Paris Peace Accords 23 Oct. 1991

Wednesday, July 2, 2014

គរុសិស្ស​ នៅ​សៀមរាប​ តវ៉ា​ អំពី​ ភាព​មិន​ប្រក្រតី​ នៃ​ការ​ដាក់​វិន័យ

គរុសិស្ស​តវ៉ា សៀមរាប ៦១០
ក្រុម​គរុសិស្ស​តវ៉ា​នៅ​មុខ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ខេត្ត​សៀមរាប មិន​ព្រម​ចូល​រៀន ព្រម​ទាំង​លើក​បដា​ប្រឆាំង​នាយក​សាលា​ដែល​មិន​ដាក់​ឈ្មោះ​សិស្ស​២​នាក់​ឱ្យ​ចូល​ប្រឡង កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤។

សាលា​គរុកោសល្យ សៀមរាប ៦១០
ក្រុម​គរុសិស្ស​នាំ​គ្នា​ត្រឡប់​ពី​តវ៉ា​នៅ​មុខ​ខ្លោងទ្វារ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត​សៀមរាប ចូល​ទៅ​ក្នុង​សាលា​វិញ បន្ទាប់​ពី លោក អ៊ុង សេរីឌី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា បាន​ជួប​ជាមួយ​ពួក​គេ ព្រម​ទាំង​មាន​ការ​សន្យា​ឱ្យ​សិស្ស​២​នាក់​មាន​ឈ្មោះ​ចូល​ប្រឡង​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Hang Savyouth

គរុសិស្ស​ នៅ​សៀមរាប​ តវ៉ា​ អំពី​ ភាព​មិន​ប្រក្រតី​ នៃ​ការ​ដាក់​វិន័យ

ដោយ ហង្ស សាវយុត / អាស៊ីសេរី | ០២ កក្កដា ២០១៤

មន្ទីរ​ អប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប និង​អង្គការ​ សិទ្ធិ​មនុស្ស​ខ្លះ រក​ឃើញ ​ថា សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ ក្នុង​ខេត្ត​នេះ មាន​ការ​អនុវត្ត​ បទបញ្ជា​ផ្ទៃ​ក្នុង និង​វិន័យ​ តឹងរ៉ឹង​ពេក ទៅ​លើ​ ក្រុម​គរុសិស្ស។ បញ្ហា​នេះ ធ្វើ​ឱ្យ ​គរុសិស្ស ​ជាច្រើន​រយ​នាក់ មិន​សប្បាយ​ចិត្ត ហើយ​ប្រមូល​ផ្ដុំ​គ្នា ​តវ៉ា ដើម្បី​ជួយ​ ដល់​គ្នីគ្នា ​របស់​គេ​ ដែល​ជា​អ្នក​កំពុង​ទទួល​រង ​ការ​ដាក់​វិន័យ​នោះ។
ក្រុម​គរុសិស្ស​ជំនាន់​ទី​៣១ នៃ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ខេត្ត​សៀមរាប ប្រមាណ​ជាង ២៦០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រៅ​របង​មុខ​សាលា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា។
កូដកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​គ្រប់គ្រង​សាលា​បាន​ដក​បេក្ខភាព​គរុសិស្ស ២​នាក់ មិន​ឱ្យ​មាន​ឈ្មោះ​ប្រឡង ដើម្បី​បញ្ចប់​ការ​សិក្សា និង​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ខាង​មុខ។ ក្រុម​គរុសិស្ស​ដែល​មាន​កាន់​បដា​ទាមទារ​នៅ​ក្នុង​ដៃ​ព្រមាន​ថា ប្រសិន​បើ​អ្នក​គ្រប់គ្រង​សាលា​គរុកោសល្យ និង​វិក្រឹត្យការ មិន​រក​យុត្តិធម៌​ឱ្យ​មិត្ត​រួម​ជំនាន់​ចំនួន ២​នាក់ ឈ្មោះ វិន សាវី និង​ឈ្មោះ សិញ លីហុង ឱ្យ​ត្រឹមត្រូវ​ទេ គឺ​ពួក​គេ​ទាំងអស់​គ្នា​នឹង​មិន​ចូល​រៀន​ឡើយ។

