Paris Peace Accords 23 Oct. 1991

Friday, October 6, 2017

ក្រសួង មហាផ្ទៃ​ សម្រេច​ ប្ដឹង​រំលាយ​ បក្ស​ប្រឆាំង​ តាម​សំណើ​ គណបក្ស​ ចំនួន​ ២ | Interior ministry decides to file for dissolution of opposition party in accordance to requests of 2 parties

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។

ក្រសួង មហាផ្ទៃ​ សម្រេច​ ប្ដឹង​រំលាយ​ បក្ស​ប្រឆាំង​ តាម​សំណើ​ គណបក្ស​ ចំនួន​ ២

RFA / វិទ្យុ អាស៊ី សេរី | ៦ តុលា ២០១៧


មេធាវី​ ចំនួន ៥នាក់​ តំណាង​ឲ្យ​ ក្រសួង​មហាផ្ទៃ បាន​ដាក់​បណ្ដឹង​ ទៅ​តុលាការ​កំពូល​ នៅ​ថ្ងៃ​ទី៦ ខែ តុលា នេះ​ហើយ ដើម្បី​ ស្នើ​សុំ​ ឲ្យ​តុលាការ​ ជាន់​ខ្ពស់​នេះ រំលាយ​ គណបក្ស​ សង្គ្រោះ​ជាតិ។

ការ​ដាក់​បណ្ដឹង​នេះ នៅ​ក្រោយ​ពេល​ គណបក្ស​ នយោបាយ​ ចំនួន ២ បាន​ស្នើ ​ឲ្យ​ក្រសួង​ មហាផ្ទៃ កម្ចាត់​ បក្ស​ប្រឆាំង​ ចេញ​ ពី​ឆាក​ នយោបាយ។

មក​ដល់​ពេល​នេះ មន្ត្រី ​មួយ​ចំនួន ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​រក្សា​ជំហរ ​ស្ងប់ស្ងាត់​ នៅ​ឡើយ ចំពោះ​ គម្រោង​ នៃ​ការ​ រំលាយ​ គណបក្ស​ប្រឆាំង​ ដ៏​ធំ​ មួយ​នេះ ដែល​ស្នើ​ ដោយ​ក្រសួង​ មហាផ្ទៃ។


លោក គី តិច មេធាវី​ម្នាក់​ ក្នុង​ចំណោម ​មេធាវី ៤រូប ​ផ្សេង​ទៀត ដែល​តំណាង​ ដោយ​អាណត្តិ​ របស់ ​ក្រសួង ​មហាផ្ទៃ បាន​ប្រាប់​ ក្រុម​អ្នកកាសែត ក្រោយ​ដាក់​បណ្ដឹង​ នៅ​តុលាការ​ កំពូល កាល​ពី​ព្រឹក ​ថ្ងៃ​ទី៦ តុលា ថា ក្រុម​មេធាវី​ របស់​លោក មាន​ភស្តុតាង ​គ្រប់គ្រាន់​ ក្នុង​ការ​ ដាក់​បន្ទុក​ ប្រឆាំង នឹង​​គណបក្ស​ សង្គ្រោះ​ជាតិ។  មេធាវី​ ដែល​តែង​ ការពារ​ក្ដី​ ឲ្យ​លោក ហ៊ុន សែន, ហើយ ​ជា​មេធាវី ​ដែល​ពុំ​ ទទួល​ស្គាល់​ ពាក្យ​ ថា ចាញ់​ក្ដី​ ម្ដង​ណា​ឡើយ នៅ​ក្នុង​តុលាការ តទល់​ នឹង​បក្ស​ប្រឆាំង ព្រម​ទាំង ​ក្រុម​អ្នក​រិះគន់​នោះ រំពឹង ​ថា សំណុំរឿង​ ដ៏​សំខាន់​ មួយ​នេះ តុលាការ​ នឹង​ផ្ដល់​ ភាព​ត្រឹមត្រូវ, ហើយ​ គណបក្ស​ប្រឆាំង ​ប្រាកដ​ណាស់ ចៀស​ មិន​ផុត​ ពី​ការ​រំលាយ​ទេ។

