លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំសភាសម្រេចលុយចោលតួនាទីប្រធានក្រុមភាគតិច ភាគច្រើន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ RFA/Brach Chev |
សមាជិក សភា បក្សកាន់អំណាច អនុម័ត សេចក្ដី ស្នើ វិសោធនកម្ម ច្បាប់ ចំនួន ៤ ដោយឯកច្ឆន្ទ
RFA / វិទ្យុ អាស៊ី សេរី | ១៥ តុលា ២០១៧
សេចក្ដីស្នើ វិសោធនកម្ម ច្បាប់ ចំនួន៤ ដ៏ចម្រូងចម្រាស នោះ ត្រូវ បានគណៈកម្មការ ទី៦ នៃរដ្ឋសភា គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានពិនិត្យចប់សពគ្រប់ និងបានសរសេររបាយការណ៍ផ្ញើជូន គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ ដើម្បីដាក់ឲ្យតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា អនុម័តដោយឯកបក្ស។
អ្នកច្បាប់ និងគណបក្សប្រឆាំងថា លើកឡើងថា គណបក្សកាន់អំណាចកំពុងតែប្រើប្រាស់អំណាច ផ្ដាច់ការ ដើម្បីធ្វើច្បាប់រំលាយគណបក្សសង្គ្រោះជាតិ។
សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ គឺច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានសមាជិករដ្ឋសភាពីគណបក្សកាន់អំណាច ចំនួន ៦៧រូប បានលើកដៃអនុម័តដោយឯកច្ឆន្ទនៅព្រឹកថ្ងៃទី១៦ តុលា។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា គណៈកម្មការទី៦ បានពិនិត្យចប់ សព្វគ្រប់ និងបានបញ្ជូនសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំង៤នេះ មកគណៈគណៈកម្មាធិការអចិន្ត្រៃយ៍ វិញហើយ ដើម្បីដាក់ជូនឲ្យសភាពិនិត្យនិងអនុម័ត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មិនចាប់អារម្មណ៍ចំពោះចំណាត់ការរបស់ គណៈកម្មការជំនាញនៃរដ្ឋសភានេះទេ ដោយលោកចាត់ទុកថា សភាគ្រាន់តែជាឧបករណ៍បក្សកាន់អំណាច ដែលចង់ធ្វើច្បាប់តាមតែអំពើចិត្តដែលរំលោភឆន្ទៈរបស់ប្រជាពលរដ្ឋ។
អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា ការធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ មិន មែនតែឆ្លុះបញ្ចាំងពីអធម្មនុញ្ញភាពប៉ុណ្ណោះទេគឺ បង្ហាញឲ្យឃើញកាន់តែច្បាស់ពីសភាបក្សកាន់អំណាចបង្ហាញពីភាពអន់ថយ អសីលធម៌ និងយុត្តិធម៌ ដែលរំលាយឆន្ទៈប្រជាពលរដ្ឋរាប់លាននាក់ ដែលសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រឆាំងកាលពីឆ្នាំ២០១៣នោះ។
ចំពោះក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនដែលចាកចេញពីប្រទេសកម្ពុជា ដើម្បីសេរីភាពវិញ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ជាសិទ្ធិរបស់តំណាងរាស្ត្រម្នាក់ៗ ប៉ុន្តែលោកលើកជា ឧទាហរណ៍ថា បើសិនរួបលោកជាតំណាងរាស្ត្រវិញ លោកមិនចាកចេញទៅណាទេ គឺនៅប្រឈម និងតទល់ជាមួយគណបក្សកាន់អំណាចប្រើប្រាស់សិទ្ធិរបស់ខ្លួន ដែលពលរដ្ឋផ្ដល់ជូនទោះជាប្រឈម និងការចាប់ខ្លួនក្ដី។
ឆ្លើយតបនិងការលើកឡើងនេះ លោក អេង ឆៃអ៊ាង ពន្យល់ថា ការចាកចេញពីប្រទេសគឺមានលទ្ធភាពច្រើនក្នុងការស្វែងរកដំណោះស្រាយ កុំឲ្យរដ្ឋាភិបាលប្រើប្រាស់អំណាចផ្ដាច់ការ ដើម្បីគាបសង្កត់ និងរំលាយគណបក្សប្រឆាំងនោះ។
អ្នកច្បាប់ និងអ្នកឃ្លាំមើលការបោះឆ្នោត បញ្ជាក់ថា ទង្វើរបស់រដ្ឋាភិបាល និងតំណាងរាស្ត្របក្សកាន់ អំណាចគ្រោងអនុម័តលើសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំង៤នេះ ប្លន់អំណាច ជាន់ឈ្លីប្រជាពលរដ្ឋ និងជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ អ្នកច្បាប់លើកឡើងថា ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការងើប តតាំងជាមួយរដ្ឋាភិបាលដែលប្រើប្រាស់អំណាចផ្ដាច់ការរបស់ខ្លួន រំលោភលើឆន្ទៈពលរដ្ឋបែបនេះ។
រដ្ឋធម្មនុញ្ញមាត្រា៧៦ ចែងថា រដ្ឋសភាមានសមាជិក ជាតំណាងរាស្ត្រយ៉ាងតិច១២០រួប។ តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសជាសម្ងាត់។ ចំពោះមាត្រា៧៨វិញ ចែងថា នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីស្បថចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។
សមាជិកសភាអាស៊ាន កាលពីថ្ងៃទី១៣តុលា ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស រដ្ឋាភិបាលលោក ហ៊ុន សែន ដែលប៉ុនប៉ងរំលាយគណបក្សប្រឆាំង ដោយចាត់ទុកចំណាត់ការបែបនេះ ថាជាការនាំប្រទេសកម្ពុជា ឲ្យក្លាយជារដ្ឋឯកបក្ស។ ក្រុមតំណាងរាស្ត្រនៃសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ចាត់ទុករដ្ឋាភិបាលលោក ហ៊ុន សែនថា ជារដ្ឋាភិបាលមិនចេះអៀនខ្មាសសោះ ដែលហ៊ានប៉ុនប៉ងរំលាយគណបក្សប្រឆាំង តែមួយគត់ដែលមានអាសនៈក្នុងរដ្ឋសភា ដោយផ្ដើមពីការចោទប្រកាន់លោក កឹម សុខា ដែលជាប្រធានគណបក្សប្រឆាំងនេះ។
អ្នកច្បាប់របស់គណបក្សប្រជាជនកម្ពុជាដាក់ សេចក្ដីវិសោធនកម្មច្បាប់ទាំង៤នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នេះ គឺនៅស្របពេល ក្រសួងមហាផ្ទៃដាក់ពាក្យប្ដឹងរំលាយ គណបក្សសង្គ្រោះជាតិទៅតុលាការកំពូលតាមបណ្ដឹងរបស់ គណបក្សតូចៗចំនួនពីរដែលគ្មានអាសនៈនៅក្នុងសភា គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដោយចោទបក្សប្រឆាំងថា ផែនការ ផ្ដួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន។
ប៉ុន្តែអ្នកវិភាគចាត់ទុកបក្សទាំងពីរនេះថា ជាឧបករណ៍របស់ បក្សកាន់អំណាច ក្នុងការរំលាយបក្សប្រឆាំងនៅមុនការបោះឆ្នោតឆ្នាំ២០១៨មកដល់ ដោយសារតែ លោក ហ៊ុន សែន ភ័យខ្លាចចាញ់ការបោះឆ្នោតឆ្នាំ២០១៨៕
No comments:
Post a Comment