គរុសិស្ស​នារី​ម្នាក់​ក្នុង​ចំណោម​អ្នក​ធ្វើ​កូដកម្ម​ជាច្រើន​ទៀត ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ គាត់​មាន​ប្រសាសន៍​ថា ពួក​គាត់​បាន​ឃើញ​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​របស់​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ខេត្ត​សៀមរាប បាន​ចេញ​ក្រដាស​១​បញ្ជាក់​ថា យុវជន​ឈ្មោះ វិន សាវី និង​ឈ្មោះ សិញ លីហុង គឺ​ជា​អ្នក​មាន​កំហុស ដោយសារ​តែ​សីលធម៌​មិន​ល្អ។ ដោយសារ​មូលហេតុ​នេះ សាលា​បាន​សម្រេច​ដក​បេក្ខភាព​អ្នក​ទាំង​ពីរ​មិន​ឱ្យ​មាន​ឈ្មោះ​ប្រឡង​បញ្ចប់​ការ​សិក្សា​ទេ។ គរុសិស្ស​នារី​ដដែល​បញ្ជាក់​ថា ការ​សម្រេច​របស់​សាលា​បែប​នេះ គឺ​អយុត្តិធម៌ មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​តែ​ពួក​គេ​មិន​បាន​រក​ឃើញ​ថា មិត្ត​រួម​ជំនាន់​ទាំង​ពីរ​នាក់​មាន​កំហុស ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​មាន​ឈ្មោះ​ប្រឡង​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ដូច​ពួក​ខ្ញុំ​ទាំងអស់​គ្នា ទើប​ពួក​ខ្ញុំ​ចូល​រៀន​ដូច​ធម្មតា​វិញ បើ​អត់​ទេ ពួក​ខ្ញុំ​អត់​ចូល​រៀន​ទេ។ បើ​គរុសិស្ស​ដទៃ​ទៀត​ក៏​គេ​មាន​ខុស​ដែរ ហេតុ​អ្វី​ក៏​គេ​មិន​អត់​ឈ្មោះ​ប្រឡង​ផង? ពួក​ខ្ញុំ​ស្រឡាញ់​ភាព​ត្រឹមត្រូវ អត់​ចង់​បាន​ភាព​លម្អៀង ហើយ​ក៏​អត់​និយាយ​ពី​បញ្ហា​អ្វី​ផ្សេង​ទេ គឺ​ចង់​បាន​តែ​ភាព​យុត្តិធម៌»
គរុសិស្ស​ខ្លះ​ទៀត​អះអាង​ថា ការ​ដែល​អ្នក​គ្រប់គ្រង​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ដក​បេក្ខភាព​មិត្ត​រួម​ជំនាន់​របស់​គេ​ចំនួន ២​នាក់ មិន​ឱ្យ​មាន​ឈ្មោះ​ប្រឡង​បញ្ចប់​ការ​សិក្សា​នេះ គេ​សង្ស័យ​ថា ជា​គំនុំ​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង ពីព្រោះ​កាល​ពី​គាត់​ចុះ​កម្មសិក្សា គឺ​សាលា​ធ្លាប់​តម្រូវ​ឱ្យ​យាម​នៅ​ពេល​យប់ ហើយ​ពួក​គាត់​មាន​ការ​ពិបាក ក៏​បាន​រិះគន់​បញ្ហា​នេះ​តាម​រយៈ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ។
