លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នៅការិយាល័យក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៨។
RFA / វិទ្យុ អាស៊ី សេរី | ១ មិថុនា ២០១៨
លោក ហ៊ុន សែន គំរាមកំហែងទៅប្រជាពលរដ្ឋដែលបម្រុងប្រើទឹកខ្មៅជ្រលក់ម្រាមដៃ ដើម្បីគេចវេះមិនទៅបោះឆ្នោតថា ជាអំពើខុសច្បាប់ ដែលប្រឈមនឹងមានទោសជាប់ពន្ធនាគារ។ ប៉ុន្តែអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបានចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន នេះ ថា គ្រាន់តែជាការបំភ័យស្លន់ស្លោខ្លាចពលរដ្ឋមិនទៅបោះឆ្នោត ធ្វើឱ្យលោកមិនបានឡើងកាន់អំណាចបន្តទៅទៀតប៉ុណ្ណោះ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួនអះអាងថា ការគំរាមរបស់បុរសខ្លាំងដែលក្រាញអំណាចនៅកម្ពុជាអស់ជាង ៣០ឆ្នាំមក គ្មានប្រសិទ្ធភាពនោះទេ។ ពួកគេនៅតែបន្តមិនទៅបោះឆ្នោតដដែល។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យម្នាក់ សុំមិនឱ្យបញ្ចេញឈ្មោះ ឱ្យដឹងនៅថ្ងៃទី៣១ ឧសភា ចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន គ្រាន់តែជាការគំរាមកំហែងពលរដ្ឋស្លូតត្រង់ ឱ្យខ្លាចមិនទៅបោះឆ្នោតឱ្យលោកបាន បន្តអំណាចទៀតប៉ុណ្ណោះ។ ពលរដ្ឋរូបនេះ អះអាងទៀតថា ការគំរាមកំហែងនេះ នឹងមិនបានជោគជ័យទេ ព្រោះប្រជាពលរដ្ឋភាគច្រើនធ្លាប់ឆ្លងកាត់ការបោះឆ្នោតជាច្រើនលើក និងបានយល់ដឹងពីសិទ្ធិរបស់ខ្លួនអស់ទៅហើយ៖ «ហើយការរៀបចំការបោះឆ្នោតនេះទៀតមិនបង្ហាញពីឆន្ទៈរបស់ពលរដ្ឋនឹងប្រជាធិបតេយ្យពិតប្រាកដទេ ព្រោះផាត់ចោលគណបក្សដែលពលរដ្ឋកន្លះនគរបានបោះឆ្នោតគាំទ្រមិនឱ្យចូលរួមបោះឆ្នោត ដូច្នេះបោះឆ្នោតនឹងមានន័យអីគាត់ដឹងតែឈ្នះបាត់ទៅហើយ អីចឹងមិនបាច់ទៅបោះល្អជាង។»
អ្នកគាំទ្របក្សប្រឆាំងម្នាក់ទៀតថ្លែងថា បើទោះបីជាត្រូវចាប់ដាក់គុក ក៏រូបគាត់មិនទៅបោះឆ្នោតដែរ ព្រោះគ្មានគណបក្សដែលខ្លួនស្រលាញ់៖ «ព្រោះគាត់គិតថា ការបោះឆ្នោតលើកនេះ បើសិនបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ លោក ហ៊ុន សែន ប្រាកដជាចាញ់ឆ្នោត១០០ភាគរយ។ ដូច្នេះគាត់ត្រូវតែដើរផ្លូវលួចសន្លឹកឆ្នោតទៀតហើយ ដោយសារតែឥឡូវនឹងគាត់កំពុងតែធ្វើការគំរាមកំហែងប្រជាពលរដ្ឋ ដូចជាការមិនទៅបោះឆ្នោតចាប់ដាក់គុកនេះជាដើម។»
លោក ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ឧសភាថា ការទៅបោះឆ្នោតជាកាតព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែប្រសិនបើពលរដ្ឋណាប្រើទឹកខ្មៅជ្រលក់ម្រាមដៃ ដើម្បីគេចវេះមិនទៅបោះឆ្នោតខាងមុខ គឺជាអំពើខុសច្បាប់ ដែលប្រឈមនឹងទទួលទោសព្រហ្មទណ្ឌដោយមិនអាចអនុគ្រោះបានឡើយ៖ «មិនអាចទៅបំភ្លៃបញ្ជីបោះឆ្នោតបានទេ អ្នកដែលទៅបោះបានគេខ្វែងឈ្មោះ អ្នកអត់ទៅបោះគេអត់ខ្វែងឈ្មោះឱ្យទេ កុំភ័ន្តច្រឡំនោះ។ រឿងនឹងមេបោកវាបញ្ជាពីខាងក្រៅ អាម្នាក់នឹងវាពូកែខាងមករកគុក បើវាមិនចូលគុកទេគុកក៏ទៅរកវាដែរ។»
