Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

អតីត​ អ្នក​សហគមន៍​ ដី​ក្រហម​ ធ្វើ​ខួប​៥​ឆ្នាំ​ នៃ​ការ​បណ្ដេញ​ចេញ

ដីក្រហម ៣០៥
អតីត​អ្នក​រស់​នៅ​សហគមន៍​ដី​ក្រហម អុជ​ធូប​ដាក់​បណ្ដាសា​ឲ្យ​ក្រុមហ៊ុន 7NG ដែល​បាន​បណ្ដេញ​ពួកគាត់​ចេញ​ទាំង​បង្ខំ ក្នុង​ថ្ងៃ​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ នៅ​តំបន់​ដី​ក្រហម រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១១។
(រូបថត RFA / Tin Zakariya)

អតីត​ អ្នក​សហគមន៍​ ដី​ក្រហម​ ធ្វើ​ខួប​៥​ឆ្នាំ​ នៃ​ការ​បណ្ដេញ​ចេញ

អតីត​ អ្នក​ភូមិ​ដី​ក្រហម បាន​ប្រមូល​ផ្តុំ​គ្នា​ មុខ​ទីកន្លែង​ ដែល​ពួក​គាត់​ ធ្លាប់​រស់​នៅ​ ខាង​ជើង​ស្ថានទូត​សហព័ទ្ធ​រុស្ស៊ី ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែ​មករា ដើម្បី​ រំលឹក​ខួប​ប្រាំ​ឆ្នាំ​ នៃ​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ និង​អយុត្តិធម៌។
ដោយ សេក បណ្ឌិត / អាស៊ីសេរី | ២៤ មករា​ ២០១៤
នៅ​ក្នុង​ពេល​រំលឹក​ខួប​នេះ អតីត​អ្នក​ដី​ក្រហម បាន​ថ្លែង​ពី​ទុក្ខ​លំបាក​ពី​ជីវភាព​នៅ​កន្លែង​តាំង​ទី​លំនៅឋាន​ថ្មី និង​ទាមទារ​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពន្លឿន​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​នៅ​កន្លែង​ថ្មី​នោះ​ដល់​ពួក​គាត់។
អតីត​អ្នក​ភូមិ​ដី​ក្រហម បាន​ថ្លែង​ពី​ការ​ឈឺ​ចាប់​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន សេវិន.អិន.ជី (7NG) បណ្ដេញ​ពួក​គាត់​ចេញ​ពី​តំបន់​ដី​ក្រហម ដោយ​ពុំ​ទទួល​ខុស​ត្រូវ​ចំពោះ​សិទ្ធិ​រស់​នៅ​សមរម្យ​របស់​ពួក​គាត់។
តំណាង​អ្នក​ដី​ក្រហម លោក ចាន់ វិចិត្រ ថ្លែង​នៅ​ក្នុង​ពេល​ជួប​ជុំ​នៅ​អតីត​ទីតាំង​ដី​ក្រហម​នោះ​ថា ការ​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​ពួក​គាត់​កាល​ពី ៥​ឆ្នាំ​មុន​នោះ គឺ​ជា​រឿង​អយុត្តិធម៌ ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ។ លោក​បាន​រិះគន់​អាជ្ញាធរ​ថា បាន​ប្រើ​អំណាច​រំលោភ​បំពាន​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ និង​ថា​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​មន្ត្រី​អាជ្ញាធរ គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​អោយ​ពួក​គាត់​ត្រូវ​បណ្ដេញ​ចេញ​ដោយ​ពុំ​មាន​សំណង​ត្រឹមត្រូវ។
លោក ចាន់ វិចិត្រ៖ «ហើយ​យើង​ឃើញ​ថា ពួក​គាត់​តែង​តែ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​ជា​ម្ចាស់​ដី​ម្ចាស់​កម្មសិទ្ធិ ហើយ​គាត់​ប្លន់​ដី​ពី​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​អ្នក​មាន​លុយ អ្នក​មាន​អំណាច​មួយ​ចំនួន​ទៅ​វិញ ហើយ​ឃើញ​ថា ពួក​គាត់​មិន​មាន​ឆន្ទៈ​ល្អ​ក្នុង​ការ​ដោះស្រាយ​ទេ»