ទោះ​យ៉ាង​ណា នាយក​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ខេត្ត​សៀមរាប លោក លាវ ឱរ៉ា មិន​បាន​ចេញ​មក​អធិប្បាយ​ជុំវិញ​រឿង​នេះ​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​នាយក​រង លោក ឈន់ ឆៀង បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ដែរ នៅ​ពេល​ដែល​លោក​កំពុង​ជាប់​រវល់​បញ្ចុះ​បញ្ចូល​ក្រុម​គរុសិស្ស​ឱ្យ​បញ្ឈប់​កូដកម្ម។ លោក ឈន់ ឆៀង គ្រាន់​តែ​បញ្ជាក់​ថា សាលា និង​ថ្នាក់​ដឹក​នាំ​ជាច្រើន​ទៀត កំពុង​ដោះស្រាយ​បញ្ហា​នេះ​ជា​ថ្មី​ឡើង​វិញ៖ «រឿង​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​អ្នក ២​នាក់​នេះ មាន​សិទ្ធិ​ចូល​ប្រឡង​វិញ ប៉ុន្តែ​សំណុំ​រឿង​មិន​អាច​ធ្វើ​ភ្លាម​បាន​ភ្លាម​ទេ។ ដូច្នេះ យ៉ាង​ហោច​ណាស់​ក៏ ៣​ថ្ងៃ។ ស្ដាប់​លោកគ្រូ​សិន ប្រើ​ពាក្យ​ថា ១០​ថ្ងៃ ប៉ុន្តែ​ប្រធាន​មន្ទីរ​គាត់​ថា ថ្ងៃ​នេះ​យើង​អាច​បាន​លទ្ធផល​ហើយ។ តែ​សុំ​ឱ្យ​យើង​ចូល​ទៅ​ខាង​ក្នុង អ្វី​ដែល​បង្ហាញ នឹង​បង្ហាញ​នៅ​ខាង​ក្នុង»
នៅ​មុន​ពេល​ដែល​គរុសិស្ស​នៃ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ខេត្ត​សៀមរាប ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម គឺ​យុវជន​ឈ្មោះ វិន សាវី និង​ឈ្មោះ សិញ លីហុង បាន​ទៅ​ដល់​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍​ជុំវិញ​បញ្ហា​ដែល​អ្នក​គ្រប់គ្រង​សាលា បាន​ដក​បេក្ខភាព​មិន​ឱ្យ​ពួក​គេ​មាន​ឈ្មោះ​ប្រឡង​បញ្ចប់​ការ​សិក្សា។
អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​តាម​ឃ្លាំ​មើល​រឿង​នោះ លោក ចៅ ល័ក្ខវណ្ណា មាន​ប្រសាសន៍​ថា តាម​ការ​សាកសួរ និង​ស្រាវជ្រាវ រក​ឃើញ​ថា គរុសិស្ស​ទាំង​ពីរ​ដែល​សាលា​បាន​ដក​បេក្ខភាព​មិន​ឱ្យ​ប្រឡង គឺ​មិន​មាន​កំហុស​ធំ​ដុំ​ទេ។ លោក ចៅ ល័ក្ខវណ្ណា បញ្ជាក់​ទៀត​ថា កំហុស​ដែល​លោក​រក​ឃើញ គឺ​អ្នក​ទាំង​ពីរ​គ្រាន់​តែ​ស្នើសុំ​អ្នក​គ្រប់គ្រង​មិន​យាម​យប់ នៅ​ពេល​ចុះ​ធ្វើ​កម្មសិក្សា។ បញ្ហា​មួយ​ទៀត គឺ​សាលា​តែង​កត់​សម្គាល់​ឃើញ​ថា អ្នក​ទាំង​ពីរ​មាន​ការ​ស្លៀកពាក់​មិន​សមរម្យ​ជា​គរុសិស្ស៖ «ពួក​គាត់​មាន​កំហុស​បន្តិចបន្តួច អ៊ីចឹង​សាលា​មិន​គួរ​ដក​បេក្ខភាព​ទេ គឺ​អាច​អធ្យាស្រ័យ​បាន។ ប៉ុន្តែ​ប្រសិន​បើ​ក្នុង​ករណី​ធ្វើ​ខុស​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា ដូចជា ប្រើ​អំពើ​ហិង្សា លួច​ឆក់ ឬ​ក៏​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ណា​មួយ​របស់​សាលា អា​ហ្នឹង​សាលា​អាច​មាន​វិធានការ​តាម​ហ្នឹង។ អ៊ីចឹង​យើង​មិន​ចង់​ឱ្យ​មាន​បញ្ហា​កើត​ឡើង ដោយសារ​ទំនាស់​តិចតួច​ហ្នឹង»
មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប បាន​រក​ឃើញ​ថា នៅ​ក្នុង​ចំណោម​គរុសិស្ស​ជំនាន់​ទី​៣១ គឺ​មាន ៤​នាក់ ដែល​ក្រុមប្រឹក្សា​វាយ​តម្លៃ​របស់​សាលា​គរុកោសល្យ និង​វិក្រឹត្យការ រក​ឃើញ​ថា មិន​គោរព​តាម​វិន័យ និង​បទបញ្ជា​ផ្ទៃ​ក្នុង​បាន​ត្រឹមត្រូវ។ ក៏ប៉ុន្តែ នៅ​ពេល​ក្រុមប្រឹក្សា​វាយ​តម្លៃ​ធ្វើ​ការ​ប្រជុំ និង​វិនិច្ឆ័យ​តាម​រយៈ​ការ​បោះ​ឆ្នោត គឺ​សម្រេច​ឱ្យ ២​នាក់ អាច​ចូល​ប្រឡង​បញ្ចប់​ការ​សិក្សា​បាន ពីព្រោះ​តែ​ពីរ​នាក់​នោះ​អាច​កែ​ខ្លួន ចំណែក ២​នាក់​ទៀត មិន​អាច​ឱ្យ​ដាក់​បេក្ខភាព​ឱ្យ​ចូល​ប្រឡង​បាន​ទេ។
ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប លោក អ៊ុង សេរីឌី មាន​ប្រសាសន៍​ថា យោង​តាម​វិន័យ និង​បទបញ្ជា​ផ្ទៃ​ក្នុង កំហុស​របស់​គរុសិស្ស​ឈ្មោះ វិន សាវី និង​ឈ្មោះ សិញ លីហុង គឺ​ត្រូវ​តែ​ឱ្យ​រៀន​ត្រួត​ថ្នាក់​១​ឆ្នាំ​ទៀត មិន​អាច​ឱ្យ​ប្រឡង​ចេញ​បាន​ទេ។ ទោះ​យ៉ាង​ណា លោក​ប្រធាន​មន្ទីរ​អប់រំ យល់​ថា អ្នក​គ្រប់គ្រង​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត​សៀមរាប មិន​គួរ​អនុវត្ត​ទៅ​តាម​វិន័យ និង​បទបញ្ជា​ផ្ទៃ​ក្នុង​តឹងរ៉ឹង​ពេក​ទេ៖ «ឃើញ​ថា នាយក​សាលា​ក៏​មិន​ខុស ក្រុមប្រឹក្សា​វាយ​តម្លៃ​ក៏​មិន​ខុស​ដែរ ក៏ប៉ុន្តែ​គ្រាន់​ថា វា​អនុវត្ត​រឹងត្អឹង​ពេក មិន​មាន​សិក្សា​ពី​បញ្ហា​លំបាក ឬ​ក៏​បញ្ហា​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ តាម​ស្ថានភាព​ជីវភាព​រស់នៅ ស្ថានភាព​សង្គម សេដ្ឋកិច្ច»
លោក អ៊ុង សេរីឌី បញ្ជាក់​ថា បញ្ហា​នេះ​លោក​បាន​លើក​សំណើ និង​ពិគ្រោះ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​សុំ​ការ​អនុគ្រោះ​ឱ្យ​អ្នក​ទាំង​ពីរ​នោះ​មាន​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​បញ្ចប់​ការ​សិក្សា​ឡើង​វិញ។
ជាមួយ​គ្នា​នឹង​ការ​ស្នើសុំ​ឱ្យ​មាន​ឈ្មោះ​ប្រឡង​បញ្ចប់​ការ​សិក្សា​នោះ មន្ទីរ​អប់រំ ក៏​តម្រូវ​ឱ្យ​គរុសិស្ស​ទាំង​ពីរ ធ្វើ​កិច្ច​សន្យា​ថា នៅ​ពេល​ខាង​មុខ ត្រូវ​តែ​គោរព​តាម​វិន័យ និង​បទបញ្ជា​ផ្សេងៗ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​គ្រូ ជា​អ្នក​អប់រំ​ដ៏​ល្អ​មួយ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ដែរ៕


No comments:

Post a Comment