លោក ហ៊ុន សែន ថែមទាំងបានវាយប្រហារឌឺដងទៅលោកសម រង្ស៊ី ដែលកន្លងមកបានអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតនោះថា មិនបានជោគជ័យនោះទេ ប៉ុន្តែត្រូវប្រឈមនឹងការផ្ដន្ទាទោសទៅវិញ។
លោក ហ៊ុន សែន ថ្លែងសារគំរាមកំហែងនេះ ជាការបន្ទរក្រោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែលថា ការបន្លំខ្លួនថា បានទៅបោះឆ្នោត តាមរយៈការជ្រលក់ទឹកខ្មៅផ្សេងនោះ គឺជាអំពើទុច្ចរិត ដើម្បីបង្កការភ័ន្តច្រឡំ ទៅលើចំនួនពិតប្រាកដនៃពលរដ្ឋដែលមិនបានទៅបោះឆ្នោត។ លោក គឹម សន្តិភាព អះអាងថា នាំឱ្យចំនួនអ្នកបោះឆ្នោតច្រើនជាងសន្លឹកឆ្នោត ដែលអាចបង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមបាន។ លោកព្រមានថា អ្នកដែលប្រព្រឹត្តិដូច្នេះមែន នឹងត្រូវប្រឈមនឹងការផ្ដន្ទាទោស ដាក់ពន្ធនាគារតាមច្បាប់។ ក៏ប៉ុន្តែ លោកមិនបានពន្យល់ ថាតើការផ្ដន្ទាទោសបែបនោះ ធ្វើឡើងដោយផ្អែកតាមមាត្រាជាក់លាក់ណាមួយនៃក្រមព្រហ្មទណ្ឌនោះឡើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស រិះគន់ថា ការបញ្ចេញសាររបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ អាចជាចេតនានៃការគំរាមកំហែងដល់ពលរដ្ឋទន់ខ្សោយ ដែលចង់អនុវត្តសិទ្ធិរបស់ពួកគេក្នុងការមិនទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ចំពោះការជ្រលក់ទឹកខ្មៅវិញ លោក កន សាវាង្ស សង្កត់ធ្ងន់ៗថា នៅមិនទាន់មានច្បាប់ណា ដែលចែងកំណត់អំពីទោសទណ្ឌព្រហ្មទណ្ឌ ចំពោះអ្នកទាំងឡាយណាដែលគ្រាន់តែជ្រលក់ទឹកខ្មៅនៅម្រាមដៃរបស់ពួកគេដោយខ្លួនឯង។ លោកថា ការបោះឆ្នោត គឺជាការប្រើប្រាស់សិទ្ធិរបស់អ្នកបោះឆ្នោត ហើយថាការប្រើសិទ្ធិនោះរួមមានសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ថាតើត្រូវទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត។ ដោយឡែក លោកថា រឿងជ្រលក់ម្រាមដៃ ក៏ជាផ្នែកមួយស្ថិតក្នុងការសម្រេចចិត្តរបស់ពលរដ្ឋខ្លួនឯងដែរ៖ «ប៉ុន្តែ ការយល់ឃើញរបស់ខ្ញុំបើសិនជាសាមីខ្លួនឬអ្នកបោះឆ្នោតណា ដែលគាត់យកទឹកខ្មៅនោះទៅប្រើប្រាស់នៅមធ្យោបាយទុច្ចរិតណាមួយ ដើម្បីការបន្លំទៅឆបោកគេ ឬធ្វើឱ្យគេរងគ្រោះ ខ្ញុំយល់ថារឿងនឹងបានគេហៅថាអ្នកមានកំហុស។»
