ជម្លោះដីធ្លី រវាង ពលរដ្ឋ និងក្រុមហ៊ុន វៀតណាម នៅខេត្តរតនគិរី
នៅឯស្រុកកូនមុំអ្នកភូមិអះអាងថា រោងចក្រកែច្នៃឈើមួយដែលប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ហ័ងអាញ់ អណ្ដូងមាស (Hoang Anh Andong Meas) បានហ៊ុមព័ទ្ធយកដី ១០ហិកតារ ដែលសហគមន៍ប្រើប្រាស់ជាតំបន់ដីសមូហភាពត្រៀមបម្រុង។
សេចក្តីព្រួយបារម្ភ និងកង្វល់កើតមានជាថ្មី ខណៈដីរបស់អ្នកភូមិ ២០គ្រួសារ នៅភូមិបី ឃុំស្រែអង្ក្រង ស្រុកកូនមុំ ត្រូវបានគេហ៊ុមព័ទ្ធដោយរបងស័ង្កសី កាលពីប៉ុន្មានសប្ដាហ៍មុននេះ។
តំណាងប្រជាពលរដ្ឋ លោក ប៊ុន ខាំហ្វន កត់សម្គាល់ថា ការធ្វើរបងហ៊ុមព័ទ្ធដីប៉ះពាល់ផ្លូវធ្វើដំណើររបស់អ្នកភូមិទៅស្រែចម្ការ និងប៉ះពាល់ដីតំបន់ចិញ្ចឹមសត្វពាហនៈអ្នកភូមិ។ លោកថ្លែងថា សហគមន៍មិនទទួលបានការពិគ្រោះយោបល់ស្ដីពីការកាត់ផលប៉ះពាល់ក្នុងការផ្តល់ដីសម្បទាននៅតំបន់អ្នកភូមិអភិរក្សទៅឲ្យក្រុមហ៊ុននោះឡើយ។ ហេតុនេះ ការហ៊ុមព័ទ្ធលើដីសមូហភាពសហគមន៍ គឺជាការរំលោភសិទ្ធិសហគមន៍៖ «ប្ដឹងឡើងបីសាហើយ បញ្ហាដែលរំលោភបិទរបងផ្លូវគោក្របីប្រជាជនរស់នៅណា! វាងយកដីប្រជាពលរដ្ឋទុកឲ្យគោក្របីរកស៊ី ដោះស្រាយម៉េចគេចុះមកឃាត់ដែរ ប៉ុន្តែមិនឃើញឈប់ធ្វើ នៅតែធ្វើ»។
កាលពីចុងសប្ដាហ៍មុន តំណាងអ្នកភូមិបានស្វែងរកកិច្ចគាំពារផ្នែកសិទ្ធិមនុស្ស បន្ទាប់ពីអ្នកភូមិបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ពីការទន្ទ្រានកាន់កាប់ដីសហគមន៍ ប៉ុន្តែមិនឃើញមានដំណោះស្រាយ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែមករា មិនអាចទាក់ទងតំណាងក្រុមហ៊ុន ហ័ងអាញ់ អណ្ដូងមាស អធិប្បាយការចោទប្រកាន់របស់ពលរដ្ឋបានទេ ក៏ប៉ុន្តែឆ្លើយបំភ្លឺករណីចោទប្រកាន់នេះ អ្នកទទួលខុសត្រូវរោងចក្រកែច្នៃ សុំមិនឲ្យបញ្ចេញឈ្មោះអះអាងថា ដី ១០ហិកតារ ដែលម្ចាស់រោងចក្រហ៊ុមព័ទ្ធ គឺក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យក្រុមហ៊ុន ហ័ងអាញ់ ខ្ចីមានចែងក្នុងអាជ្ញាប័ណ្ណកាលពីឆ្នាំ២០១២។ លោកបដិសេធថាមិនបានរំលោភសិទ្ធិពលរដ្ឋអ្វីនោះឡើយ។ ផ្ទុយទៅវិញ គឺប្រជាពលរដ្ឋទេដែលបានក្រសោបកាន់កាប់ដីហួសការកំណត់៖ «គាត់ប្ដឹងហ្នឹងគាត់ខុសខ្លួនគាត់ តាមពិតដី ១០ហិកតារហ្នឹង ក្រុមហ៊ុនហ្នឹងបានខ្ចីពីក្រសួងបរិស្ថាន ហើយមាន ស.ជ.ណ ចេញពីឯកឧត្តម ម៉ុក ម៉ារេត ឯកសារហ្នឹងខ្ញុំបានយកទៅឲ្យលោកមេឃុំ និងប៉ុស្តិ៍ប៉ូលិសរដ្ឋបាលអស់ហើយ»។
