Paris Peace Accords 23 Oct. 1991

Friday, July 20, 2018

[Demographic Vietnamization: Logging, Military, Border] ជំនួញ​ឈើ​ ឆ្លងដែន​ ទៅ​វៀតណាម ​នៅ​ខេត្ត ​រតនគិរី​ បន្ត​កើត​មាន​ ច្រើន​ អំឡុង​ពេល​ ឃោសនា ​បោះ​ឆ្នោត | Timber continue to cross into Vietnam in Ratanakiri in increasing measure during election campaign season

រថយន្ត​ដឹក​ឈើ​ជាប់​ផុង​នៅ​ភូមិ​ឃួន ឃុំ​កោះពាក្យ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo ADHOC
 Photo ADHOC

RFA / វិទ្យុ អាស៊ី សេរី | ១៩ កក្កដា ២០១៨


02:28/05:02
ស្តាប់សំឡេង ថតសំឡេង
ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​

កម្ពុជា​វៀតណាម​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ជំនួញ​ឈើ តាម​ម៉ូតូ​រាប់សិប​គ្រឿងក្នុង​មួយ​ថ្ងៃៗ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅតែ​កើន​ឡើង​ឥត​ឈប់ឈរ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ អ្នកភូមិ​បារម្ភ​ថា ព្រៃឈើ​នៅ​ឧទ្យានជាតិ​វីរៈជ័យ ក្នុង​ស្រុក​អណ្តូងមាស នឹង​វិនាស​ហិនហោច បើ​អាជ្ញាធរ​មិន​ប្រញាប់​ទប់ស្កាត់​ករណី​នេះ​ទេ។
ជនជាតិ​ដើម​ភាគតិច​គ្រឹង រស់នៅ​ភូមិ​តាងសេ ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស អះអាង​ថា ឈើ​ប្រណិត បេង ធ្នង់ កកោះ និង​សុក្រំ មាន​មុខ​កាត់ ២​តឹក​ឡើង​ទៅ ប្រវែង ២​ម៉ែត្រ​ឡើង​ទៅ ត្រូវ​គេ​ដឹកជញ្ជូន​តាម​ម៉ូតូ​ដូច​ដង្ហែ​កឋិនទាន ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​របៀង​ហ្វាតា និង​ច្រកហស់​សៅ គ្មាន​ការទប់ស្កាត់។ អ្នកភូមិ​ចោទ​ថា សមត្ថកិច្ច​ច្រក​ព្រំដែន​ទាំងនោះ បាន​ទទួល​សំណូក​ពី​អ្នក​ដឹក​តាម​ម៉ូតូ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។
ជនជាតិ​ដើម​ភាគតិច​គ្រឹង​ម្នាក់ ក្នុងចំណោម​ជាច្រើន​ទៀត រស់នៅ​ភូមិ​តាងសេ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៩ កក្កដាថា ក្នុង​មួយ​ថ្ងៃៗ ម៉ូតូ​ចាប់ពី ៥០​គ្រឿង​ឡើង ត្រូវ​បាន​អ្នកភូមិ​ប្រទះឃើញ ឈ្មួញ​ដឹក​ឈើ​តាម​ផ្លូវ ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ លោក​ថា ម៉ូតូ​នីមួយៗ អាច​ដឹក​ឈើ បាន​កន្លះ​ម៉ែត្រ​គូប។ លោក​បន្ថែម​ថា ឈើ​ទាំង​នោះ គេ​ប្រមូល​បាន​ពី​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុងស្រុក​អណ្តូងមាស ដែល​មាន​កម្មករ​ជាច្រើន​ក្រុម​សម្ងំ​បោះតង់​ស្នាក់នៅ​ក្នុង​ព្រៃ កាប់​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម។ លោក​ថា តំបន់​នោះ​មាន​ក្រុម​យោធា ប្រដាប់​ដោយ​កាំភ្លើង យាម​កាម​តឹងតែង និង​រឹតត្បិត​មិន​ឲ្យ​អ្នក​ប្លែក​មុខ​ចេញចូល ជាពិសេស អ្នកកាសែត និង​យុវជន៖ «គេ​ដឹក​ម៉ូតូ​ផង​គេ​កាប់​ក្នុង​ព្រៃ​មិន​ចេះ​ឈប់​ទេ ព្រោះ​អី អត់​មាន​ពី​ណា​ការពារ។ អ្នកការពារ​ដូច​ខ្ញុំ គេ​គំរាម​រហូត។ គេ​ដឹក​ពី​ស្រុក​ខ្មែរ​ទៅ​វៀតណាម។»
