អន្តរជាតិ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់ អាក្រក់ ខាង អសន្តិសុខ និងគ្មានសុវត្ថិភាពស្បៀង
លទ្ធផលស៊ើបអង្កេតជាច្រើនបានអះអាងផ្ទុយពីការរកឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានបង្ហាញថា ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៧% ក្នុងមួយឆ្នាំ និងល្បឿននៃការកាត់បន្ថយភាពក្រីក្រវិញ បានថយចុះមកត្រឹម២០%។
ការស៊ើបអង្កេតរបស់ស្ថាប័នធំចំនួនពីរ គឺស្ថាប័នស្រាវជ្រាវដែលហៅកាត់ជាភាសាអង់គ្លេស អ៊ី.អាយ.យូ (EIU) និងរបាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនឯកជនមួយរបស់សហរដ្ឋអាមេរិក មានឈ្មោះថា ហ្កាឡុប (Gallup) រកឃើញថា កម្ពុជា ជាប្រទេសដែលមានអ្នកងាយរងគ្រោះខ្លាំង។
របាយការណ៍សន្តិសុខស្បៀងសកលរបស់ អ៊ី.អាយ.យូ បានរកឃើញថា តម្លៃស្បៀងអាហារនៅលើពិភពលោកបានកើនឡើងប្រមាណបីដង ខ្ពស់ជាងតម្លៃអតិផរណានៅទសវត្សរ៍ចុងក្រោយនេះ មានន័យថា តម្លៃស្បៀងអាហារបានកើនឡើង ១៣៨% កំឡុងពេល១០ឆ្នាំចុងក្រោយ ប៉ុន្តែតម្លៃអតិផរណាបានឡើងតែ ៤៦% ប៉ុណ្ណោះ។ កត្តានេះ បានធ្វើឲ្យប្រជាជនច្រើនលាននាក់ធ្លាក់នៅក្នុងភាពក្រីក្រ។ ហើយប្រភេទនៃទំនិញកសិកម្មមូលដ្ឋាន ដែលជាតម្រូវការសំខាន់សម្រាប់ប្រជាជនទូទៅ មានការកើនឡើងខ្ពស់ គឺថ្លៃពោត សណ្ដែក ស្រូវសាលី និងអង្ករជាដើម។
ប្រទេសកម្ពុជា មានអត្រាអតិផរណារបស់កម្ពុជា មានអត្រា ៤% ដែលបានមកពីការវាស់វែងទំនិញ ១៦០ប្រភេទ ប៉ុន្តែប្រភេទទំនិញដែលធ្វើអត្រាអតិផរណាកើនឡើង គឺទំនិញប្រើប្រាស់មូលដ្ឋាន ឬម្ហូបអាហារ។
របាយការណ៍ដដែលបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានអសន្តិសុខស្បៀងខ្លាំងស្ថិតនៅលំដាប់លេខ ៨៩ ក្នុងចំណោមប្រទេស ១០៥ លើពិភពលោក មានន័យថា ប្រទេសកម្ពុជា កង្វះខាតស្បៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ហើយប្រទេសកម្ពុជា ជាប្រទេសងាយរងគ្រោះជាងគេ បើធៀបនឹងប្រទេសវៀតណាម ថៃ និងភូមា ឬមីយ៉ាន់ម៉ា។
ក្រៅពីរបាយការណ៍នេះ ការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវរបស់អាមេរិក ប្រចាំឆ្នាំ២០១៣ ឈ្មោះ ហ្កាឡុប បានរកឃើញថា កម្ពុជា ជាប្រទេសដែលមានប្រជាពលរដ្ឋរស់នៅរងទុក្ខវេទនាខ្លាំងជាងគេ ចំណោមប្រទេស ១៤៣ លើពិភពលោក។ ការស្រាវជ្រាវដដែលបានពន្យល់ថា ប្រជាពលរដ្ឋដែលរស់នៅវេទនា គឺជាក្រុមមនុស្សដែលខ្វះខាតអាហារប្រចាំថ្ងៃ គ្មានជម្រក និងបាក់ទឹកចិត្តក្នុងការតស៊ូក្នុងការរស់នៅប្រចាំថ្ងៃ។
