Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

ក្រសួង​ការងារ​ ឲ្យ​បក្សប្រឆាំង​ និង​សហជីព​ធំៗ​ បំភ្លឺ​ ករណី​ក្រុមយុវជន​ បំផ្លាញ​ទ្រព្យសម្បត្តិ​ រោងចក្រ​

ក្រសួង​ការងារ​ ឲ្យ​បក្សប្រឆាំង​ និង​សហជីព​ធំៗ​ បំភ្លឺ​ ករណី​ក្រុមយុវជន​ បំផ្លាញ​ទ្រព្យសម្បត្តិ​ រោងចក្រ​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុន​ថន​ / វិទ្យុ វីអូឌី​  | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​សហជីព​ធំៗ​​ទាំង​៦​​ ដែល​ដឹកនាំ​កម្មករ ប្រជាពលរដ្ឋ ធ្វើបាតុកម្ម​កន្លង​មក ឆ្លើយតប​ជា​លាយលក្ខណ៍​អក្សរ​ចំពោះ​អ្វី​ដែល​​ក្រសួង​​នេះ អះ​អាង​ថា ក្រុម​យុវជន​មួយចំនួន បាន​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។
លិខិត​ដាច់ដោយឡែក​ពីគ្នា ចំនួន​៧​​ច្បាប់ របស់​ក្រសួង​ការងារ​ចុះ​​ថ្ងៃទី​៣១​ ​ខែ​ធ្នូ ​ឆ្នាំ​២០១៣ ផ្ញើជូន​គណបក្ស​សង្គ្រោះ​ជាតិ និង​សហជីព​ទាំង​៦​នោះ លើក​ឡើងថា ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ជន​មួយក្រុម​អះអាង​ជា​សមាជិក​គណបក្ស​នេះ​និង​សហជីព បាន​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​​សាធារណៈ និង​​ឯកជន នៅតាម​បណ្តា​រោង​ចក្រ​​សហគ្រាស​។  លិខិត​បន្ថែមថា ហិង្សា​នេះ​បាន​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​ជា​ជនបរទេស​ស្វែង រក​អន្តរាគមន៍ ពី​បណ្តា​ស្ថានទូត​នៅ​កម្ពុជា​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោក​​ទទួល​បាន​លិខិត​នេះ កាលពី​ថ្ងៃ​ម្សិលមិញ ហើយ​លោក​នឹង​ឆ្លើយតប​នៅថ្ងៃនេះ​។ លោក​ថា បាតុករ​របស់​លោកមា​ន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​មិនបាន​ប្រើ​ហិង្សា​ដូច​ការអះអាង​នោះទេ ៖
​ក្រុម​សហជីព​ទាំង​៦​នោះ មាន​សហជីព​ខ្លះ មិនទាន់​ទទួលបាន​លិខិត​នេះ​នៅឡើយ​ទេ​។
ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា លោក ជា មុន្នី បានបញ្ជាក់​ថា កម្មករ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា មិន​មាន​ករណី​ដូច​ការ​លើក​ឡើង​​នេះ​​ទេ​។ លោក​បារម្ភ​ថា ក្រុមយុវជន​​ទាំងនោះ អាច​ជា​ក្រុម​ភាគី​ទី​៣ ដែល​ជួល​ឲ្យមក​អុកឡុក​ ដើម្បី​​ទម្លាក់​កំហុ​សដាក់​កម្មក​រ​ដែល​ធ្វើ​បាតុកម្ម​។ លោក​​ទាម​​ទារ​​ឲ្យ​​ក្រសួង​​ស៊ើបអង្កេត​ពី​បញ្ហា​នេះ​ឲ្យបាន​ច្បាស់ ៖
លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​​ប្រជាធិប​តេយ្យ​កម្មករ​​កាត់​ដេរ​​កម្ពុជា និង​ប្រធាន​សហព័ន្ធ​សហជីព​​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា លោកស្រី ម៉ម ញឹម ក៏​បដិសេធ​​ចំពោះ​ការលើកឡើង​ថា កម្មករ​របស់​ពួកគេ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​នោះ ហើយ​ក្រុម​សហជីព​ទាំងនោះ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាលចាប់​ជន​​ដែ​ល​ប្រព្រឹត្តល្មើស​មក​​ផ្តន្ទាទោស​តាមច្បាប់​។​
គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ចុះ​ចេញពី​តំណែង​។ ស្រប​ពេល​គ្នា​នោះ​សហជីព​ចំនួន​៦​​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​​គោល​១៦០​ដុល្លារ តាំងពី​ថ្ងៃ ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០១៣ ដោយ​​មិន​ទទួលយក​ការសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​ត្រឹម​១០០​ដុល្លារ​៕


No comments:

Post a Comment