Paris Peace Accords 23 Oct. 1991

Wednesday, January 29, 2014

ឥណ្ឌូនេស៊ី ជំរុញ​ឲ្យ​កម្ពុជា បង្កើត​ គណៈកម្មការ​ជាតិ​ ឯករាជ្យ​ ស្តីពី​ សិទ្ធិមនុស្ស​​

ឥណ្ឌូនេស៊ី ជំរុញ​ឲ្យ​កម្ពុជា បង្កើត​ គណៈកម្មការ​ជាតិ​ ឯករាជ្យ​ ស្តីពី​ សិទ្ធិមនុស្ស​​


ដោយ៖​ ស៊ុន ណារិន​​ / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014

​តំណាង​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​អង្គារ​នេះ ថ្លែង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដោយ​ជំរុញ​ឲ្យ​កម្ពុជា បង្កើត​គណៈកម្មការ​ជាតិ​ឯករាជ្យ​ស្តីពី​សិទ្ធិមនុស្ស​។​
​ក្នុង​ដំណើរការ​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​(UPR) ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក ដែល​ត្រូវ​បាន​បន្ត​ផ្ទាល់​តាមរយៈ​គេហទំព័រ webtv.un.org/ ប្រទេស​ឥណ្ឌូនេស៊ី បានដាក់​អនុសាសន៍​ឲ្យ​កម្ពុជា បង្កើត​គណៈកម្មការ​ជាតិ​ឯករាជ្យ​ស្តីពី​សិទ្ធិមនុស្ស​ពិតប្រាកដ  ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​
​កិច្ចប្រជុំ​លើក​ទី ១៨ ស្តីពី​ការត្រួតពិនិត្យ​សិទ្ធិ​មនុស្ស​ជា​សកល (Universal Periodic Review, UPR)​លើក​ទី​ពីរ មន្ត្រី​កម្ពុជា បាន​ថ្លែង​ស្វាគមន៍ និង​គោរព​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UPR ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ផ្តល់​ឱកាស​ក្នុង​ការកែលម្អ​។​
​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ស៊ូ​ប៊ែ​ឌី បាន​ជជែក​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្កើត​គណៈកម្មកា​រ​ជាតិ​ឯករាជ្យ​ស្តីពី​សិទ្ធិមនុស្ស​ពិតប្រាកដ​មួយ​។ លោក​បន្តថា គណៈកម្មការ​នេះ អាច​ជួយ​ឲ្យ​អ្នក​ដែល​មាន​ក្តី​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស អ្នក​រង​ការបំពាន អាច​ស្វែងរក​ដំណោះស្រាយ និង​យន្តការ​ការពារ​សមស្រប​។ លោក​បញ្ជាក់ថា​«​ខ្ញុំ​គិតថា ការបង្កើត​គណៈកម្មកា​រ​នេះ អាច​ជួយ​ឲ្យ​ជនរងគ្រោះ​ទាំងអស់ អាច​ស្វែងរក​យន្តការ​ដោះស្រាយ​ដ៏​ទុកចិត្ត ដូច​បណ្តា​ប្រទេស​ដទៃ​ទៀត ហើយ​ដំណើរការ​គណៈកម្មការ​នេះ គប្បី​មាន​សង្គម​ស៊ីវិល ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​ជា​ដើម​ចូលរួម ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​អ្នក​ដែល​មក​ស្វែងរក​ដំណោះស្រាយ​។ ខ្ញុំ​យល់​ថា គណៈកម្មការ​នេះ ត្រូវ​បង្កើត​ឡើង​បន្ទាប់ពី​ការ​ផ្តល់​ទំនុកចិត្ត ដោយ​ភាគី​ពាក់ព័ន្ធ រួម​មាន​មន្ត្រី​បក្ស​កាន់​អំណាច បក្សប្រឆាំង មន្ត្រី​អង្គការសហប្រជាជាតិ សង្គម​ស៊ីវិល និង​សកម្មជន​សិទ្ធិ​មនុស្ស​ជា​ដើម​»​។​
​ប្រទេស​កម្ពុជា ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​លើកដំបូង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​គ្រានោះ​UN បាន​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ៩១​ចំណុច ហើយ​រដ្ឋាភិបាល បាន​ប្រកាស​ទទួល​យក​អនុសាសន៍​ទាំងអស់នោះ នឹង​ត្រូវ​វាយតម្លៃ​ជា​ថ្មី​ដោយ​រដ្ឋ​ជា​សមាជិក​UN ក្នុង​កិច្ចប្រជុំ​លើក​នេះ​ផងដែរ​។​
UPR គឺជា​ដំណើរការ​មួយ ដែល​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ វាយតម្លៃ​ជា​ប្រចាំ​ទៅតាម​ជុំ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​នីមួយៗ ដែល​មាន​រយៈពេល ៤​ម៉ោង និង​៣០​នាទី​៕


No comments:

Post a Comment