ទោះជាលោក ហ៊ុន សែន ថ្លែងសារគំរាមកំហែងបែបនេះក្ដី ពលរដ្ឋម្នាក់ទៀតលើកឡើងថា ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដូច្នេះការបោះឆ្នោតទាំងឡាយណាដែលមិនមានការប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌គឺសុខចិត្តនៅដេកផ្ទះប្រសើរជាង ព្រោះបើទៅបោះឆ្នោតក៏គ្មានប្រយោជន៍ដល់សង្គមជាតិដែរ។ ពលរដ្ឋរូបនេះ អះអាងថា សម្ដីរបស់លោកហ៊ុន សែន មិនអាចរារាំងដល់សិទ្ធិសេរីភាពរបស់សមាជិកក្រុមគ្រួសាររបស់លោក បានឡើយ៖ «កាលណាប្រជាពលរដ្ឋរួបរួមគ្នាឈប់ខ្លាចការគំរាមកំហែង ហើយរួមគ្នាងើបឈរជនផ្ដាច់ការនឹងខ្លាចប្រជាពលរដ្ឋវិញ។ ដូច្នេះសិទ្ធិសេរីភាពប្រជាពលរដ្ឋបើយើងចង់ងើបតស៊ូនឹងជនផ្ដាច់ការ មិនថាប្រទេសណាទេ គឺវាពិបាកបន្តិច ហើយគ្រប់ជនផ្ដាច់ការទាំងអស់លើពិភពលោកច្រើនប្រើក្បាច់គំរាមកំហែងចាប់ដាក់គុកដាក់ច្រវាក់នឹង គឺប្រទេសដែលអាចអំណាចផ្ដាច់ការ ប៉ុន្តែខ្ញុំមិនខ្លាចតក់ស្លុតបន្តិចណាឡើយ។»
ថ្មីៗនេះលោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខឱ្យសោះ ដើម្បីឱ្យការបោះឆ្នោតនៅពេលខាងមុខគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ លោក សម រង្ស៊ី សង្កត់ធ្ងន់ថា ដើម្បីផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការរបស់លោក ហ៊ុន សែន បាន មានតែប្រជាពលរដ្ឋត្រូវងើបឈរឡើងទាំងអស់គ្នា ដើម្បីទប់ទល់ និងអំណាចផ្ដាច់ការ ដែលបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
ចំណែកអ្នកគាំទ្រគណបក្សប្រឆាំងក៏បានបង្ហោះសារតាមហ្វេសប៊ុក (Facebook) ធ្វើយុទ្ធនាការមិនទៅបោះឆ្នោតខាងមុខ ដោយអ្នកខ្លះថា ថ្ងៃបោះឆ្នោតសុខចិត្តដេកផ្ទះឈ្នះឯង និងខ្លះទៀត ថាមិនដឹងទៅបោះឆ្នោតធ្វើអីបើគ្មានគណបក្សដែលខ្លួនពេញចិត្តជាដើម៕
Remember Thy Sovantha? Kem Sokha's daughter denounce Thy Sovanther to be a spy from CPP, but the truth was Thy Sokha refused to submit to Kem Sokha's sexual advances, "To join CNRP, you must serve Kem Sokha's sexual desire."
ReplyDeleteThy Sovantha also refused to hand over the money she raised for the poor. CNRP accused her of using their name to raise the money. Only CNRP is to be trusted with the money to help the poor.
And in order to help the poor, CNRP officials must buy those fancy import luxury Lexus SUV to drive around to shame the CPP, "You are stupid, and we are smarter. The poor deserve smarter officials."
It's CNRP's logic... "Only Sam Rainsy can rescue Cambodia, and no one else."