អ្នកវិភាគ ព្រួយបារម្ភពីការផ្អាក ជំនួយរបស់អាមេរិក
ដោយ៖ ថុល ស្រីលក្ខណ៍ និងណុល ដារ៉ា | ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
(រូបភាពពី www.mrconservative.com)
ក្រុមអ្នកវិភាគយល់ថា ការដែលសហរដ្ឋអាមេរិក ធ្វើសេចក្ដីព្រាងច្បាប់ ផ្អាកមូលនិធិមួយចំនួនដល់កម្ពុជា គឺឆ្លើយតបនឹងការភ័យខ្លាចរបស់ប្រទេសមួយនេះ ពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។
ការលើកឡើងនេះបន្ទាប់ពីសភាអាមេរិកបានអនុម័ត្តសេចក្ដីព្រាងថវិកាសម្រេចផ្អាកជំនួយមកកម្ពុជា កាលពីថ្ងៃពុធ សប្ដាហ៍នេះ ដោយដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតពីភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត ធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបច្ចុប្បន្ន ជាថ្នូរនឹងការបន្តផ្ដល់មូលនិធិមកកម្ពុជាឡើងវិញ។
ប្រធានក្រុមអ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា នេះជាជំហានទី២ ដែលអាមេរិកដាក់សម្ពាធមកកម្ពុជា បន្ទាប់ពីប្រទេសមហាអំណាចមួយនេះចេញសេចក្ដីថ្លែងការបង្ហាញពីការព្រួយបារម្ភជាបន្តបន្ទាប់ ពីភាពជាប់គាំងនយោបាយនៅកម្ពុជា។ លោកព្រមានថាប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនដោះស្រាយបញ្ហាដែលគេទាមទារនោះទេ នោះសម្ព័ន្ធមិត្តរបស់អាមេរិក នឹងរួមគ្នាកាត់ជំនួយមកកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ « វាប៉ះពាល់ទីមួយដំបូងឡើយគឺដល់យន្តការរបស់រដ្ឋាភិបាលធំៗ ដែលត្រូវការជំនួយជាចាំបាច់ ហើយកាលណាប៉ះពាល់ដល់យន្តការធំៗ គឺវាប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចមួយចំនួនហើយ ទីមួយ។ ទីពីរ វាប៉ះពាល់ដល់កម្រោងកម្មវិធីវិនិយោគមួយចំនួន ឬក៏កម្មវិធីសម្រាប់ជួយជនក្រីក្រ ជនរងគ្រោះ កម្មវិធីអភិវឌ្ឍន៍។ អាហ្នឹងគឺផ្ដល់ផលប៉ះពាល់ហើយ ព្រោះជំនួយអាមេរិកហ្នឹងគឺកម្មវិធីអភិវឌ្ឍន៍ច្រើនណាស់ »។
លោក កែម ឡី បានព្រមានបន្តទៀតថា ប្រសិនបើជំហានទី២នេះមិនទទួលបានជោគជ័យ អាមេរិកអាចនឹងដាក់ជំហានទី៣ ទី៤ រហូតដល់ទី៧ ដែលនឹងឈានដល់ការដាក់កម្លាំងយោធា ដើម្បីការពារកុំឲ្យកម្ពុជាវិលទៅរករបបផ្ដាច់ការ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច អះអាងថា ការកាត់ជំនួយមួយចំនួនរបស់មេរិកនៅពេលនេះ គឺផ្ដល់ផលប៉ះពាល់តិចតួចទេសម្រាប់កម្ពុជា តែលោកថា អ្វីដែលនឹងប៉ះពាល់ខ្លាំងជាងនេះ គឺសហគមន៍អន្តរជាតិទាំងអស់ហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា។
អ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការផ្ដាច់ជំនួយមកកម្ពុជានៅពេលនេះ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។ លោកថា រដ្ឋាភិបាលគួរតែទទួលស្គាល់កំហុសរបស់ខ្លួន ហើយដោះស្រាយការជាប់គាំងនយោបាយឲ្យបានឆាប់ តាមការចង់បានរបស់សហគមន៍អន្តរជាតិ «អាហ្នឹងវាប៉ះពាល់ហើយ គេចង់បានជំនួយហ្នឹងទៅដល់ដៃប្រជាពលរដ្ឋ ក៏ប៉ុន្តែដោយសារតែការគ្រប់គ្រងរបស់គណបក្សប្រជាជនហ្នឹងវាធ្វើឲ្យគេមិនទុកចិត្ត ហើយធ្វើឲ្យគេមានការចាត់វិធានការ ដើម្បីធ្វើម៉េចឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ»។
បន្ទាប់ពីការជាប់គាំងនយោបាយក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ សហរដ្ឋអាមេរិក ធ្លាប់បានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការបោះឆ្នោត និងឲ្យធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឡើងវិញ៕
US must provide Nuclear Bombs to innocent Cambodian people to overthrow Cambodian Dictators now otherwise Cambodia will become a terrorist state in the South East Asia in the future
ReplyDelete