Paris Peace Accords 23 Oct. 1991

Saturday, July 28, 2018

អង្គការ ​ឃ្លាំមើល ​សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ថា ការ​បោះឆ្នោត ​ដែល​អវត្ត​មាន​ បក្សសង្គ្រោះជាតិ​​ គ្មាន​ ន័យ​អ្វី​ ទាំង​អស់ | HRW says an election without CNRP is completely meaningless

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។  Photo: RFA

RFA / វិទ្យុ អាស៊ី សេរី | ២៦ កក្កដា ២០១៨


អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា ការ​បោះ​ឆ្នោត​​​តំណាងរាស្ត្រ​អាណត្តិ​ទី ៦ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ មិនមែន​ជា​ការ​បោះឆ្នោត​ពិត​ប្រាកដ​ឡើយ​។ អង្គការ​អន្តរជាតិមួយ​នេះ​ថ្លែង​ថា ការបោះឆ្នោត​នេះធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់​បង់​នូវ​សិទ្ធិ​ជ្រើស​រើស​រដ្ឋាភិបាល​ដែល​ខ្លួន​ពេញ​ចិត្ត​ ស្រប​តាម​ច្បាប់​​ ហើយ​សូម្បីតែ​​ម្ចាស់​ជំនួយ​ធំៗ ​របស់​កម្ពុជា ដូច​ជា ប្រទេស​ជប៉ុន​ សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុបជាដើម​នោះ សុទ្ធ​តែ​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​ឃ្លាំមើល​ការ​បោះឆ្នោត​នេះ​ឡើយ។
អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាងថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ កក្កដា ខាង​មុខ​នេះ គ្មាន​ន័យ​អ្វី​ទាំង​អស់​ ដោយ​សារ​តែ​អវត្ត​មាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​។
ក្នុង​​សេចក្តីថ្លែ​ការណ៍​របស់ខ្លួន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ កក្កដា អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា មាន​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ និង​ជាប់​ទាក់​ទង​នឹង​ការ​បោះឆ្នោតអាណត្តិ​​នេះ។ បញ្ហា​ទាំង​នោះ​រួម​មាន​ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​​ ការ​តាម​ដាន​ ការ​គំរាម​កំហែង ការ​ឃុំខ្លួន​ និង​ការ​កាត់​ទោស​ក្រោម​ហេតុ​ផល​នយោបាយ​ ទៅលើ​សមាជិក​សំខាន់ៗ​នៃគណបក្ស​ប្រឆាំង។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​រឿង​រ៉ាវ​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​បាន​កើតឡើង​ផង​ដែរ ដូច​ជា ការ​បង្រ្កាប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ វិសមភាព និង​អតុល្យភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ការ​បង្កើត​ច្បាប់​គាប​សង្កត់ជា​ច្រើន​ដែល​រឹតត្បិត​ទៅលើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ការ​បង្កើត​សមាគម និង​ការប្រមូល​ផ្តុំ​ជាដើម។ ចំណែក​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតឯណោះវិញ ​ក៏គ្មាន​ភាព​ឯករាជ្យទៅ​ទៀត​ បន្ទាប់​ពី​ការ​លាលែងទៅ​​នៃ​សមាជិក​ ៤ រូប​មក​ពី​គណបក្ស​សង្គ្រោះជាតិ ​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ក្រសោប​យក​ស្ថាប័ន​នេះ​មក​កាន់​កាប់​ផ្តាច់​មុខ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​មន្ត្រី​យោធា និង​នគរបាល​ជាន់​ខ្ពស់​ជា​ច្រើន​នាក់ បាន​ចេញ​មុខ​ជា​ចំហពេញផ្ទៃ​​ប្រទេស​ ​ជួយ​ឃោសនាឱ្យ​គណបក្ស​ប្រជាជន​កម្ពុជាថែម​ទៀត។
នាយក​ប្រតិ​បត្តិ​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃអង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក​ ប្រ៊ែដ អាដាម (Brad Adams) លើកឡើង​ក្នុង​សេចក្តី​ថ្លែ​ងការ​ណ៍​នេះ​ថា​ របបលោក​ ហ៊ុន សែន ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រព័ន្ធទៅលើ​សំឡេង​ឯករាជ្យ​ និង​សំឡេង​ប្រឆាំង ដើម្បី​ធានា​ថា ខ្លួន​នឹង​អាច​កាន់​អំណាច​ផ្តាច់​មុខ​ដោយ​​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​នោះ​ឡើយ។ លោក​បន្ត​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ និង​ហាម​ឃាត់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ជាង ១០០​នាក់​មិនឱ្យ​ធ្វើ​នយោបាយ​នោះ ធ្វើ​ឱ្យ​ការ​បោះឆ្នោត​សភាអាណត្តិ​នេះមិនអាច​​ឆ្លុះ​បញ្ចាំងពី​ឆន្ទៈ​ពិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ។
