Paris Peace Accords 23 Oct. 1991

Wednesday, September 6, 2017

ដំណើរ ​ជីវិត​ នយោបាយ ​របស់​លោក កឹម សុខា | Kem Sokha's political profile

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ដៃ​ស្វាគមន៍​សកម្មជន​នា​ទីស្នាក់ការ​កណ្ដាល​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ដៃ​ស្វាគមន៍​សកម្មជន​នា​ទីស្នាក់ការ​កណ្ដាល​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

ដំណើរ ​ជីវិត​ នយោបាយ ​របស់​លោក កឹម សុខា

RFA / វិទ្យុ អាស៊ី សេរី | ៥ កញ្ញា ២០១៧



លោក កឹម សុខា ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​គេ ​មើល​ឃើញ​ ថា​ ជា​អ្នក ​នយោបាយ ​ចិត្ត​សឿង ហាក់​ មិន​សូវ​ តក់ស្លុត​ចំពោះ ​ការ​គំរាម​កំហែង តែងតែ ​ធ្វើ​សមាធិ​ ដើម្បី​ រំងាប់​អារម្មណ៍​ ភ័យ​ខ្លាច​ នៅ​ពេល​ ដែល​ជួប​បញ្ហា​ធំ ​ម្ដងៗ។  នេះ​ គឺ​ ជា​ការ​អះអាង​ របស់​ ជំនួយការ​ ផ្ទាល់ ​របស់​លោក កឹម សុខា

លោក ហ៊ីង សុខសាន្ដ [Hing Soksan] ធ្វើ​ការ​ផ្ទាល់​ ជាមួយ​ លោក កឹម សុខា តាំង​ពី​ ឆ្នាំ​២០០៧ បន្ត​អះអាង​ ថា, ការ​ចាប់​ខ្លួន ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ទាំង​កណ្ដាល​ អធ្រាត្រ​ កាល​ពី​យប់​ ឈាន​ចូល ​ថ្ងៃ​ទី​៣ កញ្ញា គឺ​ជា​បញ្ហា​ ធំ​មួយ​ នៅ​ក្នុង​ចំណោម ​បញ្ហា​ ធំៗ​ នៅ​ក្នុង​ជីវិត​ នយោបាយ​ ដ៏​ជូរចត់ ​របស់​លោក កឹម សុខា

លោក កឹម សុខា កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ នៅ​ក្នុង​ឃុំ​ឧត្ដមសុរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ឆាក​ជីវិត​នយោបាយ​នៅ​អំឡុង​ពេល​ចុង​ឆ្នាំ​១៩៩០ ដើម​ឆ្នាំ​១៩៩១ គឺ​នៅ​អំឡុង​ពេល​នៃ​ការ​ចាប់​ផ្ដើម​ចរចា​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព ទីក្រុង​ប៉ារីស។

នៅ​ឆ្នាំ​១៩៩៣ លោក កឹម សុខា បាន​ចាប់​ផ្ដើម​អាជីព​នយោបាយ​ជា​លើក​ដំបូង​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​តាកែវ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ព្រះពុទ្ធ​សាសនា របស់​លោក សឺន សាន។

នៅ​ក្នុង​ឆ្នាំ​១៩៩៩ លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដោយ​ត្រូវ​បាន​ជ្រើស​តាំង​ជា​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​១។ អ្នក​នយោបាយ​រូប​នេះ​បាន​លាលែង​ពី​កៅអី​ព្រឹទ្ធសភា​របស់​គាត់​នៅ​ក្នុង​ឆ្នាំ​២០០២។ ការ​លាលែង​នោះ គឺ​ជា​ការ​បញ្ចប់​ពី​អាជីព​អ្នក​នយោបាយ ដោយ​លោក​ទៅ​ចាប់​អាជីព​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វិញ តាម​រយៈ​ការ​បង្កើត​អង្គការ​មួយ​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ អង្គការ​មួយ​នេះ​ធ្វើ​ការ​ផ្នែក​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា។

