Paris Peace Accords 23 Oct. 1991

Wednesday, January 22, 2014

ពលរដ្ឋ​ នៅ​មណ្ឌលគិរី​ ស្នើ​ចាត់​វិធាន​ការ​ បញ្ឈប់​ ការ​កាប់​ឈើ​ប្រណីត​ ក្នុង​ព្រៃ​សហគមន៍

ពលរដ្ឋ​ នៅ​មណ្ឌលគិរី​ ស្នើ​ចាត់​វិធាន​ការ​ បញ្ឈប់​ ការ​កាប់​ឈើ​ប្រណីត​ ក្នុង​ព្រៃ​សហគមន៍

ប្រជាពលរដ្ឋ​ ជនជាតិ​ដើម​ ព្នង​ នៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​ ក្រុមហ៊ុន​ សម្បទាន​សេដ្ឋកិច្ច​ ចំនួន​ពីរ  ថា​បាន​កាប់​យក​ឈើ​មាន​តម្លៃ​ រាប់​ពាន់​ដើម ពី​ក្នុង​ព្រៃ​សហគមន៍​ការពារ។ ក្រុម​អ្នក​អភិរក្ស​ព្រៃ​ឈើ​ ទាំង​នោះ ក៏​បាន​ចោទ​ប្រកាន់​ ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ថា​ មិន​បាន​ចាត់​វិធាន​ការ​ ទប់ស្កាត់​ បទល្មើស​ព្រៃ​ឈើ​ នោះ​ឡើយ។
ដោយ រដ្ឋា វិសាល / វិទ្យុអាស៊ីសេរី | ២២ មករា ២០១៤ 
ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ព្នង អ្នក​អភិរក្ស​ព្រៃ​ឈើ​នៅ​ភូមិ​ស្រែធំ ឃុំ​សុខសាន្ត ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​មករា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចាត់​វិធាន​ការ​បញ្ឈប់​សកម្មភាព​កាប់​យក​ឈើ​ប្រណីត​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍​ដោយ​បំពាន​ច្បាប់។
សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​សហគមន៍​មួយ​ក្រុម កាល​ពី​ដើម​សប្ដាហ៍ បាន​ស្វែង​រក​កិច្ច​គាំពារ​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត ដើម្បី​ប្រឹក្សា​រក​វិធី​ផ្លូវ​ច្បាប់​រារាំង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​ត​ទៅ​ទៀត។
តំណាង​សហគមន៍ លោក ស ភ័ក្រ រៀប​រាប់​ថា ឈើ​មាន​តម្លៃ​រាប់​ពាន់​ដើម​ក្នុង​ព្រៃ​សហគមន៍ ត្រូវ​បាន​គេ​កាប់​យក​ឈើ​តាំង​ពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន។ លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​សម្បទាន​ចំនួន​ពីរ​ដែល​ជា​ទូទៅ​គេ​ហៅ​ឈ្មោះ​កាត់​ថា ក្រុមហ៊ុន ៩៥ និង​ក្រុមហ៊ុន ៩៧ មាន​បរិវេណ​ដី​ជិត​នឹង​ព្រៃ​សហគមន៍ គឺ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​យក​ឈើ​ក្នុង​ព្រៃ​សហគមន៍៖ «ចូល​កាប់​ច្រើន​ឥឡូវ​នេះ ចង់​ឲ្យ​ទប់ស្កាត់​កុំ​ឲ្យ​គេ​ចូល​កាប់​ទៀត»
