Paris Peace Accords 23 Oct. 1991

Saturday, June 2, 2018

លោក ហ៊ុន សែន ព្រមាន​ ចាត់វិធានការ​ អ្នក​ជ្រលក់ ​ទឹកខ្មៅ ​ម្រាមដៃ​ ជំនួស​ ឱ្យ​ការ​ មិន​បោះឆ្នោត | Hun Sen threatens to take measures against those who boycotted voting but inked their finger


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។  
RFA / វិទ្យុ អាស៊ី សេរី | ១ មិថុនា ២០១៨


លោក ហ៊ុន សែន គំរាមកំហែង​ទៅ​ប្រជាពលរដ្ឋ​ដែល​បម្រុង​ប្រើ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដើម្បី​គេចវេះ​មិន​ទៅ​បោះឆ្នោត​ថា ជា​អំពើ​ខុសច្បាប់ ដែល​ប្រឈម​នឹង​មាន​ទោស​ជាប់ពន្ធនាគារ។ ប៉ុន្តែ​អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយ​ចំនួន​បាន​ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន នេះ ថា គ្រាន់តែ​ជា​ការ​បំភ័យ​ស្លន់ស្លោ​ខ្លាច​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត ធ្វើ​ឱ្យ​លោក​មិនបាន​ឡើង​កាន់​អំណាច​បន្ត​ទៅ​ទៀត​ប៉ុណ្ណោះ។
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​អះអាង​ថា ការ​គំរាម​របស់​បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​នៅ​កម្ពុជា​អស់​ជាង ៣០​ឆ្នាំ​មក គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ ពួកគេ​នៅតែ​បន្ត​មិន​ទៅ​បោះឆ្នោត​ដដែល។
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ឧសភា ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​គំរាមកំហែង​ពលរដ្ឋ​ស្លូតត្រង់ ឱ្យ​ខ្លាច​មិន​ទៅ​បោះឆ្នោត​ឱ្យ​លោក​បាន បន្ត​អំណាច​ទៀត​ប៉ុណ្ណោះ។ ពលរដ្ឋ​រូប​នេះ អះអាង​ទៀត​ថា ការ​គំរាមកំហែង​នេះ នឹង​មិនបាន​ជោគជ័យ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​ធ្លាប់​ឆ្លងកាត់​ការបោះឆ្នោត​ជាច្រើនលើក និង​បាន​យល់ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​អស់​ទៅ​ហើយ៖ «ហើយ​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​ទៀត​មិន​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​នឹង​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ ព្រោះ​ផាត់​ចោល​គណបក្ស​ដែល​ពលរដ្ឋ​កន្លះ​នគរ​បាន​បោះឆ្នោត​គាំទ្រ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត ដូច្នេះ​បោះឆ្នោត​នឹង​មាន​ន័យ​អី​គាត់​ដឹង​តែ​ឈ្នះ​បាត់​ទៅ​ហើយ អីចឹង​មិនបាច់​ទៅ​បោះ​ល្អ​ជាង។»
អ្នកគាំទ្រ​បក្ស​ប្រឆាំង​ម្នាក់ទៀត​ថ្លែង​ថា បើ​ទោះ​បី​ជា​ត្រូវ​ចាប់​ដាក់គុក ក៏​រូប​គាត់​មិន​ទៅ​បោះឆ្នោត​ដែរ ព្រោះ​គ្មាន​គណបក្ស​ដែល​ខ្លួន​ស្រលាញ់៖ «ព្រោះ​គាត់​គិត​ថា ការបោះឆ្នោត​លើក​នេះ បើ​សិន​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ លោក ហ៊ុន សែន ប្រាកដ​ជា​ចាញ់​ឆ្នោត​១០០​ភាគរយ។ ដូច្នេះ​គាត់​ត្រូវតែ​ដើរ​ផ្លូវ​លួច​សន្លឹកឆ្នោត​ទៀត​ហើយ ដោយសារតែ​ឥឡូវ​នឹង​គាត់​កំពុងតែ​ធ្វើ​ការ​គំរាមកំហែង​ប្រជាពលរដ្ឋ ដូចជា​ការ​មិន​ទៅ​បោះឆ្នោត​ចាប់​ដាក់គុក​នេះ​ជាដើម។»
