Paris Peace Accords 23 Oct. 1991

Thursday, January 16, 2014

លោក ហ៊ុន ​សែន​ ស្នើ​លោក​ ស៊ូ​បែ​ឌី ​ជំ​រុញ​បក្ស​ប្រឆាំង​ ចូល​សភា

រដ្ឋសភាកម្ពុជា

លោក ហ៊ុន ​សែន​ ស្នើ​លោក​ ស៊ូ​បែ​ឌី ​ជំ​រុញ​បក្ស​ប្រឆាំង​ ចូល​សភា

RFI | ១៥ មករា ២០១៤

នៅ​ក្នុងជំនួប ដ៏​កម្រ​ រវាង​ ប្រមុខ​រដ្ឋាភិបាល ​កម្ពុជា លោក​ ហ៊ុន សែន និង​លោក សូរិយា​ ប្រាសាទ ស៊ូ​បែ​ឌី, អ្នក​រាយ​ការណ៍​ ពិសេស ​របស់ ​អង្គ​ការ ​សហ​ប្រជា​ជាតិ, លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ ឱ្យ​លោក ស៊ូ​បែ​ឌី ជំរុញ​ គណ​បក្ស​ប្រឆាំង ​ចូល​ប្រជុំ​ ក្នុង​សភា។  ការ​ចូល​ប្រជុំ​ សភា​នេះ ជា​ច្រក ​តែ ​មួយ​គត់​ ដើម្បី​ ទម្លុះ​ភាពទាល់​ច្រក ​នៃ​ស្ថាន​ការណ៍​ នយោ​បាយ​ នា​ពេល​បច្ចុប្បន្ន។  គណ​បក្ស​ សង្គ្រោះ​ជាតិ ស្វា​គម​ ចំពោះ​ សំណើរ​នេះ, ប៉ុន្តែ​ បក្ស​ប្រឆាំង ​ស្នើ​ ឱ្យ​មាន​ការ​បោះ​ឆ្នោត​ ឡើង​វិញ​។

សេចក្តីរាយការណ៍ របស់ ស៊ុន​ មេសា
ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាល់​ច្រក​នៃ​ស្ថាន​ការណ៍​នយោ​បាយ​នៅ​ កម្ពុជា​នា​ពេល​បច្ចុប្បន្ន គឺ​មាន​តែ​ការចូល​រួម​ប្រជុំ​សភា​ពី​សំ​ណាក់​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។ នេះ​ជា​សំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅកាន់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក សូរិយា ប្រាសាទ​ស៊ូ​បែ​ឌី នៅក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ពុធ​ទី១៥ មករា​នេះ។


ជា​កិច្ចប្រជុំ​ដ៏​កម្រ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក ស៊ូ​បែ​ឌី​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ជំនួប​អស់​ រយៈពេល​ពីរដង​រួចមកហើយ។ ហើយ​ជំនួប​នៅ​ព្រឹក​នេះ ក៏​ជា​ជំនួប​ដែល​ធ្វើឡើង​ក្រោយ​កម្ពុ​ជាមាន​ផ្ទុះ​អំពើហិង្សា​បង្ហូរឈាម និង​ចំ​ពេលដែល​កម្ពុជា​កំពុង​តែមាន​ភាពទាល់ច្រក​នយោបាយ​ផងដែរ។

ឆ្លើយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​វិមាន​សន្តិភាព លោក ឱម​យិន ទៀង ដែលជា​សមាសភាព​ម្នាក់​ក្នុ​ងិ​ច​ប្រជុំ​ដែរនោះ បាន​ដកស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ឆ្លើយតប​ទៅ​សំណួរ​ស្តីពី​ភាពទាល់ច្រក​នៃ​នយោបាយ​នៅ​កម្ពុជា​របស់ លោក ស៊ូ​បែ​ឌី​ថា “បញ្ហា​ទាំងអស់ ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រដ្ឋសភា ព្រោះថា​កំណែទម្រង់​ការបោះឆ្នោត និង​ការដោះស្រាយ​បញ្ហានយោបាយ នាពេល​សព្វថ្ងៃនេះ ដែល​ត្រូវធ្វើ​ចេញពី​រដ្ឋសភា។

សំណើរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​បែបនេះ គឺ​ខណៈដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ សភា​អាណត្តិ​ទី៥រហូតមក​ចាប់តាំងពី​សភា​អាណត្តិ​ទី៥ចាប់កំណើត​នៅ​ខែកញ្ញា។ ឆ្លើយតប​ទៅនឹង​សំណើរ​របស់​បក្ស​កាន់អំណាច់​ស្តីពី​ការចូលរួម​ប្រជុំ​សភា​នេះ លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ស្វាគមន៍​ចំពោះ​សំណើរ​នេះ។  ប៉ុន្តែ​បក្សប្រឆាំង​មាន​សំណើរ​ពីរ​សំខាន់​គឺ កំណែទម្រង់​ការបោះឆ្នោត និង​ការបោះឆ្នោត​ឡើងវិញ។

