺរ៉ាំរ៉ៃរវាងពលរដ្ឋ និងរដ្ឋាភិបាល។ លោកថា ការបោះតម្រុយព្រំដែន អាជ្ញាធរមិនគួរប្រញាប់ពេកទេ បើការបោះនោះនាំឲ្យខាតប្រយោជន៍ពលរដ្ឋខ្មែរ៖ «សម្រាប់ខ្ញុំយល់ថា នៅពេលដែលមានព័ត៌មាន លេចឮពីការមិនពេញចិត្តរបស់ពលរដ្ឋទៅលើសកម្មភាពការងារអាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាល រដ្ឋាភិបាលគួរតែស្ទុះស្ទា ទៅពិនិត្យមើល និងឆ្លើយតប។»
យ៉ាងណា ពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង យល់ថា ការបោះបង្គោលព្រំដែន និងតម្រុយព្រំដែនកម្ពុជា កំពុងនៅមានភាពចម្រូងចម្រាសច្រើន ដោយសារពុំទាន់មានឯកភាពជាតិផ្ទៃក្នុង ដែលធ្វើឲ្យរដ្ឋាភិបាលបន្តទទួលរងនូវការរិះគន់ និងមានការតវ៉ាពីប្រជាពលរដ្ឋ ដោយសារមិនមានតម្លាភាព និងចោទថា បាត់បង់ដី ដោយបង្គោលខិតចូលមកក្នុងដីខ្មែរជាដើម៕
No comments:
Post a Comment