លោក ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា​ថា ការ​ទៅ​បោះឆ្នោត​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​ណា​ប្រើ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដើម្បី​គេចវេះ​មិន​ទៅ​បោះឆ្នោត​ខាងមុខ គឺជា​អំពើ​ខុសច្បាប់ ដែល​ប្រឈម​នឹង​ទទួលទោស​ព្រហ្មទណ្ឌ​ដោយ​មិន​អាច​អនុគ្រោះ​បាន​ឡើយ៖ «មិន​អាច​ទៅ​បំភ្លៃ​បញ្ជី​បោះឆ្នោត​បានទេ អ្នក​ដែល​ទៅ​បោះ​បាន​គេ​ខ្វែង​ឈ្មោះ អ្នក​អត់​ទៅ​បោះ​គេ​អត់​ខ្វែង​ឈ្មោះ​ឱ្យ​ទេ កុំ​ភ័ន្តច្រឡំ​នោះ។ រឿង​នឹង​មេ​បោក​វា​បញ្ជា​ពី​ខាងក្រៅ អា​ម្នាក់​នឹង​វា​ពូកែ​ខាង​មក​រក​គុក បើ​វា​មិន​ចូល​គុក​ទេ​គុក​ក៏​ទៅ​រក​វា​ដែរ។»
លោក ហ៊ុន សែន ថែមទាំង​បាន​វាយប្រហារ​ឌឺដង​ទៅ​លោក​សម រង្ស៊ី ដែល​កន្លងមក​បាន​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​ថា មិន​បាន​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ទៅ​វិញ។
លោក ហ៊ុន សែន ថ្លែង​សារ​គំរាមកំហែង​នេះ ជា​ការ​បន្ទរ​ក្រោយ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែល​ថា ការ​បន្លំ​ខ្លួន​ថា បាន​ទៅ​បោះឆ្នោត តាមរយៈ​ការ​ជ្រលក់​ទឹកខ្មៅ​ផ្សេង​នោះ គឺជា​អំពើ​ទុច្ចរិត ដើម្បី​បង្ក​ការ​ភ័ន្ត​ច្រឡំ ទៅលើ​ចំនួន​ពិតប្រាកដ​នៃ​ពលរដ្ឋ​ដែល​មិនបាន​ទៅ​បោះឆ្នោត។ លោក គឹម សន្តិភាព អះអាង​ថា នាំ​ឱ្យ​ចំនួន​អ្នកបោះឆ្នោត​ច្រើនជាង​សន្លឹកឆ្នោត ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​បាន។ លោក​ព្រមាន​ថា អ្នក​ដែល​ប្រព្រឹត្តិ​ដូច្នេះ​មែន នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​តាមច្បាប់។ ក៏ប៉ុន្តែ លោក​មិន​បាន​ពន្យល់ ថា​តើ​ការ​ផ្ដន្ទាទោស​បែប​នោះ ធ្វើឡើង​ដោយ​ផ្អែក​តាម​មាត្រា​ជាក់លាក់​ណាមួយ​នៃ​ក្រមព្រហ្មទណ្ឌ​នោះ​ឡើយ។
មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស រិះគន់​ថា ការ​បញ្ចេញ​សារ​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ អាច​ជា​ចេតនា​នៃ​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​ទន់ខ្សោយ ដែល​ចង់​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​មិន​ទៅ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ​នេះ។
ចំពោះ​ការ​ជ្រលក់​ទឹកខ្មៅ​វិញ លោក កន សាវាង្ស សង្កត់​ធ្ងន់ៗ​ថា នៅ​មិនទាន់​មាន​ច្បាប់​ណា ដែល​ចែង​កំណត់​អំពី​ទោស​ទណ្ឌ​ព្រហ្មទណ្ឌ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​គ្រាន់តែ​ជ្រលក់​ទឹកខ្មៅ​នៅ​ម្រាមដៃ​របស់​ពួកគេ​ដោយ​ខ្លួនឯង។ លោក​ថា ការបោះឆ្នោត គឺជា​ការប្រើប្រាស់​សិទ្ធិ​របស់​អ្នកបោះឆ្នោត ហើយ​ថា​ការ​ប្រើ​សិទ្ធិ​នោះ​រួមមាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ថា​តើ​ត្រូវ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត។ ដោយឡែក លោក​ថា រឿង​ជ្រលក់​ម្រាមដៃ ក៏​ជា​ផ្នែក​មួយ​ស្ថិត​ក្នុង​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​ខ្លួនឯង​ដែរ៖ «ប៉ុន្តែ ការយល់ឃើញ​របស់ខ្ញុំ​បើសិនជា​សាមីខ្លួន​ឬ​អ្នកបោះឆ្នោត​ណា ដែល​គាត់​យក​ទឹកខ្មៅ​នោះ​ទៅ​ប្រើ​ប្រាស់​នៅ​មធ្យោបាយ​ទុច្ចរិត​ណាមួយ ដើម្បី​ការ​បន្លំ​ទៅ​ឆបោក​គេ ឬ​ធ្វើ​ឱ្យ​គេ​រងគ្រោះ ខ្ញុំ​យល់ថា​រឿង​នឹង​បាន​គេ​ហៅថា​អ្នកមាន​កំហុស។»
