Paris Peace Accords 23 Oct. 1991

Wednesday, November 1, 2017

លោក សម រង្ស៊ី​ ចោទ​លោក​ ម៉ៅ មុន្នីវណ្ណ​ ថា​ ដឹកនាំ ​ធ្វើ​បក្ស​ប្រហារ | Sam Rainsy accuses Mao Monyann of leading an internal party coup

លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

លោក សម រង្ស៊ី​ ចោទ​លោក​ ម៉ៅ មុន្នីវណ្ណ​ ថា​ ដឹកនាំ ​ធ្វើ​បក្ស​ប្រហារ

 VOA / វីអូអេ | ៣១ តុលា ២០១៧

អតីត ​មេដឹកនាំ​ គណបក្ស​ ប្រឆាំង​ លោក​ សម រង្ស៊ី​ បាន​ចោទ​ប្រកាន់ ​ធ្ងន់ៗ ​ ប្រឆាំង​ នឹង​លោក​ ម៉ៅ​ មុន្នីវណ្ណ​ តំណាងរាស្ត្រ ​មណ្ឌល​ខេត្ត ត្បូង​ឃ្មុំ​  នៃ​គណបក្ស​ សង្គ្រោះ​ជាតិ​ ថា ​ បាន​កំពុង​ បំផុស​បំផុល​ ឲ្យ​សមាជិក ​ក្នុង​ជួរ​ បក្ស​ប្រឆាំង ​ធ្វើ​បក្ស​ប្រហារ​  ទៅ​តាម​ ការ​បញ្ជា ​របស់​លោក​ ហ៊ុន សែន​  នាយក​រដ្ឋ​មន្ត្រី​ នៃ​រដ្ឋាភិបាល ​ខ្មែរ។  នេះ​ បើ ​យោង​តាម ​ឃ្លីប​វីដេអូ​ របស់​លោក​ សម រង្ស៊ី​ ដែល​បាន​បង្ហោះ ​លើ​ទំព័រ ​ហ្វេស​ប៊ុក ​របស់​លោក​ កាលពី​ថ្ងៃច័ន្ទ។


ថ្លែង​តាម​ឃ្លីប​វីដេអូ​នោះ​ ​ពី​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​ លោក​ សម រង្ស៊ី​ ក្នុង​នាម​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា​ លោក​ ម៉ៅ​ មុន្នីវណ្ណ​ បាន​ផ្តើម​ប្រកូក​ប្រកាស​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​លោក​អាច​នឹង​ត្រូវ​ឡើង​គ្រប់​គ្រង​បក្ស​ជំនួស​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​៖

«​គាត់ ​ចេញមុខ,​ គាត់ ​ដើរ​ ទាក់​ទង​គេ​ ឲ្យ​ទៅតាម​គាត់​  ពីព្រោះ​ គាត់ ​នឹង​ប្រកាស​ ថា,​ បន្តិចទៀត ​ គេ ​ដូរ​ថ្នាក់​ដឹកនាំ​ កំពូល​ គណបក្ស​ សង្គ្រោះជាតិ​ , ហើយ ​គាត់​ ចង់​ធ្វើ​ ជាថ្នាក់​ដឹកនាំ​ ជំនួស​ លោក​ កឹម​ សុខា​, ជំនួស​  អ្នក​ស្មោះត្រង់​ ដូច្នេះ​ នេះ​ ជា​អំពើ​ក្បត់​ ជាអំពើ​ក្បត់​ ដ៏ថោក​ទាប​  ដែល​កូន​ខ្មែរ ​ទាំង​អស់ -- កូន​ខ្មែរ​ ដែល​មាន ​កិត្តិយស,​ កូនខ្មែរ​ ដ៏ឆ្នើម, ​ កូនខ្មែរ​ ដ៏ថ្លៃ​ថ្នូរ --​ មិន​អាច​ ទទួល​ យក​បាន​»

