សហជីព សេរីកម្មករ ប្រារព្ធខួប ១០ឆ្នាំ សព លោក ជា វិជ្ជា នៅព្រឹកនេះ
ដោយ៖ ពេជ្រ សុធារី / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2014
សហជីពសេរីកម្មករ ប្រារព្ធខួប១០ឆ្នាំសពលោក ជា វិជ្ជា (រូបថត ណាត សុភាព)
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធនេះ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា គម្រប់១០ឆ្នាំ នៅផ្លូវច្រមុះជ្រូកខាងលិចវិមានឯករាជ្យ និងខាងត្បូងវត្តលង្ការ រាជធានីភ្នំពេញ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា កម្មវិធីនេះ ចាប់ផ្ដើមនៅម៉ោង៨ព្រឹក ដោយមានអ្នកចូលរួមប្រមាណ១៥០នាក់ ហែក្បួនពីទីស្នាក់ការកណ្តាលរបស់សហជីព ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ឆ្ពោះទៅកាន់រូបសំណាក់លោក ជា វិជ្ជា ស្ថិតនៅច្រមុះជ្រូកខាងលិចវិមានឯករាជ្យ និងខាងត្បូងវត្តលង្ការ។ លោកថា ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ក៏មាននិមន្ដព្រះសង្ឃសូត្រមន្ដ និងបំពាក់កម្រងផ្កាលើរូបសំណាក់លោក ជា វិជ្ជា ផងដែរ។
នៅព្រឹកនេះដែរ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានដាក់កម្លាំងការពារនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលដែលលោកកំពុងឤនសារព័ត៌មាន នៅមុខតូបលក់កាសែតមួយ ជាប់នឹងរបងវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤។ លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា ឲ្យដឹងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ឃាតករពិត ដែលបាញ់សម្លាប់បងប្រុសរបស់លោក យកទៅផ្តន្ទាទោសនៅឡើយទេ។ កន្លងមក សមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ គឺលោក សុខ សំអឿន និងលោក ប៊ន សំណាង បញ្ចូនទៅកាន់តុលាការ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ។ មន្ត្រីសង្គមស៊ីវិលជាតិ-អន្តរជាតិ និងគ្រួសារជនរងគ្រោះ បានចាត់ទុកបុរសទាំងពីរនាក់នេះថាជាឃាតកសិប្បនិម្មិត។
តែទោះជាយ៉ាងណា លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា សំណុំរឿងឃាតកម្មសពលោក ជា វិជ្ជា សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេត និងមិនទាន់បិទសំណុំរឿងនេះនៅឡើយទេ៕
No comments:
Post a Comment