Paris Peace Accords 23 Oct. 1991

Friday, July 20, 2018

តំណាងរាស្ត្រ ​អាមេរិក​ ថា ​ខ្លួន​ កំពុង ​បង្កើន​ល្បឿន​ ដាក់​ទណ្ឌកម្ម​ បង្កក​ ទ្រព្យ​ អ្នក​ជំនួញ​ ស្និទ្ធ នឹង​របប​ លោក ហ៊ុន សែន | US congressman says he's in process of expedting sanction against Hun Sen regime

លោក ថិត យ៉ូហូ សមាជិក​សភា​អាមេរិក ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៨។



តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ អះអាង​ថា សហរដ្ឋអាមេរិក​កំពុង​បង្កើន​ល្បឿន​ដាក់​ទណ្ឌកម្ម បង្កក​ទ្រព្យ​សម្បត្តិ​ក្រុម​អ្នករក​ស៊ី​ធំៗ​ដែល មាន​ទំនាក់ទំនង​ជិត​ស្និត នឹង​របប​លោក ហ៊ុន សែន។
ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួលបន្ទុក​តំបន់ អាស៊ី និង​ប៉ាស៊ីហ្វិក និង​ជា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋលោក ថិត យ៉ូហូ (Ted Yoho) បញ្ជាក់​ថា ក្រុម​អ្នក​ជំនួញ​កំពូលៗ​នៅ​កម្ពុជា​សព្វថ្ងៃ កំពុង​ជួយ​ជ្រោមជ្រែង​ដល់​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​បាន​ចូល​ដៃ​ចូល​ជើង​ក្នុង​ការ​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង ដំណើរការ​បោះឆ្នោត​បែប​ក្លែងក្លាយ​បែប​អា​មាស​នៅ​កម្ពុជា។ លោក​ថា ពួកគេ​នឹង​ត្រូវ​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​បង្កក ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ​មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក​តទៅ​ទៀត។
សូម​តាមដាន​បទសម្ភាសន៍​តាម​ទូរស័ព្ទ​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក ថិត យ៉ូហូ ដូច​តទៅ៖
សារ៉ាដា៖ សូម​ជម្រាបសួរ​រលោក​តំណាងរាស្ត្រ ថិត យ៉ូហូ!
ថិត៖ បាទ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ជជែក​ជាមួយ​លោក ក្នុង​ប្រធាន​ដ៏​មាន​សារៈសំខាន់!
សារ៉ាដា៖ ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ទៅ​ហើយ ខណៈ​សេចក្ដីព្រាងច្បាប់​លេខ H.R. 5754 ស្ដីពី​លទ្ធិ​ប្រជាធិបតេ​យ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ឲ្យ​កែប្រែ​ស្ថានការណ៍​វិល​មក​រក​ភាព​ប្រក្រតី​វិញ​នោះ នៅ​ស្ថិត​ក្នុង​ការ​រង់ចាំ​ការ​អនុម័ត​ឲ្យ​ចូល​ជា​ធរមាន​នៅឡើយ។ តើ​សេចក្ដីព្រាងច្បាប់​នេះ​អាច​នឹង​អនុម័ត​នៅ​ពេល​ណា​ជាក់លាក់​ដែរ​ទេ?