យ៉ាងណាក៏ដោយ​ការស្នើ​ទៅ​តំណាង​អង្គការសហប្រជាជាតិ​ឱ្យ​បក្សប្រឆាំង​ ចូលប្រជុំ​សភា​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ននេះ គឺជា​វិជ្ជមាន​មួយ។ តាមរយៈ​អ្នកនាំពាក្យ​នៃ​អង្គប្រជុំ​លោក ស៊ូ​បែ​ឌី ក៏បាន​មានប្រសាសន៍​យ៉ាងខ្លី​ថា លោក ក៏​រងចាំ​មើល​ដែរ៕




1 comment:

  1. Anonymous6:43 AM

    បញ្ហាធំចំបង ជាដើមចម មុនគេបង្ឣស់ គឺការឣំពើល្មើសសព្វបែបយ៉ាង ផ្ទុយនឹង ច្បាប់បោះឆ្នោត។
    មាន តាំងពីកៀបសង្កត់បុគ្គលិកក្នុងក្រសួង ភូមិ សង្កាត់ លួចបន្លំឈ្មោះ ក្នុងបញ្ជីបោះឆ្នោត មធ្យោបាយឃោសនា វិទ្យុ ទូរទស្សន៍ យានជំនិះ ឣំណោយ ទិញទឹកចិត្តខុសច្បាប់ ជួលឲ្យបោះឆ្នោតខុសច្បាប់ លិខឹតសំគាល់ខ្លួនត្បាញឣាយ ល្បិចកែឆ្នៃលទ្ធផល នៃការបោះឆ្នោត ល្បិចប្រកាសលទ្ធផល នៃការបោះឆ្នោត។ល។
    សរុបទៅ គឺជាការបោះឆ្នោត ឣយុត្តិធម៌ លួចបន្លំ។ ដូច្នេះ លទ្ធផល នៃការបោះឆ្នោតនេះ ត្រូវចាត់ទុក ជាមោឃៈ ឣត់បានការ ឣត់មានតម្លៃ តាមផ្លូវច្បាប់។

    បើដោះស្រាយត្រឹមថ្នាក់នេះបាន តាមការតវ៉ារបស់បក្សប្រឆាំង ហើយព្រមព្រៀងគ្នា ទាំង២បក្ស គឺឣត់មានការខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ជាបន្តៗទៀតមកទល់ឥឡូវនេះទេ គឺគ្មានសភា និងរដ្ឋាភិបាលខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ហើយក៏គ្មានបាតុកម្ម ទាមទារឣ្វីដែរ និងគ្មានការបាញ់ សម្លាប់រាស្ត្រដែរ។
    "សូមកុំងាក បង្វែរដាន ចេញពីបញ្ហាធំចំបង ជាដើមចម មុនគេបង្ឣស់នេះ។"

    រដ្ឋាភិបាលចាំផ្ទះ ជំរុញ ឲ្យប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតនេះយ៉ាងរហន់ រួចជំរុញ ឲ្យកោះប្រជុំសភា ដោយ ខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ តែគ្នា៦៨នាក់ ឣត់បាន១២៣នាក់ វាកើតជាសភាខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ។
    ឯរដ្ឋាភិបាលចាំផ្ទះ ដែលឣនុមត្តិ ដោយសភាខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ក៏ទៅជា រដ្ឋាភិបាលខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ដែរទៅហើយ។
    តើយកច្បាប់ឣី្វមកឣះឣាង ការពារសភា ការពាររដ្ឋាភិបាល ដែលកើតឡើងខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ក៏មិនត្រឹមត្រូវដែរ។
    ឣង្គការឣី្វក៏ដោយ ឲ្យតែកើតចេញ ដោយខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ ទោះជាធ្វើឣី ក៏ខុសច្បាប់ ឬបំពានរដ្ឋធម្មនុញ្ញដែរ។

    ឧទាហរណ៍: ឣាចោរលួចប្លន់បានឯកសណ្ឋានប៉ូលិស ពាក់ឯកសណ្ឋានប៉ូលិស ទៅធ្វើឣំពើល្ឣឣី្វក៏ដោយ ឣាក្រក់ឣី្វក៏ដោយ សុទ្ធតែខុសច្បាប់ទាំងឣស់។

    ReplyDelete