សកម្មជន​ឃ្លាំមើល​បរិស្ថាន លោក ហេង ស្រស់ ឲ្យ​ដឹង​ថា ម៉ូតូ​ឆ្នៃ​សម្រាប់​ដឹក​ឈើ អាច​មាន​លទ្ធភាព​ដឹក​ឈើ​មានមុខ​កាត់​ធំៗ ដែល​គេ​ដឹកជញ្ជូន​ពី​ស្រុក​អណ្តូងមាស ទៅកាន់​ប្រទេស​វៀតណាម ដោយមាន​ការ​បើក​ដៃ​ពី​សមត្ថកិច្ច​ព្រំដែន។ លោក​ថា អាជ្ញាធរ​ច្រក​ព្រំដែន គ្មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ទេ បែរជា​សហការ​ជាមួយ​ឈ្មួញ​ឈើ ឃុបឃិត​គ្នា​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ខុសច្បាប់៖ «ម៉ូតូ​មួយ​ក្រុម​ចាប់ពី ៧​គ្រឿង​ឡើង​ទៅ រាប់រយ​គ្រឿង ច្រើន​គ្រឿង​​មែនទែន។ មន្ត្រី​ទាំងអស់​ហ្នឹង​មិនមែន​ធ្វើការ​ការពារ​ព្រៃឈើ​ស្រុក​ខ្មែរ​ទេ គឺ​គិតតែ​រកលុយ និង​គិតតែ​រកលុយ​គ្រប់​កិច្ច​ឲ្យ​មេ​របស់​គាត់​ទៅវិញ។»
អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​វរៈលេខ​២០៣ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី១៩ កក្កដា។
ឃុំ​ញ៉ាង ឋិត​នៅ​ជាប់​បន្ទាប់​ក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម។ អ្នកភូមិ​នៅ​តំបន់​នោះ​បង្ហើប​ថា អាជ្ញាធរ​បាន​ឈូស​ឆាយ​ផ្លូវលំ​ចូល​ទៅ​ចំណុច​កាប់​យក​ឈើ​មានតម្លៃ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ដោយ​មាន​ក្រុមហ៊ុន​វៀតណាម​ខ្លះ កាង​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ កាប់​ឈើ​ធ្វើ​អាជីវកម្ម។ ចំណែក​មន្ត្រី​ឧទ្យានុរក្ស​ដែល​ក្រសួង​បរិស្ថាន​បញ្ជូន​ឲ្យ​ទៅ​ការពារ​ព្រៃឈើ នៅ​តំបន់​នោះ ត្រូវ​បាន​ក្រុម​យុវជន​ការពារ​ព្រៃឈើ រិះគន់​ថា ប្រៀប​ដូចជា​ទីងមោង។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខន្នី អង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតឡើង​ច្រើន គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះតែ​គ្មាន​ចំណាត់​ការ​ផ្លូវច្បាប់​ណាមួយ ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ លោក​ថា បទល្មើស​ព្រៃឈើ​ភាគ​ច្រើន អាជ្ញាធរ​ពាក់ព័ន្ធ​ច្រើនតែ សម្របសម្រួល​ជា​ប្រាក់ ជា​ថ្នូរ​ដោះលែង​ឲ្យ​រួចខ្លួន។ លោក​បន្ថែម​ថា អំពើពុករលួយ​រឿង​បទល្មើស​ព្រៃឈើ ហាក់ កើតឡើង​ដោយ​បើក​ជំហរ ធ្វើ​ឲ្យ​ទំហំ​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស​ក្នុង​ខេត្ត​មួយ​នេះ​ថយ​ចុះ​យ៉ាង​គំហុក៖ «កាលណា​យក​លុយ​បិទបាំង ខ្លួន​ឯង​ប្រព្រឹត្ត​បទល្មើស ដែល​ចាត់​ចូល​ថ្នាក់​ថា ពុករលួយ។ ពុករលួយ​រឿង​បទល្មើស​ព្រៃឈើ នរណា​ក៏​ដឹង​ដែរ មិន​អាច​មាន​ចំណាក​ការ​បាន​ដែរ​ឥឡូវនេះ។»
សកម្មជន​បរិស្ថាន និង​ជនជាតិដើម​ភាគតិច បង្ហាញ​អារម្មណ៍ អស់សង្ឃឹម ចំពោះ​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន បើ​ទោះ​បី​ជា​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ បាន​ចុះបញ្ជី​ជា​ព្រៃ​ការពារ​ក្តី តែ​ធាតុ​ពិត​ព្រៃឈើ​នៅ​តំបន់​នោះ​បាន​ក្លាយ​ទីផ្សារ​លក់​ឈើ របស់​ឈ្មួញ​វៀតណាម ឧកញ៉ា និង​ក្រុមហ៊ុន​វៀតណាម៕






No comments:

Post a Comment