អ្នក​នាំពាក្យ​របបក្រុង​ភ្នំពេញ​ លោក​ ផៃ ស៊ីផាន ប្រតិកម្មថា សេចក្តី​ថ្លែង​ការណ៍​នេះ​ជា​ការ​មិន​ឱ្យ​តម្លៃ​ដល់​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​។ លោកចោទ​​​គណបក្ស​សង្គ្រោះជាតិ ថាជា​អាយ៉ង​របស់​​​​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ហើយ​ដោយ​សា​រតែបក្ស​នេះ​មិន​អាច​ចូល​រួមការ​បោះឆ្នោត​​បាន​ ទើប​អង្គការ​ Human Rights Watch ចេញ​ថ្លែង​ការណ៍​របៀប​នេះ«Human Rights Watch គេអត់​មាន​ផល​ប្រយោជន៍​​ដោយសារ​គណបក្ស​អាយ៉ង​របស់គេ​ ពុំមាន​វត្តមាន​នៅក្នុង​ការ​បោះ​ឆ្នោត។ នេះ​​ជាសារៈ​សំ​ខាន់​ ព្រោះ​គេមាន​ផលប្រយោជន៍​ដែល​គេ​លាក់​មិននិយាយ ដូច្នេះ​គ្មាន​ផល​ប្រយោជន៍​បាន​សេចក្តី​ថា ​​គេ​បាត់​បង់គណ​បក្ស​អាយ៉ង​របស់​គេ​នៅក្នុង​ដំណើ​ការ​នៃ​ការ​បោះឆ្នោត​នេះ​ឯង។ អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ​បានជា​គេនិយាយ​ថា ​ការ​បោះ​ឆ្នោត​នេះ​ វាគ្មាន​ផល​ប្រយោជន៍​។​ប្រសិន​បើគេ​ឱ្យ​តម្លៃ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ គេ​ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ហើយ»
ទោះជា​យ៉ាង​ណា ក្នុង​រយៈ​កាល​កន្លង​ទៅ​​​ ​មិន​មែន​មាន​តែ​​​​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មួយ​ទេ​ ដែល​រិះគន់​ថា​ដំណើការ​បោះឆ្នោតនៅ​អាណត្តិ​នេះថា មិន​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ សូម្បី​តែ​អង្គការ​សហប្រជា​ជាតិ​ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​អង្គការ​អន្តរជាតិ​ដទៃ​ទៀត​ ក៏​យល់​ឃើញ​បែ​បនេះ​ដូចគ្នា​​ ក្រោយ​ពេល​របប​លោក​ ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ហាម​ឃាត់​ថ្នាក់​ដឹក​នាំ​បក្ស​នេះចំនួន ១១៨នាក់​មិន​ឱ្យធ្វើ​នយោបាយ រយៈពេល​ ៥ឆ្នាំ ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​អាច​ដណ្តើម​អំណាចពី​បក្ស​ប្រជាជន​កម្ពុជា​នោះ បាត់​ឱកាស​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​នេះ​តែ​ម្តង។
ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​ដាក់​ចេញនូវ​ទណ្ឌកម្ម និង​វិធាន​ការណ៍​ជា​បន្ត​បន្ទាប់​ដើម្បី​ឱ្យ​របប​លោក​ ហ៊ុន សែន​ ស្តារប្រជា​ធិបតេយ្យ​នៅ​កម្ពុជាឡើង​វិញ ដូច​ជា ការ​កាត់​ផ្តាច់​ជំនួយ​មក​ គ..ប ​ផ្តាច់​ជំនួយ​បច្ចេក​ទេស​ដែល​ធ្លាប់​ផ្តល់​ឱ្យ​របបក្រុង​ភ្នំពេញ និង​ការ​ព្រមាន​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា​ជា​ដើ​ម​។ លើសពី​នេះ ខណៈ​ការ​បោះឆ្នោត​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន​ ក៏​បាន​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​​ឃ្លាំមើលការ​​បោះឆ្នោតអាណត្តិ​នេះ​ផង​ដែរ ដែល​ជា​កាយ​វិការដ៏​កម្រ​ ​ចាប់​តាំងពីកម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ១៩៩៣ មក​នោះ។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែ​ងថា លោក​មិន​ផ្តោតទៅ​លើ​វត្តមាន​នៃ​គណបក្ស​ណាមួយ​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺការ​គោរព​​ឆន្ទៈរបស់​ពលរដ្ឋ។ លោក​បន្ត​ថា ឆន្ទៈ​របស់​ពលរដ្ឋរាប់​លាននាក់​នៅ​ទូទាំង​ប្រទេស ដែល​កើត​ចេញ​ពីការ​​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧ ត្រូវ​បាន​របបក្រុង​ភ្នំពេញ​បដិសេធ​​ចោល​ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ហើយ​យក​អាសនៈ​ទាំង​នោះ​ទៅ​ចែក​គ្នា​អង្គុយ៖ «អ្នក​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​បាត់ (ឱកាស)​​ ហើយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បានបាត់ (បង់)​ នេះ​ហើយ​ជា​ចំណុច​មួយដែល​ខ្ញុំ​យល់​ឃើញ​ថា​ គួរតែ​ពិចារណា​ឡើង​វិញ។ ​​ចំណុច​ដែល​ខ្ញុំ​លើក​ឡើង​នេះ​មិនមែន​សំ​ដៅ​ទៅ​លើ​រឿង​ឈ្មោះ​គណ​បក្ស​ណា​ដែល​ត្រូវ​រំ​លាយ​បានចូលរួម ​ឬមិនបាន​​ចូលរួម ​ខ្ញុំមិនសំដៅ​ទៅ​លើ​រឿងនេះ​​ទេ។ ​ខ្ញុំ​សំ​ដៅលើ​​​រឿង​ថា ​តើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​គោរព​ដល់​កម្រិត​ណា?​ រឿង​នេះ​ទើប​​​ត្រូវ​យល​ចិត្ត​ទុកដាក់​ សម្រាប់​​​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ»
ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០១៧ គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជិត ៤៤​ភាគ​រយ (៤៣.៨៣%) ទល់​នឹង​បក្ស​កាន់​អំណាច​ជិត ៥១ ភាគរយ (៥០.៧៦%)។ គិត​ជា​សរុប​ ឆន្ទៈ​របស់​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស​ ដែល​ស្តែង​ឡើង​តាម​រយៈ​កៅអី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិចំនួន​ ៥៥​អាសនៈ និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥​ពាន់​អាសនៈ បូក​រួម​ទាំង​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ក្រុង​ ស្រុក​ ខ័ណ្ឌ​ជា​ច្រើន​ទៀត​ផង​នោះ ត្រូវ​បាន​របប​លោក​ ហ៊ុន សែន​រំលាយ​ចោល​ទាំង​ស្រុង​តាម​រយៈ​ការ​កម្ទេច​គណបក្ស​សង្គ្រោះជាតិ។
លោក​ ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្លែង​​ថា រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ​ដែល​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា គួ​រតែ​រួមគ្នា​ថ្កោល​ទោស​ការ​បោះ​ឆ្នោត​នេះ​ថា​ ជា​ការ​ប្លន់​អំណាច​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ​។ លោក​បន្ត​ថា ចាប់​តាំងពី​ថ្ងៃ​ដែល​គណបក្ស​ សង្គ្រោះជាតិ​ ត្រូវ​បាន​រំលាយ​នោះ​រួចមក​ ការ​បោះ​ឆ្នោត​នេះ​បាន​ក្លាយ​ជា​ការ​ចំអក​ឡក​ឡើយ​ដល់​លិទ្ធិ​ប្រជា​ធបិតេយ្យ ហើយ​ជោគជ័យ​នឹង​បាន​ទៅលើ​គណបក្ស​កាន់​អំណាច​រួច​ស្រេច​បាត់​ទៅ​ហើយ​។ លោក​សង្កត់​ធ្ងន់​ថា ដល់​ពេល​ហើយ​ដែល​រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ​ដែល​ជា​អ្នក​ប្តេជ្ញាចិត្ត​ក្នុង​​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​នោះ ត្រូវ​ជួយ​ស្រោចស្រង់​លទិ្ធ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឱ្យ​កម្ពុជា​វិញ ឬ​បើ​មិន​ដូច្នេះ​ទេ គឺ​ត្រូវ​ទទួល​យក​​ផល​​វិបាក​នៃ​ការ​រំលោ​ភ​សិទ្ធិ​មនុស្ស​ដែលកើត​​ចេញ​ពី​របបដឹក​នាំ​បែប​ឯកបក្ស​របស់​លោក​ ហ៊ុន សែន៕













2 comments:

  1. Anonymous7:53 AM

    I saw some signs from the Cambodian oversea protesting against the so-called, "sham" election. And those signs had messages, "Hun Sen, stop killing your own people."

    This is a culture of lies. Mr. Hun Sen does not kill his own people. How many people has he killed? And why Khmers keep writing about killing, chopping people up, and torturing others with cruelty? Why can't you live in peace?

    Watch this youtube clip. See how many lying Khmers killed by John Rambo?

    https://www.youtube.com/watch?v=iGPOdftbN6U

    The echoing sound of the heavy machine gun is so satisfying.

    ReplyDelete
  2. Anonymous8:04 AM

    Congratulation to Mr. Hun Sen's landslide victory this year election. If CNRP won this election instead, Kem Sokha would deflower as many young girls as he could, and Scam Rainsy would scoop up so much national budget so that he can travel, ski and boat. Each meal he dines at a fancy restaurant would cost more than a month salary for many Cambodian garment workers.

    I personally myself have spent only 10 bucks this year at the restaurant. Scam Rainsy's dinner is easily many times over my annual budget for restaurant! And I live in America.

    ReplyDelete