Paris Peace Accords 23 Oct. 1991

Tuesday, July 3, 2018

លោក ហ៊ុន សែន ថ្លែង​ ការពារ​ចិន ​ជា​ថ្មី​ទៀត​ បន្ទាប់​ពី​ចិន ​បញ្ជូន​មនុស្ស​ មក​សង្កេតការណ៍​ បោះឆ្នោត | Hun Sen again thanks China after China sends election monitors

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​ចិន លោក ហ្សុង បូ (Xiong Bo) (ស្ដាំ) ចូលរួម​ពិធី​ខួប៦០ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា-ចិន នៅ​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៨។
លោក ហ៊ុន សែន ថ្លែង​ ការពារ​ចិន ​ជា​ថ្មី​ទៀត​ បន្ទាប់​ពី​ចិន ​បញ្ជូន​មនុស្ស​ មក​សង្កេតការណ៍​ បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ២ កក្កដា ២០១៨

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ថ្លែង​សាជាថ្មី​ម្ដង​ទៀត​ថា វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​ច្រើន ដោយសារ​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នៅ​ស្រុក​ខ្មែរ​ជា​គម្រោង​របស់​ចិន ហើយ​កម្ពុជា​មិន​ទាន់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ក​ការ​របស់​អ្នក​វិនិយោគ​ចិន។ លោក​និយាយ​សំដៅ​តែ​ទៅលើ​ជនជាតិ​ចិន​ដែល​ជា​កម្មករ​ជំនាញ​ប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​និយាយ​ដល់​វត្តមាន​របស់​ជនជាតិ​ចិន​មួយ​ចំនួន​ទៀត ដែល​ជា​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន និង​ដែល​កំពុង​បង្ក​បញ្ហា​អសន្តិសុខ​នៅ​ស្រុក​ខ្មែរ​ឡើយ។ អ្នកឃ្លាំមើល​សង្គម យល់ឃើញ​ថា របប​ក្រុងភ្នំពេញ​រង​ឥទ្ធិពល​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ពី​ចិន ទើប​លើកឡើង​ពី​គុណសម្បត្តិ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ម្តង​ហើយ​ម្តង​ទៀត​បែបនេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​មាន​ការខាតបង់​ណាមួយ​ឡើយ ចំពោះ​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មហា​យក្ស​ចិន ហើយ​មិន​ត្រឹមតែ​កម្ពុជា​នោះ​ទេ សូម្បី​តែ​អាស៊ាន​ទាំងមូល​ក៏​ដូចគ្នា​ដែរ។ លោក​បញ្ជាក់​ថា នឹង​បន្ត​ប្រឹងប្រែង​រឹតចំណង​មិត្តភាព​ជាមួយ​ចិន​កុម្មុយនិស្ត​ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដោយ​លោក​អះអាង​ថា នេះ​ជា​ការ​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ។
នៅ​ចំពោះ​មុខ​ឯកអគ្គរដ្ឋទូត​ចិន ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ ឬ​ហៅ​ដោយ​ខ្លី​ថា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នៅ​ថ្ងៃទី២ កក្កដា លោក ហ៊ុន សែន អះអាង​ទៀត​ថា កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​យ៉ាង​ធំធេង​ពី​ទំនាក់ទំនង​ជាមួយ​ចិន ហើយ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​រីកចម្រើន​ទៅមុខ។ លោក​សង្កត់ធ្ងន់​ថា វត្តមាន​របស់​ជនជាតិ​ចិន​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ឡើយ ព្រោះ​ពួកគេ​ទាំងនោះ​ជា​កម្មករ​ជំនាញ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ការដ្ឋាន​សំណង់​រាប់​រយ​កន្លែង​នៅ​កម្ពុជា​តែប៉ុណ្ណោះ៖ «និយាយ​ដាក់​ជា​សំណួរ​ថា តើ​អគ្គិសនី​បច្ចុប្បន្ន​នេះ​បាន​ពី​ណា​យក​មក​ប្រើ​ប្រាស់​? អ្នកខ្លះ ប្រទេស​ខ្លះ​ច្រណែន​ជាមួយ​ចិន ហើយ​មក​វាយប្រហារ​​កម្ពុជា ក៏ប៉ុន្តែ​សួរ​ថា វារីអគ្គិសនី​ដែល​ផ្គត់ផ្គង់​រាប់ពាន់​មេហ្កាវ៉ាត់​សម្រាប់​ការប្រើប្រាស់​សព្វថ្ងៃ​នេះ តើ​មាន​ប្រទេស​ណាមួយ​មក​សុំ​ដាក់​ទុន ឬក៏​សុំ​ដេញថ្លៃ​ដើម្បី​យក​គម្រោង​ហ្នឹង​ទេ? វា​អត់​មាន​! បាន​ត្រឹមតែ​ថា ដល់ពេល​គេ​មក​ធ្វើ​ចាប់ផ្ដើម​ច្រណែន ព្រោះ​មាន​តែ​ចិន​ទេ ទើប​មាន​លុយ​ពិតប្រាកដ ដើម្បី​ធ្វើ នេះ​និយាយ​ឱ្យ​ពិត​យ៉ាង​ដូច្នេះ»
នេះ​ជា​ការ​បញ្ជាក់​ជាថ្មី​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ ឆ្លើយតប​ទៅ​នឹង​ក្តី​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​អំពី​ការកើន​ឡើង​នៃ​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា និង​ធ្វើឡើង​បន្ទាប់ពី​ចិន​កុម្មុយនិស្ត​បាន​ប្រកាស​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​នៅ​ចុងខែ​កក្កដា​នេះ។
ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន លើកឡើង​តែ​ចំណុច​វិជ្ជមាន ដែល​ប្រទេស​ចិន និង​ជនជាតិ​ចិន​កំពុង​ធ្វើ​នៅ​កម្ពុជា​តែប៉ុណ្ណោះ ដោយ​លោក​ហាក់ដូចជា​បំភ្លេច​ចោល​នូវ​រឿង​អវិជ្ជមាន​ដែល​ជនជាតិ​ចិន​មួយ​ចំនួន​កំពុង​ប្រព្រឹត្ត ហើយ​ដែល​កំពុង​បង្ក​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ខ្មែរ​នោះ។ ជនជាតិ​ចិន​មួយ​ចំនួន​កំពុង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជាទី​តាំង​នៃ​ការ​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ និង​ការ​បង្ក​បញ្ហា​អស្ថិរភាព​នៅ​ស្រុក​ខ្មែរ ដូចជា ការ​វាយ​កាប់​ចាក់​គ្នា និង​ការ​លួច​ប្លន់​ជាដើម។ ទីតាំង​ដែល​ពួកគេ​ធ្វើ​សកម្មភាព​អស់ទាំង​នេះ សុទ្ធសឹងតែ​ជា​តំបន់​សេដ្ឋកិច្ច និង​មាន​សក្ដានុពល​បំផុត​របស់​កម្ពុជា ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ជាដើម។
ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ កត់សម្គាល់​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា កើតមាន​ក្នុង​ទម្រង់ ៣​សំខាន់ គឺ​ទីមួយ ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល ទី​ពីរ ការ​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង និង​ទី​បី​គឺ​ការ​វិនិយោគ​លើ​វិស័យ​សេវាកម្ម ដូចជា ការ​បើក​ភោជនីយដ្ឋាន កន្លែង​កម្សាន្ត និង​កាស៊ីណូ​ជាដើម។ លោក​ទទួលស្គាល់​ថា កម្ពុជា​ទាញ​បាន​ផលប្រយោជន៍​ច្រើន​ពី​ការ​វិនិយោគ​លើ​វិស័យ​កាត់ដេរ ព្រោះ​វិស័យ​នេះ​បង្កើត​ការងារ​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ ចំណែក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​វិញ កម្ពុជា​ក៏​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ដែរ ក៏ប៉ុន្តែ​វា​បាន​បង្កើត​ទំនាស់​រ៉ាំរ៉ៃ​មួយ​ចំនួន​ជាមួយ​ពលរដ្ឋ ពិសេស​គឺ​ទំនាស់​ដីធ្លី។ រីឯ​ការ​វិនិយោគ​លើ​វិស័យ​សេវាកម្ម​វិញ គឺជា​រឿង​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ ព្រោះ​វា​នឹង​បង្ក​ជា​បញ្ហា​សង្គម​ធ្ងន់ធ្ងរ​នៅ​ក្នុង​រយៈពេល​វែង។ លោក​ថា​ថ្នាក់​ដឹក​របប​ក្រុងភ្នំពេញ​មិន​គួរ​មើល​ឃើញ​តែ​ជ្រុង​វិជ្ជមាន ហើយ​បំភ្លេច​ចោល​ជ្រុង​អវិជ្ជមាន​ដែល​ជា​ក្តី​កង្វល់​របស់​ពលរដ្ឋ​ខ្លួនឯង​នោះ​ឡើយ៖ «រឿង​ដែល​យើង​បារម្ភ​បំផុត គឺ​ការ​វិនិយោគ​ដែល​ចិន​មក​រក​ស៊ី​ផ្នែក​សេវា​កម្សាន្ត បើក​កាស៊ីណូ ខារ៉ាអូខេ រកស៊ី​បើកហាង​អាជីវកម្ម​ជាដើម។ យើង​បារម្ភ​ខ្លាំង ពីព្រោះ​រឿង​ទាំងអស់​នេះ​នាំមក​នូវ​បញ្ហា​សង្គម​ធ្ងន់ធ្ងរ ខណៈ​យើង​បាន​ឃើញ​ការ​វាយ​កាប់​ចាក់ និង​ការរស់នៅ​បែប​ម៉ាហ្វា (Mafia)។ អញ្ចឹង​ការ​មក​ដល់​នៃ​ជនជាតិចិន​នៅ​កម្ពុជា មាន​ទម្រង់​ផ្សេងៗ​គ្នា ហើយ​ការ​រកស៊ី​របស់​ពួកគេ​ក៏​ខុសៗ​គ្នា​ដែរ ដែល​ក្រុម​ខ្លះ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​ជំនួយ​ដែល​ផ្ដល់​មក​ដោយ​ផ្ទាល់​មក​រដ្ឋាភិបាល និង​ការ​រកស៊ី​ផ្សេងៗ​ទៀត​ដែល​យើង​ឃើញ​ថា មាន​ប៉ះពាល់​ទៅដល់​បញ្ហា​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​កម្ពុជា​ដែរ ពិសេស​យើង​មើល​ខេត្ត​ព្រះសីហនុ​ជា​ចម្បង»
កាល​ពី​ពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សារភាព​ដោយ​ត្រង់ៗ​ថា លោក​កំពុង​ដឹកនាំ​ប្រទេស​លម្អៀង​ទៅ​រក​ចិន ព្រោះ​លោក​ងាយស្រួល​ធ្វើការ​ជាមួយ​ចិន បន្ទាប់ពី​មហាអំណាច​កុម្មុយនិស្ត មួយ​នេះ បាន​ប្រកាស​ជា​ចំហ​រថា ខ្លួន​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​របប​ក្រុងភ្នំពេញ។ ចិន​ថែមទាំង​បាន​ប្រកាស​ទុកជាមុន​ថា ខ្លួន​នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ខែ​​​កក្កដា​ខាងមុខ បើ​ទោះ​បី​ជា​នេះ​ជា​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច អាច​បន្ត​ក្ដោបក្ដាប់​អំណាច​នៅ​កម្ពុជា​បន្ត​ទៅ​មុខ​ទៀត​បែប​ណា​ក្តី​។ តាមរយៈ​ជំហរ​គាំទ្រ​ពេញទំហឹង​ដល់​របប​ក្រុងភ្នំពេញ ដោយ​មិន​ខ្វល់​ពី​រឿង​របប​នេះ​បាន​រំលាយ​គណបក្សប្រឆាំង​ដែល​តំណាង​អោយ​ម្ចាស់​ឆ្នោត​ជាង ៣​លាន​នាក់ ចាប់​អ្នកនយោបាយ​ដាក់គុក និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ជាច្រើន​នោះ ចិន​កំពុង​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា ខ្លួន​គឺជា​អ្នក​ចូល​ដៃ​ក្នុង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