ថិត៖ ជា​អកុសល​ណាស់​សេចក្ដីព្រាងច្បាប់​នេះ​នឹង​អាច​ត្រូវ​អនុម័ត​នៅ​ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា។ សេចក្ដីព្រាងច្បាប់​នេះ យើង​បាន​អនុម័ត​នៅ​ថ្នាក់​គណៈកម្មាធិការ​កិច្ច​បរទេស​របស់​យើង​រួច​ហើយ ហើយ​នៅ​ពេលនេះ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក លោក អេដ រ៉យ កំពុង​ពន្លឿន​ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​ក្នុង​សភា​ពេញអង្គ​ថែមទៀត។ ដូច្នេះ​យើង​ក៏​ចង់​អោយ​សេចក្ដីព្រាង​ច្បាប់​អនុម័ត​ចូល​ជា​ធរមាន​កាន់តែ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ​ដល់​ក្រុម​មន្ត្រី​អាក្រក់​របស់​លោក ហ៊ុន សែន។
សារ៉ាដា៖ បាទ​លោក តំណាងរាស្ត្រ ថិ​ត យូ​ហូ របប​លោក ហ៊ុន សែន នៅពេលនេះ​កំពុង​ព្រមាន​ការចោទប្រកាន់​ពីបទ​ស​ល្មើស​ព្រហ្មទណ្ឌ​ទៅលើ​ជន​ទាំងឡាយណា​ដែល​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​។ តើ​លោក​មានប្រតិកម្ម​អ្វី​ដែរ​ទេ​ចំពោះ​បញ្ហា​នេះ​?
ថិត៖ អ្វី​ដែល​លោក​កំពុង​និយាយ​នេះ​គឺជា​ការ​ឆ្លើយតប​របស់​ជន​ផ្ដាច់ការ​ដែល​ជ្រក​ក្រោយ​ស្លាក​ប្រជាធិបតេយ្យ ហើយ​ប្រកាស​អំពី​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ប្រសិនបើ​លោក ហ៊ុន សែន ជឿជាក់​លើ​លទ្ធិប្រជាធិបតេយ្យ​មែន​នោះ គាត់​ត្រូវតែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​អំណាច និង​សេរីភាព​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល។ ហេតុដូច្នេះ​បានជា​លោក ហ៊ុន សែន មិនមែន​ជា​មនុស្ស ដែល​ទទួលជោគជ័យ​ក្នុង​ឆាក​ជីវិត​នោះ​ឡើយ បើ​ទោះ​បី​គាត់​ជា​មនុស្ស​ដែល​កំពុង​រស់នៅ​លើ​គំនរ​មាសប្រាក់​ក៏ដោយ គាត់​មិន​អាច​មានឈ្មោះ​មេដឹកនាំ​ដ៏​ល្អ ក្នុង​ប្រវត្តិសាស្ត្រ​នោះ​ទេ។ ប្រសិនបើ មិន​មាន​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ច្រើន​ទេ នោះ​មានន័យថា​ពួកគេ មិន​ទទួល​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​នោះ​ឡើយ ហេតុដូច្នេះ ហើយ​បានជា​គាត់​ចង់​ឲ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ខ្លាំង​ណាស់។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​យល់ដឹង​ច្បាស់​ណាស់​ថា ការបោះឆ្នោត​នោះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​ជា​ការ​បោះឆ្នោត​ដ៏​អាមាស់​មួយ ហេតុដូច្នេះ បានជា​គាត់​បង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។
សារ៉ាដា៖ ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុង​មាន​អារម្មណ៍​តានតឹង​ជាមួយ​ភាព​ស្ងៀម​ស្ងាត់របស់​រដ្ឋាភិបាល​អាមេរិកាំង ខណៈ​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​យ៉ាង​ស្វិតស្វាញ​ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ តើ​លោក​យល់​យ៉ាង​ណា​ដែរ?
