ថ្ងៃទី 22 មករា 2014 | ដោយ: មុនីរាជ / CEN
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ភ្នំពេញ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើការច្រានចោលចំពោះការចោទប្រកាន់របស់លោកសម រង្ស៊ីប្រធានគណបក្សប្រឆាំង និងមេដឹកនាំសហជីពមួយចំនួនដែលបានចោទប្រកាន់ថា អាជ្ញាធរមានសមត្ថកិច្ចរកមុខឃាតករបាញ់សម្លាប់មេដឹកនាំសហជីពមិនឃើញ ដោយបានហៅការចោទប្រកាន់នេះ គឺជារឿងនយោបាយ។
នៅក្នុងពិធីគម្រប់ខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោកជា វិជ្ជា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា សូមខ្មែរទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីបញ្ចប់នូវរាល់អំពើហិង្សានៅប្រទេសកម្ពុជា ជាពិសេសហិង្សានយោបាយ ហើយត្រូវតែបញ្ចប់វប្បធម៌និរទណ្ឌភាព។
ជាប្រតិកម្មតបលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អ្វីដែលលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចរកមុខឃាតករមិនដែលឃើញ គឺជាការចោទប្រកាន់ជារឿងនយោបាយទេ ហើយបើសមត្ថកិច្ចរកមុខឃាតករមិនឃើញ ម្ល៉េះសមនៅក្នុងពន្ធនាគារគ្មានពិរុទ្ធជន គ្មានទណ្ឌិតទេ។ ករណីនីមួយៗត្រូវប្រើប្រាស់ពេលវេលា មិនមែនកើតភ្លាមហើយ យើងរកឃើញភ្លាមទេ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបញ្ជាក់ថា “សមត្ថកិច្ចរបស់យើងនៅតែខិត ខំបម្រើប្រជាពលរដ្ឋ និងខិតខំអនុវត្តច្បាប់របស់យើង។ បើសិនជានិរទណ្ឌភាព តាមតែគាត់ ថានឹងមិនដឹងជាយ៉ាងណាទេ”។
សូមរម្លឹកថា លោកជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានឃាតករបាញ់សម្លាប់នៅតូបលក់កាសែតជាប់របងខាងលិចវត្តលង្ការ ខណៈពេលដែលលោកកំពុងតែឈរអានកាសែត កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ ក្រោមមកជនសង្ស័យពីរនាក់ គឺលោកប៊ន សំណាង និងសុខ សំអឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីបាញ់សម្លាប់លលោកជា វិជ្ជា ត្រូវបានតុលាការផន្ទាទោសដាក់ពន្ធនាគារ។ រហូតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ តុលាការកំពូលបានសម្រេចឲ្យអ្នកទាំងពីររួចផុតពីបទចោទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ និងបានបង្គាប់ឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតប្រឆាំងលើជនល្មើសមិនស្គាល់មុខដែលធ្វើឃាតលោកជា វិជ្ជា៕
No comments:
Post a Comment