Paris Peace Accords 23 Oct. 1991

Saturday, January 4, 2014

ពលរដ្ឋ​ ១០៦​នាក់ សុំ​អន្ដរាគមន៍​ ពី​អង្គការ​ អាដហុក ឲ្យជួយ​ ដោះស្រាយ​ ករណីជម្លោះ​ដីធ្លី នៅ​ព្រះវិហារ​​

ពលរដ្ឋ​ ១០៦​នាក់ សុំ​អន្ដរាគមន៍​ ពី​អង្គការ​ អាដហុក ឲ្យជួយ​ ដោះស្រាយ​ ករណីជម្លោះ​ដីធ្លី នៅ​ព្រះវិហារ​​


ដោយ៖​ បូ សា​វី និងពៅ មេត្ដា​ / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014

(រូបភាពដោយ បូ សាវី)
ប្រជាពលរដ្ឋ​ ដែល​មាន​ ជម្លោះ​ដីធ្លី​ ជាង​១​រយ​នាក់ តំណាងឲ្យ​ ៣៧០​គ្រួសារ នៅ​ខេត្ដ​ព្រះ វិហារ​ សុំ​អន្ដរាគ​ម​ន៍​ ពី​អង្គការ​ ការពារ​សិទ្ធិមនុស្ស​ ខេត្ដ​នោះ ជាថ្មីទៀត ដើម្បីឲ្យ​ជួយ​ ជំរុញ​អាជ្ញាធរ ជួយ​ដោះស្រាយ​ ជម្លោះ​ដីធ្លី​ជូន​ពួកគេ ខណៈ​ក្រុមហ៊ុន​ បន្ដ​ឈូសឆាយ​។​
​ពលរដ្ឋ​ទាំង​នោះ មកពី​ភូមិ​ប្រមេ​រ ភូមិ​ស្រែ​ព្រាង និង​ភូមិ​បុស្ស​ធំ ដែល​មាន​ដី​ទំនាស់​ប្រហែល​៩​ពាន់​ហិកតា ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ឡាន ហ្វេ​ង ​ស្ថិតក្នុង​ឃុំ​ប្រមេ​រ ស្រុក​ត្បែង​មា​ន​ជ័យ​។​
អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ ប្រាប់​VOD​នៅ​ថ្ងៃ​សៅរ៍នេះថា កាលពី​ថ្ងៃ​ទី​៣​ ខែ​មករា​នេះ សហគមន៍​ជនជាតិ​ភាគ​តិចគួយ ១០៦​នាក់ ស្នើ​អាដហុក​ជួយ​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ដ ដោះស្រាយ​ជម្លោះដីធ្លី ដែល​ក្រុមហ៊ុន​ចិន ឡាន​ហ្វេ​ង កំពុង​ឈូសឆាយ​រំលោភ​យក​ដី ស្រែ​ចំការ​របស់​ពួកគេ​។ លោក​ថា ជម្លោះ​ដីធ្លី​នោះ​កើតឡើង​ជា​ច្រើន​ឆ្នាំ​ហើយ អាដហុក​បាន​អន្ដរាគមន៍​ទៅ​អាជ្ញាធរ ជាច្រើន​លើក​ដែរ ប៉ុន្ដែ​មិន​មាន​ដំណោះស្រាយ ដែល​លោក​សង្ស័យថា អាជ្ញាធរ​មួយចំនួន​ទទួលបា​ន​​ផលប្រយោជន៏​ពី​ក្រុមហ៊ុ​ន​។​
​សមាជិក​សហគមន៍​ដីធ្លី នៅ​ឃុំ​ព្រះ​មេរ ស្រុក​ត្បែងមានជ័យ អ្នកស្រី សឹង សាំ អាយុ​៥៧​ឆ្នាំ មាន​ប្រសា​ស​ន៍​ពី​កន្លែង​តវ៉ា​ថា អ្នកស្រី​ស្នើ​ឲ្យ​អាដហុក​ជួយ​ដោះស្រាយ ព្រោះ​អាជ្ញាធរ​គ្រប់​ស្ថាប័ន​មិន​មាន​ឆន្ទះ​ជួយ​ពួកគេ​ឡើយ ដោយ​ចោទ​ថា ជា​បក្សប្រឆាំង​។ អ្នកស្រី​បន្ដ​ថា ក្រុមហ៊ុន​ឡាន​ហ្វេ​ង កំពុង​បន្ដ​ធ្វើការ​ឈួសឆាយ​ដីធ្លី​របស់​ពួកគាត់ រាប់​រយ​ហិកតា ខ​ណៈ ដែល​ប្រជា​សហគមន៍​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​និង​សកម្មភាព​នោះ​។​អ្នកស្រី​ព្រមាន​ថា បើ​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ​នោះទេ ពួកគេ​នឹង ធ្វើការ​តវ៉ា​ជា​រៀង​រាល់ថ្ងៃ​រហូត​មាន​ដំ​ណោះ​ស្រាយ​។​
VOD មិនអាច​ទាក់ទង អភិបាល​ខេត្ដ​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា ដើម្បី​បំភ្លឺ​ពី​ករណី​នេះ បានទេ នៅ​ថ្ងៃ​ទី​៤ ​ខែ​មករា​នេះ ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។ ចំណែក អភិបាល​ស្រុក​ត្បែង​មានជ័យ លោក ប៉ាង យា​ត មាន​ប្រសា​ស​ន៍​ថា លោក​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ហើយ ប៉ុន្ដែ​ប្រជា​សហគមន៍​នោះ​ចង់​ឲ្យ​អាជ្ញាធ​រដេញ​ក្រុមហ៊ុន​នោះ​ចេញពី​តំបន់​ឃុំ​ប្រមេ ដែល​លោក​មាន​អ្នក​បញ្ជា​ពី​ខាងក្រោយ​ខ្នង​។​
​អ្នក​សម្រសម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសា​ស​ន៍​បញ្ជាក់ថា តាម​ការស៊ើបអង្កេត​កន្លងមក ក្រុមហ៊ុន​ចិន​បាន​រំលោភ កិច្ចសន្យា​របស់​រដ្ឋភិ​បាល ព្រោះ​ក្រុមហ៊ុន​នោះ ធ្វើការ​ឈូស​ការ​មុន​ការអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នៅ​តំបន់​នោះ​។ លោក​ស្នើឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព ឈូសឆាយ​របស់​ក្រុមហ៊ុន​ជាបន្ទាន់ ដើម្បី​រក​យុត្ដិធម៌​ជូន​ពួកគាត់​។​
​កាលពី​ថ្ងៃ​ទី​២ ​ខែ​មករា​នេះ ប្រជា​សហគមន៍​ភាគ​តិចគួយ ប្រមាណ​ជាង​១​រយ​នាក់ រួមទាំង​ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស បាន​ប្រមូលផ្ដុំ​គ្នា បោះជម្រុំ​​តវ៉ា នៅខាងមុខ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ចិន ឡាន​ហ្វេ​ង ប្រឆាំង និង​ការរំលោភ​យក​ដីធ្លី​ពី​ក្រុមហ៊ុន ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ​។ នៅ​ក្នុង​ការតវ៉ា​នោះ កងកំលាំង​សមត្ថកិច្ច ប្រដាប់​ដោយ​អាវុធ បាន​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​៣​រូប និង​ព្រះសង្ឃ​ពីរ​ព្រះអង្គ យក​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ដ និង​ឃុំខ្លួន​អស់​ជាច្រើន​ម៉ោង​ផង​ដែរ​៕

No comments:

Post a Comment