(ពីស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយកអង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករងនៃឧត្តមស្នងការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំការិយាល័យតំបន់អាស៊ីអាគ្នេយ៍ និងលោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សាច្បាប់នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងធ្លាប់ធ្វើមន្ត្រីច្បាប់ក្នុងសាលាក្ដីខ្មែរក្រហម ក្នុងសន្និសីទមួយ ក្នុងក្លឹបអ្នកឆ្លើយឆ្លងសារព័ត៌មានបរទេស (FCCT) នៅទីក្រុងបាងកក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។ |
មន្ត្រី អន្តរជាតិ គ្រោងសរសេរ លិខិត កោះប្រជុំ ប្រទេស ម្ចាស់ហត្ថលេខី ពីសន្ធិសញ្ញា ទីក្រុងប៉ារីស
RFA / វិទ្យុ អាស៊ី សេរី | ២៣ តុលា ២០១៧
ថ្ងៃទី២៣ តុលា ឆ្នាំ២០១៧ នេះ គឺ ជាខួប ២៦ឆ្នាំ
នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានប្រទេសចំនួន១៩
រួមទាំងកម្ពុជាផងជាហត្ថលេខីនោះ
បានជួយអោយកម្ពុជាមានការបោះឆ្នោតជាតិ
ជាលើកដំបូងរៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣
និងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស រាជានិយម
អាស្រ័យធម្មនុញ្ញ។
លើសពីនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ក៏បានជួយអោយជនភៀសខ្លួនខ្មែរ ជាង៣សែននាក់អាចធ្វើមាតុភូមិនិវត្តន៍
ពីព្រំដែនខ្មែរ-ថៃចូលមកកម្ពុជាវិញ ព្រមទាំងជួយអោយកម្ពុជាមានសង្គមស៊ីវិល អង្គការសិទ្ធិមនុស្ស និងសេរីភាព សារព័ត៌មាននៅកម្ពុជាទៀតផង។
សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ យល់ឃើញថា
ឥឡូវនេះ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
កំពុងត្រូវរដ្ឋាភិបាលកម្ពុជាបំពារបំពានធ្ងន់ធ្ងរ
ដែលចាំបាច់ត្រូវការប្រទេសហត្ថលេខីទាំង១៩
កោះប្រជុំចាត់វិធានការនានា ជាបន្ទាន់ដូចមានចែងក្នុងមាត្រា៩
ដើម្បីការពារសន្ធិសញ្ញាសន្តិភាពប្រវត្តិសាស្ត្រមួយនេះ។
នេះជាសម្ភាសន៍ជាមួយលោក ឃីងស្លី អាបុត្ត (Kingsley Abbott) មន្ត្រីច្បាប់ជាន់ខ្ពស់ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) ដែលបានអំពាវនាវនៅក្នុងសន្និសីទកាសែត នាទីក្រុងបាងកក កាលពីថ្ងៃទី១៨ តុលា អោយមានការចូលរួមកោះប្រជុំប្រទេសហត្ថលេខី។
សំណួរ៖ ជម្រាបសួររលោក ឃីងស្លី។
នៅក្នុងសេចក្ដីថ្លែងការណ៍មុននេះ លោកថា
អង្គការរបស់លោកនឹងសរសេរលិខិត
ផ្ញើទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១
ដើម្បីរំលឹកដល់កាតព្វកិច្ចរបស់ពួកគេ។
តើលោកនឹងសរសេរយ៉ាងម៉េចនិងអ្នកណាខ្លះនឹងចូលរួមជាមួយលោក?
