វិភាគ៖ កាលៈទេសៈណាខ្លះ ដែលអាចចេញ បម្រាម ហាម ការប្រមូលផ្តុំ តវ៉ា?
ដោយ៖ ពៅ មេត្ដា | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
មន្ត្រីសង្គមស៊ីវិលជាតិ និងសហគមន៍អន្តរជាតិបានថ្កោលទោសរដ្ឋាភិបាល បន្ទាប់ចំពោះការប្រកាសសភាពអាសន្នឬ ហាមការប្រមូលផ្តុំកាលពីថ្ងៃទី៤ដោយចោទថា ធ្វើឲ្យប៉ពាល់ដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋដែលមានចែងក្នុងច្បាប់។
បន្ទាប់ពីយោធាបង្ក្រាបបន្តបន្ទាប់លើបាតុករជាកម្មករ និងបាតុកររៀបចំដោយគណបក្សសង្គ្រោះជាតិនោះ កាលពីថ្ងៃទី៤ ខែមករា ក្រសួងមហាផ្ទៃបានចេញបញ្ជាប្រកាសផ្អាករាល់ការហែក្បួន ឬប្រមូលផ្តុំការតវ៉ាបណ្តោះអាសន្ន ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ សិទ្ធិសេរីភាពនោះនឹងផ្តល់ជូនប្រជាពលរដ្ឋវិញនៅពេលស្ថានការណ៍សន្តិសុខវិលមករកសភាពដូចដើមវិញ។
ជុំវិញបទបញ្ជានេះ មានការលើកឡើងផ្ទុយគ្នារវាងមន្ត្រីរដ្ឋាភិបាល និង មន្ត្រីសង្គមស៊ីវិល។ ខាងរដ្ឋាភិបាលលើកឡើងថា បទបញ្ជាដើម្បីធានាការពារផលប្រយោជន៍ និងសន្តិសុខសង្គម ចំណែកមន្ត្រីសង្គមស៊ីវិលលើកឡើង បទបញ្ជានោះធ្វើឡើង គឺរដ្ឋាភិបាលគេចវេសពីការទទួលខុសត្រូវនៃការដោះស្រាយនូវតម្រូវការដែលប្រជាពលរដ្ឋកំពុងទាមទារ។
ការខ្វែងគំនិតគ្នានេះ ខណៈកម្ពុជាមិនទាន់មានច្បាប់ស្តីពីការដាក់ប្រទេសឋិតក្នុងសភាពអាសន្នទេ។
ដោយប្រទេសកម្ពុជាមិនទាន់មានច្បាប់ប្រកាសអាសន្ននោះ សាស្ត្រាចារ្យច្បាប់នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ប៊ុន សេង ពន្យល់ថា តាមគោលការច្បាប់ផ្សេងៗនោះ ពេលប្រកាសអាសន្នសិទ្ធិសេរីភាពមួយចំនួនត្រូវព្យួរខ្លះ។
លោក ប៊ុន សេង បន្តថាការព្យួរសេរីភាពខ្លះ ឬប្រកាសដាក់ក្នុងសភាពអាសន្ននោះ គឺត្រូវស្ថិតលើការសិក្សារបស់សភា និង នាយករដ្ឋមន្ត្រី ករណីឃើញពីស្ថានការណ៍សន្តិសុខធ្លាក់ដល់កម្រិតធ្ងន់ធ្ងរ «ពាក់ព័ន្ធទៅនឹងស្ថានភាព កាលៈទេសៈហ្នឹង អាហ្នឹងមានតែសភាហើយនិងនាយករដ្ឋមន្ដ្រីគេអាចប៉ុន្ដែគេមានកំណត់ចេះ ស្ថានភាពមិនមែនយើងចេះតែដាក់ទេ បើប្រទេសហ្នឹងមានសន្ដិសុខមានភាពវឹកវរខ្លាំងដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលកម្លាំងនគរបាលមិនអាចធានាបាទ »។
បើទោះជាកម្ពុជាមិនទាន់មានច្បាប់ពិសេសចែងពីការដកសិទ្ធិសេរីភាពខ្លះ ឬប្រកាសអាសន្ន តែក្នុងរដ្ឋធម្មនុញក៏មានលើកឡើងខ្លះទាក់ទងចំណុចនេះដែរ។
មាត្រា២២ថ្មីនៃរដ្ឋធម្មនុញ ចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិឋិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