ផ្ទុយពីការលើកឡើងនេះ មេឃុំស្រែអង្ក្រង លោក ឈឹម សុឃឹម បានហៅការហ៊ុមព័ទ្ធដីសហគមន៍ថាជាអំពើរំលោភរបស់ម្ចាស់រោងចក្រកែច្នៃ ដែលទទួលសិទ្ធិប្រមូលឈើពីការឈូសឆាយក្នុងដីសម្បទាន។ លោកបញ្ជាក់ថា តំណាងក្រុមហ៊ុន ហ័ងអាញ់ អណ្ដូងមាស បានកាត់ចេញដី ១០ហិកតារ នោះមកសហគមន៍វិញហើយ ប៉ុន្តែម្ចាស់រោងចក្រកែច្នៃបែរជាធ្វើរបងហ៊ុមព័ទ្ធយកដីប្រជាពលរដ្ឋដោយបំពាន។ ករណីនេះ លោកបានធ្វើរបាយការណ៍ជូនអាជ្ញាធរស្រុករួចហើយ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៖ «អត់ត្រឹមត្រូវទេ បើគាត់យកអស់រកកន្លែងគ្នាដើរគ្មាន ហើយមិនឲ្យយើងចូលទៀតដោយមានព័ទ្ធដែកស័ង្កសីតែម្តង។ ក្រុមហ៊ុន ហ័ងអាញ់ លំផាត់ គាត់អត់បានយក គាត់បានប្រគល់មកខាងពួកខ្ញុំវិញ។ ខ្ញុំមានកំណត់ហេតុត្រឹមត្រូវ ប៉ុន្តែគាត់អត់គោរព គាត់ចេញពីសាលាឃុំទៅ គាត់បញ្ជាឲ្យកម្មករធ្វើតែម្តង។ អ៊ីចឹង ខ្ញុំធ្វើពាក្យដាក់ទៅស្រុក ប៉ុន្តែស្រុកមិនទាន់បានចុះមកដោះស្រាយ ទើបបញ្ជូនទៅប៉ុន្មានថ្ងៃនេះ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ បានចុះអង្កេតដល់ទីតាំងកើតហេតុ បន្ទាប់ពីតំណាងសហគមន៍បានដាក់ពាក្យប្ដឹងសុំកិច្ចគាំពារផ្នែកសិទ្ធិមនុស្ស។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី សង្កេតឃើញថា ដីដែលរោងចក្រហ៊ុមព័ទ្ធរបងមួយផ្នែក ជាដីសម្រាប់លំនៅឋាន ដីស្រែ និងទួលចិញ្ចឹមសត្វរបស់អ្នកភូមិដែលឋិតនៅជាប់បរិវេណរោងចក្រកែច្នៃ។ លោកចាប់អារម្មណ៍ថា គោលការណ៍ផ្តល់ដីសម្បទានរបស់រាជរដ្ឋាភិបាល កំណត់ឲ្យសិក្សាកាត់ផលប៉ះពាល់ និងរក្សាទុកដីត្រៀមបម្រុងជូនប្រជាពលរដ្ឋ។ ហេតុនេះ ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ គួរចាត់វិធានការដោះស្រាយបញ្ហាជាមួយសហគមន៍ ដើម្បីបញ្ចប់នូវការទន្ទ្រានកាន់កាប់ដីសហគមន៍ដោយបំពានច្បាប់ ពីព្រោះប្រពៃណីសហគមន៍ជនជាតិដើមភាគតិច គឺរស់នៅអាស្រ័យដីធ្លីសមូហភាព ជាពិសេសដីត្រៀមបម្រុងរបស់អ្នកភូមិ៖ «ជារឿងដែលរាជរដ្ឋាភិបាលដែលគាត់មានគោលនយោបាយពីមុនមក ដើម្បីកាត់ផលប៉ះពាល់ចេញ ព្រោះយើងគិតថា ការរស់នៅរបស់ប្រជាពលរដ្ឋ សង្ឃឹមលើដីធ្លី ផ្ទះសម្បែង ឬដីចម្ការហ្នឹងហើយ បើយើងផ្តល់សម្បទាន ហើយជាន់ទៅលើដីប្រជាពលរដ្ឋរស់នៅ យើងត្រូវតែឆ្វៀលកាត់ផលប៉ះពាល់ចេញ»។