ឃីងស្លី៖ ខួប២៦ឆ្នាំ
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងមកដល់ថ្ងៃទី២៣ តុលា។
លិខិតរបស់យើង នឹងផ្ញើទៅប្រទេសដែលជាសហប្រធាន
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រទេសបារាំង
និងឥណ្ឌូណេស៊ី ព្រមទាំងផ្ញើទៅរដ្ឋាភិបាលទាំង១៩
ដែលបានចុះហត្ថលេខាដែរ។
អ្វីដែលយើងគួរចងចាំនោះគឺថា
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
មិនត្រឹមតែជាឯកសារកត់ត្រាទុកនូវការប្ដេជ្ញាចិត្តក្នុងការធានានូវសេរីភាពមូលដ្ឋានសំខាន់ៗ
និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ
ប៉ុន្តែមាត្រា២៩ ចែងថា នៅពេលណាមានការរំលោភបំពាន
ឬមានការគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះ
ដោយមានការស្នើឡើងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ
សហប្រធាននៃកិច្ចព្រមព្រៀង នឹងកោះអោយមានការពិគ្រោះយោបល់ជាបន្ទាន់
ក្នុងចំណោមសមាជិកទាំងអស់នៃសន្និសីទក្នុងប៉ារីសស្ដីពីកម្ពុជា
ដើម្បីចាត់វិធានការសមស្រប
ក្នុងការធានាអោយមានការគោរពការប្ដេជ្ញាចិត្តទាំងឡាយដែលចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។
ដូច្នេះយើងនឹងប្រមូលហត្ថលេខា
ហើយផ្ញើទៅប្រទេសហត្ថលេខីទាំងនោះ
ស្នើអោយមានការកោះប្រជុំដើម្បីពិនិត្យនិងដោះស្រាយចំពោះបញ្ហារំលោភបំពានទាំងឡាយដែលកំពុងកើតមាននៅកម្ពុជា។
សំណួរ៖ អ្នកណាខ្លះនឹងចូលរួមជាមួយអង្គការរបស់លោក?
ឃីងស្លី៖ មកដល់ពេលនេះ មានអង្គការសិទ្ធិមនុស្សអន្តរជាតិ មានអង្គការសិទ្ធិមនុស្សប្រចាំតំបន់មួយចំនួនបានបង្ហាញឆន្ទៈចូលរួម។
សំណួរ៖ លោកអាចប្រាប់បានទេថា អង្គការទាំងនោះមានឈ្មោះអ្វីដែរ?
ឃីងស្លី៖
ខ្ញុំនៅមិនទាន់អាចប្រាប់បានថា
ដោយសារតែយើងស្ថិតក្នុងដំណាក់កាលកៀងគរគ្នា ប៉ុន្តែប្រាកដណាស់
ខណៈនេះ យើងមានគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) មានអង្គការសិទ្ធិមនុស្សយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មានអង្គការវេទិកាអាស៊ី (Asia Forum) ហើយយើងសង្ឃឹមថា នឹងមានអង្គការផ្សេងៗទៀត។
សំណួរ៖ តើលោកសង្ឃឹមថា នឹងមានការឆ្លើយតប ពីប្រទេសហត្ថលេខីទាំងនោះច្រើនប៉ុណ្ណាដែរ?
ឃីងស្លី៖
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានជីវិតនៅឡើយទេ
ហើយបញ្ញត្តិដែលចែងអំពីយន្តការអោយមានការកោះប្រជុំឡើងវិញ
និងចាត់វិធានការសមស្របនោះ
គឺជាផ្នែកមួយនៃការព្រមព្រៀងក្នុងសន្ធិសញ្ញានេះ វាគឺជាកាតព្វកិច្ច
នៃម្ចាស់ហត្ថលេខីទាំងអស់។ ខ្ញុំដឹងថា ២៥ឆ្នាំបានកន្លងផុតហើយ
អ្នកខ្លះក៏យល់ថា វាកន្លងហួសយូរហើយ ប៉ុន្តែអ្នកខ្លះទៀតយល់ថា
២៥ឆ្នាំគឺនៅថ្មីៗនៅឡើយទេ។ ទោះយ៉ាងណា យើងសង្ឃឹមថា
រដ្ឋាភិបាលនៃប្រទេសហត្ថលេខីទាំងនោះយកការរំលោភកិច្ចព្រមព្រៀងប៉ារីសនេះជាឱកាសធ្វើការជួបជុំគ្នា
ដើម្បីពិភាក្សាអំពីស្ថានការណ៍នាបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។
សំណួរ៖
អ្នកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១
ជាច្រើនចូលវ័យជរា និងចូលនិវត្តន៍អស់ហើយ។ តើលោកគិតថា
រដ្ឋាភិបាលបច្ចុប្បន្នរបស់ពួកគេខ្វល់ខ្វាយអំពីកិច្ចព្រមព្រៀងនេះទេ?
