Paris Peace Accords 23 Oct. 1991

Tuesday, May 29, 2018

[Vietnamization: Logging, Border, Ratanakiri] សហគមន៍​ ថា បទល្មើស ​ព្រៃឈើ ​កើត​មាន​ ជា​ប្រព័ន្ធ​ នឹង​នាំ​ ឲ្យ​ព្រៃ​ សហគមន៍ ​រលាយ​ ទាំងស្រុង | Community says logging crime systematically on the rise, bringing about the complete destruction of forest

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សហគមន៍​ ថា បទល្មើស ​ព្រៃឈើ ​កើត​មាន​ ជា​ប្រព័ន្ធ​ នឹង​នាំ​ ឲ្យ​ព្រៃ​ សហគមន៍ ​រលាយ​ ទាំងស្រុង

RFA / វិទ្យុ អាស៊ី សេរី | ២៨ ឧសភា ២០១៨

ជនជាតិ​ដើម​ ភាគតិច​ គ្រឹង ​រស់នៅ​ ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី អះអាង​ ថា, ព្រៃ​សហគមន៍​ ភូមិ​តឺន មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ដែល​ជនជាតិ​ដើម ​ភាគតិច​ អាស្រ័យ​ ផល​ច្រើន​ជំនាន់​មក​ហើយ​នោះ ត្រូវ​ គេ​ កាប់​ធ្វើ​ អាជីវកម្ម​ ជា​ប្រព័ន្ធ ដោយ​គ្មាន​ ការ​ទប់ស្កាត់។  អ្នក​ភូមិ​ត្អូញ​ ថា, ពួកគេ​ ពុំ​មាន​ សមត្ថភាព ការពារ​ព្រៃឈើ​ នៅ​តំបន់​នោះ​ បាន​ទេ ព្រោះ​ ឈ្មួញ និង​អាជ្ញាធរ ​បាន​ឃុបឃិត​គ្នា គំរាមកំហែង​ ពលរដ្ឋ​ណា​ ចេញ​មុខ​ ការពារ​ព្រៃឈើ។

ជនជាតិ​ដើម​ភាគតិច​គ្រឹង​រស់នៅ​ភូមិ​តឺន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧ ឧសភា ថា អ្នកភូមិ​កំពុង​រក​មធ្យោបាយ​សង្គ្រោះ​ព្រៃ​សហគមន៍​ភូមិ​តឺន ដែល​កំពុង​ទទួល​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ​ពេញ​ទំហឹង បើ​ទោះ​បី​ជា​ព្រៃ​សហគមន៍​នោះ បាន​ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​ក្ដី។ សហគមន៍​ថា ពលរដ្ឋ​ការពារ​ព្រៃឈើ​មិន​ហ៊ាន​ចេញមុខ​តវ៉ា ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ ព្រោះ​ត្រូវ​អាជ្ញាធរ​គំរាមកំហែង និង​ចោទ​ពូក​គេ​ថា ជា​ក្រុម​បក្ស​ប្រឆាំង និង​បដិវត្ត​ពណ៌។
សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​តឺន លោក អ៊ុន ស្រូច បារម្ភ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ នឹង​ប៉ះពាល់​ដល់​ជម្រក​សត្វព្រៃ បាត់បង់​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច និង ជីវភាព​អ្នកភូមិ​ធ្លាក់​ចុះ។ លោក​កត់សម្គាល់​ថា ព្រៃ​សហគមន៍​ភូមិ​តឺន ដែល​សម្បូរ​ដោយ​ស្វា​ព្រៃ​ច្រើន​ប្រភេទ គោព្រៃ និង​ខ្ទីង រស់នៅ កំពុង​ប្រឈម​បាត់បង់​ទីជម្រក ខណៈ​សកម្មភាព​កាប់​ឈើ​មូល​ធំៗ បាន​កើតឡើង​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ៖ «ស្មុគស្មាញ​មិន​ដឹង​វិធីសាស្រ្ត​យ៉ាងម៉េច ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​កាប់​បំផ្លាញ​ព្រៃឈើ។ ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង និង​មានការ​ស្មុគស្មាញ និង​ប្រឈម​មែនទែន បាត់​ទីជម្រក​ព្រៃឈើ និង​បាត់បង់​ធនធានធម្មជាតិ​វា​ខ្លាំង​មែនទែន អនាធិបតេយ្យ»
បុរស​ដដែល​បន្ថែម​ថា នៅ​គ្រា​ដែល​របប លោក ហ៊ុន សែន ពុំ​ទាន់​រំលាយ​បក្ស​ប្រឆាំង អាជ្ញាធរ និង មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ តែង​ចុះ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជារឿយៗ ក៏ប៉ុន្តែ នៅ​ពេល​ដែល​បក្ស​ប្រឆាំង​បាន​រំសាយ​ហើយ​នោះ អាជ្ញាធរ​ហាក់​ជិះ​សេះ​លែងដៃ និង​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។ លោក​ថា ព្រៃ​សហគមន៍​ភូមិ​តឺន មាន​សក្ដានុពល​ដុះ​លូតលាស់​ដើមឈើ​ធំៗ ច្រើន​ប្រភេទ ដែល​ជា​ជម្រក​អនុផល​ព្រៃឈើ​សំបូរ​បែប ក៏ប៉ុន្តែ​បែរជា​រលាយ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៖ «ផ្តល់​ប្រយោជន៍ អនុផល​ព្រៃឈើ និង​មាន​សត្វ​ក្នុង​ព្រៃ​មាន​ច្រើន​គ្រប់​ប្រភេទ ស្វា​ស ខ្មៅ មាន​គ្រប់​ប្រភេទ នៅ​គ្រា​ដែល​អត់​មាន​ស្វា​មិន​ដឹង​យ៉ាង​ណា​ទេ វា​បាត់​បង់​ហើយ»
អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង មេឃុំ​តឺន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ឧសភា។
ព្រៃ​សហគមន៍​ភូមិ​តឺន​មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ឋិត​នៅ​ភូមិ​តឺន ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី ដែល​ក្រសួង​កសិកម្ម បាន​ចុះ​បញ្ជី​ទទួលស្គាល់​ជា​ព្រៃ​អភិរក្ស​របស់​សហគមន៍​តាំងពី​ឆ្នាំ ២០០១។
មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ចុះ​អង្កេត​រឿង​នេះ សម្ដែង​ការ​សោកស្តាយ​ចំពោះ​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​លោក​ចាត់ទុកថា ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ប្រពៃណី​ជនជាតិ​ដើម​ភាគតិច បាត់បង់​ជម្រក​សត្វព្រៃ និង​ឈើ​មាន​តម្លៃ​ធំៗ។ លោក​ថា អាជ្ញាធរ​ខេត្ត​រតនគិរី​ត្រូវ​ទទួលខុសត្រូវ ចំពោះ​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ហើយ​សមាគម​អាដហុក និង​សហគមន៍ គ្រោង​ប្ដឹង​អភិបាលខេត្ត​រតនគិរី និង​ស្ថាប័ន​ពាក់ព័ន្ធ ទៅ​តំណាង​អយ្យការ​រាជធានី​ភ្នំពេញ ពី​បទ​អនុគ្រោះ​នាំ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៖ «ខ្ញុំ​គិត​ថា នឹង​ប្ដឹង​បរិហារ​ផ្លូវការ គណៈ​អភិបាលខេត្ត។ ប្រសិនជា​សាលាដំបូង​ខេត្ត​រតនគិរី មិន​ទុកចិត្ត​យើង​អាច​ដាក់​នៅ​ភ្នំពេញ​តែម្ដង។ វា​ជា​ជម្រើស​ចុងក្រោយ​របស់​យើង»

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ ដាក់​បណ្ដឹង​បរិហារ​ផ្លូវការ​ទៅ​តុលាការ ប្រសិនបើ​មើល​ឃើញ​ថា ព្រៃ​អភិរក្ស​ត្រូវ​បាត់បង់ គ្មាន​អាជ្ញាធរ​ទប់ស្កាត់។ លោក​ថា អ្នក​ដែល​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃឈើ និង​អ្នក​អនុគ្រោះ​នាំ​ឲ្យ​កើតមាន​បទល្មើស ត្រូវ​សង​ការខូចខាត​ទំហំ​ព្រៃឈើ​ទាំងមូល និង​ទទួលទោស​តាម​អំណាច​ច្បាប់។ លោក​អង្កេត​ឃើញ​ថា ព្រៃ​សហគមន៍​ភូមិ​តឺន សំបូរ​ដើមឈើ​ធំៗ ស្រស់បំព្រង ដែល​ជនជាតិ​ដើម​ភាគតិច​គ្រឹង ថែរក្សា​ច្រើន​ឆ្នាំ​មក​ហើយ គួរតែ​អាជ្ញាធរ​ខេត្ត​រតនគីរី​យកចិត្តទុកដាក់​អភិរក្ស ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ និង​សង្គមជាតិ មិន​គួរ​មើល​រំលង​នោះ​ទេ៕




No comments:

Post a Comment