នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ |
HRW រម្លឹក ឲ្យប្រទេស ម្ចាស់ជំនួយ ដាក់ទណ្ឌកម្ម កម្ពុជា ភ្លាមៗ បើ បក្សប្រឆាំង ត្រូវ រម្លាយ
RFA / វិទ្យុ អាស៊ី សេរី | ១៥ វិច្ឆិកា ២០១៧
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ ទទូច ឲ្យប្រទេស ម្ចាស់ជំនួយ និងអង្គទូតនានា ចាត់វិធានការ ភ្លាមៗ បើ គណបក្សប្រឆាំង ត្រូវ តុលាការ កំពូល រម្លាយ ដូចការ ប៉ុនប៉ង របស់ បក្សកាន់អំណាច មែននោះ។ ប៉ុន្តែ មន្ត្រី បក្សកាន់អំណាច ស្នើឲ្យ ទាំងអស់គ្នា រក្សា ភាពស្ងប់ស្ងៀម ដើម្បី ទុកលទ្ធភាព ឲ្យតុលាការ សម្រេច សេចក្ដី ឲ្យបាន ត្រឹមត្រូវ។ ចំណែក ឯមន្ត្រី អង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ មានសង្ឃឹម តិចតួចណាស់ ថា ប្រព័ន្ធតុលាការ កម្ពុជា អាចផ្ដល់ យុត្តិធម៌ ក្នុងរឿងក្តី ពាក់ព័ន្ធ នឹងនយោបាយ បែបនេះ។
នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានអះអាង ថាប្រជាធិបតេយ្យនៅកម្ពុជា ប្រឈមគ្រោះថ្នាក់ដល់ស្លាប់ ប្រសិនបើមន្ត្រីអង្គទូត និងប្រទេសម្ចាស់ជំនួយ មិនចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ឲ្យបានឆាប់ៗនោះទេ។
លោក ប្រ៊ែដ អាដាម បញ្ជាក់បន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបន្តបំផ្លាញគោលការណ៍សេរីពហុបក្ស បំផ្លាញសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងបំផ្លាញសិទ្ធិដទៃទៀត ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស តាំងតែពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ មកម្ល៉េះ។ លោកលើកឡើងបន្ថែម ថាប្រទេសម្ចាស់ជំនួយ និងមន្ត្រីអង្គទូតបរទេស ត្រូវសម្រេចឥឡូវ ថាតើត្រូវឈរឱបដៃមើល ដោយទុកឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកំពុងធ្វើឲ្យប្រជាធិបតេយ្យ ឈានទៅរលំរលាយ ឬក៏ត្រូវចាត់វិធានការជាក់ស្ដែងភ្លាមៗ ទៅលើរដ្ឋាភិបាលកម្ពុជា ដូចជាវិធានការតឹងរ៉ឹង តាមផ្លូវនយោបាយ សេដ្ឋកិច្ច និងការទូត ប្រសិនបើលោក ហ៊ុន សែន នៅតែប៉ុនប៉ងប្រែក្លាយប្រទេសកម្ពុជា ឲ្យទៅជារដ្ឋឯកបក្សដូច្នេះ។
សាររបស់លោក ប្រ៊ែដ អាដាម ធ្វើឡើងកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ពោលគឺមួយថ្ងៃ នៅមុនសវនាការ កាត់ក្ដីរឿងបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ប្ដឹងសុំរម្លាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣លាននាក់ ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃ ពុធទី១៦ ខែវិច្ឆិកានេះ។
