Paris Peace Accords 23 Oct. 1991

Monday, January 13, 2014

សហជីព​សេរីកម្មករ នឹង​ដាក់​ពាក្យ​បណ្តឹង​ សើ​រើ​សំណុំ​រឿង​ក្តី លោក ជា វិជ្ជា នៅ​ក្នុង​ខួប​គម្រប់ ១០​ឆ្នាំ នៃ​មរណភាព​របស់​លោក​

សហជីព​សេរីកម្មករ នឹង​ដាក់​ពាក្យ​បណ្តឹង​ សើ​រើ​សំណុំ​រឿង​ក្តី លោក ជា វិជ្ជា នៅ​ក្នុង​ខួប​គម្រប់ ១០​ឆ្នាំ នៃ​មរណភាព​របស់​លោក​

ការដង្ហែ​ក្បួន​រំលឹក​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា (រូបថត​ ឯកសារ)។
ការដង្ហែ​ក្បួន​រំលឹក​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា (រូបថត​ ឯកសារ)។
©ចាន់ណា-

លី ម៉េងហួរ \ វិទ្យុបារាំង |​ 13 មករា 2014
នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៤ គឺ​ជា​ខួប​គម្រប់ ១០​ឆ្នាំ នៃ​មរណភាព របស់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​សេរីកម្មករ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ នៅ​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្កា ក្នុង​រាជធានីភ្នំពេញ។ សម្រាប់​ខួប​គម្រប់ ១០​ឆ្នាំ នៅ​ថ្ងៃ​ទី​២២ ខែ​មករា​ខាង​មុខ សហជីព​សេរីកម្មករ ដឹកនាំ​ដោយ​លោក ជា មុនី ជា​ប្អូនប្រុស​របស់​សព​លោក​ជា វិជ្ជា នឹង​ជួប​ជុំ​មនុស្ស​ប្រមាណ ១៥០​នាក់ ដើរ​​ដង្ហែ​ក្បួន យក​កម្រង់​ផ្កា ទៅ​ដាក់​នៅ​ទី​តាំង​តម្កល់​រូប​សំណាក លោក​ជា វិជ្ជា​ ​នៅ​លើ​សួន​ច្បារ ខាង​លិច​វិមាន​ឯករាជ្យ។ លោក ជា មុនី ក៏​បាន​ប្រកាស​ថា គម្រប់​ខួប ១០​ឆ្នាំ នៃ​មរណភាព​លោក​ជា វិជ្ជា គឺ​រូប​លោក និង​មេធាវី ក៏​កំពុង​សិក្សា ដាក់​ពាក្យ​បណ្តឹង​ជា​ថ្មី ដើម្បី​សើ​រើ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល ស្វែង​រក​ឃាតក​ពិត​ប្រាកដ មក​ផ្តន្ទា​ទោស។


លិខិត​ស្តីពី​ការដ​ង្ហែ​កម្រងផ្កា​ដាក់​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២​មករា ត្រូវ​បាន​លោក ជា មុនី ចុះ​ហត្ថលេខា ដាក់​ជូន​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា​នេះ។

ក្នុង​លិខិត ​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ ​ថ្នាក់​ដឹក​នាំ និង​​សមាជិក​សហជីព​សេរី​​កម្មករ ព្រម​ទាំង​ក្រុម​គ្រួសារ សាច់​ញាតិ មិត្តភក្តិ តែង​តែ​រៀប​ចំ​ពិធី​ដង្ហែ​កម្រង​ផ្កា ទៅ​ដាក់​គោរព​វិញ្ញាណ​ក្ខន្ធ លោក ជា វិជ្ជា។ លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតក បាញ់​សម្លាប់ យ៉ាង​សាហាវ​ព្រៃ​ផ្សៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​មុខ​តូប​លក់​កាសែត ក្បែរ​វត្ត​លង្កា។

លិខិត​ដដែល លើក​ឡើង​ថា សម្រាប់​ឆ្នាំ​២០១៤​នេះ សហជីព ក្រុម​គ្រួសារ​សាច់​ញាតិ មិត្តភក្តិ ចំនួន ១៥០​នាក់ នឹង​រៀប​ចំ​ដង្ហែ​កម្រង​ផ្កា ទៅ​ដាក់​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​មករា ឆ្នាំ​២០១៤ វេលាម៉ោង ៨ និង ៣០ នាទី ព្រឹក ដោយ​ដង្ហែ​ក្បួន​ចេញ​ពី​ទីស្នាក់​ការ​កណ្តាល​សហជីព ឋិត​នៅ​ផ្ទះ​លេខ ១៦ AEo ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ៣៦០ បត់ និង​កាត់​តាម​ផ្លូវ​ប៉ាស្ទ័រ លេខ ៥១ ឆ្ពោះ​ទៅ​ប៉ែក​ខាង​ត្បូង នៃ​សួន​ស្មៅ ខាង​លិច​វិមាន​ឯករាជ្យ ខិត​ទៅ​ម្ខាង​វត្ត​លង្កា ជាទីតម្កល់រូប​សំណាក​លោក ជា វិជ្ជា ជា​ទី​កន្លែង​ប្រារព្ធ​ពិធី​ចុង​ក្រោយ។

លោក ជា មុនី ប្អូន​ប្រុស​លោក​ជា វិជ្ជា បាន​ប្រកាស​ថា សម្រាប់​ខួប ១០​ឆ្នាំ នៃ​ឃាតកម្ម លើ​លោក​ជា វិជ្ជា នៅ​ថ្ងៃ​២២​មករា ឆ្នាំ​នេះ លោក និង​មេធាវី កំពុង​រៀប​ចំ​បណ្តឹង​ជា​ថ្មី ដាក់​ទៅ​កាន់​តុលាការ ដើម្បី​ឲ្យ​សើ​រើ ស្វែង​រក​ឃាតក​ពិត​ប្រាកដ ចាប់​យក​មក​កាត់​ទោស។ សំណុំរឿង​ក្តី​ឃាតកម្ម​លើ​លោក​ជា​វិជ្ជា ត្រូវ​បាន​តុលាការ​កំពូល កាល​ពី​ឆ្នាំ​មុន បាន​សម្រេច​លើកលែង​ការ​​ចោទប្រកាន់ លើ​បុរស ប៊ន សំណាង និង​សុក សំអឿន បន្ទាប់​ពី​តុលាការ​ថ្នាក់​ក្រោម កាត់​ទោស និង​ចាប់​ឃុំ​ខ្លួន​បុរស​ទាំងពីរ ជាង ៥ ឆ្នាំរួចមក។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលសាលារាជធានី​ភ្នំពេញ ទើបតែបានទទួលលិខិតរបស់លោកជាមុនី នៅរសៀលថ្ងៃទី១៣មករានេះ។ ដូច្នេះការ​សម្រេច​ថា ឲ្យក្រុមសហជីពលោកជាមុនី ជួបជុំ ហែក្បួនដាក់កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជាវិជ្ជា គឺអាស្រ័យលើលោកអភិបាលរាជធានីភ្នំពេញ។

ប៉ុន្តែតាមលោក ឡុង ឌីម៉ង់ បម្រាមមិនឲ្យមានការជួបជុំនៅទីសាធារណៈ និងការហែក្បួន​បាតុកម្ម ក្រោយពីការបំបែកបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ គឺនៅតែ​មានការ​ហាម​ឃាត់​នៅ​ឡើយ៕
TAGS: កម្ពុជា - ច្បាប់

No comments:

Post a Comment