តាម​រយៈ​វីដេអូ​ឃ្លីប​មួយ​ដែល​ឈាន​ដល់​ការ​ចោទ​លោក កឹម សុខា ថា​ក្បត់​ជាតិ គឺ​អង្គការ​មួយ​នេះ​មិន​មែន​បង្កើត​តាម​គំនិត​របស់​លោក កឹម សុខា នោះ​ទេ៖ «ចុង​ក្រោយ​នេះ​ក៏​គេ​បាន​សម្រេច​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់ប្ដូរ​នោះ គេ​ត្រូវ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​អំពី​នយោបាយ​មួយ​គន្លាក់​សិន មួយ​ដំណាក់​សិន។ ខ្ញុំ​ក៏​លាឈប់​ពី​នយោបាយ​ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ​នោះ​នៅ​ឆ្នាំ​២០០២ ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះ​ហៅ​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា»


មិន​ទាន់​មាន​នរណា​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា បកស្រាយ​ពី​ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​លោក កឹម សុខា បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ឆ្នាំ​២០១៤ នោះ​នៅ​ឡើយ​ទេ ខណៈ​ដែល​លោក ផៃ ស៊ីផាន បច្ចុប្បន្ន​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​លោក កឹម សុខា ជា​ប្រធាន សម្ដែង​ការ​សោកស្ដាយ​ថា មិន​គួរ​ណា​លោក កឹម សុខា យក​អង្គការ​មួយ​នេះ​ធ្វើ​ជា​មជ្ឈមណ្ឌល​នយោបាយ​នោះ​ទេ។  ប៉ុន្តែ​ នៅ​ពេល​ សួរ​ថា កាល​លោក​ ធ្វើ​ការ​ ជាមួយ​លោក កឹម សុខា, តើ​ អតីត ​ប្រធាន ​រូប​នេះ​មាន​អត្តចរិត​ យ៉ាង​ណា​នោះ?  លោក ផៃ ស៊ីផាន ថា, ​គាត់​ ជា​មនុស្ស​ ធម្មតា, ហើយ​ លោក​ មិន​បាន ​ធ្វើ​ការ​ផ្ទាល់ ​ជាមួយ​ លោក កឹម សុខា នោះ​ទេ៖ «កាល​ជំនាន់ ​ខ្ញុំ​ ធ្វើ​ហ្នឹង, វា​ អត់​មាន​រឿង​អី​ច្រើន​ផង អា​ហ្នឹង​ឆ្នាំ​ទី​១ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចឹង​គ្មាន​រឿង​អី​ទេ ប៉ុន្តែ​គេ​ចាប់​ផ្ដើម​រៀបចំ ប៉ិន​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ មិន​គួរ​ណា​គាត់​យក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហ្នឹង ក្លាយ​ទៅ​ជា​អង្គការ​នយោបាយ​ទេ ចឹង​ហើយ​បាន​យើង​មិន​ឋិតឋេរ ... ខ្ញុំ​ អត់​បាន​ ជួប​គាត់​ ផ្ទាល់។  ខ្ញុំ​ ធ្វើ​ការ​ផ្ទាល់ ខ្ញុំ​ ទទួល​បន្ទុក​ ខាង​រៀបចំ ​វិទ្យុ​ ផ្សាយ​សំឡេង»


ក្រៅ​ពី​លោក ផៃ ស៊ីផាន ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក កឹម សុខា នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​មាន​អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ និង​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ដែរ។

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព» គឺ​លោក កឹម សុខា បាន​ដឹកនាំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ក្នុង​បរិវេណ​ស្ដាត​អូឡាំពិក ចំ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០០៥។ ក្រោយ​ទិវា​នោះ រយៈពេល ២១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ វេលា​ម៉ោង ១៣ និង ៣០​នាទី លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​រាជ​រដ្ឋាភិបាល​ចាប់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ និង​ជេរ​ប្រមាថ​ប្រមុខ​រាជ​រដ្ឋាភិបាល។ ក្រោយ​ការ​ឃុំ​ខ្លួន​បាន​ចំនួន ១៨​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០០៦ លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ទៀត​រួម​មាន លោក ជាម ចន្នី ដែល​ជាប់​ពី​បទ​បង្កើត​រដ្ឋាភិបាល​ស្រមោល លោក ម៉ម សូណង់ដូ លោក ប៉ា ងួនទៀង ជាដើម ត្រូវ​បាន​ដោះលែង​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក និង​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​សហរដ្ឋ​អាមេរិក មក​កម្ពុជា នៅ​កាល​នោះ។