ទោះជា​លោក ហ៊ុន សែន ថ្លែង​សារ​គំរាមកំហែង​បែបនេះ​ក្ដី ពលរដ្ឋ​ម្នាក់ទៀត​លើកឡើង​ថា ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ការ​បោះឆ្នោត​ទាំងឡាយ​ណា​ដែល​មិន​មាន​ការ​ប្រកួតប្រជែង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​គឺ​សុខចិត្ត​នៅ​ដេក​ផ្ទះ​ប្រសើរ​ជាង ព្រោះ​បើ​ទៅ​បោះឆ្នោត​ក៏​គ្មាន​ប្រយោជន៍​ដល់​សង្គមជាតិ​ដែរ។ ពលរដ្ឋ​រូប​នេះ អះអាង​ថា សម្ដី​របស់​លោក​ហ៊ុន សែន មិន​អាច​រារាំង​ដល់​សិទ្ធិ​សេរីភាព​របស់​សមាជិក​ក្រុម​គ្រួសារ​របស់​លោក បាន​ឡើយ៖ «កាលណា​ប្រជាពលរដ្ឋ​រួបរួម​គ្នា​ឈប់​ខ្លាច​ការ​គំរាមកំហែង ហើយ​រួមគ្នា​ងើបឈរ​ជន​ផ្ដាច់ការ​នឹង​ខ្លាច​ប្រជាពលរដ្ឋ​វិញ។ ដូច្នេះ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​បើ​យើង​ចង់​ងើប​តស៊ូ​នឹង​ជន​ផ្ដាច់ការ មិន​ថា​ប្រទេស​ណា​ទេ គឺ​វា​ពិបាក​បន្តិច ហើយ​គ្រប់​ជន​ផ្ដាច់ការ​ទាំងអស់​លើ​ពិភពលោក​ច្រើន​ប្រើ​ក្បាច់​គំរាមកំហែង​ចាប់​ដាក់គុក​ដាក់​ច្រវាក់​នឹង គឺ​ប្រទេស​ដែល​អាច​អំណាច​ផ្ដាច់ការ ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​តក់ស្លុត​បន្តិច​ណា​ឡើយ។»
ថ្មីៗ​នេះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ​ឱ្យ​សោះ ដើម្បី​ឱ្យ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​គ្មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ។ លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន បាន មាន​តែ​ប្រជាពលរដ្ឋ​ត្រូវ​ងើបឈរ​ឡើង​ទាំងអស់​គ្នា ដើម្បី​ទប់ទល់ និង​អំណាច​ផ្ដាច់ការ ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ចំណែក​អ្នកគាំទ្រ​គណបក្សប្រឆាំង​ក៏បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (Facebook) ធ្វើ​យុទ្ធនាការ​មិន​ទៅ​បោះឆ្នោត​ខាងមុខ ដោយ​អ្នកខ្លះ​ថា ថ្ងៃ​បោះឆ្នោត​សុខចិត្ត​ដេក​ផ្ទះ​ឈ្នះ​ឯង និង​ខ្លះ​ទៀត ថា​មិន​ដឹង​ទៅ​បោះឆ្នោត​ធ្វើ​អី​បើ​គ្មាន​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​ជាដើម៕



1 comment:

  1. Anonymous3:47 AM

    Remember Thy Sovantha? Kem Sokha's daughter denounce Thy Sovanther to be a spy from CPP, but the truth was Thy Sokha refused to submit to Kem Sokha's sexual advances, "To join CNRP, you must serve Kem Sokha's sexual desire."

    Thy Sovantha also refused to hand over the money she raised for the poor. CNRP accused her of using their name to raise the money. Only CNRP is to be trusted with the money to help the poor.

    And in order to help the poor, CNRP officials must buy those fancy import luxury Lexus SUV to drive around to shame the CPP, "You are stupid, and we are smarter. The poor deserve smarter officials."

    It's CNRP's logic... "Only Sam Rainsy can rescue Cambodia, and no one else."

    ReplyDelete