លោក​ សម រង្ស៊ី​ ដែល​បាន​ភៀស​ខ្លួន​ទៅរស់​នៅ​ប្រទេស​បារាំង​ ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​តាម​បណ្តឹង​ព្រហ្មទណ្ឌ​ផ្សេងៗ​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អំពាវនាវ​ដល់​សមាជិកបក្ស​ប្រឆាំង​ឲ្យគេច​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ ប្រសិនបើ​ពួកគេ​ប្រឈម​ខ្លាំង​នឹង​សម្តាធ​នៃ​ការ​គំរាម​កំហែង​ខាង​នយោបាយ​ ឬ​បន្ត​គាំទ្រ​បក្ស​ ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​បោក​បញ្ឆោត​ណា​មួយ​នោះ​ឡើយ។

«​គណបក្ស​យើង​នៅតែ​ខ្លាំង​ គណបក្ស​យើង​មាន​ការ​គាំទ្រ​ ពេញ​ទំហឹង​ពី​ពិភពលោក​ទាំងមូល។​ គណបក្ស​យើង​អត់​ទៅណា​ទេ​ គណបក្ស​យើង​នៅតែ​ស្មោះត្រង់​ ជាមួយ​ប្រទេស​ជាតិ​ ជាមួយ​ប្រជារាស្ត្រ​។ ឲ្យ​អ្នកណា​គេ​ ចង់​អូស​ទាញ​បងប្អូន​ ឲ្យ​គេ​ប៉ុនប៉ង​ធ្វើ​ទៅ​ ប៉ុន្តែ​សូម​បង​ប្អូន​កុំទន់​ចិត្ត​ កុំ​ជឿ​ កុំ​តាម​ពួក​ក្បត់​ យើង​ត្រូវ​តែ​សោ្មះត្រង់​ ជាមួយ​ប្រជារាស្ត្រ​ ស្មោះត្រង់​ជាមួយ​ប្រទេស​ជាតិ»

អតីត​មេបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ ដែល​បាន​លាលែង​ពីតំណែង​កាលពី​ខែ​កុម្ភៈ​ ដើម្បី​ស្រោច​ស្រង់​គណបក្ស​នេះ​ ពី​ការ​រំលាយ​តាម​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស​ បាន​ថ្លែង​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​លោក​ កឹម​ សុខា​ ជា​ប្រធាន​មិន​អាច​នឹង​ត្រូវ​រំលាយ​បាន​ទេ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍ប្រជាពលរដ្ឋនៅពេលដែលលោកបានទៅចូលរួមពិធីសម្ពោធស្ពានឆ្លងទន្លេសាបមួយ​នៅក្បែរខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន 
 
លើកដៃស្វាគមន៍ប្រជាពលរដ្ឋនៅពេលដែលលោកបានទៅចូលរួមពិធីសម្ពោធស្ពានឆ្លងទន្លេសាបមួយ​នៅក្បែរខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០១៧។
 
