ពលករខ្មែរនាំគ្នាទៅរកការងារធ្វើនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។ Photo Provided |
ធនាគារ ពិភពលោក ថា ជនបរទេស ហូរចូល ស្រុកខ្មែរ ខណៈ ពលរដ្ឋខ្មែរ នាំគ្នា ទៅក្រៅស្រុក
RFA / វិទ្យុ អាស៊ី សេរី | ១០ តុលា ២០១៧
ធនាគារ ពិភពលោក ថា ជនបរទេស ហូរចូល ស្រុកខ្មែរ ស្របពេល ពលរដ្ឋខ្មែរ នាំគ្នា ធ្វើចំណាកស្រុក ទៅក្រៅ ប្រទេស កាន់តែ មានចំនួន កើនឡើង។
របាយការណ៍ ធនាគារ ពិភពលោកស្ដីពី «ចំណាកស្រុក ដើម្បី ស្វែងរក ឱកាស៖ ជម្នះឧបសគ្គ ចំពោះ បម្លាស់ ទីពលកម្ម ក្នុងតំបន់ អាស៊ីអាគ្នេយ៍» ចេញផ្សាយ ថ្ងៃទី៩ ខែតុលា នេះ ឲ្យដឹង ថា, ក្នុងចន្លោះ ឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៥ ប្រទេស ថៃ, ម៉ាឡេស៊ី, និងសិង្ហបុរី បានក្លាយ ជាប្រទេស គោលដៅ ចម្បង នៃការធ្វើ ចំណាកស្រុក ក្នុងតំបន់ អាស៊ាន ដែលបាន ស្រូបយក ៩៦ ភាគរយ នៃចំនួន ជនចំណាកស្រុក សរុប ក្នុងតំបន់ អាស៊ាន ជាង ៦,៥លាន នាក់។
របាយការណ៍ឲ្យដឹងថា ប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និងភូមា គឺជាប្រទេសដែលបញ្ជូនពលករចំណាកស្រុក ទៅធ្វើការក្នុងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ច្រើនជាងគេបំផុត។ ភាគច្រើននៃពលករចំណាកស្រុកមកពីប្រទេសកម្ពុជា (៩៨%) ឡាវ (៩៩%) និងភូមា (៨៨%) ជ្រើសរើសយកប្រទេសថៃ ធ្វើជាគោលដៅចម្បងដើម្បីស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម បម្រើការតាមផ្ទះ សំណង់ និងរោងចក្រជាដើម។
របាយការណ៍គូសបញ្ជាក់ថា ខណៈប្រទេសកម្ពុជា ជាប្រទេសមួយដែលល្បីខាងបញ្ជូនពលករចំណាកស្រុក ទៅធ្វើការងារក្នុងតំបន់អាស៊ាន ប្រទេសវៀតណាម បានបញ្ជូនជនចំណាកស្រុករបស់ខ្លួន តាមរយៈការឆ្លងកាត់ព្រំដែនចូលមកប្រទេសកម្ពុជា ដើម្បីធ្វើការក្នុងវិស័យនេសាទ និងសំណង់។ ក្នុងឆ្នាំ២០១៥ ពលករចំណាកស្រុកវៀតណាមស្មើនឹង ២៦% នៃចំនួនសរុបជិត ១សែន ៥ម៉ឺននាក់ នៃជនជាតិវៀតណាមដែលធ្វើចំណាកស្រុក ទៅធ្វើការក្នុងតំបន់អាស៊ាន បានធ្វើចំណាកស្រុកចូលមកកាន់ប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម គឺជាប្រទេសប្លែកពីគេក្នុងតំបន់អាស៊ាន ដែលភាគច្រើននៃពលករចំណាកស្រុករបស់ខ្លួន បានធ្វើចំណាកស្រុកទៅធ្វើការក្នុងប្រទេសផ្សេងដទៃទៀតក្រៅពីប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានប្រទេសនៅតំបន់អាមេរិកខាងជើង មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។
របាយការណ៍គូសបញ្ជាក់ថា ពលករចំណាកស្រុកនៃប្រទេសអាស៊ាន នៅមានជំនាញទាប ភាគច្រើនគ្មានលិខិតស្នាមត្រឹមត្រូវ ហើយធ្វើបម្លាស់ទីដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច។ តំបន់អាស៊ានអាចបង្កើតការងារដែលផ្ដល់ប្រាក់ចំណូលខ្ពស់ ក៏ប៉ុន្តែពលករមកពីប្រទេសក្នុងតំបន់នេះ នៅតែមិនអាចទាញយកប្រយោជន៍បានច្រើនអំពីឱកាសការងារទាំងនេះ។
ជារួម របាយការណ៍លើកឡើងថា នីតិវិធីស្ដីពីការធ្វើចំណាកស្រុក ឬទេសន្តរប្រវេសក៍នៅទូទាំងតំបន់អាស៊ាន នៅមានសភាពរឹតត្បិតនៅឡើយ។ ឧបសគ្គមួយចំនួនដូចជា ដំណើរការជ្រើសរើសពលករចំណាកស្រុក នៅមានតម្លៃថ្លៃ និងប្រើរយៈពេលយូរ ការរឹតត្បិតកូតាទៅលើចំនួននៃពលករបរទេសដែលត្រូវអនុញ្ញាតឲ្យធ្វើការក្នុងប្រទេសទទួល និងគោលនយោបាយការងារតឹងរ៉ឹង បានរារាំងដល់ជម្រើសធ្វើចំណាកស្រុករបស់ពលករ ហើយប៉ះពាល់ដល់សុខុមាលភាពពួកគេ។
លោក ស៊ុឌៀ សេតទី (Sudhir Shetty) ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការជ្រើសរើសគោលនយោបាយដ៏ត្រឹមត្រូវ អាចឲ្យប្រទេសបញ្ជូនពលករចេញ ទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីចំណាកស្រុកទៅក្រៅប្រទេស។ លោកថា ដោយឡែកក្នុងប្រទេសទទួលយកពលករបរទេស អាចបំពេញនូវកង្វះខាតកម្លាំងពលកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ប្រសិនបើគោលនយោបាយទេសន្តរប្រវេសក៍ដើរស្របគ្នាជាមួយនឹងតម្រូវការផ្នែកសេដ្ឋកិច្ច៕
No comments:
Post a Comment