Paris Peace Accords 23 Oct. 1991

Monday, October 23, 2017

លោក ហ៊ុន សែន ប្រកាស​ ឲ្យ​មេឃុំ​ បក្ស​ប្រឆាំង ​ចុះ​ចូល​ នឹង​ខ្លួន ​បើ​ ចង់​រក្សា​ ដំណែង | Hun Sen announces for the opposition commune chiefs to join the CPP if they want to maintain their position

ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។

លោក ហ៊ុន សែន ប្រកាស​ ឲ្យ​មេឃុំ​ បក្ស​ប្រឆាំង ​ចុះ​ចូល​ នឹង​ខ្លួន ​បើ​ ចង់​រក្សា​ ដំណែង

RFA / វិទ្យុ អាស៊ី សេរី | ២២ តុលា ២០១៧


លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ​ឲ្យ​​មេ ឃុំ-ចៅ​សង្កាត់​ គណបក្ស​ សង្គ្រោះជាតិ ​ចុះចូល​ នឹង​ខ្លួន បើ​ ចង់​រក្សា ​ដំណែង​ ក្រោយ​ គណបក្ស​ប្រឆាំង ​ត្រូវ ​រំលាយ។  ប៉ុន្តែ​ មេឃុំ​​ មួយ​ចំនួន ​របស់​ បក្ស​ប្រឆាំង​ ឆ្លើយ​តប​ ថា, ពួកគេ​ នឹង​​មិន ​ចុះ​ចូល ​ជាមួយ​ បក្ស​កាន់​អំណាច ​ឡើយ ដោយ​ពួកគេ ​អះអាង​ ថា, ទោះ ​បក្ស​នេះ ​ត្រូវ​ គេ ​រំលាយ​មែន, តែ​ បេះដូង​ សង្គ្រោះជាតិ​ របស់ ​ពួកគេ ​មិន​រលាយ​ ឡើយ។  ចំណែក​ មន្ត្រី​ សង្គម​ស៊ីវិល​ យល់​ថា, នេះ ​ជា​ដំណាក់​កាល នៃ​ការ​ សម្រេច​ចិត្ត​ របស់​ បុគ្គល ​ម្នាក់ៗ។


លោក ហ៊ុន សែន ថ្លែង​ដោយ​មាន​ជំនឿ​ចិត្ត ស្ទើរ១០០​ភាគរយ នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​ជា​ច្រើន​ពាន់​នាក់ នៅ​ចុង​សប្ដាហ៍​ថ្ងៃ​ទី២២ តុលា ថា គណបក្ស​សង្រ្គោះជាតិ​នឹង​ត្រូវ​រំលាយ ហើយ​នឹង​រលាយ​មុន​ការ​វិនិច្ឆ័យ​ទោស​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ទៀត​ផង។ លោក​បន្ត​ថា កុំ​យក​សហគមន៍​អន្តរជាតិ​មក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក រារាំង​ការ​រំលាយ​គណបក្ស​ប្រឆាំង គឺ​មិន​អាច​ទៅ​រួច​នោះ​ឡើយ។ 

ការ​ថ្លែង​ដូចនេះ​របស់​លោក ហ៊ុន សែន ពុំ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក (Facebook) ដូច​សព្វ​ដង​នោះ​ទេ ប៉ុន្តែ​សម្ដី​នេះ ត្រូវ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ស្រង់​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២២ តុលា។ សារព័ត៌មាន​ដដែល​បន្ត​ថា លោក ហ៊ុន សែន ចាត់​ទុក​ការ​ទទួល​យក​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ជា​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ខ្មែរ​ក្រហម។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ទទូច​ឲ្យ​សមាជិក​គណបក្ស​លោក​កុំ​អន់​ចិត្ត​ឡើយ។

ឆ្លើយ​តប​នឹង​សារ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ មេឃុំ​បក្ស​ប្រឆាំង​មួយ​ចំនួន ឆ្លើយ​តប​ថា ពួកគេ​នឹង​​មិន​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ឡើយ ដោយ​ពួកគេ​អះអាង​ថា ទោះ​បក្ស​នេះ​ត្រូវ​គេ​រំលាយ​មែន តែ​បេះដូង​សង្គ្រោះជាតិ​របស់​ពួកគេ​មិន​រលាយ​ឡើយ។
ចៅសង្កាត់​អង្គរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប ពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក ចំណាប់​ ថ្លែង​ថា លោក​នឹង​មិន​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​ជា​ដាច់​ខាត ទោះ​បក្ស​ខ្លួន​ត្រូវ​រំលាយ​ក្ដី។ លោក​បន្ត​ថា ដំណែង​របស់​លោក​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ស្ពាន​ចម្លង​ដើម្បី​ពុករលួយ​ទេ។ ដូច្នេះ​ដំណែង​មិន​សំខាន់​សម្រាប់​លោក​ឡើយ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ដំណើរការ​ផ្លាស់ប្ដូរ​សង្គម។ លោក​បន្ត​ថា ដរាប​ណា​គេ​នៅ​កៀប​សង្កត់​សិទ្ធិ​ពលរដ្ឋ លោក​ក៏​នៅ​តស៊ូ​រហូត ដល់​មាន​ការ​ផ្លាស់ប្ដូរ។ ចៅ​សង្កាត់​រូប​នេះ​បន្ត​ថា បក្ស​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​កំពុង​ដើរ​លើ​ផ្លូវ​ខុស និង​កំពុង​តែ​ដុត​បំផ្លាញ​ជីវិត​នយោបាយ​របស់​ខ្លួន។

