Paris Peace Accords 23 Oct. 1991

Thursday, July 19, 2018

ក្រុមហ៊ុន​​ អាមេរិក ​ជឿ​ថា​ ចិន​ នៅ​ពីក្រោយ​ ការ​លួច​ ព័ត៌មាន ​សម្ងាត់ ​ស្ដីពី​ ការបោះឆ្នោត​ នៅ​កម្ពុជា | American company believes China is behind the theft of confidential info re Cambodian election

ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។

RFA / វិទ្យុ អាស៊ី សេរី | ១៨ កក្កដា ២០១៨

00:00/00:00
ស្តាប់សំឡេង ថតសំឡេង



ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា​អាមេរិក ឈ្មោះ FireEye នៅតែ​ជឿជាក់ ថា​រដ្ឋាភិបាល​ចិន នៅ​ពី​ក្រោយ​ការ​លួច​ព័ត៌មាន​សម្ងាត់​ពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត។ ក្រុមហ៊ុន​ឯកជន​មួយ​នេះ រកឃើញ​ថា គោលដៅ​នៃ​ការវាយប្រហារ​នោះ រួមមាន​ស្ថាប័ន​រដ្ឋាភិបាល មន្ត្រី​គណបក្ស​សង្គ្រោះជាតិ មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន។
សូម​តាមដាន​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត នៃ​អាស៊ីសេរី ជាមួយ​លោក លោក បិនជើមិនន រ៊ីដ (Benjamin Read) ប្រធាន​ផ្នែក​វិភាគ​ព័ត៌មាន​សម្ងាត់ ផ្នែក​ព័ត៌មានវិទ្យា នៃ​ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ដូច​តទៅ៖
មួង ណរ៉េត៖ សំណួរ​ទី​មួយ​របស់ខ្ញុំ ចង់​ជម្រាបសួរ​លោក​ថា តើ​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លោក បើក​ការស្រាវជ្រាវ សកម្មភាព​ទុច្ចរិត របស់​ក្រុម​ចោរលួច​ព័ត៌មាន​សម្ងាត់​ឈ្មោះ TEM.Periscope នេះ?
បិន រ៊ីត៖ ក្រុម​ចោរលួច​ព័ត៌មាន​សម្ងាត់​ឈ្មោះ TEM.Periscope នេះ គឺជា​ក្រុម​ចោរ​ចិន ដែល​ជំនាញ​ខាង​លួច​ព័ត៌មាន​សម្ងាត់។ យើង​បាន​តាមដាន​ក្រុម​នេះ ជាប់​ជាប្រចាំ អស់​រយៈពេល ជាង​ប្រាំ​ឆ្នាំ​មក​ហើយ ព្រោះ​នេះ​ជា​កិច្ចការ​របស់​ក្រុមហ៊ុន​យើង ដែល​ត្រូវ​ធ្វើ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ដឹង​ល្បិច​របស់​ពួក​ចោរ​ទាំងនេះ នឹង​ដើម្បី​ការពារ​អតិថិជន​របស់​យើង​ផង។
មួង ណារ៉េត៖ ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា FireEye របស់​លោក តាមដាន​ទិន្នន័យ​តាម​បណ្តាញ​អ៊ីនធឺណិត នៅ​ទាំង​ពិភពលោក។ តើ​ក្រុម​លោក​រក​ឃើញ​អ្វីខ្លះ ដែល​ភ្ជាប់​ប្រទេស​ចិន ទៅ​នឹង​ការ​លួច​ព័ត៌មាន​សម្ងាត់​ទាំងនេះ?