លោក​បាន​បន្ត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ គឺបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ បាន​បរា​ជ័យ​រួច​ទៅហើយ​ នៅក្នុង​កិច្ច​ខិតខំ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ដោយសារ​តែ​សម្តាធ​ខ្លាំង​ក្លា​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​ឥទ្ធិពល​ខាង​នយោបាយ​ និង​សេដ្ឋកិច្ច​ ក្នុងនោះ​មាន​សហភាព​អឺរ៉ុប។ លោក​ សម រង្ស៊ី​ បានថ្លែង​បន្ថែម​ថា​ លោក​ ហ៊ុន សែន ​ក៏នឹង​បរាជ័យ​ម្តងទៀត​ ក្នុង​ការ​ប៉ុនប៉ង​បង្ក​ឲ្យមាន​បក្ស​ប្រហារ​នៅក្នុង​គណបក្ស​ប្រឆាំង។
សេចក្តី​អំពាវនាវ​របស់​លោក​ សម រង្ស៊ី​ ត្រូវ​បាន​ធ្វើ​នៅឡើង​ នៅចំ​ពេល​ដែល​តុលាការ​កំពូល​ត្រៀម​បើក​សវនាការ​ជម្រះ​លើ​បណ្តឹង​រំលាយ​គណបក្ស​ប្រឆាំង​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ។ លោក​ កឹម សុខា ដែលជា​ប្រធាន​គណបក្ស​នេះ​ បាន​កំពុង​រងបទ​ចោទប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ តាម​ការ​សម​គំនិត​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ សេចក្តី​អំពាវនាវ​របស់​អតីត​មេបក្ស​ប្រឆាំង​ដដែល​នេះ​ ក៏ត្រូវបាន​ធ្វើ​ឡើង​នៅ​ចំពេល​ មាន​សេចក្តី​រាយការណ៍​អំពី​ការ​ចុះ​ចូល​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ និង​ក្រុម​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង​យ៉ាង​តិច​ ២៥​រូប ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ម៉ៅ មុន្នីវណ្ណ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅថ្ងៃ​អង្គារ​នេះថា​ សារ​នយោបាយ​របស់​លោក​ សម រង្ស៊ី​ លែង​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​ ដោយ​ហេតុ​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ​ បាន​បាត់​បង់​រាល់​សិទ្ធិនយោបាយ​ តែបាន​កំពុងធ្វើ​សកម្ម​ភាព​ ញុះញង់​ឲ្យ​មាន​បញ្ហា​ផ្ទៃក្នុង​នៅក្នុង​គណបក្ស​ប្រឆាំង ​និង​បង្ក​ការ​អុកឡុក​ខាង​ការទូត​នៅ​ក្រៅ​ប្រទេស។

លោក​ថ្លែង​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់។ ហេតុ​ដូច្នេះ​ គណបក្ស​កាន់​អំណាច​មិន​ចាំបាច់​ទិញ​លោក​ ម៉ៅ មុន្នី​វណ្ណ​ មក​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ។​ លោក​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ៖

«ហើយ​ គ្មាន​ ភស្តុតាង​អី​ ដែល​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​ ទៅទិញ​ទឹកចិត្ត​មន្ត្រី​ រហូត​ដល់​អី​ ម៉ៅ មុន្នីវណ្ណ​ អី​ហ្នឹង​ វាអត់​ទេ​ អាហ្នឹង​វាគ្មាន​ ទឡ្ហីករណ៍​ណា​បញ្ជាក់​ទេ​បាទ។ ហើយ​ខ្ញុំយល់​ថា​ ពីម្សិល​មិញ​ ខ្ញុំ​បាន​ជម្រាប​ជូនហើយ​ VOA ​ខ្ញុំ​ថា​ គណបក្ស​ប្រជាជន​ មិន​ខ្វះ​ទេ​ ធនធាន​មនុស្ស​ មិន​បាច់​ទៅ​ទិញ​គេ​ យក​មក​ទេ»

ទាក់ទិន​កា​រថ្លែង​របស់​លោក​ សម រង្ស៊ី​ ដែល​និយាយ​ថា​ បក្ស​ប្រឆាំង​នឹង​មិន​អាច​ត្រូវបាន​រំលាយ​នោះ​ទេ​ លោក​ សុខ ឥសាន​ បាន​ថ្លែង​បន្ត​ថា​ តុលាការ​កំពូល​នឹង​សម្រេច​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅថ្ងៃ​ទី​ ១៦​ ខែ​វិច្ឆិកា​ ដោយ​មិន​មាន​ក្តី​បារម្ភ​ណា​មួយ​នោះ​ឡើយ។

«ឥឡូវ​ យើង​ចាំ​មើល​ទៅ​ថ្ងៃ​ ១៦​ ខែ​វិច្ឆិកា​ហ្នឹង​ នៅសល់​តែ​១៦​ថ្ងៃ​ទៀត​តើ​ ថាតើ​ដូច សម រង្ស៊ី​ ថា​ ឬ​អត់?​ តែ​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​មិន​ធ្វើ​គ្រូទាយ​ទេ​ណ៎ា ​ហើយ​ឬមួយ​ក៏យើង​មិន​អាច​ទៅ​ រំលោភលើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទេ​ យើង​រង់ចាំ​មើល​លទ្ធផល​នៃ​ការជម្រះ​ក្តីរបស់​តុលាការ»