កាលពីចុងខែធ្នូ កន្លងទៅ ជនជាតិដើមភាគតិចចម្រុះជាង ២០០នាក់ បានប្រារព្ធសមាជលើកដំបូងរបស់ខ្លួននៅស្រុកអូរជុំ ខេត្តរតនគិរី ដើម្បីបង្ហាញពីកង្វល់ និងការប្រឈមទៅនឹងការទន្ទ្រានចូលកាន់កាប់ដីធ្លីសហគមន៍ និងការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុន ដោយមិនបានពិគ្រោះយោបល់ជាមួយជនជាតិដើមភាគតិច ដែលមានជំនឿប្រពៃណីលើព្រៃឈើ ជាពិសេសជនជាតិដើម គឺជាអ្នកបានរួមចំណែកថែរក្សាគ្រប់គ្រង និងអាស្រ័យផលពីអនុផលព្រៃឈើច្រើនជំនាន់មកហើយ។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញជនជាតិដើមភាគតិចខេត្តរតនគិរី លោក ទេព បូរិន ថ្លែងថា ច្រើនឆ្នាំកន្លងទៅនេះ ការទន្ទ្រានកាន់កាប់ដីធ្លីតំបន់ជនជាតិដើមភាគតិចមានច្រើនករណី និងមានទ្រង់ទ្រាយធំ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញការទន្ទ្រាននេះបានប្រែក្លាយរូបភាពតាមរយៈការទិញលក់ដីកម្មសិទ្ធិឯកជនរបស់សហគមន៍។ លោកផ្តល់យោបល់ថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធមានតួនាទីសំខាន់ក្នុងការឃ្លាំមើល និងចូលរួមលុបបំបាត់ការទន្ទ្រានចូលកាន់កាប់ដីសហគមន៍ តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល ទាក់ទិនបញ្ហាដីធ្លីនេះ៖ «ដើរទៅតាមកិច្ចសន្យា ឬអនុវត្តតាមកិច្ចសន្យាហ្នឹង ឃើញថា វាអាចកាត់បន្ថយបាននូវជម្លោះមួយចំនួនធំ ហើយបន្ទាប់មក យើងរង់ចាំអង្កេតមើលត្រួតពិនិត្យមើលឲ្យបានហ្មត់ចត់ថែមទៀត ចំពោះក្រុមហ៊ុនណាដែលមិនអនុវត្តតាមកិច្ចសន្យាផ្តល់ដីសម្បទាន អាចធ្វើជារបាយការណ៍ ឬការស្នើសុំទៅរដ្ឋាភិបាលវិញ ឲ្យពិចារណាទៅលើថា បន្ត ឬត្រូវលុបចោលអ៊ីចឹងណា!»។
ទោះជាយ៉ាងនេះក្តី កង្វល់ស្ដីពីការទន្ទ្រានចូលកាន់កាប់ដីធ្លីជនជាតិដើមភាគតិច ក្រុមសហគមន៍បានទទូចសុំច្រើនលើកទៅប្រមុខរាជរដ្ឋាភិបាល ស្ថាប័នក្រសួងពាក់ព័ន្ធ និងមន្ត្រីអង្គការជាតិអន្តរជាតិ រួមគ្នាដោះស្រាយឲ្យបានឆាប់ ដើម្បីផ្តល់សិទ្ធិពេញលេញក្នុងការរស់នៅចិញ្ចឹមជីវិត អភិវឌ្ឍសហគមន៍ឲ្យបានប្រសើរ៕
No comments:
Post a Comment