បិន រ៊ីត៖ យើង​ជឿជាក់ ថា​ក្រុម​ចោរលួច​ព័ត៌មាន​សម្ងាត់​ឈ្មោះ TEM.Periscope នេះ​បម្រើ រដ្ឋាភិបាល​ចិន។ ក្រុម​នេះ​បម្រើ​រដ្ឋាភិបាល​ចិន ច្រើនយ៉ាង​ណាស់។ យើង​តាមដាន​រឿង​នេះ ជាង​ប្រាំ​ឆ្នាំ​មក​ហើយ​។ យើង​រក​ឃើញ​ថា ក្រុម​បម្រើ​ឲ្យ​រដ្ឋាភិបាល​ចិន​ជាច្រើន ធ្វើ​សកម្មភាព លួច​ព័ត៌មាន​សម្ងាត់​របស់​បរទេស ដែល​មាន​ប្រយោជន៍​ដល់​ប្រទេស​ចិន។ យើង​អាច​ចូល​ទៅ​ពិនិត្យ​បញ្ជី​កត់ត្រា​ទិន្នន័យ​របស់​ក្រុម​នេះ ដែល​បង្ហាញ​ច្បាស់​ថា សកម្មភាព​ក្រុម​នេះ គឺ​ធ្វើ​ចេញពី​ទឹកដី​នៃ​ប្រទេស​ចិន និង​ចេញពី​ម៉ាស៊ីន​កុំព្យូទ័រ ដែល​ប្រើប្រាស់​ភាសា​ចិន។ ទោះបីជា​យើង​មិន​អាច​និយាយ​បាន​ថា ក្រុម​នេះ​ធ្វើការ​ឲ្យ​ផ្នែក​យោធា ឬ​ស៊ីវិល​ចិន​ក៏ដោយ ប៉ុន្តែ យើង​ច្បាស់​ក្នុង​ចិត្ត ១០០% ហើយ ថា​ក្រុម​នេះ គឺ​ធ្វើ​ការបម្រើ​រដ្ឋាភិបាល​ចិន។
មួង ណារ៉េត៖ ក្រុម​លោក​ច្បាស់​ក្នុង​ចិត្ត ១០០% ហើយ​ថា​ក្រុម​នេះ ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​ចិន។ ប៉ុន្តែ រដ្ឋាភិបាល​ចិន បាន​បដិសេធ ថា​ចិន​គ្មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ។ មិនតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ចិន ថា​នឹង​ចាត់វិធានការ ទប់ស្កាត់​សកម្មភាព​ទាំងនេះ​ថែមទៀត​ផង។ តើ​លោក​មាន​ប្រតិកម្ម​យ៉ាងណា​ដែរ ចំពោះ​ការ​បដិសេធ​នេះ?
បិន រ៊ីត៖ អ្វី​ដែល​ពួកយើង​ខ្ញុំ​ធ្វើ គឺ​ធ្វើ​សេចក្តី​រាយការណ៍ ផ្អែកលើ​ភស្តុតាង ដែល​ប្រមូល​បាន​តាម​បច្ចេកទេស​សុទ្ធសាធ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​យើង យើង​បាន​បង្ហាញ​ជា​សាធារណៈ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​យើង​រួចហើយ។ ដូច្នេះ ការពិត​យ៉ាងណា នោះ គឺ​វា​មាន​បង្ហាញ​ច្បាស់ នៅ​ក្នុង​ភស្តុតាង​ទាំងអស់​នោះ​ឯង។
មួង ណារ៉េត៖ សកម្មភាព​លួច​ព័ត៌មាន​សម្ងាត់​ពី​កម្ពុជា​នេះ កើត​ចំ​ពេល​នៅ​កៀក​ជិត​ដល់​ថ្ងៃ​បោះឆ្នោត ដ៏​ចម្រូងចម្រាស​មួយ។ តើ​សកម្មភាព​លួច​យកការណ៍​នេះ មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ដែរ ឬទេ ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​នេះ?
បិន រ៊ីត៖ រឿង​នេះ​យើង​កំពុង​រង់ចាំ​មើល​ដែរ។ វា​អាច​ដែរ ថា​រដ្ឋាភិបាល​ចិន លួច​ប្រមូល​យក​ព័ត៌មាន​អំពី​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ស្ថានការណ៍​ផ្ទៃក្នុង ផ្នែក​នយោបាយ​នៅ​កម្ពុជា ព្រោះ​ចិន​លួច​ប្រមូល​ព័ត៌មាន ទាំង​ពី​ខាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង។ នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ អំពី​ចេតនា​លួច​យកការណ៍​សម្ងាត់​ពី​កម្ពុជា របស់​រដ្ឋាភិបាល​ចិន។ ម្យ៉ាងទៀត ដោយសារតែ​នៅ​កៀក​បោះឆ្នោត​ផង វា​រឹតតែ​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា ចិន​អាច​នឹង​យក​ព័ត៌មាន ដែល​លួច​បាន​ទាំងនេះ ទៅ​ប្រើ​ប្រាស់​ក្នុង​គោលដៅ​ច្រើនយ៉ាង​ផ្សេងទៀត។
មួង ណារ៉េត៖ តើ​លោក​គិត​ថា ហេតុអ្វី​បានជា​ចិន​ចាប់អារម្មណ៍ ចង់​លួច​យក​ព័ត៌មាន​សម្ងាត់ អំពី​ស្រុក​ខ្មែរ ដែល​ជា​ប្រទេស​តូច​មួយ​ដូច្នេះ?
