គណបក្ស សង្គ្រោះជាតិ ប្រកាស ផ្អាកបាតុកម្ម ដែលគ្រោងធ្វើ នៅថ្ងៃទី០៥ មករា
ដោយ៖ ពេជ្រ សុធារី / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
ការធ្វើបាតុកម្មរបស់ក្រុមបាតុករគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នាពេលកន្លងមក (រូបថត តាំង វីដា)
គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី០៤ខែមករានេះ បានប្រកាសផ្អាកធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅថ្ងៃទី០៥ខែមករា ស្អែកនេះ ដើម្បីទាមទារកំណែទម្រង់ការបោះឆ្នោត និងរៀបចំការបោះឆ្នោតឡើងវិញ។
នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិផ្អាកធ្វើបាតុកម្ម ដែលគ្រោងធ្វើនៅថ្ងៃទី០៥ខែមករា ស្អែកនេះ បន្ទាប់ពីមានការបំបែកក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ ពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ និងស្របពេលដែលទីលានប្រជាធិបតេយ្យ ត្រូវកងកម្លាំងប្រដាប់អាវុធ ហ៊ុមព័ន្ធមិនឲ្យមានការប្រមូលផ្តុំ។
គណបក្សសង្គ្រោះជាតិ គ្រោងធ្វើបាតុកម្ម នៅថ្ងៃទី០៥ខែមករានេះ ហើយនិងបន្តធ្វើមហាបាតុកម្ម និងការហែក្បួនដោយសន្តិវិធី ចាប់ផ្តើមនៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០៦ខែមករាទៅ ដើម្បីទាមទារកំណែទម្រង់ការបោះឆ្នោត និងរៀបចំការបោះឆ្នោតឡើងវិញ ប៉ុន្តែសាលារាជធានីភ្នំពេញ មិនអនុញ្ញាត និងបានដាក់កម្លាំងសមត្ថកិច្ចបំបបែកក្រុមបាតុកម្មដែលនៅទីលានប្រជាធិបតេយ្យ៕
No comments:
Post a Comment