ពន្ធនាគារ ត្រពាំងផ្លុង ពង្រាយ ទាហាន ជិត១០០នាក់ ខ្លាចមាន បាតុកម្ម ក្នុងពន្ធនាគារ
មន្ត្រីអង្គការសង្គមស៊ីវិល ឲ្យដឹងថា ឆ្មាំពន្ធនាគារត្រពាំងផ្លុង បន្តអនុញ្ញាតឲ្យគ្រួសារ និងមេធាវីជនជាប់ចោទទាំង ២៣នាក់ ចូលជួបសួរសុខទុក្ខពួកគេនៅក្នុងពន្ធនាគារ។ ប៉ុន្តែ ក្រុមទាហានបែរជាច្រឡំថា មានការធ្វើបាតុកម្មនៅក្នុងពន្ធនាគារ រហូតពង្រាយកម្លាំងប្រមាណជិត ១០០នាក់ ឲ្យត្រៀមការពារនៅមុខ និងក្នុងពន្ធនាគារយ៉ាងតឹងរ៉ឹង។
មន្ត្រីបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ (Licadho) លោក អំ សំអាត ឲ្យដឹងថា ក្រុមទាហានមានកម្លាំង ៧០ ទៅ ៨០នាក់នៅខាងមុខពន្ធនាគារ ហើយខ្លះនៅក្នុងបរិវេណពន្ធនាគារ តាំងពីវេលាថ្ងៃត្រង់រហូតដល់ម៉ោង ៤រសៀល ទើបរំសាយ បន្ទាប់ពីខាងពន្ធនាគារសម្រេចផ្អាកការចូលជួបសួរសុខទុក្ខ។
ជុំវិញករណីនេះ ប្រធានពន្ធនាគារត្រពាំងផ្លុង លោក គៀ សុវណ្ណា មានប្រសាសន៍ថា ខាងពន្ធនាគារមិនរារាំងការចូលសួរសុខទុក្ខពីក្រុមគ្រួសារ និងមន្ត្រីអង្គការសង្គមស៊ីវិលទេ។ តែនៅថ្ងៃទី៩ មករា នេះមានមន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីអង្គការកាកបាទក្រហម ខាងគណៈមេធាវី មេធាវី និងគ្រូពេទ្យអង្គការ សង្គមស៊ីវិល និងក្រុមគ្រួសារជាច្រើន បានសម្រុកចូលសួរសុខទុក្ខព្រមៗគ្នាក្នុងពេលតែមួយ ដែលធ្វើឲ្យខាងឆ្មាំពន្ធនាគារពិបាកគ្រប់គ្រង ដូច្នេះទើបផ្អាកការចូលសួរសុខទុក្ខមុនម៉ោងកំណត់។ ប៉ុន្តែ ខាងពន្ធនាគារនឹងអនុញ្ញាតឲ្យជួបសួរសុខទុក្ខវិញនៅព្រឹកថ្ងៃទី១០ មករា តទៅ៖ «សួរសុខទុក្ខហ្នឹងមានអី ប៉ុន្តែឲ្យមកម្តងមួយម្តងពីរអីមក លែងមកទាំងឡានៗអ៊ីចឹង ខ្ញុំបារម្ភដែរការគ្រប់គ្រង»។
ប្រធានពន្ធនាគាររូបនេះបញ្ជាក់ថា គ្រូពេទ្យប្រចាំនៅពន្ធនាគារ សហការជាមួយគ្រូពេទ្យអង្គការលីកាដូ ដើម្បីជួយព្យាបាលជំងឺដល់ពួកគេ ហើយខាងពន្ធនាគារមានភារៈរក្សាសន្តិសុខ សុវត្ថិភាព សុខភាពដល់ពួកគេឲ្យបានល្អ ខណៈពួកគេនៅក្នុងពន្ធនាគារ។ ចំណែកការចោទប្រកាន់ថា មានទោស ឬគ្មាននោះ ជាសិទ្ធិរបស់តុលាការ។
គ្រូពេទ្យប្រចាំអង្គការលីកាដូ លោក ខាត់ អាន ឲ្យដឹងថា ក្នុងចំណោម ២៣នាក់នោះ មាន ២០នាក់រងរបួសធ្ងន់ និងស្រាល ក្នុងនោះមាន ៩នាក់ ស្ថានភាពជំងឺហាក់ធូរស្រាលច្រើន។ រីឯ ១១នាក់ផ្សេងទៀត ស្ថានភាពរបួសឃើញប្រសើរជាងមុន និងវិវឌ្ឍន៍ទៅជាសះស្បើយក្នុងរយៈពេលប្រមាណ ១០ថ្ងៃទៀត ប្រសិនបើបានការព្យាបាល និងមានថ្នាំសង្កូវលេបគ្រប់គ្រាន់៖ «ស្ថានភាពដែលធ្ងន់ធ្ងរខ្លាំង វាអត់មាន។ លោក វន់ ពៅ គាត់បានធូរហើយ របួសគាត់ គឺបានកាត់ចែសខ្លះ ប្រហែល ២ ទៅ ៣ថ្ងៃទៀត គេត្រូវកាត់ទាំងអស់ គាត់បានធូរស្បើយ។ ខ្ញុំឲ្យថ្នាំគាត់ គាត់នឹងបានប្រសើរ»។
កម្លាំងរដ្ឋាភិបាលមានកងរាជអាវុធហត្ថ ប៉ូលិស និងទាហានប្រដាប់ដោយកាំភ្លើង ខែល ដំបង និងបំពង់ទីប បានបាញ់ និងវាយទៅលើកម្មករដែលប្រើដុំថ្មជាអាវុធ គប់តបតប្រឆាំងនឹងកម្លាំងអាជ្ញាធរ កាលពីថ្ងៃទី២ ទី៣ មករា បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជិត ៤០នាក់លើផ្លូវវ៉េងស្រេង ហើយមានការចាប់ខ្លួន ២៣នាក់ ពីបទបង្កហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ក្នុងនោះមានអ្នកការពារសិទ្ធិមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក។
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ស៊ីដ (NGO-CEDAW) បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៩ មករា អំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាល ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី កុំប្រើអំពើហិង្សា និងសូមឲ្យដោះលែងមនុស្សទាំង ២៣នាក់នោះជាបន្ទាន់។
អង្គការស៊ីដ ក៏សុំឲ្យមានការបើកការស៊ើបអង្កេតជាសាធារណៈ ដើម្បីស្វែងរក និងធ្វើការកាត់ទោសដល់អ្នកប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចជាការបញ្ជាឲ្យបាញ់គ្រាប់ពិតលើពលរដ្ឋ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់៕
No comments:
Post a Comment