គណបក្សប្រឆាំងបានថ្កោលទោសចំពោះសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើការរំខានដល់ការជួបជុំរបស់គណបក្សសង្គ្រោះជាតិ ដែលពួកគេគ្រាន់តែធ្វើការជួបជុំ មិនមែនធ្វើបាតុកម្មផងនោះ។ បញ្ហាទាំងនេះ អ្នកវិភាគបានលើកឡើងថា ដើម្បីជៀសវាងនូវអំពើហិង្សា និងបញ្ចប់ជម្លោះនយោបាយរ៉ាំរ៉ៃនេះ គណបក្សនយោបាយទាំងពីរត្រូវតែងាកមករកតុចរចាវិញ។
ការប្រឈមមុខដាក់គ្នា និងស្រែកតាមឧគ្ឃោសនស័ព្ទឮកងរំពង បានកើតមាននៅទីរួមខេត្តកំពង់ចាម នៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ មករា នៅខណៈដែលគណបក្សនេះបានរៀបចំពិធីជួបជុំអ្នកគាំទ្ររបស់ខ្លួន។
គណបក្សសង្គ្រោះជាតិ មិនងាយស្រួលក្នុងការធ្វើពិធីជួបជុំគ្នាដូចកាលពីមុនទៀតទេ ទោះបីជាមិនមែនជាទ្រង់ទ្រាយធ្វើបាតុកម្មក្ដី ពីព្រោះថា គណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមប្រើយុទ្ធសាស្ត្រយកបន្លាជោះបន្លា។
«សំឡេង»
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណ ៣ពាន់នាក់ ដែលពាក់មួក និងអាវគណបក្សប្រជាជនកម្ពុជា មិនខុសពីពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ គឺហែក្បួនរថយន្តតាមផ្លូវមួយចំនួន និងហែឆ្ពោះទៅកាន់មុខស្នាក់ការគណបក្សសង្រ្គោះជាតិ នៅជាប់ផ្លូវជាតិលេខ៧។
គណបក្សសង្រ្គោះជាតិ មិនបានរៀបចំពិធីជួបជុំគ្នាដូចការគ្រោងទុកនោះទេ កាលពីថ្ងៃទី២៦ មករា ដោយសារអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចូលទៅយាយីរំខាន ហើយធ្វើការឡោមព័ទ្ធមិនឲ្យ លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ចូលទៅកាន់វេទិកា។
នៅទីបំផុត លោក សុន ឆ័យ បេក្ខជនជាប់ឆ្នោតមណ្ឌលភ្នំពេញ បានទៅកាន់វេទិកាដោយការការពារយ៉ាងតឹងរ៉ឹងពីស្នងការខេត្តកំពង់ចាម ផ្ទាល់ ដើម្បីបញ្ចៀសផ្លូវឲ្យលោក និងបេក្ខជនតំណាងរាស្ត្រមួយចំនួនទៀតទៅចូលកាន់វេទិកាបាន ពីព្រោះថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានជេរប្រមាថ និងចង់ប្រើអំពើហិង្សាដាក់ លោក សុន ឆ័យ ជាដើម។
ទោះបីជាយ៉ាងនេះក្ដី លោក សុន ឆ័យ បានអះអាងថា គណបក្សសង្គ្រោះជាតិ នៅតែធ្វើវេទិកាជួបជុំជាមួយប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនដដែល។ លោក សុន ឆ័យ បានថ្កោលទោសចំពោះសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បែបនេះ។
«សំឡេង»
ឡានធំៗជាច្រើនគ្រឿងដឹកប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា បំពាក់ដោយឧគ្ឃោសនស័ព្ទគ្រប់ឡាន និងចងបដាសរសេរថា ជយោលទ្ធិប្រជាធិបតេយ្យ ការថ្ងៃបោះឆ្នោត ២៨ កក្កដា ឆ្នាំ២០១៣ ការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ល។ ស្ថានភាពនៅថ្ងៃទី២៦ មករា ស្ថិតក្នុងភាពច្របូកច្របល់ ហើយភាពផុយស្រួយនៃអំពើហិង្សា នឹងអាចកើតមានគ្រប់ពេល ប្រសិនអាជ្ញាធរមិនបានការពារឲ្យបានតឹងរ៉ឹងទេនោះ។ នៅពេលព្រឹកថ្ងៃទី២៦ ដដែលនោះ ពួកគេបានទៅព័ទ្ធសណ្ឋាគារដែល លោក កឹម សុខា ស្នាក់នៅក្បែរស្ពានគីស៊ូណា នោះ។
ស្នងការនគរបាលខេត្តកំពង់ចាម បានចុះទៅបញ្ជាផ្ទាល់នៅពេលនោះ ដោយបញ្ជាឲ្យមន្ត្រីនគរបាល និងកងរាជអាវុធហត្ថឈរកាន់ដៃគ្នាជាពីរជួរ ឈរបាំងមិនឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដើរចូលទៅវេទិកាគណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែ ក្រុមយុវជនដែលឈរជួរមុខក្បួនរថយន្តប្រមាណ ២០នាក់ បានកាន់សុទ្ធតែដំបង ដែលដំបងនោះគេចងទង់ជាតិ និងបដា។
ក៏ប៉ុន្តែ នៅខណៈដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានឡោមព័ទ្ធ និងនៅមុខវេទិកានោះ ខាងគណបក្សសង្គ្រោះជាតិ បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យនៅស្ងៀមស្ងាត់ រក្សារបៀបរៀបរយ និងហាមមិនឲ្យប្រើអំពើហិង្សា ប្រកាន់នូវធម៌អហិង្សាជាដើម។
«សំឡេង»
សកម្មភាពបន្លាជោះបន្លាបានកើតមានឡើងនេះ បានកើតមាននៅបន្ទាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានគណបក្សប្រឆាំងកាលពីថ្ងៃទី១៨ មករា នៅឯខេត្តក្រចេះ ថា ការធ្វើបាតុកម្មនេះលោកក៏មានអ្នកគាំទ្រធ្វើបាតុកម្មប្រឆាំងវិញដែរ ឬហៅថាបន្លាជោះបន្លា។
