Paris Peace Accords 23 Oct. 1991

Tuesday, December 31, 2013

មន្ត្រី​ មន្ទីរ​ការងារ​ ខេត្ត​បន្ទាយមានជ័យ​ មួយ​ចំនួន​ ត្អូញ​ ពី​ការ​បើក​ប្រាក់​ខែ​យឺត​២​ខែ

មន្ត្រី​ មន្ទីរ​ការងារ​ ខេត្ត​បន្ទាយមានជ័យ​ មួយ​ចំនួន​ ត្អូញ​ ពី​ការ​បើក​ប្រាក់​ខែ​យឺត​២​ខែ

មន្ត្រី​បម្រើ​ការ​នៅ​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​នាក់ នៅ​ពុំ​ទាន់​ទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ឆ្នាំ​២០១៣ នេះ​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ផល​លំបាក​យ៉ាង​ច្រើន​ទៅ​លើ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ និង​ប៉ះពាល់​ស្មារតី​នៅ​ពេល​ពួក​គាត់​ចុះ​បំពេញ​ការងារ​ថែម​ទៀត។
ដោយ សួន សុផលមុន្នី  / វិទ្យុអាស៊ីសេរី | ៣០ ធ្នូ ២០១៣
ការ​បើក​ប្រាក់​ខែ​ទៅ​ឲ្យ​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​នានា គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​តែង​តែ​ជួប​ប្រទះ​នូវ​ភាព​យឺតយ៉ាវ ហើយ​ស្ថាប័ន​ខ្លះ​ខកខាន​អស់​រយៈពេល​ជា​ច្រើន​ខែ​ជាប់​គ្នា​ថែម​ទៀត។ ការ​ទទួល​បាន​ប្រាក់​ខែ​តិច និង​ការ​បើក​ប្រាក់​ខែ​មិន​ទៀងទាត់ កំពុង​បង្ក​ផល​លំបាក​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​ទាំង​នោះ។ ជាក់​ស្ដែង បញ្ហា​នេះ​កំពុង​កើត​មាន​ទៅ​លើ​បុគ្គលិក​នៅ​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​បន្ទាយមានជ័យ។
ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៣ បុគ្គលិក​ទាំង​នោះ​បាន​ត្អូញត្អែរ​ថា ចាប់​តាំង​ពី​ខែ​វិច្ឆិកា រហូត​មក​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣ នេះ ពួក​គាត់​នៅ​ពុំ​ទាន់​ទទួល​បាន​ទទួល​ប្រាក់​ខែ​នោះ​ឡើយ ហើយ​ភាព​យឺតយ៉ាវ​នេះ​តែង​តែ​កើត​មាន​ស្ទើរ​គ្រប់​ខែ៖ «ប្រាក់​ខែ​វា​អត់​ទៀងទាត់​ចូល​ឆ្នាំ​២០១៣ ហ្នឹង កាល​ពី​ឆ្នាំ​២០១២ គឺ​គេ​អត់​បើក​មក​ពីរ​ខែ​រហូត​ជាប់​គ្នា​បី​ដង ហើយ​ដល់​ឆ្នាំ​២០១៣ នេះ មាន​បញ្ហា​មួយ​ទៀត​មាន​ខែ​ខ្លះ​លើស​កន្លះ​ខែ វា​អត់​ទៀងទាត់ ហើយ​ដល់​ពេល​វិច្ឆិកា នេះ​អត់​បាន​បើក។ ឥឡូវ​ដល់​ខែ​ធ្នូ ជិត​ដាច់​ខែ​ហើយ​គេ​មិន​ទាន់​បើក​ឲ្យ​ទៀត»
ក្រុម​មន្ត្រី​បម្រើ​ការ​នៅ​មន្ទីរ​ការងារ​នោះ​ពុំ​បាន​ដឹង​ថា ការ​យឺតយ៉ាវ​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ច្បាស់​លាស់​នោះ​ទេ។ បុគ្គលិក​បម្រើ​ការ​នៅ​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​បន្ទាយមានជ័យ មាន​ចំនួន​ប្រមាណ​ជាង ៥០​នាក់។ ពួក​គាត់​លើក​ឡើង​ថា ភាព​យឺតយ៉ាវ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​បញ្ហា​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ប៉ះពាល់​ស្មារតី​ធ្ងន់ធ្ងរ​នៅ​ពេល​បំពេញ​ការងារ​ថែម​ទៀត។
វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង លោក លឹម សុថេត ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល ខេត្ត​បន្ទាយមានជ័យ ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ លោក យ៉ាន យ៉ុង ជា​បុគ្គលិក​គណនេយ្យ​នៃ​មន្ទីរ​ការងារ​នោះ​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក គឺ​បណ្ដាល​មក​ពី​កញ្ចប់​ថវិកា​ដែល​បញ្ជូន​មក​ពី​ក្រសួង មាន​ភាព​យឺតយ៉ាវ ហើយ​បុគ្គលិក​ជំនាញ​ដែល​ត្រូវ​រៀប​ចំ​បើក​ថវិកា​បើក​ឲ្យ​បុគ្គលិក ក៏​ជាប់​បំពេញ​បេសកកម្ម​ទៅ​រៀន​នៅ​ទីក្រុង​ភ្នំពេញ។ ម្យ៉ាង​វិញ​ទៀត លោក​ថា ការ​រៀប​ចំ​ឯកសារ​បើក​ប្រាក់​ខែ​នោះ​ក៏​មាន​ភាព​យឺតយ៉ាវ​ដូច​គ្នា៖ «ឯកសារ​ហ្នឹង​បាន​រៀប​ចំ​រួច​រាល់​អស់​ហើយ ទាំង​ខែ​១១ ខែ​១២ ហ្នឹង ដាក់​ចូល​ទៅ​សាលា​ខេត្ត ប៉ុន្តែ​អត់​ទាន់​ចេញ។ លោក​អភិបាល​ខេត្ត​ជាប់​ប្រជុំ​ច្រើន ដោយសារ​គាត់​អញ្ជើញ​មក​ថ្មីៗ។ អ៊ីចឹង​វា​យឺត​បន្តិច ខ្ញុំ​នៅ​ក្នុង​ការិយាល័យ​គណនេយ្យ​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​បាន​កាន់​ផ្នែក​បៀវត្ស​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា រឿង​ហ្នឹង​វា​អ៊ីចឹង»
ទោះ​យ៉ាង​នេះ​ក្តី ក្រុម​បុគ្គលិក​បម្រើ​ការ​នៅ​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​បន្ទាយមានជ័យ ទាំង​នោះ​បាន​ជំរុញ​ឲ្យ​មាន​ការ​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ឆាប់ ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ក្រុម​គ្រួសារ។
មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា មន្ត្រី​បម្រើ​ការ​នៅ​ស្ទើរ​គ្រប់​ស្ថាប័ន​មន្ទីរ​របស់​រដ្ឋ​ទទួល​បាន​ប្រាក់​ខែ​មិន​ទៀងទាត់ ហើយ​បញ្ហា​នេះ​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ។ លោក​ថា បុគ្គលិក​នៅ​ស្ថាប័ន​រដ្ឋ​ទាំង​នោះ​ទទួល​ប្រាក់​តិច និង​បើក​មិន​ទៀងទាត់​ដូច្នេះ បាន​បង្ក​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង៖ «ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គាត់​គួរ​តែ​ខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ជូន​លុយ​ឲ្យ​បាន​ឆាប់ ព្រោះ​ថា វា​ប៉ះពាល់​យ៉ាង​ខ្លាំង។ ទី​១ យើង​ឃើញ​ប៉ះពាល់​ទៅ​លើ​ស្មារតី​របស់​គាត់។ ទី​២ យើង​ឃើញ​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​របស់​គាត់។ កន្លង​មក យើង​បាន​ទទួល​នូវ​ព័ត៌មាន​ជា​ច្រើន​ដែល​ថា លុយ​មួយ​ចំនួន​ដែល​មន្ត្រី​របស់​ខ្លួន​បាន​ចុះ​ទៅ ហើយ​ធ្វើ​ការ​មុន ហើយ​បើក​លុយ​តាម​ក្រោយ ប៉ុន្តែ​លុយ​ហ្នឹង​យឺតយ៉ាវ​អត់​បាន​ទម្លាក់​ជូន​គាត់ ហើយ​គាត់​បែរ​ទៅ​ជា​ជំពាក់​ចិន ជំពាក់​អី​អ៊ីចឹង»
មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បន្ត​ថា រដ្ឋាភិបាល និង​ក្រសួង​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ គួរ​កែ​សម្រួល​រៀប​ចំ​កញ្ចប់​ថវិកា ដើម្បី​បើក​ជូន​ដល់​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​នានា​ទាំងអស់​ឲ្យ​ឆាប់​ទាន់​ខែ និង​កែប្រែ​យន្តការ​នេះ​ឲ្យ​បាន​ប្រសើរ​ជាង​សព្វថ្ងៃ។ បើ​ពុំ​ដូច្នេះ​ទេ បញ្ហា​នេះ​មិន​គ្រាន់​តែ​បង្ក​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​របស់​មន្ត្រី​រាជការ​ទាំង​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ថែម​ទៀត៕

No comments:

Post a Comment