ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ |
របប លោក ហ៊ុន សែន លើកហេតុផល ១១ចំណុច ដើម្បី សុំ សហគមន៍អឺរ៉ុប កុំ ឱ្យដក ប្រព័ន្ធ អនុគ្រោះពន្ធ
RFA / វិទ្យុ អាស៊ី សេរី | ៣០ មិថុនា ២០១៨
ឯកសារក្រសួងការបរទេសកម្ពុជា បង្ហោះនៅលើគេហទំព័ររបស់ភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ជាទីភ្នាក់ងាររដ្ឋរបស់របបលោក ហ៊ុន សែន បានរៀបរាប់ហេតុផលចំនួន ១១ចំណុច ដើម្បីសុំសហគមន៍អឺរ៉ុប កុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ "ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬហៅកាត់ថា អ៊ីប៊ីអេ” (Everything But Arms-EBAs) ពីកម្ពុជា។
ការបង្ហាញឯកសារនេះ ក្រោយពេលប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាលោក សុក ស៊ីផាន់ណា បានដឹកនាំប្រតិភូរបបលោក ហ៊ុន សែន ដែលអង្គការសិទ្ធិមនុស្សចាត់ទុកថា ជាមេដឹកនាំផ្តាច់ការយោធា កាលពីថ្ងៃទី១៨ ខែមិថុនា ដើម្បីបញ្ចុះបញ្ចូលសហគមន៍អឺរ៉ុបកុំឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ដោយសារតែការរៀបចំការបោះឆ្នោតក្លែងក្លាយ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។
ឯកសារដែលជាឯកសារដែលត្រូវចម្លងឲ្យតំណាងសហគហមន៍ដែរនោះ ក៏បានស្នើសុំឲ្យសហគមន៍អឺរ៉ុបបញ្ជូនអ្នកសង្កេតការណ៍មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ ដើម្បីកុំឲ្យមានការវិនិច្ឆ័យជាអវិជ្ជមាន នៃដំណើរការបោះឆ្នោត ដែលរៀបចំដោយរបបលោក ហ៊ុន សែន នោះ។ មកទល់ពេលនេះ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបមិនទាន់បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជានៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញ សហគមន៍អឺរ៉ុបបានសម្រេចផ្អាកជំនួយការបោះឆ្នោតទាំងស្រុងទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា។
មកទល់ពេលនេះ គ.ជ.ប អះអាងថា មានអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ប្រមាណ ៥ម៉ឺននាក់។ ប៉ុន្តែមានតែប្រទេសបីប៉ុណ្ណោះ សម្រេចបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាក្នុងនោះរួមមាន សិង្ហបុរី មីយ៉ាន់ម៉ា និងចិន។ ប្រភពច្បាស់ការណ៍ ដែលអាស៊ីសេរីទទួលបានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានបដិសេធសំណើសុំរបស់កម្ពុជាឲ្យទៅសង្កេតការណ៍បោះឆ្នោត ដោយជាប់រវល់រៀបចំការបោះឆ្នោតក្នុងស្រុកមីយ៉ាន់ម៉ាខ្លួនឯង។
ទាក់ទងនឹងហេតុផលចំនួន ១១ចំណុច ដែលប្រតិភូរបបលោក ហ៊ុន សែន យកទៅបញ្ចុះបញ្ចូលសហគមន៍អឺរ៉ុបនោះ បានវាយប្រហារថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលំអៀងទៅរកគណបក្សសង្គ្រោះជាតិ ហើយបានរិះគន់របបលោក ហ៊ុន សែន ដោយមិនបានដាក់ការឆ្លើយតបរបស់ លោក ហ៊ុន សែន ក្នុងរបាយការណ៍សិទ្ធិមនុស្សនោះទេ។ ឯកសារបន្តថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ មានគណបក្សនយោបាយចូលរួមចំនួន ២០គណបក្ស ដែលបានបង្ហាញថា របបលោក ហ៊ុន សែន ប្តេជ្ញាពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯកសារនេះ ព្រមានតំណាងសហគមន៍អឺរ៉ុបថា ប្រសិនបើសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ "ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬហៅកាត់ថា អ៊ីប៊ីអេ” (Everything But Arms-EBAs) ចេញពីកម្ពុជា របបលោក ហ៊ុន សែន នៅតែមិនផ្តាស់ប្តូរការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍នោះទេ។ កន្លងរករបបលោក ហ៊ុន សែន អះអាងថា ការរក្សាសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស គឺដោយសារតែការរម្លាយគណបក្សប្រឆាំង ការហាមឃាត់មិនឲ្យមន្រ្តីសំខាន់ៗ របស់គណបក្សប្រឆាំងចូលរួមការបោះឆ្នោត ការបិទអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្ធផ្សាយឯករាជ្យ កាសែត និងការចាប់ចងសកម្មជនសិទ្ធិមនុស្សដាក់ពន្ធនាគារជាដើម៕
Human Rights Watch (HRW) can easily come up with 111 reasons why Europe should cut off quota system.
ReplyDeleteIf Cambodia is off the quota system, the poor will suffer the most. Let's beat up the oversea Khmers for such stupid idea. Confiscate their money and property then give to the poor.
Delete