Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

ពលរដ្ឋ និង​កម្មករ​ នៅ​ម្ដុំ​ផ្លូវវេង​ស្រេង ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ និង​អង្គការ​ សង្គម​ស៊ីវិល​ ស៊ើបអង្កេត​ ការបាញ់​កម្មករ​​

ពលរដ្ឋ និង​កម្មករ​ នៅ​ម្ដុំ​ផ្លូវវេង​ស្រេង ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ និង​អង្គការ​ សង្គម​ស៊ីវិល​ ស៊ើបអង្កេត​ ការបាញ់​កម្មករ​​


ដោយ៖​ សុទ្ធ គឹម​សឿន និង ពេជ្រ សុធារី​ /​ វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014

ទិដ្ឋភាពនៅការប៉ះទង្គិចគ្នារវាងកម្មករ និងកងសមត្ថកិច្ចនៅផ្លូវវេងស្រេង កាលពីថ្ងៃទី៣ មករា​ ឆ្នាំ២០១៣ (រូបភាពដោយ តាត ឧត្តម)
ប្រជាពលរដ្ឋ និង​កម្មករ​មួយ​ចំនួន ដែល​រស់នៅ និង​ធ្វើការ​នៅ​រោងចក្រ ក្នុង​សួន ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវេង​ស្រេង ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ស៊ើបអង្កេត​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ ដោយ​ការប៉ះទង្គិច​រវាង​ក្រុម​សមត្ថកិច្ច និង​ក្រុម​កម្មករ ខណៈពេល​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ ​១៦០ដុល្លារ​។​
ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​ម្ដុំ​ផ្លូវវេង​ស្រេង និង​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា បាន​អះអាង​ស្រដៀង​គ្នា​ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​មករា ក្រុមកម្មករ​បាន​នាំគ្នា​ចាក់ធុងបាស់​រាំ​លេង ​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដែល​ជា​ការតវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ចុះ​មក​វាយ​ដោយ​ដំបងឆក់ និង​ប្រើ​ហិង្សា​ទៅ​លើ​ក្រុមកម្មករ ហើយ​ឈាន​ទៅដល់​ផ្ទុះ​ហិង្សា​ខ្លាំង នៅ​ថ្ងៃ​បន្ទាប់​។ ពួកគេ​បន្ត​ថា កម្លាំង​សមត្ថកិច្ច​មិនគួរ​ប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​លើ​កម្មករ​ដែល​គ្រាន់តែ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​នោះទេ​។ ពួកគេ​បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល និង​អង្គការ​ជាតិ​និង​អន្ដរជាតិ ជួយ​ស៊ើបអង្កេត និង​រក​យុតិ្ត​ធម៌ ជូន​ជនរងគ្រោះ​ឲ្យបាន​ឆាប់ <<​ដោយសារ​អយុត្តិធម៌ ទើប​គាត់​ធ្វើអំពើ​បិទផ្លូវ​។ អង្គការ​ប្រទេស​ក្រៅៗ ដែល​ជួយ​ខ្មែរ​យើង ឲ្យជួយ​ជា​បន្ទាន់​បន្តិច​ទៅ ព្រោះ​ជនរងគ្រោះ​នោះ​ក៏​ច្រើន អ្នក​ស្លាប់​នោះ​ក៏​ច្រើន​។ ប្រសិនជា​គាត់​តាំង​ចិត្ត​ជា​នាយករដ្ឋមន្ត្រី មើល​ការខុសត្រូវ​ប្រជាជន​មែន ចង់​ឲ្យ​គាត់​ជួយ​ស្រាវជ្រាវ​រឿងនេះ​កុំឲ្យ កម្មករ​ស្លាប់ទៅ ដោយ​អយុត្តិធម៌​ពេក​>>​។
​វី​អូ​ឌី មិនអាច​សុំ​ការឆ្លើយតប ជុំវិញ​ការស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត​ករណី​បាញ់​កម្មករ​ នៅ​មុខសួនឧស្សាហកម្ម​កា​ណាឌី​យ៉ា ពី​លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក គាត ច័ន្ទ​ថា​រិទ្ធិ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល​។​

​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រាជរដ្ឋាភិបាល គួរ​បង្កើត​គណៈកម្មកា​រ​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​បាញ់សម្លាប់​កម្មករ​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នេះ ដើម្បី​លុបបំបាត់​នូវ​អំពើ​និ​ទន្ឌ​ភាព​នៅ​កម្ពុជា​ <<​រដ្ឋាភិបាល​ត្រូវតែ​មាន​ការទទួលខុសត្រូវ ហើយ​នឹង​មាន​បង្កើន​នូវ​គណៈកម្មការ ឯករាជ្យ ក្នុងការ​ធ្វើ​ការស៊ើបអង្កេត ឲ្យបាន​ដិត​ដល់​ទៅ​លើ​រឿងនេះ ដើម្បី​រកឲ្យឃើញ​ឫសគល់ ក៏​ដូចជា​អ្នក​ដែល​បង្កឲ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស យក​ទៅ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​>>​។​
​កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា មាន​ការប៉ះទង្គិច​ដោយ​ហិង្សា​មួយ​រវាង​ក្រុម​កម្មករ​ដែល​មកពី​រោងចក្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវេង​ស្រេង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាលឲ្យ​កម្មករ ៥​នាក់​ស្លាប់ និង ជិត​៤០​នាក់​រងរបួស និង​កម្មករ​១៣​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​៕

No comments:

Post a Comment