Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

លោក ម៉ម សូណង់ដូ នឹង​ធ្វើ​បាតុកម្ម​ តាម​ការ គ្រោងទុក ទោះបី​ សាលា​រាជធានី​ភ្នំពេញ​ មិន​អនុញ្ញាត​ ក៏ដោយ​​

លោក ម៉ម សូណង់ដូ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ (រូបភាព ដោយ ណាត សុភាព)

លោក ម៉ម សូណង់ដូ នឹង​ធ្វើ​បាតុកម្ម​ តាម​ការ គ្រោងទុក ទោះបី​ សាលា​រាជធានី​ភ្នំពេញ​ មិន​អនុញ្ញាត​ ក៏ដោយ​​


ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​នឹង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន តាម​ការគ្រោងទុក ទោះ​ក្នុង​ករណី​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​បាន​ជួប​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោធទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ប៊ុត បូ​វុត ដើម្បី​ជជែក​ពី​ការសុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សម្បុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត ក៏ប៉ុន្តែ​ក្រសួង​ព័ត៌មាន មិន​អនុញាតតាម​ការស្នើ​សុំ​នោះ​ទេ​។
លោក ម៉ម សូណង់ដូ បន្ថែមថា លោក​នឹង​ទៅ​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​ពី​គម្រោង​បាតុកម្ម​។ លោក​បន្តថា ទោះបី​កិច្ចពិភាក្សា​នេះ​មាន​ផល​វិជ្ជមាន ឬ​អវិជ្ជ​មាន​ក្តី ក៏​លោក​នៅតែ​ធ្វើបាតុកម្ម​តាម​ការគ្រោងទុក​ «​ប្រសិន​ជា​សាលាក្រុង មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើបាតុកម្ម ទុក​ឲ្យ​សាលាក្រុង​និង​ក្រសួង​ព័ត៌មាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ រាប់លាន​នាក់​ទៅ ជាជាង​ដោះស្រាយ​ជាមួយ​លោក ម៉ម សូណង់ដូ តែម្នាក់ឯង​។ ប៉ុន្តែ​ខ្ញុំ​ក៏​គាំទ្រ​លើ​ការធ្វើ​បាតុកម្ម​នោះដែរ ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​គោរព​ច្បាប់ ខ្ញុំ​គោរព​រដ្ឋធម្មនុញ្ញ​»​។​
លោក ស្បៃ វែង ដែល​ជា​ពលរដ្ឋ​ម្នាក់​ចូលរួម​សន្និសីទ​សារព័ត៌មាន​របស់​លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា បើ​លោក ម៉ម សូណង់ដូ ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​២៧ ខែ​មករា ពិតមែន​នោះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នឹង​មកពី​បណ្តា​ខេត្ត​ចូលរួម​គាំទ្រ​បាតុកម្ម​នោះ​ដែរ «​ប្រសិន​ជា​យើង​មិន​ធ្វើ ដេក​ឲ្យ​សង្គម​នេះ​នៅ​តែ​អញ្ចឹង គឺថា​គ្មាន​ពេលណា​ដែល​ទឹកភ្នែក​ខ្មែរ​ស្រាក​ស្រា​ន​ទេ​។ បើ​ថា​ដាក់គុកៗ ទាំងអស់​គ្នា​ទៅ ឥឡូវនេះ​ខ្ញុំ​គិត​ថា​អ្នក​ដែល​ស្ម័គ្រ​ចូល​គុក​នេះ ច្រើនណាស់ មាន​ខ្ញុំ ស្បៃ វែង នេះ​ហើយ​ស្ម័គ្រ​ចូល​គុក​។ ហើយ​ប្រសិន​ជា​គេ​ត្រូវ​ការកាប់សម្លាប់ ក៏​វា​ទៅ​តាម​នោះ​ដែរ​ធម្មជាតិ​នោះ​ទៅ​»​។​
VOD មិនអាច​សុំ​អត្ថាធិប្បាយ​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​អ្នកនាំពាក្យ​សាលា​រាជធានី លោក ឡុង ឌី​ម៉ង់ បានទេ​។​
​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្ញើលិខិត​ជូន​ប្រធាន​ស្តីទី​វិទ្យុ​សំបុក​ឃ្មុំ លោកស្រី ឌិន ផា​ណា ឲ្យដឹងថា ក្រសួង​មិន​អាច​ផ្តល់​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​ទៅតាម​សំណើ​របស់​លោកស្រី​បានទេ ព្រោះតែ​ហ្វ្រេ​កង់​ពុំ​មាន​នៅ​សល់​។​
​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង យល់ថា មូលហេតុ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មិន​ព្រម​អនុញ្ញាត ទំនង​ជា​ព្រួយបារម្ភ​ខ្លាច​ថា នៅ​កម្ពុជា​មាន​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ និយាយ​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​ «​ប្រសិន​ជា​យើង​ចង់ឲ្យ​មាន​នីតិរដ្ឋ យើង​ចង់ឲ្យ​មាន​តម្លាភាព​នៅក្នុង​សង្គម យើង​ចង់​មន្ត្រី​នោះ​ជា​មន្ត្រី​ដែល​ល្អ ដែល​ស្អាតស្អំ បម្រើ​ប្រជាពលរដ្ឋ​ដោយស្មោះ ហើយ​រដ្ឋាភិបាល​ក៏​មិនសូវ​មាន​ការ​ពិបាកចិត្ត​នៅក្នុង​គ្រប់គ្រង មន្ត្រី​អស់នោះ ប្រហែល​ជា​ឲ្យមាន​សារព័ត៌មាន​ឯករាជ្យ​ទៅ ដូចជា​វិទ្យុ​របស់​លោក ម៉ម សូណង់ដូ ជា​ដើម​នោះ ប្រហែល​ជា​ជួយ​ច្រើន​»​។​
​កាលពី​ឆ្នាំ​២០០៥ និង​២០០៦ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM ១០៥ MHz លោក ម៉ម​សូណង់ដូ បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​ក្រសួង​ព័ត៌មាន ស្នើសុំ​ដំ​ទ្បើង​កម្លាំង​ផ្សាយ​វិទ្យុ​បន្ត​នៅតាម​ខេត្ត​នានា ដូចជា ខេត្ត​ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ចាម កំពង់ឆ្នាំង និង​ខេត្ត​ក្រចេះ​។​
ទាក់ទង​ករណី​នេះ​ដែរ កាលពី​ចុងឆ្នាំ​២០១៣ លោក ម៉ម សូណង់ដូ ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ម្តង​ហើយ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​ជូន​ហ្វ្រេ​កង់ សម្រាប់​បង្កើត​ទូរទស្សន៍​៕
អត្ថបទទាក់ទង៖


No comments:

Post a Comment