Paris Peace Accords 23 Oct. 1991

Wednesday, June 20, 2018

អ្នក​ជំនាញ​ បារម្ភ​ ពី​ហានិភ័យ​ ដែល​ពលរដ្ឋ​ និង​​សហគមន៍​ អន្តរជាតិ​ មិន ​ទទួល​ស្គាល់ ​ការ​បោះ​ឆ្នោត | Expert concerned about disaster when people, international community not recognize election

លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។

RFA / វិទ្យុ អាស៊ី សេរី | ១៩ មិថុនា ២០១៨





អ្នក​ជំនាញ​ខាង​បោះឆ្នោត​ព្រួយបារម្ភ​អំពី​ការបោះឆ្នោត​នីតិកាល​ទី​៦​នេះ ថា នឹង​មាន​ហានិភ័យ​ជាច្រើន​កើតឡើង ប្រឆាំង​នឹង​ការបោះឆ្នោត បើសិនជា​របប​ក្រុងភ្នំពេញ​គ្មាន​ការ​កែប្រែ​ស្ថានភាព​នយោបាយ​ឲ្យ​ទៅ​រក​ភាព​ប្រក្រតី​វិញ​ទេ​នោះ។ ការសំដែង​ការ​ព្រួយបារម្ភ​នេះ នៅ​ក្រោយ​ពី​អង្គការ​អន្តរជាតិ ធ្វើការ​ឃ្លាំមើល​ការបោះឆ្នោត បាន​ចេញ​របាយការណ៍​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខនេះ​ថា ជា​ការ​បោះឆ្នោត​ដែល​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត លើកឡើង​ថា ការបោះឆ្នោត​នា​ពេល​ខាងមុខ នឹង​មាន​ហានិភ័យ​ជាច្រើន​កើតឡើង ពិសេស​គឺ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួលស្គាល់ ដែល​ពួកគេ​ចាត់​ទុក​ការបោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ជា​ការ​បោះឆ្នោត​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ មិថុនាថា ការរៀបចំ​ការបោះឆ្នោត​ គឺ​ទាមទារ​ឲ្យ​មាន​ភាព​ស្របច្បាប់ និង​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ជា​រឿង​សំខាន់ ដែល​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ការ​បោះ​ឆ្នោត​​ស្រប​តាម​​គោលការណ៍​​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ​ការបោះឆ្នោត​នៅ​នីតិកាល​ទី​៦​នេះ មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បោះឆ្នោត​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ឲ្យ​តម្លៃ​នោះ​ទេ ផ្ទុយទៅវិញ របប​លោក ហ៊ុន សែន គ្មាន​អ្វី​កែប្រែ​ទៅលើ​ការ​រៀបចំ​​ការ​បោះ​ឆ្នោត​​នេះ​​ទេ វិបត្តិ​សង្គម​ផ្សេងៗ​ នឹង​​កើត​ឡើង​​នៅ​​ក្នុង​​សង្គម៖ «ការបោះឆ្នោត​គឺ​វា​ទាមទារ​ឲ្យ​មានការ​​ទទួល​ស្គាល់​​ពី​​ប្រជា​ពលរដ្ឋ​ ដែល​​គាំទ្រ​​បក្ស​​ប្រឆាំង​​ដែរ។ ឥឡូវ​​នេះ​​ប្រទេស ​៤៥ ក៏​មិន​ទទួលស្គាល់​ការបោះឆ្នោត​ដែរ​ដូច្នេះ គឺ​ទាមទារ ពី​សេស​ប្រទេស​ជា​ម្ចាស់​ជំនួយ​ជាដើម»
អង្គការ​បណ្ដាញ​អាស៊ាន ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ឬ​ហៅ​កាត់​ថា ANFREL បាន​ចេញ របាយការណ៍​កម្រាស់​១៥​ទំព័រ កាលពី​ថ្ងៃ​ទី​១៥ មិថុនា វាយតម្លៃ​ថា ការបោះឆ្នោត​នៅ​កម្ពុជា​គ្មាន​ភាព​យុត្តិធម៌​និង​សេរី​នោះ​ទេ ដោយ​របាយការណ៍​នេះ បាន​លើក​ពី​ចំណុច​៤​សំខាន់ៗ​គឺ សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ រង​ការ​គំរាម​កំហែង និង​រឹតត្បិត។
សារព័ត៌មាន​ឯករាជ្យ រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​បង្កើត​ប្រព័ន្ធ​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំពុល​បរិយាកាស ធ្វើ​ឲ្យ​ពលរដ្ឋ​ភាន់ច្រឡំ។ ការ​គំរាមកំហែង អ្នកបោះឆ្នោត ដែល​មិន​គួរ​ធ្វើ។ ការប្រកួតប្រជែង​មិន​ស្មើភាព​គ្នា ដោយ​ឥទ្ធិពល​បក្ស​កាន់អំណាច និង ការ​កាន់ជើង​តែ​បក្ស​ម្ខាង ជា​ពិសេស គ..ប ដែល​ធ្វើ​ពលរដ្ឋ​បាត់បង់​សិទ្ធិ និង​ជំនឿ​លើ​ការរៀបចំ​ការបោះឆ្នោត។
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយតប​ចំពោះ របាយការណ៍​របស់ ANFREL ថា ជា​របាយការណ៍​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា។ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​គោរព​ច្បាប់ និង​រៀបចំ​ការបោះឆ្នោត គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ៖ «ខ្ញុំ​មិន​យល់​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិន​យល់​អ៊ីចឹង​ដែរ ភាគច្រើន ពី​ព្រោះ​ថា ពាក្យ​យុត្តិធម៌ គ្រាន់តែ​ជា​ពាក្យ​មួយ​គ្រាន់តែ​គេ​និយាយ​នៅ​មុន​ពេល​បោះឆ្នោត ដែល​ជា​ក្រុម​ប្រឆាំង»
