ដោយឡែក លោក ព្រុំ សុខា វិញ បានលើកឡើងថា សំណើដែលគណបក្សសង្គ្រោះជាតិស្នើនេះ គឺជាអ្វីដែលគណបក្សរបស់លោក បាននិងកំពុងតែធ្វើរួចរាល់ហើយ។ លោកបញ្ជាក់ថា មាត្រា ៧៦ និងមាត្រា ១៥០ ១៥១ជាដើមក្តី គឺជាកិច្ចការដែលត្រូវការពេលវេលាច្រើន។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ព្រោះត្រូវទុកពេលវេលាឲ្យក្រុមការងារបក្សទាំងពីរធ្វើការជាមួយគ្នាជាមុនសិន។
សូមបញ្ជាក់ថា ក្នុងលិខិតផ្ញើទៅកាន់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន លោក សម រង្ស៊ី បានស្នើឲ្យលោក ស ខេងពិនិត្យលើសេចក្តីព្រាងដែលបានផ្ញើជូន។ បើតាមលិខិតដដែលនោះ សមាជិកទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ នឹងអាចកំណត់ថ្ងៃចូលស្បថសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង បើគណបក្សប្រជាជនកម្ពុជា ទទួលយកនូវខ្លឹមសារនៃសេចក្តីព្រាងនេះ។
តាំងពីក្រោយការបិទបញ្ចប់ជម្លោះនយោបាយដោយការចរចាថ្នាក់កំពូលតាំងពីថ្ងៃទី២២ កក្កដាមក គណបក្សសង្គ្រោះជាតិនៅមិនទាន់កំណត់ថ្ងៃចូលស្បថកាន់តំណែងនៅឡើយនោះទេ។ មិនទាន់ចូលស្បថព្រោះគណបក្សសង្គ្រោះជាតិនៅបន្តទាមទារឲ្យមានការព្រមព្រៀងជាគោលការណ៍រវាងក្រុមការងារកំណែទម្រង់ស្ថាប័នរដ្ឋសភា ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នរដ្ឋធម្មនុញ្ញជាមុនសិន។ រហូតមកដល់ពេលនេះ ក្រុមការងារទាំងពីរគណបក្ស សម្រេចបានជាគោលការណ៍ចំនួន២រួចហើយ គឺគោលការណ៍កំណែទម្រង់រដ្ឋសភា និង កំណែទម្រង់ គ.ជ.ប.។
គួរកត់សម្គាល់ថា បើទោះបីជាមានការស្នើសុំការព្រមព្រៀងជាបន្តបន្ទាប់ពីគណបក្សសង្គ្រោះជាតិនេះ គណបក្សប្រជាជនកម្ពុជាក៏នៅតែបន្តយុទ្ធសាស្ត្រត្រជាក់ថ្នមស្ថានការណ៍ដដែល៕
No comments:
Post a Comment