លោក​ ម៉ៅ មុន្នីវណ្ណ​ អ្នក​តំណាងរាស្ត្រ​ខេត្តកំពង់ចាមមកពីគណបក្ស​សង្គ្រោះ​ជាតិ។ (រូបថតដកស្រងពីហ្វេសប៊ុក Mao Monyvann)
លោក​ ម៉ៅ មុន្នីវណ្ណ​ អ្នក​តំណាងរាស្ត្រ​ខេត្តកំពង់ចាមមកពីគណបក្ស​សង្គ្រោះ​ជាតិ។ (រូបថតដកស្រងពីហ្វេសប៊ុក Mao Monyvann)
 
លោក​ ម៉ៅ មុន្នីវណ្ណ​ ធ្លាប់​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​រាយ​ការណ៍​ថា​ លោក​បាន​ធ្វើជា​អ្នកនាំ​សារ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ទាក់​ទិន​ការ​ចោទ​ប្រកាន់​ថា​ ភរិយា​និង​កូន​ប្រុស​របស់​នាយក​រដ្ឋមន្រ្តី​ជា​ភរិយា​និង​កូន​មេដឹក​នាំ​វៀតណាម។ សេចក្តី​រាយការណ៍​របស់​អង្គភាព​នេះ​ ធ្វើឡើង​ដោយ​យោង​ទៅ​តាម​សារ​បែក​ធ្លាយ​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​ឲ្យដឹង​ពី​ការសន្ទនា​រវាង​លោក​ ហ៊ុន​ សែន​ ​និង​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ​លោក ម៉ៅ មុន្នី​វណ្ណ។

ការ​ចេញសារ​នយោបាយ​ជា​បន្តបន្ទាប់​របស់​លោក​ សម រង្ស៊ី​ ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើឡើង​ បន្ទាប់​ពី​លោក ​ហ៊ុន សែន​ ដែល​បាន​ប្រកាស​ថា​ នឹង​បន្ត​គ្រប់​គ្រង​ប្រទេស​កម្ពុជា​មួយ​ទសវត្សរ៍​ទៀត​នោះ​ បាន​ឃោសនា​ឱ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្សប្រឆាំង​ចុះ​ចូល​ នឹង​បក្ស​កាន់​អំណាច​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​ នៅពេល​ដែល​បក្ស​ប្រឆាំង​រលាយ។

ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ ​និង​តែ​មួយ​គត់​នៅ​សភាជាតិ​ខ្មែរ នៅ​បន្ត​ជា​ក្តី​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​ ក៏​ដូច​ជា​អង្គការ​ឃ្លាំមើល​សកម្មភាព​⁣រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ។ ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ កាលពី​ពាក់​កណ្តាល​ខែ​តុលា ​បាន​ថ្កោល​ទោស​ ការ​វិវត្ត​ចុង​ក្រោយ​នៃ​ស្ថានភាព​នៅ​កម្ពុជា​ ថា​ជា​ការ​នាំ​យក​កម្ពុជា​ទៅ​កាន់​ការ​ដឹក​នាំ​បែប​ឯកបក្ស​ ដែល​ផ្ទុយ​ពី​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​ស្រុង។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ ​មកពី​គណបក្ស​សាធារណ​រដ្ឋ​ដែល​កំពុង​កាន់​អំណាច​ ​ក៏​បាន​គំរាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ រួមទាំង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​ ​ប្រសិន​បើ​បក្ស​កាន់​អំណាច​កម្ពុជា​រំលាយ​ និង​មិន​ដោះលែង​ប្រធាន​ និង​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​ ចំណែក ​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត ​បាន​ប្រកាស​ថា​ ខ្លួន​ត្រូវ​គិតគូរ​ឡើងវិញ​ពី​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ៕

1 comment:

  1. Anonymous9:06 AM

    Scam Rainsy, you said you quit politics. Why are you still talking about CNRP and politics?

    ReplyDelete