ថិត៖ ពិតប្រាកដ​ហើយ​មាន​អ្នកខ្លះ​បាន​ស្ងៀមស្ងាត់​លើ​បញ្ហា​នេះ​មែន ប៉ុន្តែ គណៈកម្មាធិការ​របស់​យើង​បាន​ធ្វើ​សកម្មភាព​ជាច្រើន​ណាស់ ហើយ​រហូត​មក​ទល់​ពេលនេះ​យើង​បាន​សរសេរ​លិខិត​ច្បាប់​មួយ​ចំនួន​ថែម​ទៀត។ ហើយ​យើង​នឹង​បង្កើន​ការ​ដាក់ទណ្ឌកម្ម​ថែមទៀត​ដល់ របប​លោក ហ៊ុន សែន។ នៅ​ពេល​ដែល​សេចក្ដីព្រាងច្បាប់​លេខ ៥៧៥៤ ចូល​ជា​ធរមាន​ហើយ ពេលនោះ​លោក​បាន​ឃើញ​ការ​ដាក់​ទណ្ឌកម្ម​របស់​យើង​បន្ថែម​ទៀត ដល់​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា។ យើង​នឹង​ស្វែងរក​ការបញ្ឈប់​ពាណិជ្ជកម្ម​ដល់​ទៅ​៦២% ជាមួយ​កម្ពុជា​ថែមទៀត។ ជាងនេះទៅទៀត​យើង​នឹង​បញ្ឈប់​រាល់​ពាណិជ្ជកម្ម​ទាំងអស់ ជាមួយ​កម្ពុជា​រហូតដល់​មានការ​ធ្វើ​ឲ្យ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ។
សារ៉ាដា៖ តើ​សហរដ្ឋអាមេរិក​នឹង​ទទួលស្គាល់​លទ្ធផល​ពី​ការ​បោះឆ្នោត នេះ​ដែរ​ទេ ប្រសិនបើ​ការបោះឆ្នោត​នេះ​ធ្វើឡើង​គ្មាន​វត្តមាន របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្សប្រឆាំង​ដ៏​ធំ​មួយ នៅ​កម្ពុជា ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ​ចេញ​ពី​បញ្ជី​នយោបាយ​នោះ?
ថិត៖ តាម​ខ្ញុំ​ដឹង​គឺ​គណៈកម្មាធិការ​របស់ខ្ញុំ នឹង​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​យើង​ទទួលស្គាល់​ការបោះឆ្នោត​នេះ​ថា ជា​ការ​បោះឆ្នោត​ដ៏​អាម៉ាស់ ជា​ការ​បោះឆ្នោត​កែ្លងក្លាយ និង​ជា​ការ​បោះឆ្នោត ខុសច្បាប់​ទៅវិញ។ ជាថ្មី​ម្តង​ទៀត​ខ្ញុំ​ចង់​បញ្ជាក់​ថា នៅ​ពេល​ដែល​អ្នកឯង​ចាប់ខ្លួន​លោក កឹម សុខា មេដឹកនាំ​បក្ស​ប្រឆាំង ដាក់​ពន្ធនាគារ ដោយសារ​ខ្លាច​ប្រកួត​ការបោះឆ្នោត​ចាញ់​គាត់​នោះ គឺ​អ្នកឯង​កំពុង តែ​រឹតត្បិត​ឆន្ទៈ​របស់​ពលរដ្ឋ​ហើយ ដូច្នេះ​ខ្ញុំ​មិន​អាច​ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​នេះ​ឡើយ។
សារ៉ាដា៖ ប្រសិនបើ​របប​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ការបោះឆ្នោត ប៉ុន្តែ ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន បាន​កែប្រែ​ច្បាប់បោះឆ្នោត​ដែល​អាច​ឲ្យ​មាន ការ​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​របប​ក្រុងភ្នំពេញ យល់ថា មានប្រៀប​លើ​គណបក្ស​កាន់អំណាច​នោះ ចំពោះ​លោក​តើ​យល់​យ៉ាង​ណា​ដែរ?
ថិត៖ ការ​លើកឡើង​នេះ​ត្រឹមត្រូវ​ហើយ ប្រសិនបើ​មានការ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​វត្តមាន​ក្នុង​ប្រទេស ហើយ​មិន​អនុញ្ញាត​ធ្វើជា​បេក្ខភាព​ប្រកួតប្រជែង​ពិតប្រាកដ​នោះ វា​ប្រៀប​បីដូច​ជា​មាន សំបុត្រ​ចូល​មើល​កុន​ហើយ ប៉ុន្តែ​គេ​មិន​អោយ​ចូល​ក្នុង​រោង​វិញ​នោះ។ បញ្ហា​នេះ​គឺ​គ្រាន់តែ​ជា​បោះឆ្នោត​ក្លែងក្លាយ​ដដែល​ហ្នឹង ហើយ​យើង​ក៏​មិន​ចាញ់​ល្បិចកល​អ៊ីចឹង​ដែរ។