គណបក្ស​ ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​ យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ បាន​ដាក់​បណ្ដឹង ​មុន ​ក្រោយ​គ្នា ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ ទី​៤ និង ថ្ងៃ​ទី​៥ តុលា ទៅ​ក្រសួង​ មហាផ្ទៃ។  គណបក្ស​ នយោបាយ​ ទាំង​ពីរ​នេះ បើ​ ទោះ​ជា ​ត្រូវ​ រង់​ការ​ រិះគន់​ថា ជា​អ្នក​ នយោបាយ កូន​អុក​ របស់​លោក ហ៊ុន សែន ក្ដី ក៏​រំពឹង​ ថា​ បណ្ដឹង​ របស់​ ខ្លួន​នេះ ក្រសួង​ មហាផ្ទៃ​ នឹង​ជួយ​ អន្តរាគមន៍​ ទៅ​តុលាការ​ កំពូល ដើម្បី​ ស្នើ​ឲ្យ​ រំលាយ​ បក្ស​សង្គ្រោះ​ជាតិ។
 
មិន​ខុស​ ពី​បំណង​ របស់ ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​រង​ការ​ ពេប​ជ្រាយ​ ថា ជា​អ្នក ​នយោបាយ​ តែង​ បរាជ័យ ​គ្រប់​ដំណាក់​កាល និង​លោក ពេជ្រ ស្រស់ ដែល​បង្កើត​​ បក្ស​នយោបាយ ​ដើម្បី​ តែ ​ដើរ​ប្ដឹង​នោះ នៅ​ថ្ងៃ ​ទី៦ តុលា ក្រសួង ​មហាផ្ទៃ​ បាន​យោង​ លើ​ពាក្យ​បណ្ដឹង ​របស់​ គណបក្ស​ នយោបាយ​ ទាំង​ពីរ និង​ភស្តុតាង​ ផ្សេង​ទៀត ស្នើ​ឲ្យ​ តុលាការ​ កំពូល​ រំលាយ​ បក្ស​ប្រឆាំង​នេះ ចេញ​ ពី​ឆាក​ នយោបាយ ​មែន។

លោក លឺ ឡាយស្រេង អតីត ​​អ្នក​នយោបាយ​ កូតា​ គណបក្ស​ ហ៊្វុនស៊ិនប៉ិច តែង​រិះគន់ ​ចំពោះ ​ការ​សម្រេច​ចិត្ត​ របស់ ​អ្នក​នយោបាយ​ ទាំង​ពីរ​នេះ​ ជា​បន្តបន្ទាប់។  លោក​ បដិសេធ ​ក្នុង​ការ​ផ្ដល់​យោបល់ ដោយ​ចាត់​ទុក ​ថា ព្រោះ​ ប្រទេស​ កម្ពុជា​ សព្វថ្ងៃ​នេះ លែង​មាន​ ច្បាប់​ទម្លាប់​ ទៅ​ហើយ។

លិខិត​មួយ​ច្បាប់​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី៥ តុលា បាន​ប្រគល់​ភារៈ​ឲ្យ​មេធាវី​ចំនួន ៥នាក់ តំណាង​ដោយ​អាណត្តិ ហើយ​រៀបចំ​កិច្ចការ​នេះ រហូត​ដល់​ចប់​ភារកិច្ច។ លិខិត​របស់​លោក ស ខេង ក៏​បាន​បើក​ផ្លូវ​ឲ្យ​មេធាវី​ទាំង៥នាក់​នេះ មាន​សិទ្ធិ​យ៉ាង​ទូលំទូលាយ ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន នៅ​តាម​ស្ថាប័ន និង​អង្គភាព​ដទៃ​ទៀត​ដែរ។

ចំណែក នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ហៅ​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អំពើខុស​ច្បាប់​ធ្ងន់ធ្ងរ​ដែល​សហគមន៍​អន្តរជាតិ​មិន​ត្រូវ​ឱប​ដៃ​មើល​តទៅ​ទៀត​ទេ។
ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​រសៀលថ្ងែទី៦ តុលានេះ លោក រ៉ូប៊ឺតសុន ថា​ស្ថាប័នរដ្ឋ​ទាំងមូល​នៅ​កម្ពុជា រួម​ទាំង​ប្រព័ន្ធ​តុលាការ ដែល​ជា​ស្ថាប័ន​សម្រាប់​រក​យុត្តិធម៌​ជូន​សង្គម បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ ដ៏​មុត​ស្រួច​របស់​លោក ហ៊ុន សែន។

លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ដែល​អាច​កើត​មាន​ឆាប់ៗ​នេះ សហគមន៍​អន្តរជាតិ ម្ចាស់​ជំនួយ​មិន​ត្រូវ​នៅ​ស្ងៀម​ទៀត​ទេ។ ពួក​គេ​ត្រូវតែ​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក​ហ៊ុន សែន អោយ​បាន​ធ្ងន់។ ទណ្ឌកម្ម​ទាំង​នោះ​រួម​មាន៖ ប្រទេស​ជប៉ុន និង​សហគមន៍​អឺរ៉ុប ត្រូវ​បញ្ឈប់​ជំនួយ​បច្ចេកទេស​លើ​ការ​បោះឆ្នោត ហើយ​ប្រទេស​សំខាន់ៗ មាន​ដូច​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ត្រូវ​ឈប់​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​អោយ​មន្ត្រី​សំខាន់​ៗ និង​ក្រុម​គ្រួសារ​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​កូន​ៗ​កំពុង​រៀន សូត្រ​នៅ​ក្នុង​ប្រទេស​ធំៗ​ទាំង​នោះ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន​នោះ រដ្ឋាភិបាល​ទាំង​មូល​នឹង​អស់​តម្លៃ​ជា​រដ្ឋាភិបាល​ទៀត​ហើយ។ ជាង​នេះ​ទៀត ស្ថាប័ន រៀបចំ​ការ​បោះឆ្នោត​ឆ្នោត​ជាតិ ដែល​កកើត​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ ក៏​ត្រូវ​រំលាយ​ចោល​ដែរ។ អ្នក​វិភាគ​រូប​នេះ​បន្ត​ថា កុំ​ថា​ឡើយ​ការ​បែង​ចែក​អាសនៈ​របស់​បក្ស​ប្រឆាំង ដែល​មាន​នៅ​ក្នុង​រដ្ឋសភា ឲ្យ​ទៅ​បក្ស​នយោបាយ​ផ្សេង​ទៀត​នោះ សូម្បី​ធម្មនុញ្ញភាព ទាំង​រដ្ឋាភិបាល និង ស្ថាប័ន​គ.ជ.ប ក៏​នឹង​ត្រូវ​នឹង​បាត់បង់​ដែរ លើកលែង​តែ​ការ​អនុវត្ត​នោះ​ធ្វើ​ឡើង​ទាំង​បំពាន​ច្បាប់។

អ្នក​វិភាគ​នយោបាយ ចាត់​ទុក​ថា នេះ​ជា​ការ​បរាជ័យ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ធានា​ឲ្យ​មាន​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ជា​​ពិសេស​​ថា​តើ​អាច​នឹង​មាន​ដំណើរការ​ប្រកប​ដោយ សេរី និង​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត នាង​​ពេល​ខាង​មុខ​នេះ​ដោយ​របៀប​ណា បើ​សំឡេង​បក្ស​ជំទាស់ ត្រូវ​បាន​រដ្ឋាភិបាល​កម្ចាត់​ចេញ​ពី​ឆាក​នយោបាយ​ទៅ​ហើយ​នោះ៕

2 comments:

  1. Anonymous6:47 AM

    It's the dog eats dog politic in Cambodia. See for yourself.

    ReplyDelete
  2. Anonymous9:15 AM

    It a golden chance for the smaller parties to destroy their main oppressor, CNRP. For so long, CNRP has been accusing viciously against other smaller political parties as traitors among the opposition. CNRP claimed to be the only opposition party and the only approved party by USA.

    I hope in the future, CPP and other smaller parties can compete squarely without the double-standard CNRP with claim from foreign support. It's wrong for CNRP to keep going to oversea and gather supports both financially and politically.

    In fact, the reason for Kem Ley to be gunned down was that he was poor without any body guard or aid. He was alone. He did not get much financial support because CNRP accused him viciously for working with CPP in splitting the votes from CNRP.

    Kem Ley was a good man but he died because of being poor and weak politically from the hammering attacks from CNRP. I never read any attacks from CPP against Kem Ley, but only from CNRP.

    ReplyDelete