Kingsley៖
ឥស្សរជនដែលបានចុះហត្ថលេខាទាំងនោះ គឺតំណាងអោយរដ្ឋាភិបាលរបស់ពួកគេ
ដូច្នេះរដ្ឋាភិបាលឡើងក្រោយៗ គេមានកាតព្វកិច្ចបន្តវេន
ដូចជាប្រធានាធិបតីប្រទេសបារាំង និងឥណ្ឌូណេស៊ី ជាប្រទេសសហប្រធាន
និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗទៀតអាចនឹងពិនិត្យពិចារណាលើបញ្ហានេះ។
សំណួរ៖ តើគេនឹងធ្វើយ៉ាងម៉េច បើទោះជាពួកគេយល់ស្របថា កម្ពុជាកំពុងមានវិបត្តិសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក៏ដោយចុះ?
ឃីងស្លី៖
វាគ្មានសិល្បសាស្ត្រអ្វីដោះស្រាយបញ្ហានៅកម្ពុជាងាយស្រួលនោះទេ
ដូច្នេះហើយទើបពួកយើងមកជួបជុំគ្នា។ ប៉ុន្តែ យើងយល់ថា
វានឹងមានការរីកចម្រើនយ៉ាងខ្លាំងប្រសិនបើប្រទេសហត្ថលេខី
នៃលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ចាប់ផ្ដើមជួបប្រជុំពិភាក្សាគ្នាអំពីបញ្ហានៅកម្ពុជា
ក្រោមមាត្រា២៩នោះ។ ពីព្រោះវានឹងបង្ហាញថា
សហគមន៍អន្តរជាតិចាប់ផ្តើមគិតគូរពីបញ្ហានៅកម្ពុជាហើយ។
សំណួរ៖
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និយាយថា
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្លាប់បាត់ហើយ
ពីព្រោះតែកម្ពុជាមានរដ្ឋធម្មនុញ្ញ។ តើលោកឆ្លើយយ៉ាងម៉េច?
ឃីងស្លី៖
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
មិនមែនបង្កើតឡើងសម្រាប់អោយកម្ពុជាបង្កើតច្បាប់ដែលខ្វះការគោរពសិទ្ធិមនុស្សនោះទេ។
ស្មារតីពិត នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
គឺដើម្បីបង្កើតអោយមានបរិយាកាស គោរព
និងការពារសិទ្ធិមនុស្សដ៏ពិតប្រាកដមួយ
គឺដើម្បីបង្កើតអោយមានស្ថាប័នជាតិឯករាជពិតប្រាកដ
ដូចជាស្ថាប័នមានតុលាការជាដើម
ដើម្បីផ្ដល់យុត្តិធម៌ដល់ពលរដ្ឋកម្ពុជាគ្រប់រូប
ព្រមទាំងអោយមានការបោះឆ្នោត
ដែលឆ្លុះបញ្ចាំងរបបប្រជាធិបតេយ្យពិតប្រាកដ។
ចំណុចទាំងនេះហើយ
ដែលមានក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ដែលយើងចង់អោយម្ចាស់ហត្ថលេខីជួបប្រជុំដើម្បីពិនិត្យនិងពិភាក្សា។
សំណួរ៖ តើលោកឆ្លើយយ៉ាងម៉េចទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា កម្ពុជាមានរដ្ឋធម្មនុញ្ញហើយជាគោលរួចហើយ?
ឃីងស្លី៖
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានខ្លឹមសារស្មារតីទូលំទូលាយជាងការគ្រាន់តែបង្កើតរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញពេលនេះគ្រាន់តែជាច្បាប់មួយសរសេរទុកចោលក្នុងសៀវភៅ។
យើងចង់ឃើញការគោរពសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
និងក្នុងអនុសញ្ញាទាំងឡាយដែលកម្ពុជាជាភាគី។ មានន័យថា
យើងចង់ឃើញការគោរពសិទ្ធិមនុស្សកើតមានជាក់ស្ដែង
មិនមែនមាននៅលើតែក្រដាសនោះទេ៕
No comments:
Post a Comment