សារ៉ាដា៖ ក្រសួង​រតនាគារជាតិ​របស់​អាមេរិក​កាលពី​ខែ​មិថុនា​បាន បង្កក ទ្រព្យសម្បត្តិ​មេ​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀ​ង ហើយ​ថែមទាំង​ហាម​មន្ត្រី​រូប​នេះ​មិន​អោយ​ចូល​សហរដ្ឋអាមេរិក​ថែមទៀត។ តើ​រហូត​មក​ទល់​ពេលនេះ​មាន​មន្ត្រី​ជាន់ខ្ពស់​នៃ របប​លោក ហ៊ុន សែន ណា​ទៀត​ទេ ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​បែបនេះ?
ថិត៖ បាទ​នេះ​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន ពីព្រោះ​យើង​ទើប​តែ​ជជែក​អំពី​បញ្ហា​នេះ​ជាមួយ​ក្រុម​តំណាង​ឲ្យ​សហគមន៍​ខ្មែរ​កាល​ពី​ម្សិលមិញ។ យើង​មាន​បញ្ជី​ឈ្មោះ​មួយ​ចំនួន​ដែល​ជា​ក្រុម​ឧត្តម សេនីយ៍​យោធា និង​ក្រុម​អ្នកជំនួញ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន។ អ្វី​ដែល​យើង​ចង់​ធ្វើ​នៅ​ពេល​នេះ​គឺ​យើង​នឹង​ដាក់​ទណ្ឌកម្ម ដល់​ក្រុម​អ្នកជំនួញ​ដែល​មាន​អំណាច និង​មាន​លុយ​ច្រើន សន្ធឹកសន្ធាប់​ហើយ​កំពុង​ជ្រោមជ្រែង​ដល់​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន កំពុង​ការពារ​អ្នកជំនួញ​ទាំងនោះ។ ដោយសារ​មាន​មនុស្ស​អាច​ដាក់​សម្ពាធ ឬ​មាន​ឥទ្ធិពល​លើ​លោក ហ៊ុន សែន ដូច្នេះ​ហើយ​បានជា​យើង​ចង់​ដាក់ទណ្ឌកម្ម​មនុស្ស​ទាំង​នោះ។ យើង​មាន​បញ្ជី​ឈ្មោះ​អ្នក​ទាំងនោះ​ហើយ ហើយ​ខ្ញុំ​នៅ​មិនទាន់​អាច​បង្ហាញ ឈ្មោះ​ពួកគេ​បាន​នៅឡើយ​ទេ ដោយសារតែ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​ក្រសួងការបរទេស និង​ក្រសួង​រតនាគារជាតិ​ថែម ទៀត។
សារ៉ាដា៖ ទោះបីជា​លោក​មិនទាន់​បញ្ហា​ញ​ឈ្មោះ​ពួកគេ​ក៏ដោយ តើ​លោក​មាន​ដឹង​ថា​ក្រុម​អ្នក​រកស៊ី​លំដាប់​កំពូលៗ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែរ​ទេ ដែល​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​ដាក់ឈ្មោះ​ពួកគេ ទៅ​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​នោះ?
ថិត៖ ឥឡូវនេះ​យើង​មាន​ឈ្មោះ​ពួកគេ​ប្រហែល​ពី​១០ ទៅ​២០​នាក់ ប៉ុណ្ណោះ។
សារ៉ាដា៖ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ទូរទស្សន៍ Ajazeera កាល​ពី​​ពេល ថ្មីៗ​នេះ​បាន​រក​ឃើញ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក គង់ វិបុល ដែល​មាន​ប្រាក់ខែ​ជាង ១​ពាន់​ដុល្លារ​កំពុង​ជាប់ចោទ​មានមុខ​ជំនួញ​រកស៊ី​មិន​ស្របច្បាប់​នៅ​កម្ពុជា និង​អូស្ត្រាលី ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។ តើ​លោក គង់ វិបុល មាន​ស្ថិត​ក្នុង​បញ្ជី​របស់​លោក​ដែរ​ទេ?
ថិត៖ ខ្ញុំ​មិនទាន់​អាច​ប្រាប់​បាន​នៅឡើយ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​កិច្ចការ​នេះ​ធ្វើ​បាន​ជោគជ័យ​ហើយ ខ្ញុំ​នឹង​រីករាយ​ចែកចាយ​ដល់​លោក។
សារ៉ាដា៖ បាទ​សូម​អគុណ​ច្រើន​លោក តំណាងរាស្ត្រ ថិត យ៉ូហូ!






No comments:

Post a Comment