បន្ទាប់​ពី​មាន​ការ​ដោះលែង​នេះ រដ្ឋសភា​បាន​កែប្រែ​បទ​បរិហារ​កេរ្តិ៍​ពី​បទល្មើស​ព្រហ្មទណ្ឌ មក​ជា​បទ​រដ្ឋប្បវេណី​វិញ ដោយ​បទ​ចោទ​នេះ​លែង​ជាប់​ពន្ធនាគារ ទៅ​ជា​ពិន័យ​ជា​ប្រាក់​វិញ។

ឆ្នាំ​២០០៧ លោក កឹម សុខា បាន​លាលែង​ពី​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដោយ​បង្កើត​គណបក្ស​នយោបាយ​មួយ​ឈ្មោះ គណបក្ស​សិទ្ធិ​មនុស្ស។ គណបក្ស​នេះ​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​រដ្ឋសភា​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ ដោយ​ទទួល​បាន​បី​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

ជំនួយការ​ម្នាក់​របស់​លោក កឹម សុខា គឺ​លោក ហ៊ីង សុខសាន្ដ បាន​ស្ងើច​សរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​លោក កឹម សុខា។ ដូច្នេះ​ហើយ​ទើប​នៅ​ឆ្នាំ​២០០៧ លោក​បាន​សម្រេច​ចិត្ត​រៀនសូត្រ​ពី​លោក កឹម សុខា គឺ​បន្ទាប់​ពី​លោក​បាន​ប្រឡង​ជាប់​ជ័យលាភី​ប្រកួត​អត្ថបទ​មួយ​ដែល​មាន​លោក កឹម សុខា ជា​គណៈកម្មការ​កែ​អត្ថបទ។
លោក ហ៊ីង សុខសាន្ដ រៀបរាប់​ថា ចាប់​តាំង​ពី​ដើរ​តាម​លោក កឹម សុខា ភាព​ជូរចត់​នៃ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា មាន​ច្រើន​ណាស់។ លោក​ថា​ចៅហ្វាយ​របស់​លោក គឺ​លោក កឹម សុខា ធ្លាប់​ជួប​ឧបសគ្គ​ជាច្រើន​ដូចជា កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់​បាន​ហ៊ុមព័ទ្ធ​សណ្ឋាគារ​លោក កឹម សុខា ស្នាក់នៅ​នា​ខេត្ត​កំពង់ចាម កាល​ពី​អំឡុង​បោះឆ្នោត​ឆ្នាំ​២០១៣ រួច ហើយ​បន្ទាប់​ពី​បាន​ចេញ​ពី​សណ្ឋាគារ មាន​រថយន្ត​របស់​កងទ័ព​បាន​ដេញ​បុក​រថយន្ត​លោក កឹម សុខា និង​ការ​ឃុំ​ខ្លួន​ឯង​របស់​លោក កឹម សុខា នៅ​ក្នុង​អគារ​ទីស្នាក់ការ​បក្ស​ក្នុង​ឆ្នាំ​២០១៦ ជាដើម។ នៅ​រាល់​ពេល​ជួប​បញ្ហា​ធំៗ លោក ហ៊ីង សុខសាន្ដ ប្រាប់​ថា លោក កឹម សុខា តែង​ធ្វើ​សមាធិ​ដើម្បី​រំងាប់​ផ្លូវ​ចិត្ត និង​ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ចិត្ត៖ «នៅ​ពេល​ដែល​ជួប​បញ្ហា គាត់​យក​ផ្លូវ​ធម៌​មក​ដោះស្រាយ។ គាត់​សមាធិ។ គាត់​សមាធិ​ច្រើន ដូច​ថា​មាន​បញ្ហា​អី គាត់​សមាធិ ហើយ​ការ​សមាធិ​ហ្នឹង​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ជ្រះថ្លា ហើយ​រក​វិធី​ដោះស្រាយ​បាន​ដោយ​ងាយ ដូចជា​កាល​ដែល​គាត់​នៅ​ជាប់​ឃុំ​នៅ​ក្នុង​ស្នាក់ការ គាត់​សមាធិ ព្រោះ​ខ្ញុំ​នៅ​គេង​នៅ​បន្ទប់​ជាមួយ​កាត់​រហូត ហើយ​គាត់​សមាធិ​រហូត។ ជួនកាល មួយ​យប់​គាត់​សមាធិ​ពីរ​ដង ៣​ដង។ ចឹង​ទៅ​ណា ដូច​ថា​ការ​សមាធិ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​លែង​ខ្លាច លែង​ព្រួយ លែង​បារម្ភ ហើយ​មើល​ឃើញ​នូវ​បញ្ហា​ទាំងអស់​ងាយ​ដោះស្រាយ»

លោក កឹម សុខា បាន​ក្លាយ​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១២ គឺ​ក្រោយ​ពេល​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ច្របាច់​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បញ្ចូល​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។
ក្រាយ​ការ​រួបរួម​គ្នា គណបក្ស​នេះ​ទទួល​បាន ៥៥​អាសនៈ​ក្នុង​ការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៥។ លោក កឹម សុខា ត្រូវ​បាន​ជ្រើសរើស​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ ដោយ​មាន​ចំនួន ១១៦​សំឡេង​ឆ្នោត​ក្នុង​រដ្ឋសភា។ ការ​ទទួល​បាន​តំណែង​នេះ គឺ​ក្រោយ​ពេល​មាន​កិច្ចព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៤ ដើម្បី​បង្កើត​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ចាស់​រង​ការ​ចោទ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​លួច​បន្លំ​សន្លឹកឆ្នោត។
ប៉ាន់ខែម ប៊ុនថន បាតុកម្ម​ទម្លាក់​លោក កឹម សុខា ៦២០
នាយក​​ប្រតិបត្តិ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ លោក ប៉ាន់ខែម ប៊ុនថន (កាន់​មេក្រូ) ដឹក​នាំ​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Morm Moniroth RFA/Morm Moniroth
 
នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥ លោក កឹម សុខា ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា ដោយ​ការ​បោះឆ្នោត ៦៨​សំឡេង​ពី​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​មាន​បាតុកម្ម​ទាមទារ​ទម្លាក់​លោក កឹម សុខា និង​ក្រោយ​ពេល​បាតុករ​បាន​វាយ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុខ​រដ្ឋសភា។

ឆ្នាំ​២០១៦ លោក កឹម សុខា បាន​ឃុំឃាំង​ខ្លួន​ឯង​ជាច្រើន​ខែ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ព្រម​ទាំង​ប្រកាន់​យក​គោលការណ៍​មិន​ឆ្លង មិន​ឆ្លើយ មិន​ឈ្លោះ​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​គុក ៥​ខែ ក្រោម​បទ​បដិសេធ​មិន​បង្ហាញ​ខ្លួន​ក្នុង​តុលាការ ដើម្បី​សាកសួរ​ក្នុង​ករណី​ពេស្យាចារ​ប្រឆាំង​នឹង​រូប​លោក។ ក្រោយ​មក លោក​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​លើកលែង​ទោស និង​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​ក្នុង​រដ្ឋសភា ជំនួស​លោក សម រង្ស៊ី។ ទោះ​ជា​យ៉ាង​ណា តួនាទី​នេះ​មិន​បាន​ឋិតឋេរ​យូរ​អង្វែង​ទេ ដោយ​ត្រូវ​លុប​ចោល​វិញ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ទៀត។
នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន​បក្ស​ប្រឆាំង ដោយ​អម​អនុប្រធាន​បី​រូប។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក កឹម សុខា គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ទទួល​បាន ៤៨២ នៃ​ឃុំ-សង្កាត់​ទាំងអស់​ចំនួន ១.៦៤៦ ទូទាំង​ប្រទេស។