ឆ្លើយតបទៅនឹងការរកឃើញរបស់ស្ថាប័នស្រាវជ្រាវអន្តរជាតិនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា មានប្រសាសន៍ថា លោកមិនទទួលបានរបាយការណ៍ស្រាវជ្រាវនោះនៅឡើយទេ ប៉ុន្តែលោកបញ្ជាក់ថា អ្នករងគ្រោះកើតឡើងដោយសារតែអ្នកនយោបាយ៖ «ខ្ញុំអត់ទាន់ឃើញរបាយការណ៍ទេ តែខ្ញុំយល់ថា ប្រហែលគ្មានប្រទេសណាដែលឆ្លងកាត់បញ្ហាដូចកម្ពុជា ហើយ ជៀសផុតដូចកម្ពុជា ឡើយ។ ហើយសូម្បីថៃ នៅជិតយើង យើងឃើញហើយ។ និយាយយ៉ាងដូច្នេះ មិនមែនខ្ញុំចង់ឃើញគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋយើងទេ។ ខ្ញុំសោកស្ដាយណាស់ ខ្ញុំបាននិយាយហើយ ខ្ញុំថា អ្នកនយោបាយទាំងអស់ត្រូវមានសីលធម៌នយោបាយ។ ដូច្នេះ ការតវ៉ាអ្វីក៏ដោយ ត្រូវធ្វើតាមក្របខ័ណ្ឌច្បាប់ កុំឲ្យមានបញ្ហាអីកើតឡើង តែកើតឡើង អ្នករងគ្រោះ គឺប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីការរកឃើញរបស់ស្ថាប័នអន្តរជាតិនេះ ក៏មានការរកឃើញរបស់ស្ថាប័នស្រាវជ្រាវអភិវឌ្ឍន៍រួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) ថាចំនួនអ្នករងគ្រោះនៅកម្ពុជា ហាក់កើនឡើងពីដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។ ក្រុមអ្នកងាយរងគ្រោះនៅកម្ពុជា បានរកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋបួនក្រុម ទីមួយ ប្រជាពលរដ្ឋមិនអាចរកចំណូលបាន ៥ពាន់រៀលក្នុងមួយថ្ងៃ ដែលមានចំនួនប្រមាណ ៦លាននាក់។ ទីពីរ ក្រុមយុវជនដែលចូលក្នុងទីផ្សារការងារប្រមាណ ៣០ម៉ឺននាក់។ ទីបី ក្រុមកម្មកររោងចក្រដែលទាមទារដំឡើងប្រាក់ខែ ដើម្បីរស់នៅសមរម្យមានចំនួនយ៉ាងហោចណាស់ ៥០ម៉ឺននាក់ និងទីបួន ក្រុមអ្នកងាយរងគ្រោះពីគម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
តាមការប៉ាន់ស្មានដោយស្ថាប័នស្រាវជ្រាវអភិវឌ្ឍន៍ទាំងនោះ បានបង្ហាញថា កម្ពុជា មានក្រុមអ្នកងាយរងគ្រោះប្រមាណ ១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុបជាង ១៤លាននាក់។
បន្ថែមលើនេះ ការរកឃើញរបស់ធនាគារពិភពលោក កន្លងទៅបង្ហាញថា គ្រួសារជាច្រើនរងទុក្ខលំបាកដោយសារតែជំងឺ។ គ្រួសារដែលមានដីប្រមាណ ៤០% បានបាត់បង់ដីដោយសារតែវិបត្តិសុខភាព។ ការរកឃើញនោះបានបង្ហាញទៀតថា អ្នកក្រីក្រកាន់តែក្រទៅ រីឯអ្នកមានកាន់តែមានឡើង ពីព្រោះអ្នកក្ររកស៊ីចិញ្ចឹមអ្នកមាន ហើយអ្នកក្រីក្រពិបាករំដោះខ្លួនចេញពីភាពក្រីក្រ ដោយសារតែគ្មានដី និងគ្មានដើមទុន។
អ្នកឯកទេសកាត់បន្ថយភាពក្រីក្ររបស់ធនាគារពិភពលោក ប្រចាំកម្ពុជា លោក នាក់ សមសែន បានអះអាងថា ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៣លាននាក់ ជាក្រុមអ្នកងាយធ្លាក់ចូលទៅក្រុមប្រជាពលរដ្ឋក្រីក្រ នៅពេលដែលគាត់បាត់បង់ចំណូលប្រមាណ ១ពាន់រៀលក្នុងមួយថ្ងៃ។
បន្ថែមលើការលើកឡើងនេះ ធនាគារពិភពលោក បានធ្វើការសម្ភាសប្រជាពលរដ្ឋជាក្រុម។ ពួកគេបានលើកឡើងថា ភាពខុសគ្នាលើការចែករំលែកផលពីកំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យមានអ្នករងគ្រោះច្រើន ដោយសារតែបុគ្គលដែលមានខ្នងធំ មានឱកាសសេដ្ឋកិច្ចខ្លាំង ហើយច្រើនធ្វើខុសច្បាប់នៅកម្ពុជា៕
No comments:
Post a Comment