ក្រសួងការងារ ជំរុញ ឲ្យ មន្ត្រីសហជីព ដែលត្រូវបាន បញ្ឈប់ ពីការងារ ដោយសារការធ្វើបាតុកម្ម ដាក់ពាក្យបណ្តឹង ទៅក្រសួង
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឲ្យតំណាងសហជីពប្រមាណ ១០០នាក់ ដែលរងការបញ្ឈប់ពីការងារដោយសារការធ្វើបាតុកម្មកន្លងមកនោះ ដាក់ពាក្យបណ្តឹងទៅក្រសួង ប្រសិនបើការបញ្ឈប់នោះ ធ្វើឡើងដោយខុសច្បាប់ពីសំណាក់ម្ចាស់រោងចក្រ។
ការលើកឡើងរបស់មន្ត្រីក្រសួងការងារ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា មន្ត្រីសហជីពប្រមាណ១០០នាក់ ត្រូវបានរោងចក្រមួយចំនួនបញ្ឈប់ពីការងារ ដោយសារពួកគេចូលរួម និងលើកទឹកចិត្តឲ្យកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែអប្បបរមា ១៦០ដុល្លារក្នុងមួយខែ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានដឹងថា ចាប់តាំងពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ កន្លងមក សហជីពជាង១០០នាក់ ដែលមកពីរោងចក្រចំនួន១៣ នៅខេត្តកំពង់ចាម ស្វាយរៀង និងរាជធានីភ្នំពេញ ខ្លះត្រូវបានគេបញ្ឈប់ពីការងារ ខ្លះរងការគំរាមកំហែង ខ្លះត្រូវបានគេប្តឹង និងខ្លះទៀតត្រូវបានព្យួរការងារ ដោយសារតែតំណាងសហជីពទាំងនោះចូលរួមលើកទឹកចិត្តកម្មករឲ្យធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ «អ្នកខ្លះក៏មិនបញ្ឈប់ដែរ គ្រាន់តែគំរាមកំហែងគាត់ ផ្តាច់កិច្ចសន្យាលគាត់។ អ្នកខ្លះប្តឹងគាត់ទៅក្រសួងមហាផ្ទៃ អ្នកខ្លះប្តឹងគាត់ទៅសាលាស្រុក។ ក្នុងចំនោម១៣រោងចក្រ ដែលខ្ញុំប្រាប់នោះមាន គេបញ្ឈប់ មានគេប្តឹង មានគេគំរាមកំហែង»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា ក្រសួងនឹងចាត់វិធានការដោះស្រាយជូនមន្ត្រីសហជីពទាំងនោះ លុះត្រាតែពួកគាត់ដាក់ពាក្យបណ្តឹងទៅក្រសួង ហើយរាល់ការបញ្ឈប់នោះមានលក្ខណៈរំលោភសិទ្ធិ និងមិនត្រឹមត្រូវតាមច្បាប់ពីសំណាក់ម្ចាស់រោងចក្រ «ខ្ញុំគិតថា សូមរៀបចំជាបែបបទផ្លូវការមក ដើម្បីក្រសួងចាត់វិធានការឬមួយក៏ចុះអង្កេត ហើយខ្ញុំសូមបញ្ជាក់ឡើងវិញថា ដូចជាមិនគួរប្រើប្រាស់វេទិកាសារព័ត៌មាន ដើម្បីនេះទេ ប្រសិនជាមានករណីអ្វីមួយ ដែលគាត់គិតថាខ្លួនគាត់ត្រូវបានរំលោភ បំពានដោយច្បាប់ ឬមួយក៏អ្វី ក៏សូមឲ្យគាត់យន្តការរាជរដ្ឋាភិបាល ដែលមានស្រាប់ ដែលមាននាយកដ្ឋាន អធិការកិច្ចការងារ នាយកដ្ឋានវិវាទការងារ ដើម្បីរងចាំទទួលនូវបណ្តឹងរបស់គាត់ទាំងអស់ អ៊ីចឹងសូមឲ្យគាត់ប្រើប្រាស់នូវយន្តការនេះវិញ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានចាត់ទុកការបញ្ឈប់មន្ត្រីសហជីពពីការងារពីសំណាក់រោងចក្រទាំងនោះ ថាជាការរើងអើងយ៉ាងពេញទំហឹងលើសហជីពដែលចូលរួមក្នុងការធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាព និងប្រាក់ខែសមរម្យ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅក្នុងមួយរយៈកន្លងមក «ជាការរើសអើងពេញទំហឹងហើយ របស់និយោជកនេះ ដែលក្រោយពីកម្មករចូលធ្វើការហើយ និយោជកនៅតែបន្តបញ្ឈប់កម្មករ ឬកម្មករមួយចំនួនរហូតដល់១០០នាក់ សុទ្ធតែជាតស៊ូមតិ នេះហើយបានជា យើងបូកទាំងអស់ នៅពេលដែលថ្ងៃខាងមុខ បើដោះស្រាយមិនចេញនោះ មានន័យយើងគួរតែកូដកម្មរួមទាំងអស់»។
បន្ទាប់ពីក្រសួងការងារបានប្រកាសពីការដំឡើងប្រាក់ខែគោលចំនួន៩៥ដុល្លារ ដល់កម្មករ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣មក កម្មករធ្វើការនៅតាមរោងចក្រនានាក្នុងប្រទេសកម្ពុជា បានផ្ទុះបាតុកម្មនៅមុខរោងចក្ររបស់ខ្លួន ខ្លះបិទកំណាត់ផ្លូវជាតិ និងមួយចំនួនទៀតដើរក្បួនទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលដល់១៦០ដុល្លារ។ ក្រោយមកនៅដើមឆ្នាំ២០១៤ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ខែគោលដល់១០០ដុល្លារ ប៉ុន្តែត្រូវបានកម្មករលើកឡើងថា ការដំឡើងនេះ មិនអាចធ្វើឲ្យពួកគាត់មានជីវភាពរស់នៅសមរម្យនោះទេ ហើយកម្មករក៏បន្តទាមទារតាមរយៈការធ្វើបាតុកម្ម និងកូដកម្ម រហូតដល់មានការបង្ក្រាបពីសមត្ថកិច្ច ដោយការប្រើអំពើហិង្សាបណ្តាលឲ្យមានមនុស្ស៤ស្លាប់ ជាច្រើននាក់រងរបួស និងមនុស្ស២៣នាក់ទៀត កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាមនៅឡើយ។ តែទោះជាយ៉ាងណា ក្រសួងការងារ គ្រោងជួបប្រជុំថ្នាក់ជាតិ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ស្តីពីការដំឡើងប្រាក់ឈ្នួលដល់កម្មករកម្ពុជា នៅថ្ងៃទី៥ខែកុម្ភៈ ខាងមុខនេះ៕
No comments:
Post a Comment