សេចក្តី​រាយការណ៍​របស់​សហគមន៍​ភូមិ​ស្រែធំ បញ្ជាក់​ចំ​ឈ្មោះ​តំណាង​ក្រុមហ៊ុន ៩៥ លោក ចក់ និង​មេការ​ឈ្មោះ ដំ ថុល ពាក់​ស័ក្ដិ​បី មេការ​ក្រុមហ៊ុន ៩៧ លោក ថេន ចាន់រក្ស។ ក្រុម​សហគមន៍​ក៏​បាន​ចោទ​ប្រកាន់​មេ​ឃុំ​សុខសាន្ត លោក សាន ចិន និង​អនុប្រធាន​នគរបាល​ប៉ុស្តិ៍​ឃុំ​សុខសាន្ត លោក សាន កិល ថា​ជា​អ្នក​បើក​ដៃ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ដូច​គ្នា។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​មករា មិន​អាច​ស្វែង​រក​អត្តសញ្ញាណ​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ សុំ​បំភ្លឺ​សេចក្តី​ចោទ​ប្រកាន់​នេះ​បាន​ទេ។
យ៉ាង​នេះ​ក្តី មេ​ឃុំ​សុខសាន្ត លោក សាន ចិន បាន​បដិសេធ​ថា​ការ​ចោទ​នេះ គឺ​ជា​រឿង​មិន​ពិត។ លោក​ទទួល​ស្គាល់​ថា មាន​ការ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​មែន ប៉ុន្តែ​ជា​បទ​ល្មើស​តូចតាច៖ «ព្រៃ​ហ្នឹង​ដែល​គេ​យក​សុទ្ធ​តែ​ជា​របស់​គេ​ចោល​ហើយ របស់​ចុងៗ​កាល​គាត់​អត់​ទាន់​ការពារ គេ​យក​អា​តែ​អា​ចុងៗ​ហ្នឹង មាន​ឯណា​ឈើ​ហ្នឹង។ ពួក​គាត់​ដឹង​ស្រាប់​ហើយ​ចេះ​តែ​ថា»
តំបន់​ព្រៃ​អភិរក្ស​ភូមិ​ស្រែធំ មាន​ផ្ទៃ​ដី ៣​ពាន់​ហិកតារ។ ប្រធាន​ក្រុម​ការពារ​ព្រៃ​អភិរក្ស​សហគមន៍​ស្រែធំ លោក ជ្រើន ចែន មាន​ប្រសាសន៍​បញ្ជាក់​ថា អង្គការ​មូលនិធិ​អន្តរជាតិ ដើម្បី​ធនធាន​ធម្មជាតិ ហៅ​កាត់​ថា ដាប់បែលយ៊ូ.អែហ្វ.អិន (Worldwide Fund for Nature) ប្រចាំ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ប្រគល់​ព្រៃ​នេះ​មក​សហគមន៍​ការពារ​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក។ លោក​បន្ត​ថា ក្រុម​អាជ្ញាធរ​មិន​បាន​សហការ​ជួយ​សហគមន៍​ក្នុង​កិច្ច​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ឡើយ៖ «រឿង​ហ្នឹង​ដោយសារ​មេ​ឃុំ​បើក​ដៃ បាន​វា​ចូល​បាន។ គេ​កាប់​តែ​ឈើ​ប្រណីត​ទេ រឿង​ឈើ​សំណង់ គេ​មិន​ទាន់​កាប់​ទេ។ ខ្លាច​អស់​ឈើ​ប្រណីត គេ​លេង​អា​ឈើ​សំណង់​ទៀត»
នាយក​កម្មវិធី​នៃ​អង្គការ​សហប្រតិបត្តិការ​កម្ពុជា​អន្តរជាតិ អាយ.ស៊ី.ស៊ី (International Cooperation Cambodia = ICC) លោក ចេង សុផល កត់​សម្គាល់​ថា អ្វី​ដែល​ក្រុម​សហគមន៍​ស្រែធំ លើក​ឡើង គឺ​ក្រុម​ការងារ​មូលដ្ឋាន​អង្គការ​លោក​ក៏​បាន​ទទួល​ព័ត៌មាន​ដូច​គ្នា និង​បាន​ផ្តល់​ព័ត៌មាន​នេះ​ជូន​អង្គការ​ពាក់ព័ន្ធ​រួច​ហើយ៖ «តាម​បុគ្គលិក​យើង​ឃើញ​ថា មាន​បញ្ហា​អ៊ីចឹង​មែន។ ដំណឹង​ពី​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ប្រាប់​យើង​ហូរហែ​ពី​ការ​លំបាក​របស់​គាត់ គេ​ចេះ​កាប់​ព្រៃ​ឈើ​ហូរហែ​អ៊ីចឹង ហើយ​អត់​មាន​អ្នក​ណា​ជួយ​បាន»
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សហគមន៍​ស្រែធំ កំពុង​រៀប​ចំ​ធ្វើ​ពាក្យ​ប្ដឹង​ករណី​តាម​ផ្លូវ​តុលាការ​បន្ត​ទៀត៕


No comments:

Post a Comment