លោក សន ជ័យ យល់ឃើញ​ថា ដោយសារ​ហេតុផល​នៃ​គាំទ្រ​របស់​របប​ក្រុង​ប៉េកាំង​នេះ​ហើយ ទើប​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ លើកឡើង​តែ​ពី​ចំណុច​ល្អៗ​របស់​ជនជាតិ​ចិន ទោះបីជា​ពលរដ្ឋ​របស់​ខ្លួន​មាន​ក្តី​ព្រួយបារម្ភ ឬ​ត្អូញត្អែរ​ពី​វត្តមាន​របស់​ពួកគេ​នៅ​ស្រុក​ខ្មែរ​យ៉ាង​ណា​ក្តី។ អ្នកឃ្លាំមើល​សង្គម​រូប​នេះ​បន្ត​ថា ថ្នាក់ដឹកនាំ កម្ពុជា​មិន​គួរ​មើល​ឃើញ​មតិយោបល់​របស់​សហគមន៍​អន្តរជាតិ​អំពី​ឥទ្ធិពល​ចិន​នៅ​ស្រុក​ខ្មែរ ថា​ជា​រឿង​ច្រណែន​ចិន​នោះ​ទេ ព្រោះ​យោបល់​ទាំងនោះ​ធ្វើឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ត្រឹមត្រូវ និង​ដោយសារ​គេ​មិន​ចង់​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​ក្មេងខ្ចី​មួយ​នេះ ត្រូវ​ធ្លាក់​ក្រោម​ឥទ្ធិពល​ផ្ដាច់មុខ​របស់​ចិន​កុម្មុយនិស្ត​តែប៉ុណ្ណោះ៖ «ការ​ភ័យព្រួយ​របស់​ប្រជាពលរដ្ឋ​ទៅលើ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​បាន​បង្ក ហើយ​អាច​នឹង​បង្ក​ដោយ​ជនជាតិ​ចិន​នេះ រដ្ឋាភិបាល​គួរតែ​មាន​ផែនការ​ច្បាស់លាស់​មួយ​ដើម្បី​ចាត់វិធានការ​លើ​បញ្ហា​ហ្នឹង កុំ​ឱ្យ​វា​កើតឡើង​តទៅទៀត ហើយ​អនុវត្ត​ច្បាប់​របស់​ប្រទេស​បញ្ជូន​ជនជាតិ​ចិន​ប្រភេទ​ហ្នឹង​ចេញទៅ​ទទួលទោស​នៅ​ក្នុង​ប្រទេស​ចិន។ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ដែល​ត្រូវ​ធ្វើ​ឱ្យ​បាន​ម៉ត់ចត់​បំផុត ព្រោះ​អំពើ​ឧក្រិដ្ឋ ឬ​អំពើ​ព្រៃផ្សៃ​ទាំងអស់​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន​នោះ វា​ជា​ការ​បន្លាច ជា​ការ​បំភ័យ​ទៅដល់​អ្នក​វិនិយោគ​ដទៃ​ទៀត​ដែល​ចង់​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ»
បច្ចុប្បន្ន​នេះ ចិន​គឺ​ម្ចាស់បំណុល​ធំ​ជាងគេ​របស់​កម្ពុជា ហើយ​ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយនេះ ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​នៅ​កម្ពុជា មាន​ចំនួន​សរុប ៥៧​គម្រោង ក្នុង​នោះ ៤៧ គម្រោង គឺជា​ប្រភេទ​ប្រាក់កម្ចី​មាន​ទឹកប្រាក់​សរុប​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រភេទ​ជំនួយ​ឥត​សំណង​មាន​ចំនួន ១០​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ជិត ១៨០​លាន​ដុល្លារ​អាមេរិក។
អ្នកឃ្លាំមើល​ព្រមាន​ថា ការដឹកនាំ​លម្អៀង​ទៅ​រក​ចិន​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ដែល​ជា​អ្នក​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​វិស័យ​អភិបាលកិច្ច និង​ប្រឆាំង​អំពើពុករលួយ ដែល​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ​ដ៏​ពិតប្រាកដ​មួយ​ទៅ​ថ្ងៃមុខ។ ក្រៅ​ពី​នេះ ការ​ព្រងើយ​កន្តើយ​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​រឿង​ជនជាតិ​ចិន​នៅ​កម្ពុជា នឹង​ធ្វើ​ឱ្យ​របប​ក្រុងភ្នំពេញ​កាន់តែ​បាត់បង់​ទំនុក​ចិត្ត និង​ការ​គាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ថែមទៀត៕



1 comment:

  1. Anonymous9:06 AM

    Continue to blame Vietnamese for everything wrong in Cambodia? You must not switch blame to China. You will look stupid.

    ReplyDelete