ទោះបីជា​យ៉ាង​នេះ​ក្ដី កាលពី​ថ្ងៃ​ទី​១៤ មិថុនា អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​អំពី​ការ​គាបសង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅមុន​ការបោះឆ្នោត​មកដល់។ សេចក្ដីប្រកាស​ព័ត៌មាន ចេញផ្សាយ ពី​ទីក្រុង​ហ្ស៊ឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) កាល​ពី​ពេល​ថ្មីៗ នេះ បាន​ចេញ​ផ្សាយ​នូវ​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន ដែល​នៅ​ក្នុង​នោះ ក៏​រួមមាន​ទាំង​បម្រាម​មួយ​ចំនួន ដែល​មាន​លក្ខណៈ​រឹតត្បិត​ដល់​សេរីភាព​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​របស់​អ្នកកាសែត។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ដេវីឌ កាយេ (David Kaye) អ្នករាយការណ៍​ពិសេស​ស្ដីពី​ការ​លើកស្ទួយ និង​ការពារ​សិទ្ធិ​សេរីភាព និង​អ្នក​ជំនាញ​ខាង​ផ្នែក​សិទ្ធិមនុស្ស​មួយ​ចំនួន​ទៀត សម្ដែង​ការ​ព្រួយបារម្ភ ចំពោះ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​គ..ប ដែល​បាន​ចេញ​ក្រមសីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​ចរិត​គាបសង្កត់​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ។
ចំណុច​សំខាន់ៗ នៅ​ក្នុង​ក្រមសីលធម៌​របស់ គ..ប សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ក្រុម​អ្នក​ជំនាញ​នៃ​អង្គការសហប្រជាជាតិ​យល់ថា ជា​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ រួមមាន​ការ​ហាម​ប្រាម​មិន​ឱ្យ​ចុះផ្សាយ​ព័ត៌មាន ដែល​អាច​នាំ​ឱ្យ​មានការ​ភ័ន្តច្រឡំ ឬ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​បោះឆ្នោត ការផ្សាយ​ព័ត៌មាន​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត និង​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន ឬ​ការ​ការ​ធ្វើ​បុរេ​វិនិច្ឆ័យ​អំពី​ការបោះឆ្នោត។
របាយការណ៍​របស់ Anfrel ក៏បាន​សង្កត់ធ្ងន់​ទៅលើ​អ្នក​មាន​អំណាច​គំរាមកំហែង និង​បំភិតបំភ័យ​ប្រជា​រដ្ឋ​នៅមុន​ពេល​បោះឆ្នោត​នេះ​ដែរ ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់ខ្លួន​លោក កឹម សុខា នោះ។ របាយការណ៍​នេះ ក៏​បញ្ជាក់​ដែរ​ថា បើ​ទោះ​បី​ជា​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​នៅ​ពេល​នេះ ក៏​មិន​ប្រាកដ​ថា ការបោះឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌​នោះ​ដែរ ព្រោះ កត្តា​ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មិន​ចំណុះ​តែ​មាន​វត្តមាន​គណបក្ស​ប្រឆាំង មួយ​មុខ​នោះ​ឡើយ។
អ្នក​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត លើកឡើង ថា ក្រុម​នយោបាយ​កាន់អំណាច​រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​របស់​កង​កម្លាំង​ប្រដាប់​អាវុធ បាន​បំបាក់​ទឹកចិត្ត និង​បំភិតបំភ័យ​ម្ចាស់​ឆ្នោត​ថា ការបោះឆ្នោត​ប្ដូរ​អំណាច​រដ្ឋាភិបាល ថា​កើត​សង្គ្រាម។ ការឃោសនា​បែបនេះ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ម្ចាស់​ឆ្នោត​បាត់​ជំនឿ​លើ​ការបោះឆ្នោត និង​មិន​ចង់​ទៅ​បោះឆ្នោត ព្រោះ អស់​សង្ឃឹមលើ​ការបោះឆ្នោត។ គ..ប និង អាជ្ញាធរ ហាក់​ដូច​យកចិត្តទុកដាក់​សិទ្ធិ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ រហូតដល់​កែប្រែ​ក្រមសីលធម៌​បោះឆ្នោត​និង​តាម​ចាប់​អ្នក​អំពាវនាវ "​មិន​ទៅ​បោះឆ្នោត​" តែ គ​.​ជ​.​ប និង​រដ្ឋអំណាច "​ឯករាជ្យ​" មិនដែល​ចេញ​សេចក្ដីប្រកាស​ព្រមាន និង​ក៏​មិន​ដែល​អនុវត្ត​ក្រមសីលធម៌​ដែរ ចំពោះ​ក្រុម​កាន់អំណាច និង​មន្ត្រី​ទាំងនោះ។
លោក គល់ បញ្ញា បន្ថែម​ថា នៅ​ក្រោយ​ពេល​បោះឆ្នោត​ខាងមុខនេះ ពិបាក​នឹង​វាយតម្លៃ​ពី​ទំហំ​ហានិភ័យ​ថា មាន​ទំហំ​ប៉ុនណា​ណាស់ ក៏ប៉ុន្តែ​អ្វី​ដែល​មើល​ឃើញ​ជាក់ស្ដែង ក្រៅពី​ប្រជាពលរដ្ឋ​មួយ​ចំនួន មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ គឺ​កម្ពុជា​នឹង​មាន​ផល​ប៉ះពាល់​លើ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៕






1 comment:

  1. Anonymous12:56 AM

    Cambodia only needs China to recognize the election. And of course, Japan will recognize it too since they are helping. And of course, a bunch of others countries will also recognize the election.

    I think only the losers would not recognize the election.

    ReplyDelete