AsiaCalling ៖ សាលារៀនមួយ ផ្ដល់ អាហារពេលព្រឹក ដល់ កុមារក្រីក្រ កម្ពុជា
ប្រែសម្រួលដោយ៖ នួន បូរិន និង ពៅ និកា / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2014
កុមារតម្រង់ជួរគ្នាដើម្បីទទួលបានអាហារពេលព្រឹកនៅបឋមសិក្សាវត្តរុន ស្ថិតក្នុងខេត្តសៀមរាប (រូបភាពពី AsiaCalling)
នៅក្នុងប្រទេសកម្ពុជា កុមារស្ទើរតែ៤០%មានបញ្ហាកង្វះខាតអាហារូបត្ថម្ភយ៉ាងរ៉ាំរ៉ៃ។
ដោយសារតែភាពក្រីក្រមានកម្រិតខ្ពស់ គ្រួសារភាគច្រើនមិនមានលទ្ធភាពទទួលទានអាហារដែលមានជីវជាតិនោះទេ។ តែសិស្សថ្នាក់បឋមសិក្សាមួយចំនួន មានសំណាងល្អ ដោយសារតែពួកគេទទួលបានអាហារពេលព្រឹក ដែលផ្តល់ឲ្យដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ នៅសាលារៀនរបស់ពួកគេ។
Citra Prastuti បានធ្វើដំណើរទៅសាលារៀនមួយកន្លែងនៅខេត្តសៀមរាប ដែលទទួលបានអាហារពេលព្រឹក ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។
វាម៉ោង៦ព្រឹកនៅបឋមសិក្សាវត្តរុន (Wat Run) ដែលស្ថិតនៅឃុំរុនទឹក (Run Taek) ដែលមានចំងាយ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
សិស្សឈរតម្រង់ជួរយ៉ាងវែងដើម្បីរង់ចាំ ដោយពួកគេម្នាក់ៗមានកាន់ចានគោមទទេរមួយ។ តែពួកគេត្រូវរង់ចាំយូរបន្តិច ខណៈដែលចុងភៅកំពុងមមាញឹករៀបចំអាហារពេលព្រឹកឲ្យពួកគេ។ ពួកគេមិនមែនជាចុងភៅអាជីពនោះទេ តែកសិករក្នុងស្រុកទាំងនេះ បានទទួលការបណ្តុះបណ្តាលពីសាលាដើម្បីចំអិនអាហារ ដែលមានជីវជាតិដល់កុមារ។
ចុងភៅម្នាក់ដែលមានឈ្មោះថា ហាហាវ(Hah Hav) ប្រាប់យើងពីអាហារដែលពួកគេកំពុងរៀបចំឲ្យកុមារសម្រាប់ថ្ងៃនេះ «យើងដាំទឹកដើម្បីធ្វើស៊ុប ដាក់សណ្តែកពណ៌លឿងមួយចំនួនចូល បន្ទាប់មកដាក់ត្រីចូល»។
ក្នុងនាមជាចុងភៅម្នាក់ លោកហាហាវទទួលបានអង្ករ១៥គីឡូក្រាមក្នុងមួយខែ សម្រាប់ការចូលរួមរបស់គាត់។
ពេលនេះ អាហារពេលព្រឹកបានរៀបចំរួចរាល់ហើយ។ សិស្សដែលរៀននៅថ្នាក់ខ្ពស់ៗ កំពុងនាំគ្នាជួយដួសអាហារពេលព្រឹក ចែកឲ្យអ្នកគ្រប់ៗគ្នា។
សិស្សថ្នាក់ទីមួយម្នាក់ គឺកុមារី រម្យ ស្រីធាប(Rorm Shrey Theab) អាយុ៦ឆ្នាំ ចាប់ផ្តើមញ៉ាំអាហារពេលព្រឹករបស់នាងនៅក្នុងថ្នាក់រៀន។ ជាទូទៅ នាងមិនដែលញ៉ាំអាហារពេលព្រឹកទេនៅផ្ទះ។ គ្រួសាររបស់នាងក្រីក្រខ្លាំងណាស់ ក្នុងការផ្តល់អាហារពេលព្រឹក ដល់គ្រួសាររបស់នាងដែលមានគ្នា៥នាក់ «ខ្ញុំចូលចិត្តញ៉ាំអាហារពេលព្រឹក ខ្ញុំញ៉ាំអាហារពេលព្រឹកនៅសាលារៀន។ អាហារពេលព្រឹកដែលខ្ញុំចូលចិត្តជាងគេ គឺបាយ»។
នៅទូទាំងប្រទេសកម្ពុជា មានសាលារៀនជាង១០០០កន្លែងដែលមានកម្មវិធីផ្តល់អាហារពេលព្រឹកបែបនេះ។
នេះជាផ្នែកមួយនៃកម្មវិធីអាហារសាលារៀន ដែលឧបត្ថម្ភដោយកម្មវិធីស្បៀងអាហារពិភពលោក ដែលបានដំណើរការក្នុងប្រទេសអស់រយៈពេលជាង១០ឆ្នាំមកហើយ។