បិន រ៊ីត៖ សំណួរ​នេះ គឺ​ទាមទារ​ឲ្យ​មានការ​វិភាគ ក្រៅពី​ក្របខ័ណ្ឌ​របស់​ក្រុមហ៊ុន​យើងខ្ញុំ។ ប៉ុន្តែ ប្រទេស​កម្ពុជា ជា​ដៃគូ​របស់​ចិន​តាំងពី​យូរលង់​ណាស់​មក​ហើយ។ កម្ពុជា​មាន ប្រយោជន៍​ដល់​ចិន ក្នុង​តំបន់​អាស៊ាន។ នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ថ្មីៗ​នេះ ចិន​ភ្ញាក់ផ្អើល​រួចទៅ​ហើយ ដោយសារតែ​ការប្រែប្រួល ក្នុង​លទ្ធផល​បោះឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី ពីរ​បី​ខែ​កន្លង​ទៅ​នេះ។ ដូច្នេះ​រដ្ឋាភិបាល​ចិន ពិតជា​ចង់​ដឹង​ថា​នឹង​មាន​អ្វី​ប្រែប្រួល​នៅ​ក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា នា​ពេល​ខាងមុខនេះ។
មួង ណារ៉េត៖ តើ​លោក​មានបាន​ជូនដំណឹង​នៃ​ការ​រក​ឃើញ​ទាំងនេះ ទៅ​របប​លោក ហ៊ុន សែន និង ភាគី​ដែល​ពាក់ព័ន្ធ​ឯទៀត ហើយ​ឬ​នៅ?
បិន រ៊ីត៖ យើង​បាន​ព្យាយាម​ទាក់ទង រាល់​តួអង្គ​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ។ យើង​បាន​ផ្តល់​ព័ត៌មាន​ជូន​ទៅ​ពួកគាត់ ឲ្យ​បាន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង ដើម្បី​ប្រយោជន៍​ដល់​ពួកគាត់។
មួង ណារ៉េត៖ ជា​ចុងក្រោយ លោក បិន តើ​លោក​គួរ​ផ្តល់​ជា​អនុសាសន៍ ឬ​ដំបូន្មាន​អ្វីខ្លះ ដល់​អ្នក​ដែល​រងគ្រោះ ដោយសារ​ការ​លួច​ព័ត៌មាន​សម្ងាត់​ទាំងនេះ?
បិន រ៊ីត៖ ដំបូន្មាន​សំខាន់​របស់​យើងខ្ញុំ គឺ​សុំ​ឲ្យ​អ្នក​ដែល​រងគ្រោះ និង​អ្នក​ដែល​ប្រឈម​នឹង​ការ​រង​គ្រោះ ចេះ​ការពារ​ខ្លួន ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ពេល​ប្រាស្រ័យ​ទាក់ទង​គ្នា តាម​បណ្ដាញ​អ៊ីនធឺណិត។ ជា​ធម្មតា ការទាក់ទង​គ្នា​តាម​អ៊ីនធឺណិត មាន​គ្រោះថ្នាក់​ច្រើន ដោយសារតែ​ល្បិច​ទុច្ចរិត ក្នុង​ការ​លួច​ព័ត៌មាន​សម្ងាត់​នេះ។ ដូច្នេះ មុននឹង​អាន ឬ​ឆ្លើយ​អ៊ីមែល​នរណា​ម្នាក់ ត្រូវ​មើល​ឲ្យ​ច្បាស់​ជាមុន ថា​តើ​អ៊ីមែល​នោះ​ត្រឹមត្រូវ​ឬទេ។ ម្យ៉ាងទៀត កុំ​ចុច​បើក​មើល​ឯកសារ​ដែល​ផ្ញើ​ភ្ជាប់​មក​តាម​អ៊ីមែល​ណាមួយ ដែល​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ពួក​ចោរ​លួច​ព័ត៌មាន​សម្ងាត់​ទាំងនេះ ព្យាយាម​ផ្ញើ​អ៊ីមែល ដើម្បី​បោក​យក​ព័ត៌មាន​ពី​អ្នក។ ជារួម ក្រុម​ចោរ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ពូកែ​ណាស់ ខាង​លាក់​អត្តសញ្ញាណ​របស់​ខ្លួន។ តែ​យ៉ាងណា បើ​យើង​មិន​បើក​ឯកសារ​ភ្ជាប់​តាម​អ៊ីមែល ដែល​យើង​មិន​ស្គាល់ នោះ​កុំព្យូទ័រ​របស់​យើង ក៏​មិន​ងាយ​គេ​លួច​ចូល យក​ឯកសារ​បាន​នោះ​ដែរ។
មួង ណារ៉េត៖ សូម​អរគុណ​លោក បិ​ន ដែល​បាន​ចំណាយ​ពេល​វេលា ឲ្យ​ខ្ញុំ​បាន​សម្ភាសន៍៕








1 comment: