Paris Peace Accords 23 Oct. 1991

Monday, July 2, 2018

របប​ លោក ហ៊ុន សែន លើក​ហេតុផល​ ១១​ចំណុច ដើម្បី​ សុំ​ សហគមន៍​អឺរ៉ុប កុំ​ ឱ្យ​ដក​ ប្រព័ន្ធ​ អនុគ្រោះ​ពន្ធ | Hun Sen regime raises 11 reasons in asking Europe not to cut off quota system

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
របប​ លោក ហ៊ុន សែន លើក​ហេតុផល​ ១១​ចំណុច ដើម្បី​ សុំ​ សហគមន៍​អឺរ៉ុប កុំ​ ឱ្យ​ដក​ ប្រព័ន្ធ​ អនុគ្រោះ​ពន្ធ 
RFA / វិទ្យុ អាស៊ី សេរី | ៣០ មិថុនា ២០១៨

ឯកសារ​ក្រសួង​ការ​បរទេស​កម្ពុជា បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) ជា​ទីភ្នាក់ងារ​រដ្ឋ​របស់​របប​លោក ហ៊ុន សែន បាន​រៀបរាប់​ហេតុផល​ចំនួន ១១​ចំណុច ដើម្បី​សុំ​សហគមន៍​អឺរ៉ុប កុំ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ "ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ​ហៅ​កាត់​ថា អ៊ីប៊ីអេ” (Everything But Arms-EBAs) ពី​កម្ពុជា។

ការ​បង្ហាញ​ឯកសារ​នេះ ក្រោយ​ពេល​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​លោក​ សុក ស៊ីផាន់ណា បាន​ដឹកនាំ​ប្រតិភូ​របប​លោក ហ៊ុន សែន ដែល​អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ជា​មេ​ដឹក​នាំ​ផ្តាច់ការ​យោធា​ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ដើម្បី​បញ្ចុះ​បញ្ចូល​សហគមន៍​អឺរ៉ុប​កុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា ដោយសារ​តែ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាង​មុខ។
ឯកសារ​ដែល​ជា​ឯកសារ​ដែល​ត្រូវ​ចម្លង​ឲ្យ​តំណាង​សហគហមន៍​ដែរ​នោះ ក៏​បាន​ស្នើសុំ​ឲ្យ​សហគមន៍​អឺរ៉ុប​បញ្ជូន​អ្នក​សង្កេតការណ៍​មក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ជា​អវិជ្ជមាន នៃ​ដំណើរ​ការ​បោះ​ឆ្នោត ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន នោះ។ មក​ទល់​ពេល​នេះ ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​មិន​ទាន់​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​កម្ពុជា​នៅ​ឡើយ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សហគមន៍​អឺរ៉ុប​បាន​សម្រេច​ផ្អាក​ជំនួយ​ការ​បោះ​ឆ្នោត​ទាំង​ស្រុង​ទៅ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា។
មក​ទល់​ពេល​នេះ គ.ជ.ប​ អះអាង​ថា មាន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ជាតិ និង​អន្តរជាតិ ប្រមាណ ៥​ម៉ឺន​នាក់។ ប៉ុន្តែ​មាន​តែ​ប្រទេស​បី​ប៉ុណ្ណោះ​ សម្រេច​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​កម្ពុជា​ក្នុង​នោះ​រួមមាន សិង្ហបុរី មីយ៉ាន់ម៉ា និង​ចិន។ ប្រភព​ច្បាស់​ការណ៍ ដែល​អាស៊ី​សេរី​ទទួល​បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មីយ៉ាន់ម៉ា បាន​បដិសេធ​សំណើសុំ​របស់​កម្ពុជា​ឲ្យ​ទៅ​សង្កេតការណ៍​បោះ​ឆ្នោត ដោយ​ជាប់​រវល់​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ស្រុក​មីយ៉ាន់ម៉ា​ខ្លួន​ឯង។

ទាក់ទង​នឹង​ហេតុផល​ចំនួន ១១​ចំណុច ដែល​ប្រតិភូ​របប​លោក ហ៊ុន ​សែន យក​ទៅ​បញ្ចុះ​បញ្ចូល​សហគមន៍​អឺរ៉ុប​នោះ បាន​វាយ​ប្រហារ​ថា អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​លំអៀង​ទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​រិះគន់​របប​លោក ហ៊ុន សែន ដោយ​មិន​បាន​ដាក់​ការ​ឆ្លើយ​តប​របស់ លោក ហ៊ុន សែន ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​នោះ​ទេ។ ឯកសារ​បន្ត​ថា ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន ២០​គណបក្ស ដែល​បាន​បង្ហាញ​ថា របប​លោក ហ៊ុន សែន ​ប្តេជ្ញា​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ឯកសារ​នេះ ព្រមាន​តំណាង​សហគមន៍​អឺរ៉ុប​ថា ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ "ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ​ហៅ​កាត់​ថា អ៊ីប៊ីអេ” (Everything But Arms-EBAs) ចេញ​ពី​កម្ពុជា របប​លោក ហ៊ុន សែន នៅ​តែ​មិន​ផ្តាស់​ប្តូរ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​រក្សា​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​នោះ​ទេ។ កន្លង​រក​របប​លោក ហ៊ុន សែន អះអាង​ថា ការ​រក្សា​សន្តិភាព​នៅ​កម្ពុជា​ឲ្យ​បាន​គង់វង្ស គឺ​ដោយសារ​តែ​ការ​រម្លាយ​គណបក្ស​ប្រឆាំង ការ​ហាម​ឃាត់​មិន​ឲ្យ​មន្រ្តី​សំខាន់ៗ របស់​គណបក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត ការ​បិទ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្ធផ្សាយ​ឯករាជ្យ កាសែត និង​ការ​ចាប់​ចង​សកម្មជន​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគារ​ជា​ដើម៕ 



2 comments:

  1. Anonymous8:08 PM

    Human Rights Watch (HRW) can easily come up with 111 reasons why Europe should cut off quota system.

    ReplyDelete
    Replies
    1. Anonymous9:08 AM

      If Cambodia is off the quota system, the poor will suffer the most. Let's beat up the oversea Khmers for such stupid idea. Confiscate their money and property then give to the poor.

      Delete