ក្រោយ​បក្ស​កាន់​អំណាច​បង្ហាញ​ពី​ឆន្ទៈ​ចង់​រំលាយ​បក្ស​ប្រឆាំង និង​កែប្រែ​ច្បាប់​ដើម្បី​ដក​ហូត​អាសនៈ​បក្ស​នេះ សហគមន៍​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ជា​បន្ត​បន្ទាប់ ឲ្យ​បក្ស​កាន់​អំណាច​បញ្ឈប់​មហិច្ឆតា​នេះ​ជា​បន្ទាន់។ កាល​ពី​ថ្ងៃ​ទី១៨ តុលា សហភាព​អន្តរ​សភា (Inter-Parliamentary Union) ដែល​មាន​តំណាងរាស្ត្រ នៃ​ប្រទេស​ចំនួន ១៧៣ លើ​ទូទាំង​ពិភពលោក បាន​ចេញ​សេចក្ដី​សម្រេច​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង លោក កឹម សុខា និង​ធានា​សុវត្ថិភាព​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំងអស់​ដើម្បី​ពួកគេ​អាច​វិល​ត្រឡប់​មក​កម្ពុជា​ដើម្បី​ធ្វើ​ការងារ។ ចំណែក ប្រទេស​ស៊ុយអ៊ែត (Sweden) ក៏​ព្រមាន​​ពិចារណា​ឡើងវិញ អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ខណៈ​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ដែល​ឈាន​ទៅ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ប្រសិន​ណា​បើ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​មែន​នោះ។

ចៅសង្កាត់​បក្ស​ប្រឆាំង​មួយ​រូប​ទៀត នៃ​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប លោក ជិន សុខង៉េង ថ្លែង​ថា លោក​នឹង​មិន​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​បាន​ឡើយ។ លោក​ថា សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​គ្រាន់​តែ​ចង់​បំបាក់​ស្មារតី​របស់​មន្ត្រី​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ លោក​ថា ផ្ទុយ​ទៅ​វិញ ថ្នាក់​ដឹកនាំ និង​មន្ត្រី​របស់​ពួកគេ​រឹត​តែ​រឹងមាំ និង​បង្រួបបង្រួម​គ្នា​ទៅ​វិញ​ទេ៖ «ព្រោះ​ថា​យើង​មិន​គិត​អ្វី ដែល​គេ​កំពុង​បង្កើត​ព្រឹត្តិការណ៍​រាល់​ថ្ងៃ​នឹង​ទេ។ រឿង​ដែល​យើង​គិត ទី១ ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់។ ទី២ ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន មាន​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។ ទី១ ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ។ យើង​ខ្ញុំ​អត់​មាន​ពេល​វេលា​គិតគូរ​រឿង​ចែក​អាសនៈ ឬ​ចង់​រត់​ចូល​ទៅ​គណបក្ស​ណា​ទេ។ យើង​ខ្ញុំ​ចំណាយ​ពេល​វេលា​មាន​តម្លៃ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន»

ទោះយ៉ាងណាក៏ដោយ ក្រោយ​លោក ហ៊ុន សែន បញ្ចេញ​សារ​ភ្លាមៗ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ព្រៃវែង​មួយ​រូប បាន​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ដដែល បាន​ចុះ​ផ្សាយ​នៅ​រសៀល​នេះ ថា តំណាងរាស្ត្រ​រូប​នោះ​គឺ​លោក ឡុង ប៊ុន្នី សុំ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​លោក​ដឹង​ថា ប្រធាន​បក្ស​ខ្លួន​គឺ​លោក កឹម សុខា ក្បត់​ជាតិ ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន។

ចំណែក​មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា ឲ្យ​ដឹង​ថា ការ​សម្រេច​ចុះចូល​របស់​មន្ត្រី​ណាមួយ​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ជា​ដំណាក់កាល​នៃ​ការ​សម្រេចចិត្ត​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ។ ប៉ុន្តែ​លោក​យល់​ថា បើ​ការ​ចុះចូល​នោះ ដោយ​ការ​កៀប​សង្កត់​តាម​ផ្នែក​ណាមួយ នឹង​ពុំ​មែន​ជា​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​ឡើយ៖ «បើ​ពួកគាត់​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ប៉ុន្តែ​វា​ធ្វើ​គណបក្ស​ប្រឆាំង​កាន់​តែ​បាក់បែក​សាមគ្គី​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​តែ​ខ្លាំង»

គណបក្ស​ប្រឆាំង​កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​គណបក្ស​កាន់​អំណាច ដែល​ប៉ុនប៉ង​រំលាយ​បក្ស​នេះ ហើយ​យក​អាសនៈ​របស់​ពួកគេ​ទៅ​ចែក​ឲ្យ​គណបក្ស​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​លោក កឹម សុខា ក្នុង​អំពើ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ប៉ុន្តែ សហភាព​អន្តរ​សភា ថា វីដេអូ​ឃ្លីប​អំពី​សុន្ទរកថា​របស់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣ ដែល​រដ្ឋាភិបាល​យក​មក​ប្រើ​ប្រាស់​ជា​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា ពុំ​មាន​ខ្លឹមសារ​ណាមួយ​ទាល់​តែ​សោះ ដែល​អាច​ចាត់ទុកថា លោក កឹម សុខា បាន​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ ឬ​ចំណុច​ណាមួយ ដែល​ថា​លោក កឹម សុខា បាន​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម ឬ​ប្រើប្រាស់​អំពើ​ហិង្សា ឬ​ពាក្យពេចន៍​ប្រមាថ បង្ខូច​កេរ្តិ៍ឈ្មោះ​ឡើយ។ សហភាព​អន្តរ​សភា​បន្ត​ថា លោក កឹម សុខា បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា លោក​មាន​គោលបំណង​ក្នុង​ការ​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ​តាមរយៈ​ការ​ឈ្នះ​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ៕




No comments:

Post a Comment