ទោះបីលោក ប្រ៊ែដ អាដាម នៅតែចាត់ទុកប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជា ថាស្ថិតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច លោកក៏បានផ្ញើសារ ដាស់តឿនមន្ត្រីតុលាការកំពូលកម្ពុជា ថា នេះជាឱកាសជាប្រវត្តិសាស្ត្រមួយ ដែលតុលាការផុតលេខមួយនេះ អាចបង្ហាញពិភពលោក ថាស្ថាប័នតុលាការមួយនេះ អាចមានឯករាជ្យភាព និងអាចរក្សាគោលការណ៍នីតិរដ្ឋបាន។ បើតាមលោក ប្រ៊ែដ អាដាម (Brad Adams) តុលាការកំពូល អាចបង្ហាញភាពឯករាជ្យនេះបាន ប្រសិនបើមន្ត្រីតុលាការកំពូល ហ៊ានក្រោកតតាំង ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដែលកំពុងប៉ុនប៉ងដាក់សម្ពាធ ឲ្យតុលាការនេះ សម្រេចរម្លាយគណបក្សសង្គ្រោះជាតិ ទៅតាមការចង់បានរបស់លោក ហ៊ុន សែន។
មន្ត្រីតុលាការកំពូល ដែលនឹងសម្រេចសេចក្ដីលើករណីរម្លាយគណបក្សប្រឆាំងនេះ គឺសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា។ ប្រធានតុលាការកំពូលលោក ឌិត មន្ទីរ គឺជាមនុស្សសំខាន់មួយរូប ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សកាន់អំណាច។ អនុប្រធានតុលាការកំពូលមួយរូប គឺលោក ឃឹម ប៉ុណ ជាសមាជិកជាន់ខ្ពស់មួយរូប ក្នុងគណៈមជ្ឈិមបក្ស។ អនុប្រធានតុលាការកំពូលមួយរូបទៀត គឺលោក ជីវ កេង ដែលពីមុនជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ជាទីប្រឹក្សាផ្ទាល់របស់លោក សុខ អាន។ លោក សុខ អាន ជាដន្លងរបស់លោក ហ៊ុន សែន។ អ្នកស្រី ជា លាង ដែលជាក្មួយបង្កើតរបស់លោក សុខ អាន ជាអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល។
ត្រង់ចំណុចនេះ មន្ត្រីអង្គការសង្គមស៊ីវិល មានសង្ឃឹមតិចតួចណាស់ ដែលថាតុលាការកំពូលកម្ពុជា អាចរក្សាឯករាជ្យភាពរបស់ខ្លួន។ មន្ត្រីច្បាប់ និងអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា លើកឡើង ថាតុលាការកំពូល ពិបាកនឹងធ្វើឲ្យសាធារណជន ជឿថា ពួកគាត់អាចសម្រេចសេចក្ដីដោយគ្មានការរងសម្ពាធពីគណបក្សកាន់អំណាចខ្លាំងណាស់។ លោកបន្ថែម ថាករណីនេះ មានបញ្ហាខាងទំនាស់ផលប្រយោជន៍ ព្រោះអ្នកសម្រេចសេចក្ដីនៅក្នុងរឿងក្តី សុទ្ធតែជាមន្ត្រី និងមនុស្សជំនិតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាដើមបណ្តឹង សុំរម្លាយគណបក្សសង្គ្រោះជាតិ។ លោក យឿង សុធារ៉ា អះអាងថា តាមស្មារតីច្បាប់ មន្ត្រីតុលាការ ដែលជាប់ពាក់ព័ន្ធ នឹងទំនាស់ផលប្រយោជន៍បែបនេះ គប្បីត្រូវដកខ្លួនចេញពីការជំនុំជម្រះក្តីនេះ ដោយទុកឲ្យមន្ត្រីតុលាការឯទៀត ដែលមិនមែនជាសមាជិករបស់ភាគីដើមចោទ៖ «ដើម្បីឲ្យសវនាការប្រព្រឹត្តទៅដោយយុត្តិធម៌ អ្នកដែលមានទំនាស់ផលប្រយោជន៍ ត្រូវតែដកខ្លួនចេញ មិនថាផលប្រយោជន៍នោះ ជាផលប្រយោជន៍នយោបាយ ឬផ្សេងពីនេះនោះឡើយ។។»
ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍នេះ គឺភាគីចុងចោទ មានសិទ្ធិដាក់បណ្ដឹងដិតចិត្ត ដើម្បីសុំឲ្យផ្លាស់ប្ដូរសមាសភាពចៅក្រម និងមន្ត្រីតុលាការ ដែលកាន់រឿងក្ដីនេះ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានសម្រេចមិនរៀបចំ ឲ្យមានមេធាវី ដើម្បីការពារក្ដីរឿងនេះទេ ព្រោះប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ធ្លាប់ផ្ញើសារតាមរយៈមេធាវីរបស់លោក ថារឿងនេះ គឺជារឿងនយោបាយ ត្រូវទុកឲ្យមានដំណោះស្រាយក្រៅផ្លូវតុលាការ។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មិនយល់ស្រប ថារឿងនេះ ជារឿងនយោបាយនោះទេ។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ទាំងបង្ហាញការជឿជាក់ថា តុលាការកំពូល នឹងសម្រេចសេចក្ដីដោយឯករាជ្យ។ លោកថែមទាំងសង្ឃឹម ថា ស្ថានការណ៍នយោបាយ នឹងល្អប្រសើរជាងមុន ក្រោយការសម្រេចក្តីរបស់តុលាការកំពូល ដែលអាចឈានទៅរម្លាយគណបក្សសង្គ្រោះជាតិនេះ។ លោកស្នើឲ្យគ្រប់ភាគី រក្សាភាពស្ងៀមស្ងាត់ កុំរំខានតុលាការ ដោយទុកឲ្យតុលាការកំពូលនេះ សម្រេចសេចក្ដីទៅតាមឆន្ទានុសិទ្ធ ដោយឯករាជ្យរបស់ខ្លួន។ លោក សុខ ឥសាន អះអាងថា បើទោះបីជាមន្ត្រីតុលាការ ជាមន្ត្រីរបស់បក្សកាន់អំណាចយ៉ាងណាក្តី ក៏មិនមែនជារឿងអ្វីចម្លែកនោះដែរ ព្រោះបក្សដែលឈ្នះការបោះឆ្នោត គេធ្វើតែអ៊ីចឹង៖ «បក្សណាឈ្នះឆ្នោត បក្សនោះជាអ្នករើសមនុស្ស។ តែយ៉ាងតុលាការ គេសម្រេចលើច្បាប់ និងអំណាចពលរដ្ឋ។»
ស្របពេលដែលលោក សុខ ឥសាន ស្នើសុំឲ្យរក្សាភាពស្ងៀមស្ងាត់ កុំថ្លែងសារអ្វី ដែលជ្រៀតជ្រែក ដល់ការសម្រេចសេចក្ដីរបស់តុលាការ តាំងពីមុនមានបណ្ដឹងប្ដឹងសុំរម្លាយគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែថ្លែងសារជាសាធារណៈព្រមានអំពីការប៉ុនប៉ងរម្លាយគណបក្សប្រឆាំងឲ្យខាងតែបាន។ មិនតិចជាងបីដងទេ ក្នុងរយៈពេលត្រឹមតែ ជាងមួយខែកន្លងទៅនេះ ដែលលោក ហ៊ុន សែន ព្រលយពាក្យជាសាធារណៈ អំពីភាពជឿជាក់ដល់តុលាការកំពូល ដែលថាគណបក្សសង្គ្រោះជាតិ នឹងត្រូវរម្លាយជាដាច់ខាត បើទោះបីតុលាការ មិនទាន់បានសម្រេចក្តីយ៉ាងណា នៅឡើយក៏ដោយ។ លើកទីមួយលោក ហ៊ុន សែន ច្បាស់ ៩៩,៩៩% លើកទីពីរលោក ហ៊ានដាក់ជីវិត និងលើកចុងក្រោយលោកហ៊ានភ្នាល់ ១ សង ១០០ បើគណបក្សសង្គ្រោះជាតិ មិនរម្លាយនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ នោះទេ។
សហគមន៍អន្តរជាតិឯណោះវិញ កំពុងតាមឃ្លាំមើលស្ថានការណ៍នយោបាយនេះ យ៉ាងយកចិត្តទុកដាក់។ ពួកគេបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា និងរង់ចាំចាត់វិធានការបន្ថែម ក្នុងករណីស្ថានការណ៍បច្ចុប្បន្នកាន់តែដុនដាបខ្លាំង។ តំណាងរាស្ត្រអាមេរិកជាច្រើនរូប បានព្រមានដាក់ទណ្ឌកម្មផ្នែកការទូត និងទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនបញ្ឈប់ការប៉ុនប៉ងធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា៕
No comments:
Post a Comment