Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

ធនាគារ​ ANZ​ កំពុង​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​ផ្ដល់​ប្រាក់​កម្ចី​ ឲ្យ​ លោក លីយ៉ុងផាត់ រក​ស៊ី​ មិន​គប្បី

ជម្លោះ​ដី​កំពង់ស្ពឺ​៣០៥
២៧ កុម្ភៈ ២០១០​៖ ប្រជាពលរដ្ឋ មកពីជាង ១០ភូមិ ស្ថិតក្នុង ឃុំអមលាំង នាំគ្នា​ តវ៉ា ប្រឆាំងនឹងការឈូសឆាយដី របស់ ក្រុមហ៊ុន ២ ដែលជា របស់លោក ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។  ប្រជាពលរដ្ឋ បានអះអាងថា ការឈូសឆាយដី របស់ ក្រុមហ៊ុនអភិវឌ្ឍន៍នេះ គឺធ្វើឲ្យ ប៉ះពាល់ ដល់ ដីស្រែ ចម្ការ របស់ ពួកគាត់ (រូបភាព RFA / Sek Bandith)

ធនាគារ​ ANZ​ កំពុង​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​ផ្ដល់​ប្រាក់​កម្ចី​ ឲ្យ​ លោក លីយ៉ុងផាត់ រក​ស៊ី​ មិន​គប្បី

ធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ (ANZ Royal) ត្រូវ​បាន​រក​ឃើញ​ថា កំពុង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​កម្ចី​ប្រាក់​រាប់​សិប​លាន​ដុល្លារ ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គ័រ របស់ លោក លី យ៉ុងផាត់ ដើម្បី​ជា​ទុន​រក​ស៊ី​មិន​គប្បី​មួយ ដែល​ពាក់ព័ន្ធ​ដល់​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ ការ​រឹប​អូស​យក​ដី​ពី​ពលរដ្ឋ ការ​បណ្ដេញ​មនុស្ស​ចេញ​ដោយ​បង្ខំ និង​ការ​បង្ក​ឲ្យ​មាន​ការ​ខ្វះ​ស្បៀង​អាហារ​នៅ​កម្ពុជា។
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ២៣ មករា​​ ២០១៤
អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​ឲ្យ​ធនាគារ អេអិនហ្សិត បង្កក​ប្រាក់​កម្ចី​ឲ្យ​ក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ បណ្ដោះ​ អាសន្ន និង​ស៊ើប​អង្កេត​ពី​គម្រោង​រក​ស៊ី​មិន​ប្រក្រតី ដែល​ពាក់ព័ន្ធ​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បរិស្ថាន។
ធនាគារ អេអិនហ្សិត នៅ​ប្រទេស​អូស្ត្រាលី បាន​ឲ្យ​ប្រាក់​កម្ចី​រាប់​សិប​លាន​ដុល្លារ ដល់ ឧកញ៉ា លី យ៉ុងផាត់ តាម​រយៈ​ធនាគារ អេអិនហ្សិត នៅ​កម្ពុជា របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​ឧកញ៉ា គិត ម៉េង ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ពី​បទ​ផ្តល់​កម្ចី​ឧបត្ថម្ភ​ដល់​គម្រោង​រក​ស៊ី​មិន​គប្បី​មួយ ដែល​ពាក់ព័ន្ធ​ដល់​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ ការ​រឹប​អូស​យក​ដី​ពី​ប្រជាពលរដ្ឋ ការ​បណ្ដេញ​មនុស្ស​ចេញ​ដោយ​បង្ខំ និង​ការ​បង្ក​ឲ្យ​មាន​ការ​ខ្វះ​ស្បៀង​អាហារ​នៅ​កម្ពុជា។
សារព័ត៌មាន​អូស្ត្រាលី The Sydney Morning Herald បាន​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ធនាគារ អេអិនហ្សិត នៅ​អូស្ត្រាលី ថា​ខាង​ធនាគារ​កំពុង​បន្ត​តាម​ដាន​ស្ថានការណ៍​នេះ​នៅ​កម្ពុជា ហើយ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​របស់ ឧកញ៉ា លី យ៉ុងផាត់ ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ។
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ុច ឡេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ដោយ​ស្វាគមន៍​ចំពោះ​ការ​ស៊ើប​អង្កេត​រក​ភាព​ខុស​ច្បាប់ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ភ្នំពេញ​ស៊ូហ្គ័រ របស់ លោក លី យ៉ុងផាត់ ទៅ​លើ​ពលរដ្ឋ​នៅ​កម្ពុជា។ លោក​ក៏​បាន​ស្នើសុំ​ឲ្យ​ធនាគារ អេអិនហ្សិត ត្រូវ​បង្កក​ប្រាក់​កម្ចី​ឲ្យ​ក្រុមហ៊ុន​នេះ ហើយ​មិន​ត្រូវ​សហការ​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​រក​ស៊ី​ទុច្ចរិត ដូច​ក្រុមហ៊ុន លី យ៉ុងផាត់ នេះ​ឡើយ។
លោក អ៊ុច ឡេង ចាត់​ទុក​ក្រុមហ៊ុន លី យ៉ុងផាត់ គឺ​ជា​ក្រុមហ៊ុន​ម៉ាហ្វីយ៉ា ដែល​រក​ស៊ី​ដោយ​មិន​ខ្វល់​ពី​ផ្លូវ​ច្បាប់ រក​ស៊ី​ដោយ​រំលោភ​សិទ្ធិ​មនុស្ស ការ​កេង​ចំណេញ​ទន្ទ្រាន​យក​ដី​ពី​ពលរដ្ឋ​ដោយ​មិន​មាន​សំណង​សមរម្យ​យក​ទៅ​រក​ស៊ី ហើយ​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​ពលរដ្ឋ។
«សំឡេង»
ក្រុមហ៊ុន​ផលិត​ស្ករស​របស់ លោក លី យ៉ុងផាត់ បាន​ទទួល​សិទ្ធិ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ទំហំ​ជាង ៩​ពាន់​ហិកតារ បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១​ពាន់​នាក់ រស់​នៅ​ក្នុង​ភូមិ​ចំនួន​១២ ក្នុង​ឃុំ​អមលាំង ស្រុង​ថ្ពង ខេត្ត​កំពង់ស្ពឺ។ បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ បន្ត​ទាមទារ​ដី និង​សំណង​ពី​ក្រុមហ៊ុន លី យ៉ុងផាត់។
តាម​ការ​សិក្សា​របស់​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​គ្រប់គ្រង​ដី​សរុប​ជិត ២០​ម៉ឺន​ហិកតារ ក្រោម​ឆ័ត្រ​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច និង​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។ ក្រុមហ៊ុន​នេះ​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ ដុត​ផ្ទះ​សម្បែង​ពលរដ្ឋ ដាក់​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន ប៉ូលិស ប៉េអិម យាម​ការពារ និង​វាទ​យក​ដី​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ ហើយ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង។ បើ​តាម​ការ​គុណ​គូរ​ត្រួសៗ អង្គការ​នេះ​ក៏​បាន​រក​ឃើញ​ថា មាន​ពលរដ្ឋ​សរុប​ជាង ១​ម៉ឺន​គ្រួសារ រង​ផល​ប៉ះពាល់​ពី​ការ​វិនិយោគ​របស់ លោក លី យ៉ុងផាត់។