ជំនួយការ​របស់​លោក កឹម សុខា គឺ​លោក ហ៊ីង សុខសាន្ដ សរសើរ​ថា លោក កឹម សុខា ជា​មនុស្ស​ក្លាហាន មិន​តក់ស្លុត មិន​ងាយ​ជឿ​គេ ហ៊ាន​ប្រឈម​នឹង​បញ្ហា ហើយ​រាល់​បញ្ហា គឺ​លោក កឹម សុខា តែង​រក​ដំណោះស្រាយ​ចេញ​ងាយ​ជាង​មនុស្ស​ដទៃ។ កត្តា​ទាំងនេះ ធ្វើ​ឲ្យ​លោក​ចាត់​ទុក​លោក កឹម សុខា ជា​ចៅហ្វាយ​នាយ​ដ៏​វៃឆ្លាត ជា​គ្រូ​ដ៏​មាន​ទេពកោសល្យ និង​ប្រៀប​ដូចជា​ឪពុក​របស់​លោក៖ «ប្រជាពលរដ្ឋ​ជា​គ្រូ​ជា​ចៅហ្វាយ​របស់​គាត់ (លោក កឹម សុខា) មាន​ន័យ​ថា ប្រជាពលរដ្ឋ​អត់​ចេះ​ដឹង គាត់ (លោក កឹម សុខា) ត្រូវ​ប្រឹងប្រែង​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង គាត់ (ប្រជាពលរដ្ឋ) យល់​ដឹង ឬ​តែងតែ​គាត់ (លោក កឹម សុខា) ប្រើ​ពាក្យ​ថា ខ្លៅ ខ្លាច ឃ្លាន។ ដូច្នេះ គាត់ (លោក កឹម សុខា) ត្រូវ​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាពលរដ្ឋ។ គាត់​ថា មក​ដល់​សព្វថ្ងៃ​នេះ នយោបាយ​របស់​គាត់ (លោក កឹម សុខា) បាន​ដើរ​លើ​ផ្លូវ​ត្រូវ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ផ្ដល់​ឲ្យ​គាត់»


លោក កឹម សុខា ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​នយោបាយ​ដែល​ប្រសប់​ក្នុង​ការ​បង្កើត​ពាក្យ​ស្លោក​ខ្លីៗ សាមញ្ញ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ដូចជា​ពាក្យ​ថា ដូរ​មិន​ដូរ ដែល​ក្រោយ​មក​ពាក្យ​នេះ​បាន​ក្លាយ​ជា​បទ​ចម្រៀង​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៣។ ពាក្យ​ដូរ​នេះ ក្រោយ​មក​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​រហូត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ឈប់​ប្រើ​ពាក្យ​ដូរ​ក្នុង​ការ​ឃោសនា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ ជាដើម។

នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក កឹម សុខា គឺ​លោក​បាន​ប្រឈម​នឹង​ការ​ចាប់​ចង​ជាច្រើន​លើក។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក កឹម សុខា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ដៃគូ​ក្នុង​ការ​ចរចា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ពេល​ខ្លះ​លោក កឹម សុខា ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ខឹងសម្បា​យ៉ាង​ខ្លាំង ដែល​ការ​ខឹង​នេះ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា ប្រហែល​ជា​លោក កឹម សុខា មិន​អាច​ធ្វើ​អ្វីៗ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ចង់​បាន​ក៏​ថា​បាន។ លោក ហ៊ីង សុខសាន្ត លើក​ឡើង​ទៀត​ថា លោក កឹម សុខា ជា​អ្នក​ធ្វើ​នយោបាយ​ប្រកាន់​យក​គោលការណ៍​បារម្ភ​រាស្ត្រ ខ្លៅ ខ្លាច ឃ្លាន ជាដើម៕







4 comments:

  1. Anonymous8:07 AM

    I am curious, Kem Sokha was convicted and went to jail before. How could he lead CNRP under the new law? Can someone explain?

    Can Ms. Theary Seng explain?

    ReplyDelete
    Replies
    1. Anonymous8:24 AM

      Does anyone understand what a double-agent is?

      Delete
    2. Anonymous8:31 AM

      How else can one survive under YUON/HUN-SEN regime???

      Delete
  2. Anonymous12:26 PM

    Ken Sokha works for Mr. Hun Sen actually.

    ReplyDelete