ចំណុចនេះ មេធាវី និង ជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកយល់ឃើញថា បទបញ្ជារបស់ក្រសួងមហាផ្ទៃខុសច្បាប់ព្រោះមិនបានឆ្លងកាត់សភា និង នាយករដ្ឋមន្ត្រី ហើយព្រះមហត្សត្រមិនបានប្រកាសដោយផ្ទាល់ព្រះអង្គ។ លោក ចរិយា យល់ថា បទបញ្ជាឬ បម្រាមរបស់ក្រសួងមហាផ្ទៃនេះមិនមានន័យសម្រាប់ពលរដ្ឋអនុវត្តទេ«បម្រាបនេះគ្មាននៅ មិនត្រូវអនុវត្ដ បម្រាមនេះមិនត្រូវអនុវត្ដ ប្រជាពលរដ្ឋខ្មែរមិនត្រូវអនុវត្ដ នៅបម្រាមទាំងឡាយណាឫក៏បទបញ្ជាទាំងឡាយណាដែលផ្ទុយច្បាប់គឺគេមានសិទ្ធិមិនត្រូវអនុវត្ដ នោះវារំលោភទៅនឹងសិទ្ធិបញ្ចេញមតិ រំលោភទៅនឹងរដ្ឋធម្មនុញ្ញ ដែលស្ដីអំពីច្បាប់ធ្វើបាតុកម្ម នីតិវិធី ចឹងវារំលោភទៅហ្នឹងសិទ្ធិមូលដ្ឋានរបស់ប្រជាជនក្នុងការសម្ដែងមតិលើកក្រោយ»។
តែលោក ប៊ុន សេង បញ្ជាក់ថា ករណីមិនមានច្បាប់គឺអាជ្ញាធរអាចចេញបទបញ្ជាគ្រប់គ្រងសភាពការណ៍បណ្តោះអាសន្នប្រសិនបើករណីចាំបាច់ «កាលណាយើងមិនមានច្បាប់ហ្នឹងច្បាស់លាស់អាជ្ញាធរអាច ព្រោះគោលការណ៍ កាលណាច្បាប់អត់មានចែង អាចឲ្យអាជ្ញាធរចេញបទបញ្ជាទៅបណ្ដោះអាសន្នសិនបាន ចឹងអត់ចែង វាមានពីរ ទី១ ធ្វើក៏បាន មិនធ្វើក៏បាន ប៉ិនបើយើងយល់ថា ល្អយើងធ្វើទៅ បើមិនល្អយើងកុំធ្វើ»។
ក្នុងសន្និសីទកាលពីថ្ងៃទី១៦ ខែមករា ពេលបញ្ចប់បេសកម្មករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក សុរិយា ស៊ូប៊ែឌី លើកឡើងថា បម្រាមនោះប៉ះពាល់ដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋ។ លោកជំរុញឲ្យរដ្ឋាភិបាលបម្រាមនោះ ចេញហើយពន្យល់ពីច្បាប់ពាក់ព័ន្ធនៃការដាក់បម្រាមនោះ។
ជុំវិញបម្រាមនោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បាន ជំរុញឲ្យរដ្ឋាភិបាលលុបចោលជាបន្ទាន់ដែរ ដើម្បីសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋក្នុងការបញ្ចេញមតិឲ្យបានពេញលេញ ដូចមានចែងក្នុងរដ្ឋធម្មនុញ។
ក្រោយការចេញបម្រាមនោះ មានការឃាត់ខ្លួនតវ៉ាជាបន្តបន្ទាប់ នៅថ្ងៃទី៦ឃាត់ប្រជាសហគមន៍បឹងដែលគ្រោងតវ៉ានៅទូតបារាំង។ ថ្ងៃទី១៩ គាត់ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នៅថ្ងៃទៅ២១ ឃាត់ខ្លួនមន្ត្រីសង្កមស៊ីវិលរួមទាំងលោក រ៉ុង ឈុន និងសកម្មជនដីធ្លីសរុប១១នាក់ ពេលដាក់ញត្តិនៅទូតអាមេរិក។
មកដល់ថ្ងៃទី២៤ខែមករា ក្រសួងមហាផ្ទៃនៅមិនទាន់ប្រកាសថា បម្រាមនោះនឹងលុបចោលនៅពេលណាទេនៅឡើយ៕
No comments:
Post a Comment