Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

កម្មករ​​ ប្រមាណ ១០០០នាក់​ មក​ពី​ ១០​រោង​ចក្រ​ តវ៉ា បិទកំណាត់​ផ្លូវ​ជាតិ​លេខ​២​

កម្មករ​​ ប្រមាណ ១០០០នាក់​ មក​ពី​ ១០​រោង​ចក្រ​ តវ៉ា បិទកំណាត់​ផ្លូវ​ជាតិ​លេខ​២​


ដោយ៖​ សុទ្ធ គឹមសឿន​ / វិទ្យុ វីអូឌី​ | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014

កម្មករ​ប្រមាណ ១០០០​នាក់ មក​ពី​១០​​រោង​ចក្រ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ដើម្បី​ទាម​ទារ​​ឲ្យ​​ថៅកែ និង​​រដ្ឋាភិបាល​ដំឡើង​​ប្រាក់​​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ​។​
កម្មការិនី​រោងចក្រ​ផាក​វ៉េ ឈ្មោះ ស្រី​ម៉ៅ បានឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ​ជាង ៩​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មករា​នេះ កម្មករ​ប្រមាណ ១០០០​នាក់ មក​ពី​ប្រមាណ​​​១០​រោង​ចក្រ បាន​នាំ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ពីរ ត្រង់​ចំណុច​មុខ​សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល​​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ​។​ ​បើ​តាម​កម្មការិនី ស្រី​ម៉ៅ រហូតមកដល់​ម៉ោង ១០​ព្រឹក​នេះ នៅ​មិនទាន់មាន​មន្ត្រី​​ពាក់​ព័ន្ធ ចេញ​មុខ​ទៅ​ដោះស្រាយ​នៅឡើយ​ទេ ហើយ​កម្មករ​នៅ​បន្ត​បិទផ្លូវ​នៅឡើយ​។​
ភាគី​តំណាង​កម្មករ ក្រសួង​ការងារ និង​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ជួបគ្នា​ជា​ញឹកញាប់ ពិភាក្សា​ពី​ការដំឡើង​ប្រាក់​ឈ្នូល ដោយ​តំណាង​កម្មករ​ទាមទារ​ឲ្យ​ឡើងដល់​១៦០​ដុល្លារ តែ​ខាង​តំណាង​រោងចក្រ​យល់ព្រម​ដំឡើង​ឲ្យតែ ៩៥​ដុល្លារ ទើប​នាំឲ្យ​មាន​ការផ្ទុះ​ការតវ៉ា​ឡើង​។ កាល​ពី​​ថ្ងៃ​ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​បាន​ប្រកាស​បន្ថែម​ប្រាក់​ឈ្នួល ៥​ដុល្លារ​ទៀត ដែល​មានន័យថា កម្មករ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​១០០​ដុល្លារ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤​។ រាជរដ្ឋាភិបាល មាន​យន្តការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៥​ដុល្លារ នៅ​ឆ្នាំ​២០១៥ នៅ​ឆ្នាំ​២០១៦ ត្រូវ​ដំឡើង​ចំនួន​១៦​ដុល្លារ ឆ្នាំ​២០១៧ ត្រូវ​ដំឡើង​ចំនួន​១៧​ដុល្លារ និង​ឆ្នាំ​២០១៨ ត្រូវ​ដំឡើង​១៧​ដុល្លារ​៕

No comments:

Post a Comment