អ្នកនាង គង់ កន្និដ្ឋា(Kanitha Kong) មកពីកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា មានសាលារៀនតែមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស «យើងជ្រើសរើសសាលារៀន ដោយផ្អែកលើសុច្ចនករនៃភាពក្រីក្រ និងសុច្ចនករនៃការអប់រំនៅទីនោះ។ នេះមានន័យថា កម្រិតនៃជ្រើសរើសនៅទាបនៅឡើយ កម្រិតខ្ពស់នៃការឈប់រៀន ការរៀនត្រួតថ្នាក់ខ្ពស់ និងធាតុពិតដែលថាមានសិស្ស ដែលបោះបង់ចោលសាលារៀនច្រើន ដែលរស់នៅជុំវិញនេះ។ ដូច្នេះប្រភេទនៃសាលារៀននេះ បានទាក់ទាញក្មេងៗឲ្យមកសាលារៀន»។
កម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណង ដើម្បីដោះស្រាយបញ្ហាអត់ឃ្លានរយៈពេលខ្លី និងដើម្បីលើកកម្ពស់សមត្ថភាពសិក្សា របស់សិស្សានុសិស្ស។
នៅរៀងរាល់ព្រឹក កម្មវិធីស្បៀងអាហារពិភពលោកបានផ្តល់ជាអង្ករ ត្រីខកំប៉ុង ប្រេងឆាបន្លែ និងអំបិល សម្រាប់សិស្ស។
សាលារៀននីមួយៗត្រូវរៀបចំផ្ទះបាយ និងឃ្លាំង ដើម្បីរក្សាទុកសម្ភារផ្គត់ផ្គង់ទាំងនេះ ហើយសហគមន៍នឹងផ្តល់អ្នកស្ម័គ្រចិត្តក្នុងការចំអិនអាហារ។
គ្រូបង្រៀនថ្នាក់ទី៥ម្នាក់ គឺអ្នកគ្រូសោម ងួន(Soam Nguon) និយាយថា កម្មវិធីនេះផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ «ជាមួយកម្មវិធីនេះ សិស្សមកសាលារៀនលឿន ដើម្បីញ៉ាំអាហារពេលព្រឹក ហើយបន្ទាប់មក យើងអាចចាប់ផ្តើមរៀនដោយគ្មានការរំខាន។ សកម្មភាពនេះ ក៏អាចជួយកាត់បន្ថយតំលៃ នៃការចំអិនអាហារពេលព្រឹកសម្រាប់ក្រុមគ្រួសារនៅឯផ្ទះ»។
សូមអរគុណចំពោះកម្មវិធីនេះ ដោយបច្ចុប្បន្ននេះ វាមានការធ្លាក់ចុះនូវអត្រាបោះបង់ចោលការសិក្សា។
នាយកសាលា លោកសៀក វុទ្ធី(Seak Vuthy) បាននាំខ្ញុំទៅមើលសួនច្បារសាលារៀន ដែលពួកគេបានដាំសណ្តែកគួរ ត្រកួន និងបន្លែផ្សេងៗទៀត។
រហូតមកដល់ពេលនេះ សាលារៀននេះបានដំណើរការកម្មវិធីផ្តល់អាហារពេលព្រឹក ដោយឥតគិតថ្លៃ អស់រយៈពេល៥ឆ្នាំហើយ ហើយកម្មវិធីនេះក៏គ្រោងនឹងបង្កើតកម្មវិធីដំណាំបន្លែដើម្បីផ្គត់ផ្គង់ខ្លួនឯងផងដែរ «ប្រសិនបើគ្មានការជួយគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក វាលំបាកណាស់ ក្នុងការដំណើរការកម្មវិធីនេះ។ យើងបានទទួលការគាំទ្រពីសហគមន៍ តែវាមិនទៀងទាត់ ឬមានស្ថិរភាពនោះទេ។ តែជាមួយជំនួយគាំទ្រនេះ យើងអាចធ្វើកម្មវិធីនេះរៀងរាល់ថ្ងៃសម្រាប់ក្មេងៗរបស់យើង»។
កម្មវិធីអាហារពេលព្រឹក បានផ្តល់អត្ថប្រយោជន៍ដល់សិស្សបឋមសិក្សា ជាង៤៥០០០០នាក់ នៅទូទាំងប្រទេស។
នៅថ្ងៃអនាគត រដ្ឋាភិបាលនឹងគ្រប់គ្រងកម្មវិធីនេះ ហើយគេគ្រោងនឹងបង្កើតកម្មវិធីផ្តល់ចំណីអាហារថ្នាក់ជាតិនៅតាមសាលារៀន។
តែលោក អ៊ូពុទ្ធសាវ៉ាន់(Ou Putt Savan) អនុប្រធានក្រសួងអប់រំប្រចាំនៅខេត្តសៀមរាប មានប្រសាសន៍ថា កម្មវិធីដែលគ្រប់គ្រងដោយរដ្ឋនេះ នឹងមិនកើតឡើងឆាប់ៗនោះទេ «ច្បាស់ណាស់ កម្មវិធីនេះអាចដំណើរការបានដោយរដ្ឋាភិបាល តែវាត្រូវការពេលវេលាបន្តិច អាចនិយាយថាប្រហែលត្រូវការពេល៥ឆ្នាំ»។
រហូតមកដល់ពេលនេះ រម្យ ស្រីធៀប និងមិត្តភ័ក្ត្ររបស់នាង នៅតែអាចទទួលបានអាហារពេលព្រឹក ដោយឥតគិតថ្លៃ៕
អត្ថបទដកស្រង់ពីកម្មវិធីព័ត៌មានអន្តរជាតិ Asia Calling
No comments:
Post a Comment