Paris Peace Accords 23 Oct. 1991

Wednesday, January 29, 2014

សហជីព​ រៀបចំ​ ប្ដឹង​ទារ​សំណង​ ពី​ ៤-៥​ម៉ឺន​ដុល្លារ​ សម្រាប់​ កម្មករ​ម្នាក់ៗ​ ស្លាប់​ ពេល​បង្ក្រាប

កម្មករ​ស្លាប់ វ៉េងស្រេង ៦១០
រូបថត​កម្មករ ៤​នាក់​ក្នុង​ចំណោម ៥​នាក់ ដែល​ស្លាប់​ក្នុង​ពេល​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។  (RFA / Sek Bandith)

សហជីព​ រៀបចំ​ ប្ដឹង​ទារ​សំណង​ ពី​ ៤-៥​ម៉ឺន​ដុល្លារ​ សម្រាប់​ កម្មករ​ម្នាក់ៗ​ ស្លាប់​ ពេល​បង្ក្រាប

តំណាង​ សហជីព​កម្មករ​ កាត់​ដេរ​ ចំនួន ៨ បាន​បើក​កិច្ចប្រជុំ​មួយ​ នៅ​ថ្ងៃ​ទី​២៨ មករា នា​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ អំពី​លទ្ធផល​ នៃ​ការ​ទាមទារ​ ប្រាក់​គោល​ របស់​ កម្មករ និង​រៀបចំ​ឯកសារ​ ប្ដឹង​ ទាមទារ​សំណង​ សម្រាប់​ កម្មករ​ ស្លាប់​របួស បាត់​ខ្លួន រួម​ទាំង​ការ​ចាប់​ខ្លួន​ កម្មករ​ ក្នុង​ការ​បង្ក្រាប​ របស់​ រដ្ឋាភិបាល​ លើ​ក្រុម​បាតុករ​ ធ្វើ​បាតុកម្ម​​នៅ​ដើម​ខែ​មករា កន្លង​មក។
ដោយ វោហារ ជាតិ /​ អាស៊ីសេរី | ២៨ មករា ២០១៤
កាលពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤ កម្មករ ៥​នាក់ បាន​ស្លាប់ និង​ជិត ៤០​នាក់​រង​របួស ២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ពីរ​នាក់​បាត់​ខ្លួន ក្នុង​ពេល​រដ្ឋាភិបាល​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ នៅ​ភ្នំពេញ។
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មករា ថា កិច្ចប្រជុំ​នោះ​បាន​សម្រេច​រៀបចំ​ប្ដឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​សំលៀក​បំពាក់ រដ្ឋាភិបាល និង​ក្រុមហ៊ុន​ថៅកែ​រោងចក្រ ទាមទារ​សំណង​ក្នុង​កម្មករ​ស្លាប់​ម្នាក់​ចំនួន​ពី ៤ ទៅ ៥​ម៉ឺន​ដុល្លារ។ ក្រៅ​ពី​នេះ លោក​ថា កិច្ចប្រជុំ​ក៏​បាន​សម្រេច​ទាមទារ​សំណង​ចំពោះ​កម្មករ​រង​របួស និង​ជាប់​គុក រួម​ទាំង​អ្នក​បាត់​ខ្លួន​ដែរ ដែល​ការ​ទាមទារ​សំណង​នោះ ទូទាត់​ទៅ​តាម​ការ​ជាក់​ស្ដែង​នៃ​​ស្ថានភាព​​របួស​និង​តាម​វ័យ។
កិច្ចប្រជុំ​បាន​ស្រង់​ឈ្មោះ​តំណាង​សហជីព​ចំនួន​ប្រហែល ១០០​នាក់ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការងារ​អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ហើយ​សហជីព​នឹង​តវ៉ា​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​ធ្វើការ​វិញ។
ចំពោះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​គុក​ត្រពាំងផ្លុង ២៣​នាក់​នោះ លោក អាត់ ធន់ បន្ត​ថា កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​បន្ត​ទៀត​បើ​មិន​មាន​ដំណោះ​ស្រាយ​និង​ដោះលែង​ទេ៖ «យើង​នឹង​បន្ត​យុទ្ធនាការ​បន្ត​ទៅ​ទៀត។ យើង​បាន​ជជែក​គ្នា​ហើយ​ថា យើង​ចាំ​មើល​អ្នក ២៣​នាក់​សិន បើ​មិន​ដោះ​មែន​ទេ បើ​មិន​មាន​ចម្លើយ​អំពី​ដំឡើង​ប្រាក់​ខែ​ទេ យើង​មិន​អាច​រង់​ចាំ​ទៀត​បាន​ទេ យើង​នឹង​ជូន​ដំណឹង​សុំ​ធ្វើ​កូដកម្ម​ទៀត ចាប់​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ក្រោយ​នេះ»
ទោះ​យ៉ាង​ណា លោក​ថា ការ​ចរចា​ជាមួយ​ថៅកែ​រោងចក្រ​សុំ​ឲ្យ​តំណាង​សហជីព​ចូល​ធ្វើ​ការ​វិញ ត្រូវ​បាន​ថៅកែ​រោងចក្រ​ភាគ​ច្រើន សុខ​ចិត្ត​ទទួល​យក​ធ្វើការ​វិញ​ហើយ៕


No comments:

Post a Comment