តំណាង​អ្នក​ភូមិ​អមលាំង លោក ផល វណ្ណៈ ដែល​មាន​ទំនាស់​ដី​នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករស​របស់ លោក លី យ៉ុងផាត់ មាន​ប្រសាសន៍​ថា លោក លី យ៉ុងផាត់ កំពុង​ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ខ្លួន​ទៅ​វិនិយោគ​ខុស​ពី​គោលដៅ​របស់​ម្ចាស់​បំណុល គឺ​ធនាគារ អេអិនហ្សិត ហើយ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ដី​ស្រែ​ដី​លំនៅឋាន ផ្តល់​ប្រាក់​សំណង​ដោយ​បង្ខំ ហើយ​ខ្លះ​នៅ​មិន​ទាន់​បាន​ទទួល​សំណង​នៅ​ឡើយ។
លោក​បាន​ស្នើសុំ​ឲ្យ​ធនាគារ និង​លោក លី យ៉ុងផាត់ ត្រូវ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ហើយ​ផ្តល់​សំណង​ប៉ះពាល់​សមរម្យ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ។
«សំឡេង»
ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ប៉េន វិចិត្រ នៅ​ឃុំ​អមលាំង ដែរ ឲ្យ​ដឹង​ថា ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ​នៅ​ពេល​នេះ ប្រៀប​ដូច​ជា​ធនាគារ​បាន​ហុច​ដាវ​ឲ្យ​ក្រុមហ៊ុន លី យ៉ុងផាត់ ចាក់​សម្លាប់ ហើយ​ប្លន់​ដីធ្លី​របស់​ពលរដ្ឋ។
ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ លោក លី យ៉ុងផាត់ ខ្លះ​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ខ្លះ​កំពុង​គេច​ពី​ការ​តាម​ច្បាប់​ខ្លួន។ ភាគ​ច្រើន​ពលរដ្ឋ​ទាំង​នោះ បាន​ជំពាក់​បំណុល​ធនាគារ ដោយសារ​តែ​ពួក​គេ​បាត់​បង់​មុខ​របរ​ដី​ស្រែ​សម្រាប់​ធ្វើ​កសិកម្ម ខ្លះ​ត្រូវ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​រក​ស៊ី​ក្រៅ​ប្រទេស ហើយ​ខ្លះ​ទៀត​ត្រូវ​ទៅ​ស៊ី​ឈ្នួល​កាប់​ដើម​អំពៅ ឬ​ដាំ​កៅស៊ូ​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ទាប។
លោក ប៉េន វិចិត្រ ទាមទារ​ឲ្យ​ធនាគារ អេអិនហ្សិត ដាក់​សម្ពាធ​ទៅ លោក លី យ៉ុងផាត់ ឲ្យ​ចេញ​មក​ដោះស្រាយ​សំណង​ដែល​នៅ​សេសសល់​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់ ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន។
«សំឡេង»
លោក Grant Knuckey ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ មាន​ប្រសាសន៍​ថា ខាង​ធនាគារ​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គ័រ របស់ លោក លី យ៉ុងផាត់ ឲ្យ​ដោះស្រាយ​ជាមួយ​ក្រុម​សហគមន៍​នានា និង​ឲ្យ​ពិនិត្យ​មើល​សាឡើងវិញ​នូវ​ចំណុច​មួយ​ចំនួន ដែល​ធនាគារ​បាន​ស្នើសុំ​ឲ្យ​អនុវត្ត​នូវ​កាតព្វកិច្ច​សង្គម និង​បរិស្ថាន។
លោក លី យ៉ុងផាត់ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​កាសែត​បរទេស​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​គោរព និង​អនុវត្ត​ច្បាប់ ហើយ​មិន​ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ឡើយ។
សហភាព​អឺរ៉ុប ដែល​ជា​អ្នក​បញ្ចា​ទិញ​ស្ករស​ច្រើន​ពី​ប្រទេស​កម្ពុជា កំពុង​ស៊ើប​អង្កេត​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​នៅ​ប្រទេស​កម្ពុជា។
អង្គការ​សង្គម​ស៊ីវិល​នានា បាន​រក​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ការ​អភិវឌ្ឍ​ដំណាំ​ស្ករ​អំពៅ​នៅ​កម្ពុជា មាន​ការ​កេង​ប្រវ័ញ្ច​ពលកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ស្ករស​ពី​សហគមន៍​អន្តរជាតិ បញ្ឈប់​ការ​បញ្ជា​ទិញ​ស្ករស​ពី​កម្ពុជា។
របាយការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា «ការ​ប្រមូល​ផល​ផ្អែម​តែ​ល្វីង» ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​ផ្ទះ​សម្បែង និង​ស្រែ​ចម្ការ ដោយសារ​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​របស់​ក្រុមហ៊ុន​ថៃ នៅ​ខេត្ត​កោះកុង និង​ខេត្ត​ឧត្តរមានជ័យ។
សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឧកញ៉ា លី យ៉ុងផាត់ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កសិឧស្សាហកម្ម​អំពៅ​នៅ​ខេត្ត​កោះកុង ឧត្តរមានជ័យ និង​ខេត្ត​កំពង់ស្ពឺ ដែល​ទទួល​បាន​ដី​សម្បទាន​យ៉ាង​ហោច​ណាស់ ២​ម៉ឺន​ហិកតារ ដែល​ការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ប្រឈម​នឹង​ខ្វះខាត​ស្បៀង​អាហារ ផ្ទះ​សម្បែង និង​ដី​ស្រែ​ចម្ការ​សម្រាប់​បង្កបង្កើន​ផល។
ស្រប​ពេល​ដែល​អង្គការ​សមធម៌​កម្ពុជា ចេញ​របាយការណ៍​នេះ ក្រុមហ៊ុន កូកាកូឡា ដែល​ទិញ​ស្ករស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក បាន​អះអាង​ថា នឹង​បញ្ឈប់​ការ​បញ្ជា​ទិញ​ស្ករស​ពី​ប្រទេស​ណា​មួយ​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ អង្គការ​សង្គម​ស៊ីវិល​នានា បាន​ស្វាគមន៍​ចំពោះ​សេចក្ដី​ប្រកាស​នេះ ថា​អាច​ជួយ​កាត់​បន្ថយ​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា បាន៕


No comments:

Post a Comment