«សំឡេង»
ទោះបីជាយ៉ាងនេះក្ដី អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានទៅហែក្បួនប្រឆាំងនឹងវេទិកាគណបក្សសង្គ្រោះជាតិ បានលើកឡើងខុសៗគ្នា មួយចំនួនប្រាប់ថា ពួកគាត់មកធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដែលមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត។ មួយចំនួនទៀត បានឆ្លើយថា ពួកគាត់មកតាមគេ ពីព្រោះមេភូមិប្រាប់ថាឲ្យមកប្រជុំនៅខេត្ត ហើយពេលទៅផ្ទះវិញ គេសន្យាថាឲ្យលុយជាដើម។
«សំឡេង»
ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមកចូលរួមធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ឈ្មោះ សារ៉េត មកពីស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ពួកគាត់មកចូលរួមប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ធ្វើវេទិកានៅកំពង់ចាម នេះ គឺមកតាមបញ្ជាមេភូមិ ហើយគេរៀបចំឡានឲ្យជិះ និងមានបាយទឹកហូបជាដើម។ លោកបញ្ជាក់ថា លោកគាំទ្រលទ្ធផលបោះឆ្នោត និងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«សំឡេង»
ដោយឡែក អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មួយចំនួនទៀតបានសម្ដែងការខកចិត្តចំពោះការរៀបចំរបស់អាជ្ញាធរភូមិឃុំ ដែលដឹកពួកគាត់មកធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ នេះ ទៅវិញ។ ប្រជាពលរដ្ឋទាំងនោះបានរៀបរាប់ថា បើពួកគាត់ដឹងថា មកធ្វើបាតុកម្មប្រឆាំងគ្នាបែបនេះ ពួកគាត់មិនមកចូលរួមទេ ពីព្រោះពួកគាត់មិនចង់ឲ្យមានអំពើហិង្សាជាមួយខ្មែរគ្នាឯងកើតឡើង។
«សំឡេង»
ក្រុមការពារសិទ្ធិមនុស្សបានថ្កោលទោសចំពោះសកម្មភាពការដឹកនាំប្រជាពលរដ្ឋយកប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងគ្នាបែបនេះ។ អ្នកការពារសិទ្ធិមនុស្ស បានឲ្យដឹងថា សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ធ្វើនៅខេត្តកំពង់ចាម នេះ ជាការរំលោភសិទ្ធិគណបក្សសង្គ្រោះជាតិ ដែលដឹកនាំប្រជាពលរដ្ឋទៅរំខាន និងយាយីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដល់ស្នាក់ការគណបក្សនោះ។ មន្ត្រីសិទ្ធិមនុស្ស ក៏ព្រួយបារម្ភអំពីអំពើហិង្សាកើតឡើងដែរ ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបន្តធ្វើដូច្នេះនោះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានពន្យល់ថា គណបក្សទាំងពីរកំពុងបង្ហាញថា មានអ្នកគាំទ្ររៀងៗខ្លួន ដូចជាសកម្មភាពយកបន្លាជោះបន្លាជាដើម។ នៅត្រង់ចំណុចនេះ លោក សុខ ទូច លើកឡើងថា បើសិនជាគណបក្សទាំងពីរមានអ្នកគាំទ្ររៀងៗខ្លួននោះ ហេតុអ្វីបានជាមិនព្រមធ្វើប្រជាមតិ ដើម្បីបញ្ចប់ជម្លោះនយោបាយ?
«សំឡេង»
អ្នកវិភាគនយោបាយអះអាងថា ដើម្បីបញ្ចប់វិបត្តិនយោបាយនៅពេលនេះ អ្នកនយោបាយត្រូវតែងាកមកតុចរចាវិញ ប្រសិនបើអ្នកនយោបាយគិតប្រជាពលរដ្ឋជាធំ ពីព្រោះថាវិបត្តិនយោបាយជាប់គាំងនេះ អ្នកដែលខាតបង់នោះ គឺប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត អ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា គេចង់ឲ្យកម្ពុជា មានស្ថិរភាពនយោបាយ និងជាប្រទេសគោរពច្បាប់ជាធំ។
អ្នកវិភាគបន្ថែមថា សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ ជាយុទ្ធសាស្ត្រមួយបង្ខំឲ្យគណបក្សសង្គ្រោះជាតិ ចូលមកតុចរចា ហើយឈប់ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ពីព្រោះថា គណបក្សសង្គ្រោះជាតិ មានការលំបាកក្នុងការធ្វើបាតុកម្ម ឬការជួបជុំគ្នា ដូចជាមេដឹកនាំគណបក្សសង្គ្រោះជាតិ លុបចោលគម្រោងជួបជុំគ្នានៅខេត្តកណ្ដាល កាលពីសប្ដាហ៍មុន ដោយសារខ្លាចបញ្ហាសុវត្ថិភាពប្រជាពលរដ្ឋ ដោយខ្លាចមានការបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាល ឬការផ្ទុះអំពើហិង្សាណាមួយជាដើម៕
Sam Rainsy and Kem Sokha is not beysarch like your leader is demon from hell alawys kills khmer people Ah kwaq dog VC
ReplyDelete