Paris Peace Accords 23 Oct. 1991

Monday, January 27, 2014

ពលរដ្ឋ​ខ្មែរ​ នៅ​កាណាដា​ ធ្វើ​បាតុកម្ម​ ប្រឆាំង​ ការ​រំលោភ​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា

ពលរដ្ឋ​ខ្មែរ​ នៅ​កាណាដា​ ធ្វើ​បាតុកម្ម​ ប្រឆាំង​ ការ​រំលោភ​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា

ប្រជាពលរដ្ឋ​ខ្មែរ​ និង​តំណាង​សហជីព ព្រម​ទាំង​តំណាង​ក្រុមប្រឹក្សាភិបាល​ នៃ​អង្គការ​ ពលកម្ម​ ក្នុង​ខេត្ត​អន់ធារីយ៉ូ សរុប​ប្រមាណ​ជិត ១​ពាន់​នាក់ បាន​មក​ជួប​ជុំ​គ្នា​ ធ្វើ​បាតុកម្ម​ តវ៉ា​ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា នៅ​ខាង​មុខ​សាលាក្រុង (City Halls) តូរ៉ុនតូ ដើម្បី​ទាមទារ​ ឲ្យ​ រដ្ឋាភិបាល​ កាណាដា យក​ចិត្ត​ទុក​ដាក់​បន្ថែម និង​ដោះស្រាយ​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា។
ដោយ ម៉ៅ សុធានី / អាស៊ីសេរី | ២៧​ មករា ២០១៤
ប្រជាពលរដ្ឋ​ខ្មែរ​និង​តំណាង​សហជីព ព្រម​ទាំង​តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​ពលកម្ម​ក្នុង​ខេត្ត​អន់ធារីយ៉ូ សរុប​ប្រមាណ​ជិត ១​ពាន់​នាក់ បាន​មក​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា នៅ​ខាង​មុខ​សាលាក្រុង (City Halls) តូរ៉ុនតូ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាណាដា យក​ចិត្ត​ទុក​ដាក់​បន្ថែម និង​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ បន្ថែម​ពី​នេះ ក្រុម​បាតុករ​ទាមទារ​សុំ​ដោះលែង​មនុស្ស ២៣​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម។
ទីប្រឹក្សា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រចាំ​ខេត្ត​អន់ធារីយ៉ូ លោក ចន តាន់ (John Tan) បាន​មាន​ប្រសាសន៍​ពី​ក្រុង​តូរ៉ុនតូ​ថា នេះ​ជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​លើក​ទី​១​ហើយ នៅ​ក្រុង​តូរ៉ុនតូ ដែល​មាន​មនុស្ស​ចូល​រួម​យ៉ាង​ច្រើន ជាពិសេស គឺ​មាន​ការ​ចូល​រួម​ពី​សំណាក់​ជនជាតិ​កាណាដា ប្រមាណ​ជា ៣០​នាក់ ដែល​អ្នក​ទាំង​នោះ​ជា​តំណាង​សហជីព និង​អង្គការ​ពលកម្ម​នៅ​ក្នុង​ខេត្ត​អន់ធារីយ៉ូ។
ចំណែក​អ្នកស្រី ស៊ុក សុខានី តំណាង​ស្ត្រី​ខ្មែរ​នៅ​ក្រុង​តូរ៉ុនតូ បាន​ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង ក្រោយ​ពី​បាន​ឃើញ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​របស់​អាជ្ញាធរ​ចម្រុះ​របស់​រដ្ឋាភិបាល​មក​លើ​ពលរដ្ឋ​ខ្មែរ និង​ការ​គាប​សង្កត់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។
អ្នកស្រី ស៊ុក សុខានី បន្ត​ថា អ្នក​ដែល​មក​ចូល​រួម​បាតុកម្ម បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ដើម្បី​ផ្ញើ​ទៅ​រដ្ឋាភិបាល​កាណាដា ឲ្យ​ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ នៅ​ទន្ទឹម​នេះ ពួកគេ​ក៏​បាន​ផ្តល់​វិភាគទាន​ដើម្បី​ប្រមូល​ប្រាក់​យក​ទៅ​ជួយ​ដល់​ក្រុម​គ្រួសារ​កម្មករ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់ និង​មនុស្ស ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម។
ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​របស់​ក្រុម​អាជ្ញាធរ​ចម្រុះ​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ​ជា​បន្តបន្ទាប់​នេះ សកម្មជន​និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សាភិបាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​ម៉ុងរ៉េអាល់ អ្នកស្រី ទេព សុគន្ធា បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា មិន​នៅ​ស្ងៀម​ទេ និង​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នកស្រី​បន្ត​ថា ក្រុម​អ្នកស្រី​កំពុង​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​កាណាដា និង​អង្គការ​សហប្រជាជាតិ ឲ្យ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់។
ចំណែក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​ម៉ុងរ៉េអាល់ លោក លី សុខា បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​ក្នុង​ខេត្ត​អន់តារីយ៉ូ និង​កេប៊ិច ចូល​រួម​ឲ្យ​បាន​ច្រើន​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​បាតុកម្ម​នៅ​ក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក ជាមួយ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង។
អ្នកស្រី ទេព សុគន្ធា មាន​ប្រសាសន៍​បន្ត​ថា ចាប់​តាំង​ពី​មាន​ការ​ប្រើ​អំពើ​ហិង្សា​បាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា និង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​មក ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា បាន​រៀបចំ​ពិធី​ជួបជុំ​អង្គាស​ប្រាក់ និង​ពិធី​បុណ្យ​តាម​ព្រះពុទ្ធ​សាសនា​ផ្សេងៗ បាន​ប្រាក់​ចំនួន​ជាង ១០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕


No comments:

Post a Comment