សហជីពសេរីកម្មករ នឹងមិនចូល ប្រជុំ រឿងប្រាក់ឈ្នួល កម្មករ នៅថ្ងៃទី០៨មករានេះទេ
ដោយ៖ តាំង វីដា / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសជំហរមិនចូលរួមប្រជុំជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលកម្មករ នៅថ្ងៃទី៨ ខែមករានេះឡើយ បើថ្នាក់ដឹកនាំសហជីពណាមួយ ក្នុងចំណោមសហជីពទាំង៥ ដែលដឹកនាំកម្មករតវ៉ា រងការគំរាមកំហែង ឬត្រូវបានប្តឹងផ្តល់ទៅតុលាការ។
សេចក្តីថ្លែងការណ៍នៃសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា របស់លោក ជា មុនី ចុះថ្ងៃទី៦ ខែមករានេះ ឲ្យដឹងថា សហជីពរបស់លោកនឹងមិនចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈឡើយ ដោយហេតុថា លទ្ធផលនៃកិច្ចប្រជុំនឹងគ្មានផលប្រយោជន៍ ល្គឹកណា មេដឹកនាំសហជីពណាមួយ ត្រូវបានទទួលរងការប្តឹងផ្តល់ទៅតុលាការ ក្រោមរូបភាពគាបសង្កត់ គំរាមកំហែងទៅលើសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
VOD មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួ បាននៅឡើយទេ។
កាលពីថ្ងៃទី៣ ខែមករា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានកោះអញ្ជើញសហជីពចំនួន ៥ ចូលរួមប្រជុំដោះស្រាយបញ្ហាប្រាក់ឈ្នួលរបស់កម្មករ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៨ ខែមករា ខាងមុខនេះ។ ក្រសួងការងារ អំពាវនាវដល់ សហជីពទាំង៥ និងសមាគមមួយ របស់លោក រ៉ុង ឈុន បញ្ឈប់សកម្មភាពញុះញង់កម្មករ ដែលជាសកម្មភាពបម្រើផលប្រយោជន៍នយោបាយ៕
No comments:
Post a Comment