Paris Peace Accords 23 Oct. 1991

Tuesday, May 29, 2018

លោក ស ខេង បញ្ជា​ សមត្ថកិច្ច​ ត្រៀម​ចាត់​ វិធានការ​ អ្នក​អំពាវនាវ​ មិន​ឱ្យ​ ពលរដ្ឋ​ ទៅ​បោះឆ្នោត | Sar Kheng orders authority to prepare to take measures against those who urge people not to go vote

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
លោក ស ខេង បញ្ជា​ សមត្ថកិច្ច​ ត្រៀម​ចាត់​ វិធានការ​ អ្នក​អំពាវនាវ​ មិន​ឱ្យ​ ពលរដ្ឋ​ ទៅ​បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២៨ ឧសភា ២០១៨

អ្នកគាំទ្រ ​គណបក្ស​ សង្គ្រោះជាតិ​ មួយ​ចំនួន​ នៅតែ ​ប្រកាន់​ជំហរ​ បន្ត​ធ្វើ​ យុទ្ធនាការ​ បង្ហោះ​សារ ក្នុង​ហ្វេសប៊ុក (Facebook) ដោយ​មិន​ទៅ​ ចូលរួម ​បោះឆ្នោត ​ជ្រើសតាំង​ តំណាងរាស្ត្រ​ ដែល​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃ​ ទី​២៩ ខែ​កក្កដា បើ​ ទោះបី​​ជា ​លោក ស ខេង បាន​បញ្ជា​ ឱ្យ​សមត្ថកិច្ច ​តាមដាន ​នឹង​ចាត់វិធានការ​ ផ្លូវច្បាប់​ ទៅលើ​ អ្នក​ដែល​អំពាវនាវ​នេះ​ក៏ដោយ។  អ្នកគាំទ្រ​ បក្ស​ប្រឆាំង​ យល់ឃើញ​ ថា, សារ​ អំពាវនាវ​នេះ គឺ ជា​ការ​បញ្ចេញមតិ​ ដោយ​ពុំ​ ខុសច្បាប់ ​នោះ​ឡើយ។

អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ លោក នីវ ចំរើន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា លោក​មិន​ត្រូវ​ការ​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​នោះ​ទេ ព្រោះ​របប​នេះ​បាន​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក នីវ ចំរើន អះអាង​ទៀត​ថា ដូច្នេះ​ដើម្បី​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ ត្រូវ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ហើយ​ត្រូវ​មាន​គណបក្សប្រឆាំង​ចូលរួម​បោះឆ្នោត​មិនមែន​ដូច​សព្វថ្ងៃ មានតែ​គណបក្ស​កាន់អំណាច​និង​គណបក្ស​តូចៗ​ដែល​គ្មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​នោះ​ទេ។ លោក​ចាត់ទុក​ការបោះឆ្នោត​នេះ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ហើយ​លោក​នៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ។ «»
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ផ្ដល់​សម្ភាសន៍​ឱ្យ​អ្នកសារព័ត៌មាន​ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត​នៅ​រាជធានី ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៨ ឧសភា ថា អ្នក​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត គឺជា​អំពើ​ខុសច្បាប់ ហើយ​លោក​ក៏​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រៀម​ចាត់វិធានការ​ទៅលើ​ជន​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាមច្បាប់។ «»
យុទ្ធនាការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នេះ ដោយសារ​ថ្មីៗ​នេះ ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ក្នុង​ស្រុក កុំ​ឱ្យ​នាំ​គ្នា​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​ចាត់ទុកជា​ការបោះឆ្នោត​ក្លែងក្លាយ។
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បាន​ព្រមាន​ម្ដង​រួច​មក​ហើយ​ដែរ​ថា ក្រសួង​មហាផ្ទៃ នឹង​ប្ដឹង​អ្នក​ឃោសនា មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ជន​ទាំងនោះ។ លោក​ថា មូលហេតុ ដែល​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​បែបនេះ ព្រោះ​ក្រុម​អ្នកធ្វើ​សកម្មភាព​នេះ​គឺ កំពុង​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ ការព្រមាន​បែបនេះ ត្រូវ​បាន​អ្នកច្បាប់ និង​អ្នក​ធ្វើ​ការងារ​ទាក់ទង​នឹង​ការបោះឆ្នោត យល់ថា គឺជា​ការ​និយាយ​ហួស​ពី​ច្បាប់​ចែង។
មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ ខុមហ្រែ្វល (COMFREL) លោក កន សាវាង្ស លើកឡើង​ថា ការ​អំពាវនាវ​ដោយ​ការ​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​មិន​មាន​ឥទ្ធិពល​ដល់​អ្នកបោះឆ្នោត​ទេ ព្រោះ​ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ផ្ទាល់។ «»

ក្រោយ​ពី​លោក ស ខេង បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រៀម​ចាត់វិធានការ​ទៅលើ​អ្នកធ្វើ​ឱ្យ​រាំងស្ទះ​ដំណើរការ​បោះឆ្នោត​ភ្លាម អ្នកគាំទ្រ​គណបក្សប្រឆាំង​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក ធ្វើ​ពហិការ​ចូលរួម​បោះឆ្នោត​កាន់តែ​ច្រើន ដោយសារ​ខ្លះ​ថា មិន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ​ទេ ព្រោះ​គ្មាន​គណបក្ស​ដែល​ខ្លួន​ស្រលាញ់ ខ្លះ​ថា​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់ខ្ញុំ និង​ខ្លះ​ទៀត​ថា​នៅ​ថ្ងៃ​ទី​២៩ កក្កដា នៅ​ដេក​ផ្ទះ​ឈ្នះ​ឯង​ជាង​ដើម៕






No comments:

Post a Comment