Paris Peace Accords 23 Oct. 1991

Wednesday, October 11, 2017

តុលាការ​ កំពូល ​បង្គាប់​ ឲ្យ​បក្ស​ប្រឆាំង​ ត្រៀម​ឯកសារ​ ឆ្លើយ​តប ​នឹង​ពាក្យ​បណ្ដឹង​ រំលាយ​បក្ស | Supreme court orders opposition party to prepare documents responding to lawsuits to dissolve party

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។

តុលាការ​ កំពូល ​បង្គាប់​ ឲ្យ​បក្ស​ប្រឆាំង​ ត្រៀម​ឯកសារ​ ឆ្លើយ​តប ​នឹង​ពាក្យ​បណ្ដឹង​ រំលាយ​បក្ស

RFA / វិទ្យុ អាស៊ី សេរី | ១០ តុលា ២០១៧

 
តុលាការ​កំពូល បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​នឹង​ពាក្យ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​តុលា។ រីឯ​គណបក្ស សង្គ្រោះ​ជាតិ មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ជជែក​ជាមួយ​មេធាវី​ជា​មុន​សិន។


បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​ក្រសួងមហាផ្ទៃ ដោយ​យោង​តាម​ពាក្យ​បណ្ដឹង របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ ហាក់​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ដោយ​តុលាការ​កំពុង​ចាត់ការ ទៅមុខ​យ៉ាង​លឿន​ជា​បន្តបន្ទាប់ ទោះបីជា មាន​សំឡេង​រិះគន់​យ៉ាង​ណា​ក្ដី។

យោង​តាម​ដីកា​តុលាការ​កំពូល​ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា គឺ ចៅក្រម​ទទួល បញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោកស្រី សែម សក្ដិកូឡា បាន​ចេញ​ដីកា​បង្គាប់ ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប ទៅ​នឹង​ពាក្យ​បណ្ដឹង​សុំ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​តុលា។

ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ប្រធាន​ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ បាន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមការងារ និង​គណៈកម្មាធិការ​ប្រតិបត្តិ ២៥​រាជធានី​-​ខេត្ត នៅ​ទីស្នាក់ការ គណបក្ស​នៅ​ថ្ងៃ​ទី​១០ តុលា ថា គណបក្ស​បាន​ទទួល​ដីកា​បង្គាប់​នេះ​ហើយ ប៉ុន្តែ នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ។ លោក សុន ឆ័យ បន្ត​ថា គណបក្ស​នឹង​ជួប​ប្រជុំ​ជាមួយ នឹង​ក្រុម​មេធាវី​ជា​មុន​សិន។

លោក សុន ឆ័យ ក៏បាន​បង្ហើប​ដែរ​ថា មាន​ស្ថានទូត​មួយ​ចំនួន​បាន​ប្រាប់​ថា គណបក្ស​ប្រជាជន កម្ពុជា បាន​ធានា​ជាមួយ​នឹង​ស្ថាន​ទូត​ទាំងនោះ​ថា ទោះបីជា​យ៉ាងណាក៏ដោយ ក៏​មិន​រំលាយ​គណ បក្ស​សង្គ្រោះ​ជាតិ​ដែរ។ ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ព្យាយាម​រក​ច្រក​ចរចា​ជាមួយ គណបក្ស​កាន់អំណាច ដើម្បី​សម្រួល​ឲ្យ​ស្ថានភាព​នយោបាយ​វិល​ទៅ​រក​ប្រក្រតី​ភាព ដើម្បី​ផល​ប្រ យោជន៍​ជាតិ និង​ប្រជាជន។

កាលពី​ថ្ងៃ​ទី​៦ តុលា មេធាវី​មួយ​ក្រុម​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៥​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ឃុបឃិត​នឹង​បរទេស ដើម្បី​រំលាយ​រដ្ឋាភិបាល​កម្ពុជា​ជាដើម។

ទាក់ទិន​បញ្ហា​នេះ លោក​មេធាវី ហុង គឹមសួន បដិសេធ​មិន​បកស្រាយ​ផ្លូវច្បាប់​អ្វី​ឡើយ​ដោយ​លោក យល់ថា ករណី​នេះ​មិនមែន​ជា​រឿង​ធម្មតា និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង។

កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) និង អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោល​រដ្ឋាភិបាល​កម្ពុជា​ភ្លាមៗ ក្រោយពី​ក្រសួងមហាផ្ទៃ​ដាក់ពាក្យ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។

អង្គការ​អន្តរជាតិ​ទាំងពីរ ប្រាប់​ឲ្យ​អន្តរជាតិ ដាក់​ទណ្ឌកម្ម​កម្ពុជា ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង។ មន្ត្រី​ផ្នែក​យុទ្ធនាការ របស់​អង្គការ​ឃ្លាំមើល​ពិភព លោក អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ ថា “​ក្រុម​អ្នក​មាន​អំណាច និង​មានទ្រព្យ ដែល​ជា​ជន​ពុករលួយ មួយ​ក្ដាប់​តូច រយៈពេល​ចុងក្រោយ​នេះ កំពុង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ដើម្បី​បន្ត​ក្រាញ​អំណាច និង​រក្សាទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​ទូទាំង​ប្រទេស។

រីឯ​នាយករង​ប្រចាំ​តំបន់​អាស៊ីសេរី នៃ​អង្គការ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ប៊ឺតសុន (Phil Robertson) ចាត់​ទុក​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ ដែល​ប៉ុនប៉ង​រំលាយ​គណបក្ស ប្រឆាំង ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ដែល​កំពុង​ប្រែ​ក្លាយ​ខ្លួន​ទៅជា​ជន​ផ្ដាច់ការ ទាំង​ឥត​អៀនខ្មាស។ លោក Phil Robertson បន្ត​ទៀត​ថា ការ​ចោទ​គណបក្សប្រឆាំង ថា​ដឹកនាំ​ឲ្យ​មាន​ចលនា​បដិវត្ត​ពណ៌ គឺជា​ការឃោសនា ផ្សព្វផ្សាយ​បោក​បញ្ឆោត​ដើម្បី​ចំណេញ​ន​យោ បាយ ធ្វើ​យ៉ាងណា​ដើម្បី​បំពេញ​លេស​របស់​ខ្លួន ក្នុង​ការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ លោក​ថា ការប្រើប្រាស់​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្សប្រឆាំង គឺជា​ផែនការ​គិតទុក​ជាមុន​របស់​គណបក្ស​កាន់​អំណាច ព្រោះ​ចៅក្រម​តុលាការ​កំពូល នឹង​សម្រេច​អ្វី​ទៅតាម​តែ​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន បញ្ជា​ប៉ុណ្ណោះ៕






1 comment:

  1. Anonymous9:37 AM

    There are other political parties to joins. Joins CPP, LDP, GDP, Beehive, Royal Party and so on. Why do you folks must oppose Mr. Hun Sen? That's wrong. Join a party which could peacefully coexist and build Cambodia.

    The reason CNRP is going down is: CNRP spread rumors that Hun Manet was a son of a Vietnamese Le Duc Tho. CNRP also spread rumors that Mr. Hun Sen yield lands to Vietnam, Thailand and Laos for favors with fake maps.

    Stop attacking people, people won't attack you. Remember when Khmer Empire sneak-attacked Siam? Siam came back and sacked Khmer capital.

    If you have a dispute, you sue. You don't attack. Ok?

    ReplyDelete