លោក​បន្ត​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ បំពេញ​ចិត្ត​អ្នក​មាន​សម្លាប់​អ្នក​ក្រ តាម​រយៈ​ឲ្យ​ពលរដ្ឋ​ចាប់​ផ្ដើម​រស់​ពី​ក្រ​ទៅ​ក្រ ពី​មាន​ផ្ទះ​ទៅ​អត់​ផ្ទះ ពី​មាន​មុខ​របរ​ទៅ​អត់​មាន​មុខ​របរ ពី​ការ​រស់​នៅ​សមរម្យ​ទៅ​ឲ្យ​ធ្លាក់​ក្នុង​សភាព​យ៉ាប់យ៉ឺន រស់​ខ្វះ​មុខ​ខ្វះ​ក្រោយ។
អ្នក​ដី​ក្រហម​មាន​ចំនួន​ប្រមាណ ៥០០​គ្រួសារ រស់​នៅ​លើ​ដី​ទំហំ​ជាង ៣​ហិកតារ ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បណ្ដេញ​ពួក​គាត់​ចេញ​កាល​ពី​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០០៩ ហើយ​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន សេវិន.អិន.ជី ជា​អ្នក​គ្រប់គ្រង​លើ​គម្រោង​អភិវឌ្ឍន៍​ក្រុង ប៉ុន្តែ​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​មក​នេះ ដី​តំបន់​នោះ​បាន​ត្រឹម​តែ​ធ្វើ​របង​ព័ទ្ធ​ទុក​ចោល ដោយ​ពុំ​ទាន់​មាន​អភិវឌ្ឍ ឬ​ធ្វើ​អ្វី​មួយ​ជា​ដុំ​កំភួន​នោះ​ទេ។
លោក ចាន់ វិចិត្រ បាន​ឲ្យ​ដឹង​ថា កន្លែង​ថ្មី​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​យក​ពួក​គាត់​ទៅ​ចាក់​ចោល​នោះ ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង គឺ​នៅ​តំបន់​ដំណាក់​ត្រយឹង ភាគ​ខាង​ត្បូង​ទីក្រុង និង​នៅ​តំបន់​ភ្នំ​បាត ខាង​ជើង​ទីក្រុង។ រយៈពេល ៥​ឆ្នាំ​មក​នេះ ពួក​គាត់​ពុំ​ទាន់​ងើប​រួច​ពី​ភាព​ក្រ​តោកយ៉ាក ដែល​ប្រៀប​បាន​នឹង​ស្ថានភាព​ចេញ​ពី​របប​ខ្មែរ​ក្រហម​ដែល​មាន​តែ​បាត​ដៃ​ទទេ​នោះ​ទេ។
លោក ចាន់ វិចិត្រ៖ «បាទ! ហើយ​ពិសេស គឺ​ឆ្ងាយ​ពី​សេវា​សាធារណៈ​មួយ​ចំនួន ពី​សាលា​រៀន​កូន ពី​មន្ទីរពេទ្យ ហើយ​នៅ​ទីនោះ ផ្ទះ ផ្ទះ​គេ​ឲ្យ ៤​គុណ ៦​ម៉ែត្រ អ៊ីចឹង​យើង​ឃើញ​ថា ដី​ដែល​គេ​ឲ្យ​ហ្នឹង មាន​ទំហំ​តូច​មែន​ទែន ហើយ​ដី​នោះ​គេ​មិន​មាន​ឯកសារ​អី​ប្រគល់​ឲ្យ​ពួក​គាត់​ត្រឹមត្រូវ​ទេ។ ហើយ​ពួក​គាត់​បារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ​ជា​លើក​ទី​៣​ទៀត បើ​និយាយ​ទៅ អ្នក​នៅ​ភ្នំ​បាត គេ​បណ្ដេញ​គាត់​ជា​លើក​ទី​២ ហើយ​មុន​ដំបូង គឺ​គេ​បណ្ដេញ​ពី​ដី​ក្រហម​ទៅ​បុរី​សន្តិភាព២ បន្ទាប់​មក​គេ​បណ្ដេញ​ទៅ​ភ្នំ​បាត។ អ៊ីចឹង ពួក​គាត់​ត្រូវ​រងគ្រោះ​ពីរ​ដង​ហើយ»
ក្នុង​ឱកាស​ខួប ៥​ឆ្នាំ​ចុង​ក្រោយ​នេះ អតីត​អ្នក​ដី​ក្រហម​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ផ្តល់​នូវ​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​លើ​ដី​ដែល​ផ្តល់​ឲ្យ​ពួក​គាត់​នោះ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន។
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន សេវិន.អិន.ជី នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សុក្រ ទី​២៤ មករា។
ក្នុង​ខួប ៥​ឆ្នាំ​នេះ តំណាង​អ្នក​ដី​ក្រហម ក៏​សូម​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​បណ្ដេញ​ប្រជាពលរដ្ឋ​ក្រីក្រ​ចេញ​ពី​លំនៅឋាន ដែល​ពួក​គាត់​កំពុង​រស់​នៅ​នោះ​បន្ត​ទៀត៕


No comments:

Post a Comment